ដោយៈ ឃួន លក្ខិណា
ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១១
ភ្នំពេញ៖ មន្ត្រីរដ្ឋាភិបាលកម្ពុជាបានថ្លែងឲ្យដឹងកាលពីព្រឹកម្សិលមិញថា អាជ្ញាធរនៃប្រទេសកម្ពុជាកំពុងខិតខំស្វែងរកវិធានការណ៍គ្រប់គ្រងពលករចំណាកស្រុកខុសច្បាប់ឲ្យបានសមស្រប ដើម្បីត្រៀមបង្កាទប់ស្កាត់លើករណីជួញដូរមនុស្ស។
លោកស្រីជូរ ប៊ុនអេងរដ្ឋលេខាធិការក្រសួងមហាផ្ទៃបានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងកិច្ចពិភាក្សា ថ្នាក់ជាតិ នៅសណ្ឋាគារហីម៉ាវ៉ាវី កាលពីព្រឹកម្សិលមិញថា ក្រសួងមហាផ្ទៃបានរៀបចំកិច្ចពិភាក្សាថ្នាក់ជាតិមួយជាទ្រង់ទ្រាយធំ ដើម្បីឲ្យក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិដឹកនាំការបង្រ្កាបអំពើជួញដូរ ការរត់ពន្ធ ការធ្វើអាជីវកម្មពលកម្មលើមនុស្ស និងការជួញដូរផ្លូវភេទស្រ្តី និងកុមារ (ប.ជ.រ.ព.ភ) បានចូលរួមយោលបល់និងបញ្ចេញមតិឲ្យបានគ្រប់ៗគ្នា ក្នុងការស្វែងរកវិធានការគ្រប់គ្រងពលករចំណាកស្រុកឲ្យបានសមស្រប ដើម្បីប្រយោជន៍បង្កាទប់ស្កាត់លើអំពើជួញដូរមនុស្ស។លោកស្រីបន្តថា កិច្ចពិភាក្សាថ្ងៃនេះ និងត្រូវលើកឡើងនូវកត្តាបីចំនុច ដើម្បីយកមកជជែកគ្នា ដែលមាន កត្តាផ្សព្វផ្សាយតាមគ្រប់រូបភាព កត្តាផ្តល់ជំរើសនៅក្នុងការរស់នៅរបស់ប្រជាពលរដ្ឋ និងជំរើសនៅក្នុងការសម្រេចចិត្ត ព្រមទាំងកត្តាពាក់ពន្ធ័និងច្បាប់គោលនយោបាយ។ អ្នកស្រីថ្លែងថា៖« យើងដឹងថា ប្រជាពលរដ្ឋអាចសម្រេចចិត្តចំណាកស្រុកទៅប្រទេសក្រៅបាន ក៏ដោយសារកត្តាជម្រុញ និងកត្តាអូសទាញ»។
ឆ្លើយតបនិងបញ្ហានេះ កន្លងមកស្នងការនគរបាលរាជធានី-ខេត្ត បានអនុវត្តការធ្វើសម្រង់ស្ថិតិពលករចំណាកស្រុក ដើម្បីទៅរកការងារធ្វើនៅក្រៅប្រទេស ក្នុងនោះគេបានរកឃើញពលករចំនួន៩៥,១០៦នាក់ (ស្រី៣៧,០៩៨នាក់) បានធ្វើចំណាកស្រុកដោយខុសច្បាប់ ដោយមានមេខ្យល់១៣១នាក់ជាអ្នកអូសទាញ។ ដោយឡែកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងកំពង់ធំ បានធ្វើការល្បាតទប់ស្កាត់ពលករខ្មែរចំណាកស្រុក ទៅប្រទេសថៃដោយខុសច្បាប់មានចំនួន៦២៩នាក់ ព្រមទាំងបានណែនាំឲ្យត្រឡប់ទៅផ្ទះវិញ។
អ្នកស្រីជូរ ប៊ុនអេងបញ្ជាក់ថា៖«បន្ទាប់ពីកិច្ចប្រជុំនេះទៅ យើងនិងធ្វើការពិនិត្យឡើងវិញ នូវ ព័ត៌មាននិងលទ្ធផលដែលទទួលបានថ្ងៃនេះ ដើម្បីរៀបចំឲ្យចេញជាយុទ្ធសាស្រ្តយូរអង្វែងនៅក្នុងការបង្កាទប់ស្កាត់អំពើជួញដូរមនុស្ស ព្រមទាំងធ្វើការវាយតម្លៃជាប្រចាំ ដើម្បីឲ្យការអនុវត្តបានទទួលប្រសិទ្ធភាពខ្ពស់»។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិ (ប.ជ.រ.ព.ភ) បានឲ្យដឹងថា សាលាដំបូងនិងអយ្យការរាជធានី-ខេត្តបានទទួលនិងចាត់ការរឿងក្តីពាក់ពន្ធ័និងករណីបទល្មើសស្តីពីការ បង្រ្កាបអំពើជួញដូរមនុស្សនិងអំពើធ្វើអាជីវកម្មផ្លូវភេទមានដូចជា នៅក្នុងរយៈពេល១២ខែនៃឆ្នាំ២០១០ មានករណីសរុបចំនួន១៦៣ករណី ជនល្មើស២៤៩នាក់ ក្នុងនោះមានជនសង្ស័យ៦នាក់ និងត្រូវលើកលែងការចោទប្រកាន់៦ករណី ព្រមទាំងធ្វើការជំរុំជំរៈ១៥៧ករណី ក្នុងនោះជនជាប់ចោទ២៤៣នាក់ និងផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ២១៥នាក់ និងរួចពីបទចោទចំនួន២៨នាក់។
លោកអ៊ិត រ៉ាឌី រដ្ឋលេខាធិការក្រសួងយុត្តិធម៌បានមានប្រសាសន៍ថា ការធ្វើចំណាកស្រុក ខុសច្បាប់អាចនាំឲ្យប្រជាពលរដ្ឋចាញ់បោកគេនិងអាចក្លាយទៅជាអំពើជួញដូរក៏មានដែរ ដូច្នេះអ្វីដែលគួរធ្វើក្នុងពេលនេះគឺការចុះពង្រឹងទៅកាន់ថ្នាក់មូលដ្ឋាន និងពង្រឹងនៅតាមច្រកព្រំដែនផង ដែរ។ លោកថ្លែងថា៖«ប្រជាពលរដ្ឋភាគច្រើនដែលធ្វើចំណាកស្រុកនិយមឆ្លងចូលតាមច្រករបៀង តូចៗ ដូច្នេះបើយើងមានគោលការណ៍ពង្រឹងច្រកតូចៗខុសច្បាប់ឲ្យក្លាយទៅជាច្រកស្របច្បាប់
នោះប្រជាពលរដ្ឋខ្មែរច្បាស់ជាមានសេរីភាព និងជៀសផុតពីក្តីព្រួយបារម្ភជាមិនខាន»។
No comments:
Post a Comment