Tuesday, June 28, 2011

ក្រសួងផែនការត្រូវការថវិការបន្ថែមដើម្បីរៀបចំការអង្កេតចន្លោះជំរឿនឆ្នាំ២០១៣

ដោយៈ ឃួន​ លក្ខិណា​

ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១១
ភ្នំពេញ​៖ ក្រសួង​ផែន​ការ​កំពុង​ស្វែង​រក​ថវិការ​ពី​អង្គការ​ដៃគូរ​អភិវឌ្ឍន៍​ឲ្យ​បាន​គ្រប់​តាម​ផែន​ការ​ ដើម្បី​រៀប​ចំ​ការ​ធ្វើ​អង្កេត​ចន្លោះ​ជំរឿ​នៃ​ប្រជា​រាស្រ្ត​កម្ពុជា​នៅ​ឆ្នាំ​២០១៣​។
     លោក​សន​ ស៊ី​ថន​ អគ្គ​លេខាធិការ​ទទួល​បន្ទុក​ស្ថិតិ​នៃ​ក្រសួង​ផែន​ការ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ក្រសួង​ផែន​ការ​ត្រូវ​ការ​ថវិការ​ប្រមាណ​៦៩៨.៨១៧​ដុល្លា​ ដើម្បី​ការ​អង្កេត​ចន្លោះ ​ជំរឿន​ឆ្នាំ​២០១៣​ និង​ផ្តល់​ព័ត៌​មាន​សំខាន់​ៗ​ សម្រាប់​ធ្វើ​បច្ចុប្បន្ន​ភាព​ សូច​នាករ​មួយ​ចំនួន​។​ លោក​ បន្ត​ថា​ ការ​ធ្វើ​អង្កេត​ចន្លោះ​ជំរឿន​អាច​និង​ប្រព្រឹត្ត​ទៅ​នៅ​ខែ​មិនា​ ឆ្នាំ​២០១៣​ ដោយ​ត្រូវ​អនុវត្ត​ត្រឹម​តែ​២​សប្តាហ៍​ប៉ុណ្ណោះ​ ក្នុង​នោះ​ត្រូវ​ជ្រើស​រើស​គំរូ​ចំនួន​២៨.៦៨០​គ្រួសារ​នៅ​ទូ​ទាំង​ប្រទេស​។​ លោក​ថ្លែង​ថា​៖«​យើង​គ្រោង​ដាក់​មន្រ្តី​សភាន៍​ចំនួន​៩៥៦នាក់​ និង​មន្ត្រី​ត្រួត​ពិនិត្យ​ចំនួន​៣១៩នាក់​ សម្រាប់​ការ​ធ្វើ​អង្កេត​ឆ្នាំ​២០១៣​»​។​លោក​ថា​ កិច្ច​ការ​នេះ​គឺ​ជា​រឿង​ចាំ​បាច់​ណាស់​ ដើម្បី​ធ្វើការ​តាម​ដាន​ការ​ប្រែប្រួល​រចនា​សម្ពន្ធ័​ប្រជាជន​ និង​សមាស​ភាគ​ប្រជាជន​ ចំនួន​ និង​គុណ​ភាព​នៃ​កម្លាំង​ពលកម្ម​ អក្ខរ​កម្ម​ និង​កម្រិត​វប្បធម៌​ ប្រភេទ​អាគារ​ និង​លំនៅ​ដ្ឋាន​ រួម​និង​ស្ថាន​ភាព​សេដ្ឋ​កិច្ច​ សង្គម​កិច្ច​ទូទៅ ​និង​ស្ថាន​ភាព​ជីវភាព​រស់​នៅ​របស់​ប្រជាជន​»​។​
     ទាក់​ទង​និង​លទ្ធ​ផល​ទូទៅ​ នៃ​ការ​អង្កេត​ចន្លោះ​ជំរឿន​នៃ​ប្រជា​រាស្រ្ត​ឆ្នាំ​២០១៣​ និង​ត្រូវ​ប្រកាស​ផ្សាយ​នៅ​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៣​ ហើយ​ការ​ផ្សព្វ​ផ្សាយ​និង​មាន​វិសាល​ភាព​ទូលំ​ទូលាយ​ដល់​ ក្រសួង​ ស្ថាបន័​ និង​រាជ​ធានី​/​ខេត្ត​ និង​ត្រូវ​ធ្វើ​ក្នុង​រយៈ​ពេល​២​ខែ​ ចាប់​ពី​ខែ​ធ្នូ ​ឆ្នាំ​២០១៣​។​
