ដោយៈ ឃួន លក្ខិណា
ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១១
បន្ទាយមានជ័យ៖ យោងតាមការធ្វើកោសល្យវិច្ឆ័យរបស់សមត្ថកិច្ចក្រុងសិរីសោភណ័ ខេត្តបន្ទាយមានជ័យកាលពីថ្ងៃ ២១ ខែមិថុនាបានឲ្យដឹងថា ពិរុទ្ធជនម្នាក់ឈ្មោះអ៊ុំ វុទ្ធី ភេទប្រុស អាយុ៤៣ឆ្នាំ បានជាប់ចោទពីបទនាំមនុស្សឆ្លងដែនដោយខុសច្បាប់ ត្រូវបានស្លាប់បាត់បង់ជីវិត នៅវេលាម៉ោង១ និង៤៥នាទីថ្ងៃត្រង់ ដោយសារជំងឺប្រចាំកាយ។
ប្រភពពីមន្ត្រីពន្ធនាគារខេត្តបន្ទាយមានជ័យបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃពុធថា ពិរុទ្ធជនរូបនោះ ត្រូវបានដាច់ខ្យល់ស្លាប់នៅក្នុងមន្ទីរពេទ្យ បន្ទាប់ពីក្រុមគ្រូពេទ្យបានព្យាយាមធ្វើការជួយសង្រ្គោះភ្លាមៗនោះ។ ប្រភពដដែលបានអះអាងថា មុនពេលចាប់ខ្លួន ពិរុទ្ធរូបនេះមានទីលំនៅភូមិ ក្បាលស្ពាន ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ការចាប់ខ្លួនបុរសរូបនេះត្រូវបានធ្វើឡើងដោយ ផ្អែកទៅតាមដីកាឃុំខ្លួនរបស់តុលាការ កាលពីថ្ងៃទី០៣ ខែមិនា ឆ្នាំ២០០៨។ ប្រភពដដែលបានបញ្ជាក់ថា៖«ពិរុទ្ធជនរូបនេះ ទើបតែចូលរស់នៅក្នុងពន្ធនាគារ បានប្រហែលតែ៤ទៅ៥ថ្ងៃប៉ុណ្ណោះ ក្រោយមករូបគេក៏កើតមានអាការៈជំងឺលើសឈាមយ៉ាងធ្ងន់ធ្ងរ ដែលមិនអាចជួយសង្រ្គោះបាន ទើបបណ្តាលឲ្យស្លាប់បាត់បង់ជីវិតទៅ»។
លោកវរៈសេនីយ៍ទោជៀប ចំរើន នាយការិយាល័យបច្ចេកទេសវិទ្យាសាស្រ្តនៃស្នងការដ្ឋាន នគរបាលខេត្តមានប្រសាសន៍ថា បន្ទាប់ពីបានទទួលព័ត៌មានថា មានពិរុទ្ធជនម្នាក់ស្លាប់នៅក្នុង មន្ទីរពេទ្យ លោកបានដឹកនាំកំលាំងចុះទៅធ្វើកោសល្យវិច្ឆ័យសាកសព។ លោកថ្លែងថា៖«បើតាម ការពិនិត្យបានរកឃើញថា ពិរុទ្ធជននោះពិតជាបានស្លាប់ដោយសារជំងឺរំារ៉ៃរើឡើងពិតប្រាកដមែន ព្រោះរូបគេបានដាច់សរសៃឈាមនៅក្នុងខួរក្បាល»។ លោកថាបច្ចុប្បន្ន សាកសពត្រូវបានតំកល់ទុកនៅវត្តសមាធិផលក្នុងក្រុងសិរីសោភណ័ ដើម្បីរង់ចាំក្រុមគ្រួសារមកធ្វើបុណ្យតាមប្រពៃណី។
No comments:
Post a Comment