ដោយៈ ឃួន លក្ខិណា
ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១១
ខេត្តបន្ទាយមានជ័យៈ ប្រជាពលរដ្ឋរស់នៅសង្កាត់អូរអំបិល ក្រុងសេរីសោភណ្ឌ័បានសម្តែងការមិនពេញចិត្ត ចំពោះអាជ្ញាធរក្រុង ដែលមិនមានវិធានការណ៍ហាមឃាត់រថយន្តដឹកដីធំៗ បើកបរនៅលើផ្លូវសាធារណៈ ដែលជាហេតុធ្វើឲ្យខូតខាតផ្លូវក្រាលបេតុង។
លោកមាន ចន្ថា អាយុ៤៥ឆ្នាំ ប្រជាពលរដ្ឋរស់នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសេរីសោភណ្ឌ័ ខេត្តបន្ទាយមានជ័យ បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃព្រហស្បត្តិ៍ថា ជារៀងរាល់ថ្ងៃលោកតែងតែបានលឺប្រជាពលរដ្ឋរស់នៅក្បែរគ្នាមានការត្អូងត្អែរថា ពួកគេមានការពិបាកយ៉ាងខ្លាំងនៅពេលដែលបានធ្វើដំណើរតាមផ្លូវនេះម្តងៗ ព្រោះវាមានគ្រហុកធំៗច្រើនពាសពេញផ្លូវ ដែលពិបាកនិងជៀសឡានដឹកដី នៅពេលបរកាត់ផ្លូវជាមួយគ្នា។ លោកនិយាយថា៖«ផ្លូវនេះមានទំហំតូចណាស់ ដោយមានទទឹងចំងាយត្រឹមតែ៥ម៉ែត្រប៉ុណ្ណោះ ហើយបើប្រជាពលរដ្ឋជាអ្នកធ្វើដំណើរ ដោយប្រើប្រាស់កង់ រឺម៉ូតូមិនមានការប្រុងប្រយត្ន័ទេ អាចនិងធ្លាក់ចូលប្រឡាយ រឺអាចមានគ្រោះថ្នាក់ក្នុងករណីជៀសគ្នាជាមួយឡាន»។ លោកថា៖«ខ្ញុំដឹងថា ប្រភពឡានដឹកដីទាំងនេះ បានកើតចេញមកពីលោកឧត្តមសេនីយ៍ត្រីលុន ដារ៉ា ព្រមទាំងឈ្មួញដឹកដីមួយចំនួនទៀត»។
លោកអ៊ុំ រាត្រីអភិបាលក្រុងសេរីសោភណ្ឌ័បានមានប្រសាសន៍ថា ពីមុនមកលោកបានដឹងពីបញ្ហានេះខ្លះៗដែរ ប៉ុន្តែវាត្រូវបានដោះស្រាយរួចរាល់អស់ហើយ។ លោកនិយាយថា៖«ប្រសិនបើ មានបញ្ហានេះកើតឡើងម្តងទៀត ហេតុអ្វីបានជាប្រជាពលរដ្ឋមិនរាយការណ៍មកឲ្យខ្ញុំ តើចាំបាច់អី ទៅរាយការណ៍ឲ្យអ្នកកាសែត តើអ្នកកាសែតអាចដោះស្រាយបញ្ហានេះ ឲ្យប្រជាពលរដ្ឋបានដែរទេ?»។ លោកថា៖«ខ្ញុំនិងដោះស្រាយបញ្ហានេះជូន ប្រសិនបើប្រជាពលរដ្ឋរាយការណ៍មកឲ្យខ្ញុំបាន ច្បាស់លាស់នោះ»។
លោកស្តើង ស៊ីវហឺនាយករងវិទ្យាល័យសម្តេចក្រុមព្រះបានមានប្រសាសន៍ថា ផ្លូវនេះបាន កសាងក្រាលបេតុងតាំងពីឆ្នាំ២០០៩ ដោយតភ្ជាប់ពីវិទ្យាល័យសម្តេចក្រុមព្រះ ឆ្ពោះទៅតំបន់ភ្នំ។ លោកបន្តថា កាលពីពាក់កណ្តាលឆ្នាំ២០១០ បញ្ហានេះបានកើតមានម្តងរួចមកហើយ ប៉ុន្តែវាបានស្ងប់ស្ងាត់ទៅវិញ បន្ទាប់ពីមានអន្តរាគមន៍។ ប៉ុន្តែឥឡូវបញ្ហានេះបានកើតឡើងសារជាថ្មីម្តងទៀត ដូច្នេះពលរដ្ឋគ្រាន់តែស្នើសុំឲ្យអាជ្ញាធរធ្វើការបញ្ឈប់ឡានដឹកដីមិនឲ្យបរកាត់តទៅទៀត ព្រមទាំងធ្វើការជួលជុលផ្លូវនេះឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្ស លោកគ្រូ-អ្នកគ្រូនិងប្រជាពលរដ្ឋទាំងរស់នៅទីនេះតែប៉ុណ្ណោះ។ លោកនិយាយថា៖« ខ្ញុំមានការអស់សង្ឈឹមយ៉ាងខ្លាំងជាមួយនិងអាជ្ញាធរដែនដី នៅពេលដែលយើងលើកបញ្ហានេះប្រាប់ជាច្រើនដងហើយ នៅតែមិនមានដំណោះស្រាយទៀត»។
លោកឧត្តមសេនីយ៍ត្រីលុន ដារ៉ាមេបញ្ជាការប្រតិបត្តិសឹករងខេត្តបន្ទាយមានជ័យនិងជាអ្នក ប្រកបអាជីវកម្មកាយភ្នំបានមានប្រសាសន៍ថា លោកបានបើកអាជីវកម្មនេះ អស់រយៈពេល១០ឆ្នាំហើយ ក្នុងនោះភាគច្រើនផ្លូវនៅតំបន់នោះ លោកគឺជាអ្នកចេញថវិការកសាង។ លោកថ្លែងថា៖«បើទោះបីជាឡានអាជីវកម្មរបស់ខ្ញុំ បានបើកបរនាំឲ្យខូចខាតផ្លូវក៏ពិតមែន ប៉ុន្តែមិនមែនប្រជាជនទេជាជួសជុល គឺខ្ញុំជាអ្នកធ្វើឡើងវិញទាំងអស់»។ លោកថា៖«ខ្ញុំនិងឲ្យតំណាងខ្ញុំទៅពិនិត្យមើលនៅតំបន់នោះជាមុនសិន ដើម្បីឲ្យដឹងថា តើការខូចខាតក្នុងកំរិតណាសម្រាប់ធ្វើការជួលជុលឡើងវិញ »។
No comments:
Post a Comment