ដោយៈ ឃួន លក្ខិណា
ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១១
ប៉ៃលីន៖ អាជ្ញាធរខេត្តប៉ៃលិនបានរៀបចំកំលាំងសំងាត់ដាក់នៅតាមគោលដៅ ដែលមានទីផ្សារ និងទីប្រជុំជនគ្រប់កន្លែង ដើម្បីឃ្លាំចាំមើលជនចំណាកស្រុកដែលត្រៀមឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសថៃ។
លោកសំ សេងលីនាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ប្រចាំច្រកព្រំដែនខេត្តប៉ៃលិនបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃព្រហស្បត្តិ៍ថា លោកបានបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់របស់ពលករកម្ពុជាទៅប្រទេសថៃ ដើម្បីស្វែងរកការងារធ្វើ។
លោកបន្តថា ដើម្បីចូលរួមទប់ស្កាត់បទល្មើសខាងលើនេះ អាជ្ញាធរខេត្តបានសម្រចរៀបចំជាវិធានការណ៍មួយទៀត ដោយដាក់កំលាំងស៊ើបអង្កេតជាសំងាត់នៅតាមគោលដៅ ដែលមានទីផ្សាររ និងទីប្រជុំជនជាដើម ដើម្បីឃ្លាំចាំមើលពលរដ្ឋខ្មែរដែលត្រៀមធ្វើដំណើរទៅធ្វើការនៅប្រទេសថៃដោយខុសច្បាប់។ លោកថ្លែងថា៖«កន្លងមកនេះ កំលាំងចលត័របស់យើងបានដើរល្បាតនៅត្រង់តំបន់អូរព្រំដែន ក្រោយមកពួកគេបានរាយការណ៍ថា មានពលរដ្ឋខ្មែរមួយចំនួនបានជិះទូកឆ្លងដែនទៅប្រទេសថៃខុសច្បាប់ ដើម្បីស៊ីឈ្មួលជាកសិករធ្វើចំការឲ្យគេ។ លោកថា យើងធ្លាប់បានប្រាប់ប្រជាពលរដ្ឋអំពីគ្រោះថ្នាក់និងហានីភ័យក្នុងការធ្វើចំណាកស្រុកដោយខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសផ្សេងៗ ប៉ុន្តែពួកគេតែងជឿលើការលួងលោមរបស់មេខ្យល់ច្រើនជាងការនែនាំរបស់ យើង»។
ពាក់ពន្ធ័និងបញ្ហានេះកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១១ សមត្ថកិច្ចខេត្តប៉ៃលិន និងអាជ្ញាធរថៃ បានសហការគ្នា ចុះឃាត់ខ្លួនពលករឆ្លងដែនខុសច្បាប់ដែលត្រៀមទៅធ្វើការងារនៅប្រទេសថៃតាមរយៈមេខ្យល់បានចំនួន៨៤នាក់ ដែលបានមកប្រមូលផ្តុំគ្នានៅម្តុំភូមិផាកាត ឃុំខ្លងយ៉ៃ ស្រុកពងណាំរ៉ន ខេត្តចន្ទ័បូរី ប្រទេសថៃ។
No comments:
Post a Comment