Monday, June 27, 2011

អាជ្ញាធរកម្ពុជាកំពុងស្វែងរកចាប់ខ្លួនក្រុមមេខ្យល់ដែលនាំពលករ៨៤នាក់ទៅធ្វើការងារនៅប្រទេសថៃខុសច្បាប់

ដោយៈ ឃួន​ លក្ខិណា​

ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១១
ប៉ៃលិន​៖ ​ អាជ្ញាធរ​ខេត្ត​ប៉ៃលិន​បាន​ប្រាប់​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទ័​ថា​ ពួកគេ​កំពុង​ស្វែង​រក​ចាប់​ខ្លួន​ក្រុម​មេ​ខ្យល់​ ដែល​នាំ​ពលករ​ខែ្មរ​ខុស​ច្បាប់​ប្រមាណ​៨៤នាក់​មក​ពី​តំបន់​ផ្សេង​គ្នា​ ទៅ​ធ្វើ​ចំណាក​ស្រុក​នៅ​ប្រទេស​ថៃ​ដោយ​ខុស​ច្បាប់​ កាល​ពី​ចុង​សបា្តហ៍​មុន​នេះ​។​
     ប្រភព​ពី​សមត្ថកិច្ច​ខេត្ត​ប៉ៃលិន​បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ ក្រុម​សមត្ថកិច្ចចំរុះ ​ដែល​មាន​ការិយា​ល័យ​ប្រឆាំង​បទ​ល្មើស​ជួញ​ដូរ​មនុស្ស​ និង​ការ​ពារ​អនិតិជន​ រួម​ជាមួយ​សមត្ថកិច្ច​ការ​ពារ​ច្រក​ទ្វា​ព្រំដែន​អន្តរ​ជាតិ​ខេត្តប៉ៃលីន​ បាន​សហការ​ជាមួយ​និង​ស្នង​ការ​ខេត្ត​ ដើម្បី​ធ្វើ​ការ​ស្រាវ​ជ្រាវ​ស្វែង​រក​ក្រុម​មេ​ខ្យល់​ដែល​នាំ​ពលរដ្ឋ​ខ្មែរ ​ឆ្លង​ដែន​ខុស​ច្បាប់​ទៅរក​ការ​ងារ​ធ្វើ​នៅ​ប្រទេស​ថៃ​។​
     កាល​ពី​ថ្ងៃទី​២៤​ ខែ​មិថុនា​ ឆ្នាំ​២០១១​ អាជ្ញាធរ​កម្ពុជា​និង​សមត្ថកិច្ច​ថៃ​បាន​ដឹក​នាំ​កំលាំង​ចុះ​បង្ក្រាប​ពលករ​ ខ្មែរ​លួច​ឆ្លង​ដែន​ខុស​ច្បាប់​ ដើម្បី​ទៅ​រក​ការ​ងារ​ធ្វើ​នៅ​ប្រទេស​ថៃ​។​
     លោក​សំ​ សេង​លី​នាយ​ប៉ុស្តិ៍​នគរបាល​អន្តោ​ប្រវេសន៍​ច្រក​ទ្វារ​ព្រំ​ដែន​ ខេត្ត​ប៉ៃលិន​បាន​មាន​ ប្រសាសន៍​ថា​  កាល​ពី​សប្តាហ៍​មុន​នេះ​ លោក​បាន​ដឹក​នាំ​កំលាំង​ចុះ​ទៅ​បង្ក្រាប​ករណី​លួច​ឆ្លង​ដែន​ខុស​ច្បាប់​របស់ ​ពលករ​ខ្មែរ​ ក្នុង​នោះ​ប្រមូល​បាន​មនុស្ស​ចំនួន​៨៤នាក់​ ស្រី​៣១​នាក់​។​ លោក​បន្ត​ថា​  មុន​ពេល​កើត​ហេតុ​ លោក​បាន​ទទួល​សេចក្តីរាយ​ការណ៍​មួយ​ ចេញ​ពី​សមត្ថកិច្ច​នៅ​ច្រក​ទ្វា​ព្រំដែន​ថៃ​ ដោយ​ពួក​គេ​បាន​រាយការណ៍​ប្រាប់​លោក​ថា​ និង​មាន​មនុស្ស​ប្រមាណ​ច្រើន​ជាង​៥០​នាក់​គ្រោង​និង​ចូល​មក​ទឹក​ដី​ថៃ​ដោយ​ ខុស​ច្បាប់​ ដូច្នេះ​ខាង​ថៃ​បាន​ស្នើ​ឲ្យ​លោក​ដាក់​កំលាំង​បង្ក្រាប​ជា​បន្ទាន់​។​ លោក​ថ្លែង​ថា​៖«​ដោយ​មាន​ការ​សហការ​ពី​សមត្ថកិច្ច​ថៃ​ នៅ​វេលា​ម៉ោង​១៨​និង​១០​នាទី​ ថ្ងៃ​ទី​២៤​ ខែ​មិថុនា​ សមត្ថកិច្ច​យើង​និង​ប៉ូលីស​ថៃ​ បាន​ធ្វើ​ការ​ឃាត់​ខ្លួន​ជន​ចំណាក​ស្រុក​ប្រមាណ​៤៨នាក់​នេះ​ នៅ​ក្នុង​ទឹក​ដី​ថៃ​ ដែល​ស្ថិត​ក្នុង​ភូមិ​ផាកាត​ ឃុំ​ខ្លង​យ៉ៃ​ ស្រុក​ពោង​ណាំ​រ៉ន​ ខេត្ត​ចន្ទ័​បូរី​ប្រទេស​ថៃ ដែល​ជាប់​និង​ភូមិ​ផ្សា​ព្រំ​ ឃុំ​ស្ទឹង​កាច់​ ស្រុក​សា​លា​ក្រៅ​ ខេត្ត​ប៉ៃ​លិន​។​ លោក​ថា​ ក្រោយ​ពី​ប្រមូល​បាន​ពលករ​ទាំង​អស់​នោះ​រួច​មក​ យើង​បាន​ធ្វើការ​ណែ​នាំ​អប់រំ​ឲ្យ​ពួក​គេ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ព្រម​ទាំង​ ធ្វើការ​តាម​ដាន​ដំណើរ​នៃ​ការ​វិល​ប្រឡប់​របស់​ពួក​គេ​ផង​ដែរ​»​។​
      លោក​អេង​ ភាវ​ នាយក​រិយាល័យ​ប្រឆាំង​បទ​ល្មើស​ជួញ​ដូរ​មនុស្ស​និង​ការពារ​អនិតិជន​ខេត្ត​ ប៉ៃ​លិន​បាន​មាន​ប្រសាសន៍​ថា​ សមត្ថកិច្ច​កំពុង​ធ្វើការ​ស្រាវ​ជ្រាវ​ ដើម្បី​តាម​ចាប់​ខ្លួន​ក្រុម​មេ​ខ្យល់​នៅ​ប្រទេស​កម្ពុជា​។​លោក​បន្ត​ថា​ ជន​ចំណាក​ស្រុក​ទាំង​នោះ​បាន​ធ្វើ​ដំណើរ​មក​ពី​ខេត្ត​កំពង់​ចាម​ កំពង់​ធំ​ ភ្នំពេញ​ ស្វាយ​រៀង​ ព្រៃវែង​ បន្ទាយ​មាន​ជ័យ​ តាកែវ​ និង​សៀម​រាប​ ដោយ​ពួក​គេ​មក​ប្រមូល​ផ្តុំ​គ្នា​នៅ​តំបន់​ខាង​លើ ដើម្បី​រង់​ចាំ​មេ​ខ្យល់​ជា​ជន​ជាតិ​ថៃ​ មក​នាំ​ពួក​គេ​ទៅ​ធ្វើ​ជា​កម្មករ​រោង​ចក្រ​មួយ​កន្លែង​ក្នុង​ប្រទេស​ថៃ​។​ លោក​ថ្លែង​ថា​៖«​ពលករ​ខ្មែរ​អាច​ប្រមូល​ផ្តុំ​គ្នា​នៅ​ទីនេះ​បាន​ ដោយ​សារ​តែ​មេក្លោង​ធំ​របស់​មេ​ខ្យល់​បាន​រាយ​បណ្តាញ​របស់​ខ្លួន​នៅ​គ្រប់​ ខេត្ត​ទាំង​អស់​ក្នុង​ប្រទេស​កម្ពុជា​ ម្យ៉ាង​ទៀត​ពួកគេ​អាច​ឈាន​ចូល​ទឹក​ដី​ថៃ​បាន​ ក៏​ដោយ​សារ​ភាព​ពុក​រលួយ​របស់​មេ​ខ្យល់​នៅ​ប្រទេស​ថៃ​ដែរ​»​។​ លោក​ថ្លែង​ថា​៖«​ដើម្បី​ទប់​ស្កាត់​នូវ​បញ្ហា​នេះ​ ខាង​ថ្នាក់​លើ​បាន​ដាក់​បញ្ជារ​ឲ្យ​យើង​បង្កើន​ការ​ដើរ​ល្បាត​ជា​ប្រចាំ​ ទី​២​ត្រូវ​ធ្វើ​ការ​សហការ​និង​ប្រមូល​ពត៌​មាន​បន្ថែម​ពី​សមត្ថកិច្ច​ថៃ​ និង​ធ្វើការ​ដាក់​កំលាំង​សំងាត់​នៅ​តាម​គោល​ដៅ​ផង​ដែរ​»​។​
     ទាក់​ទង​និង​បញ្ហា​នេះ​កាល​ពី​ថ្ងៃ​ទី​២៣​ ខែ​មិថុនា​ រដ្ឋាភិបាល​កម្ពុជា​បាន​បើក​កិច្ច​ពិភាក្សា​ ថ្នាក់​ជាតិ​មួយ​ ដែល​មាន​រយៈ​ពេល​២ថ្ងៃ​ ដើម្បី​ស្វែង​រក​វិធានការណ៍​បង្កា​ទប់​ស្កាត់​លើ​ករណី​ជួញ​ដូរ ​
មនុស្ស​។​





No comments:

Post a Comment