     លោក​សន​ ស៊ី​ថន​ បញ្ជាក់​ថា​៖«​បច្ចុប្បន្ន​ថវិការ​សម្រាប់​អនុវត្ត​លើ​ការ​ងារ​នេះ​ អង្គការ​UNFPA​ និង​អង្គ​ការ​ Jica​ បាន​ធ្វើ​ការ​ឧបត្ថម្ភ​បាន​មួយ​ចំនួន​ធំ​ហើយ​  ប៉ុន្តែ​យើង​នៅ​ខ្វះ​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ​ ដូច្នេះ​ទើប​ថ្ងៃ​ម្សិល​មិញ​នេះ​ ក្រសួង​បាន​ធ្វើការ​អំពាវនាវ​ស្នើ​សុំ​ថវិការ​បន្ថែម​ទៀត​ពី​អង្គការ​ដៃ​គូរ​មួយ​ចំនួន​តាម​រយៈ​សិក្ខា​សាលា​ប្រមែ​ប្រមូល​ធន​ធាន​សម្រាប់​ការ​ងារ​អង្កេត​នេះ​»​។​
     លោក​ទេស​រដ្ឋ​មន្រ្តី​ឆាយ​ ថន​ រដ្ឋ​មន្ត្រី​ក្រសួង​ផែន​ការ​បាន​មាន​ប្រសាសន៍​ថា​ ការ​អង្កេត​ចន្លោះ​ជំរឿន​គឺ​ជា​សកម្មភាព​មួយ​បន្ត​ក្នុង​រយៈ​ពេល​៥ឆ្នាំ​ ក្រោយ​ពី​ជំរឿន​ដែល​មាន​សារៈ​សំខាន់​ សម្រាប់​ការ​ផ្ទៀង​ផ្ទាត់​ តាម​ដាន​ភាព​រីក​ចម្រើន​ និង​ការ​អភិវឌ្ឍ​របស់​ប្រទេស​។​ លោក​បន្ត​ថា​ រាជ​រដ្ឋា​ ភិបាល​ត្រូវ​ការ​ទិន្ន​ន័យ​សម្រាប់​គោល​ដៅ​ជា​ច្រើន​ដូច​ជា​ ធ្វើ​ផែន​ការ​អភិវឌ្ឍន៍​ជាតិ​ រៀបចំ​គោល​នយោបាយ​ផ្សេង​ៗ​ តាម​ដាន​ការ​អភិវឌ្ឍ​គោល​ដៅ​អភិវឌ្ឍ​សហស្សវត្សរ៍​ និង​ការ​ធ្វើ​សេចក្តី​សម្រេច​របស់​រដ្ឋាភិបាល​ក្នុង​ការ​ផ្តល់​នូវ​វិធានការ​លើក​ដំកើន​សុខុមាល​ភាព​ផ្សេង​ៗ​។​ លោក​ថ្លែង​ថា​៖«​ខ្ញុំ​ជឿ​ ជាក់​ថា​ ឆ្លង​កាត់​តាម​ការ​ពិភាក្សា​ជា​មួយ​និង​អង្គ​ការ​ដៃ​គូរ​កាល​ពី​ម្សិល​មិញ​នេះ​ គឺ​ជា​មូល​ដ្ឋាន​រឹង​មាំ​ ក្នុង​ការ​ទាក់​ទាញ​គៀង​គរ​ ធន​ធាន​ហិរញ្ញវត្ថុ​ និង​ជំនួយ​បច្ចេក​ទេស​ សម្រាប់​ជោគ​ជ័យ​នៃ​ការ​ធ្វើ​អង្កេត​ចន្លោះ​ជំរឿន​នៃ​ប្រជារាស្រ្ត​កម្ពុជា​ឆ្នាំ​២០១៣​នា​ពេល​ខាង​មុខ​»​។​
     គួរ​បញ្ជាក់​ថា​ ការ​ធ្វើ​អង្កេត​ចន្លោះ​ជំរឿន​ឆ្នាំ​២០១៣​នេះ​ គឺ​ជា​លើក​ទី២​ហើយ​សម្រាប់​កម្ពុជា​ ដែល​លើក​ទី​១​ កម្ពុជា​ធ្លាប់​បាន​ធ្វើ​ម្តង​រួច​មក​ហើយ​កាល​ពី​ឆ្នាំ​២០០៤​ កន្លង​មក​នេះ​។​
           
           
           
           
           

No comments:

Post a Comment