ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១១
បន្ទាយមានជ័យ៖ បុរសម្នាក់ដែលបានរងការចោទប្រកាន់ពីបទក្លែងបន្លំសំបកកំប៉ុងស្រាបៀរANCHOR បានបង្ខំចិត្តយកទ្រព្យសម្បត្តិរបស់ខ្លួនដាក់បញ្ជំាឲ្យធានាគារអេស៊ីលីដា ដើម្បីយកលុយមកសងបំណុលឲ្យបុគ្គលិកក្រុមហ៊ុនស្រាបៀរខាងលើនេះ ជាថ្ងូរនិងការបានរួចទោស។
លោកកាន់ វណ្ណថង អាយុ២៥ឆ្នាំ រស់នៅភូមិចក្រី ឃុំជប់វ៉ារី ស្រុកព្រះនេត្យព្រះ ខេត្តបន្ទាយ មានជ័យបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃពុធថា ដើម្បីបញ្ចប់រឿង លោកសុខចិត្តយកប្លង់ដីប្លង់ផ្ទះទៅបញ្ជាំធានាគារ ដើម្បីបានលុយយកមកសងឲ្យឈ្មោះប៊ុន រិន ដែលជាម្ចាស់ដេប៉ូក្រុមហ៊ុនស្រាបៀវANCHOR ខេត្តបន្ទាយមានជ័យ សម្រាប់ជាថ្ងូរឲ្យបានរួចទោសពីការចោទប្រកាន់លើបទក្លែងបន្លំសំបកកំប៉ុងស្រាបៀរ។ លោកបន្តថា លោកសូមធ្វើការបដិសេធបញ្ហានេះ ព្រោះលោកមិនមែនជាមនុស្សចេះក្លែងបន្លំសំបកកំប៉ុងដែលមានរង្វាន់ឡើយ។
កាលពី៣ខែមុនឈ្មោះវណ្ណ ថង បានទៅទិញស្រាបៀរANCHOR ពីកន្លែងលក់ចាបហួយ មួយកន្លែងក្បែរផ្សារចក្រី ដើម្បីយកមកផឹកស៊ីជាមួយមិត្តភក្ត័ ក្រោយមកលោកបានគាស់ក្រវិលកំប៉ុងឃើញមានផ្លាកអាក្ខរA រួចក៏ទៅសួរម្ចាស់លក់ចាបហ៊ួយនោះអំពីការត្រូវរង្វាន់ ក្រោយមកគេបានប្រាប់ថា ពិតជាត្រូវបានរង្វាន់ធំ១០លានរៀល»។ លោកថា៖«ខ្ញុំបានកាន់ក្រវិលកំប៉ុងទៅបើករង្វាន់ធំនៅសាខាស្ថិតក្នុងទីរួមខេត្តបន្ទាយមានជ័យពីឈ្មោះប៊ុន រិនជាម្ចាស់ដេប៉ូ»។
លោកវណ្ណ ថងបានបញ្ជាក់ថា៖«លោកប៊ុន រិនបានបើកលុយឲ្យខ្ញុំដោយមិនមានលិខិតទទួលលុយឡើយ ក្នុងនោះគេបានបើកឲ្យខ្ញុំចំនួនត្រឹមតែ៩លានរៀលទេ ដោយ១លានរៀលទៀតត្រូវបានផាតលើថ្លៃហត់នឿយ។ ៥ថ្ងៃក្រោយមកឈ្មោះប៊ុន រិនបានហៅខ្ញុំម្តងទៀត ដើម្បីឲ្យខ្ញុំធ្វើដំណើរទៅទីក្រុងភ្នំពេញថតផ្សាយតាមទូរទស្សន៍អំពីការត្រូវរង្វាន់ធំ ព្រមទាំងបង្ខំឲ្យខ្ញុំចុះហត្ថលេខាលើក្រដាសមួយសន្លឹក ដោយសរសេរអំពីការខ្ចីលុយចំនួន១០លានរៀលនេះ ប៉ុន្តែគេបានដកហូតម៉ូតូខ្ញុំទុកមិនឲ្យឡើយ លុះត្រាតែខ្ញុំបានបើកលុយរង្វាន់ធំពីភ្នំពេញមកឲ្យគាត់។ លោកថា៖«ពេលមកដល់ភ្នំពេញ ស្រាប់តែក្រុមហ៊ុនស្រាបៀរANCHORបានចោទប្រកាន់ថា ខ្ញុំជាអ្នកក្លែងបន្លំសំបកកំប៉ុងទៅវិញ»។
អ្នកស្រីលាវ ស៊ុនហ៊ូរម្ចាស់លក់ចាបហ៊ួយនិងស្រាបៀរANCHORក្បែរផ្សារចក្រី បានប្រាប់ឲ្យដឹងថា អ្នកស្រីពិតជាបានលក់ស្រាបៀរ ANCHOR កន្លះកេសឲ្យទៅឈ្មោះវណ្ណថងប្រាកដមែន។ អ្នកស្រីបន្តថា ប្រហែលបានពីរថ្ងៃក្រោយមក ស្រាប់តែឈ្មោះវណ្ណ ថងបានមកប្រាប់អ្នកស្រីថា គាត់បានត្រូវរង្វាន់១០លានរៀលពីសំបកកំប៉ុងក្រុមហ៊ុនស្រាបៀរANCHOR។ អ្នកស្រីនិយាយថា៖«ខ្ញុំមិនបានត្រួតពិនិត្យមើលសំបកកំប៉ុងដែលគាត់ត្រូវរង្វាន់នោះទេ ប៉ុន្តែខ្ញុំបានប្រាប់ឲ្យគាត់យកសំបកកំប៉ុងនោះ ទៅបើកនៅឯទីរួមខេត្ត ព្រោះដេប៉ូធំនៅទីនោះអាចបើករង្វាន់ឲ្យគាត់បាន»។
បើតាមលោកម្នាក់ឈ្មោះចាន់ រ៉ា អ្នកជិតខាងរស់នៅភូមិ-ឃុំជាមួយគ្នាបានប្រាប់ថា កាលពីពាក់កណ្តាលខែមិនា លោកវណ្ណ ថន ពិតជាបានយកក្រវិលកំប៉ុងបង្ហាញលោកមែន ហើយនិយាយប្រាប់ថា នេះគឺជាកំប៉ុងដែលត្រូវរង្វាន់ធំ។ លោកថ្លែងថា៖« ខ្ញុំមិនបានដឹងទេថា នោះគឺជារង្វាន់អ្វីទេ ព្រោះក្រវិលកំប៉ុងនោះសរសេរជាអក្សរអង្គគ្លេស»។
លោកប៊ុន រិនម្ចាស់ដេប៉ូស្រាបៀរANCHOR ខេត្តបន្ទាយមានជ័យ មិនបានលើកទូរសព្ទ័ទេកាលពីថ្ងៃម្សិលមិញនេះ ប៉ុន្តែបើតាមកញ្ញាសោភណ្ឌ័ បុគ្គលិកផ្នែកគណនេយ្យនៅដេប៉ូស្រាបៀរANCHORបានប្រាប់ឲ្យដឹងថា កញ្ញាបានលឺម្ចាស់ដេប៉ូនិយាយអំពីបញ្ហាមានអ្នកក្លែងបន្លំសំបកកំប៉ុងស្រាបៀវANCHORប្រាកដមែន ប៉ុន្តែកញ្ញាមិនបានលឺម្ចាស់ដេប៉ូនិយាយអំពីការដាក់ពាក្យប្តឹងលើអ្នកណាម្នាក់ឡើយ។
No comments:
Post a Comment