ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១១
ភ្នំពេញៈ មន្ត្រីអាជ្ញារជាតិប្រយុទ្ធនិងជំងឺគ្រុនឈាមបានធ្វើការព្រមានកាលពីចុងសប្តាហ៍មុនថា គ្រប់អាណាព្យាបាលកុមារទាំងអស់ មិនត្រូវប្រើប្រាស់ថ្នាំចំនួន៥ប្រភេទ ដែលមាន ថ្នាំអាស្ពេរីន អាហ្វ្រេហ្សិក អាស្រ្ពូ យ៉ាខាំចៃរូបស្រីបីណាក់របស់ថៃ និងថ្នាំរូបតាកាប៉ោងទេ ព្រោះប្រភេទថ្នាំទាំងនោះ អាចធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតរបស់កុមារ។
លោកង៉ាន់ ចន្ទ័ថា ប្រធានកម្មវិធីជាតិប្រយុទ្ធជំងឺគ្រុនឈាមនៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនិង ជំងឺគ្រុនចាញ់បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីចុងសប្តាហ៍មុនថា ឥឡូវនេះរដូវគ្រុនឈាមបានឈានមកដល់ហើយ ដូច្នេះលោកសូមធ្វើការហាមឃាត់ដាច់ខាត ចំពោះអាណាព្យាបាលកុមារគ្រប់រូប ដែលមានកូនតូចនៅក្នុងគ្រួសារ គឺមិនត្រូវប្រើប្រាស់ថ្នាំចំនួន៥ប្រភេទ ដែលបានរៀបរាប់ពីខាងលើនោះឡើយ ព្រោះប្រភេទថ្នាំទាំងអស់នោះ វាសុទ្ធតែជាប្រភេទថ្នាំ ដែលមានជាតិអាស្ពេរីនច្រើនអាចបង្កឲ្យកុមារមានការហូរឈាមកាន់តែច្រើន និងបណ្តាលឲ្យស្លាប់បាន។ លោកបន្តថា ចំពោះប្រភេទថ្នាំចំនួន៥ខាងលើនេះ មិនមែនហាមតែកុមារតូចៗមួយផ្នែកទេ ប៉ុន្តែមនុស្សធំដែលកើតជំងឺគ្រុនឈាម ក៏មិនត្រូវប្រើប្រាស់ដែរ។ លោកថ្លែងថា៖«អាណាព្យាបាលកុមារគ្រប់រូប ប្រសិនបើសង្ស័យថា កុមារបានឆ្លងជំងឺគ្រុនឈាមមិនត្រូវធ្វើការព្យាបាលកុមារដោយខ្លួនឯងទេ គឺត្រូវយកពួកគេទៅរកសេវាព្យាបាលនៅមន្ទីរពេទ្យរដ្ឋ រឺមណ្ឌលសុខភាព»។ លោកបញ្ជាក់ថា បើតាមការអង្កេតមកទល់និងពេលបច្ចុប្បន្ននេះ ការប្រើប្រាស់ថ្នាំ៥ប្រភេទខាងលើនេះ នៅតែកើតមានចំពោះប្រជាពលរដ្ឋ នៅតាមជនបទ។
បើយោងតាមរបាយការណ៍របស់កម្មវិធីជាតិប្រយុទ្ធនិងជំងឺគ្រុនឈាមបានឲ្យដឹងថា គិតមកដល់រយៈពេល៥ខែនៃដើមឆ្នាំ២០១១នេះ មានកុមារចំនួន៨៤៥ករណី កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងនោះមានកុមារចំនួន៨នាក់ត្រូវបានស្លាប់ ដោយសារជំងឺគ្រុនឈាន។ ចំនួននេះបើគិតក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១០ បានឲ្យដឹងថា ករណីឈឺមានត្រឹមតែ៧៣១នាក់ រឺឯករណីស្លាប់មាន៤នាក់។ លោកង៉ាន់ ចន្ទ័ថាបញ្ជាក់ថា តាមរយៈរបាយការណ៍នេះ មានន័យថា ស្ថានភាពជំងឺគ្រុនឈានអាចឈានទៅរកការប្រកាសអាសន្នហើយ។
អ្នកស្រីលឿង ពៀតអាយុ៥៣ឆ្នាំរស់នៅស្រុកក្បាលដំរី ខេត្តស្វាយរៀងបានឲ្យដឹងថាសព្វថ្ងៃនេះអ្នកស្រីមានចៅអាយុ៨ឆ្នាំរស់នៅជាមួយសព្វថ្ងៃ។ អ្នកស្រីបន្តថា នៅថ្ងៃមួយចៅអ្នកស្រីកើតមានជំងឺក្តៅខ្លួនផ្តាសាយធម្មតា ព្រមទាំងឈឺធ្មេញថែមទៀត បន្ទាប់មកអ្នកជិតខាងនៅក្បែរផ្ទះបានប្រាប់អ្នកស្រីឲ្យទៅទិញថ្នាំប្រភេទយ៉ាខាំចៃ ដើម្បីព្យាបាលចៅអ្នកស្រី ក្រោយមកចៅអ្នកស្រីក៏បានធូរស្រាលពីជំងឺទាំងនោះ។ អ្នកស្រីនិយាយថា៖« ខ្ញុំបានឡើងទៅទិញថ្នាំយ៉ាខាំចៃនៅឱសថស្ថានមួយកន្លែង ដែលស្ថិតនៅស្រុកដូនសរ ចំងាយពីផ្ទះរបស់ខ្ញុំប្រមាណ៥គីឡូម៉ែត្រ។ នៅពេលទៅទិញ ខ្ញុំមិនបានប្រាប់អំពីអាការៈចៅខ្ញុំឲ្យគ្រូពេទ្យទេ ដោយខ្ញុំគ្រាន់តែសាកល្បងប្រើប្រាស់ថ្នាំនោះសិនប៉ុណ្ណោះ»។ អ្នកស្រីបញ្ជាក់ថា៖« ខ្ញុំបានប្រើប្រាស់ថ្នាំនោះ ដោយសារតែខ្ញុំមិនដឹងអំពីផលប៉ះពាល់របស់វា ដូច្នេះពីថ្ងៃនេះទៅ ខ្ញុំនិងយកចៅទៅមន្ទីរពេទ្យប្រសិនបើវាឈឹ»។
លោកសុខ សុគន្ធប្រធានមន្ទីរសុខាភិបាលរាជធានីបានមានប្រសាសន៍ថា ពាក់ពន្ធ័និងបញ្ហានេះ យើងគួរតែបង្កើនការផ្សព្វផ្សាយឲ្យបានកាន់តែខ្លាំងថែមទៀត ដើម្បីជៀសវាងការប្រើប្រាស់នូវប្រភេទថ្នាំទាំងអស់នេះ។
លោកយឹម យ៉ាន់ប្រធានកិត្តិយសសមាគមឱសថការីកម្ពុជាបានមានប្រសាសន៍ថា ថ្នាំ៥ប្រភេទនេះ ថ្វីត្បិតតែគេហាមឃាត់មិនឲ្យប្រើប្រាស់មែន ក៏ប៉ុន្តែមិនបានហាមឃាត់មិនឲ្យលក់ នោះទេ ដូច្នេះមានន័យថា មនុស្សចាស់អាចប្រើប្រាស់ថ្នាំប្រភេទអាស្ពេរីនបាន ប្រសិនបើក្នុងករណីពួកគេគ្មានជំងឺគ្រុនឈាម។ លោកបន្តថា អ្នកលក់ថ្នាំពេទ្យគួរតែយល់អំពីអាការៈអ្នកជំងឺឲ្យច្បាស់មិនមែនចេះតែលក់ថ្នាំតែមួយមុខនោះទេ។ លោកបញ្ជាក់ថា៖«ដើម្បីជាវិធានការណ៍ទប់ស្កាត់ គ្រប់មាតាបីតា ទាំងអស់ត្រូវតែចូលរួមស្តាប់នូវការអប់រំសុខភាពរបស់មន្ត្រីសុខាភិបាល ហើយពេលកូនឈឺត្រូវរត់ រកគ្រូពេទ្យ មិនមែនរត់ទៅរកអ្នកលក់ថ្នាំទេ»។
No comments:
Post a Comment