ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១១
បន្ទាយមានជ័យៈ សមត្ថកិច្ចក្រុងសិរីសោភណ័ បានចេញប្រតិបត្តិការតាមចាប់ក្រុមក្មេងស្ទាវ មួយក្រុមដែលមានគ្នា៣នាក់ ដើម្បីធ្វើការសាកសួរលើករណីប្រើហឹង្សា លើស្រ្តីរកស៊ីផ្លូវភេទម្នាក់ឲ្យរងរបួសធ្ងន់ និងបណ្តាលឲ្យនាងស្លាប់បាត់បង់ជីវិតកាលពីថ្ងៃទី១៤ ខែមិថុនានេះ។
លោកសិន រ៉ាស៊ីនាយបញ្ជារការស្តីទីក្រុងសិរីសោភណ័បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃព្រហស្បត្តិ៍ថា ករណីនេះគឺជាបទល្មើសជាក់ស្តែង ដូច្នេះបើទោះបីជាគ្មានពាក្យបណ្តឹងចូលមកក៏ខាងសមត្ថកិច្ចមិនបង្អង់ឡើយ ត្រូវតែបន្តការស្រាវជ្រាវស៊ើបអង្កេត ដើម្បីតាមចាប់ខ្លួនជនល្មើសមកសាកសួរនិងផ្តទ្ទាទោសជុំវិញរឿងនេះ។ លោកថ្លែងថា៖«ដើម្បីផ្តល់ភាពយុត្តិធម៌ដល់ជនរងគ្រោះយើងនិងសហការជាមួយនិងសមត្ថកិច្ចក្រុង ដើម្បីស្រាវជ្រាវលើបទល្មើសនេះបន្ថែមទៀត ព្រោះថា ស្រ្តីរងគ្រោះត្រូវបានស្លាប់ដោយសារការប្រើហឹង្សាយ៉ាងអណេចអធម៌»។
បើតាមរបាយការណ៍សមត្ថកិច្ចក្រុងសិរីសោភណ័បានឲ្យដឹងថា នៅវេលាម៉ោង៧យប់ថ្ងៃទី១៣ខែមិថុនា ឆ្នាំ២០១១ ស្រ្តីរងគ្រោះឈ្មោះ សេងស្រីលក្ខ័ អាយុ២៨ឆ្នាំ មិនមានទីតាំងពិតប្រាកដ បានទៅដើរលេងនិងផឹកស៊ីជាមួយនិងមិត្តភក្ត័ស្រី នៅម្តុំវេទិកាសាលាខេត្ត ដែលស្ថិតនៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភណ័ ខេត្តបន្ទាយមានជ័យ។ លុះដល់វេលាម៉ោងប្រមាណ១១យប់ មានក្មេងស្ទាវពីរក្រុមបានបបួលនារីរងគ្រោះនិងមិត្តរបស់នាងទៅរួមភេទ ប៉ុន្តែស្រ្តីរងគ្រោះមិនព្រមទៅជាមួយ ព្រមទាំងព្យាយាមរត់គេចពីក្រុមក្មេងស្ទាវទាំងអស់នោះ។ ក្រោយមកមានក្មេងស្ទាវចំនួន៣នាក់ទៀតបានរត់ដេញតាមនាងរួចក៏ស្ទាក់វៃនាងរហូតដល់មានរបួសធ្ងន់។
លោកចាន់ កុសលស្នងការរងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា បើតាមកោសល្យវិច្ឆ័យរបស់មន្ទីរពេទ្យខេត្តបានឲ្យដឹងថា ស្រ្តីរងគ្រោះពិតជាស្លាប់ដោយសារក្រុងក្មេងស្ទាវព្រួតគ្នាវៃប្រាកដមែន ព្រោះការពិនិត្យបានរកឃើញថា នាងមានរបួសពេញខ្លួនប្រាណនិងជាំខ្មៅ។ លោកប្រាប់ថា៖«បើតាមប្រភពសាក្សីបានធ្វើឲ្យនគរបាលអាចកំណត់មុខសញ្ញាជនល្មើសបាន ដោយជនល្មើសមានគ្នាបីនាក់ជាក្រុមក្មេងស្ទាវ។ លោកថា៖«យើងកំពុងធ្វើការតាមដានក្នុងរឿងនេះ បន្តទៀត ដោយឡែកសុំនុំរឿង យើងនិងបញ្ជូនទៅតុលាការក្នុងពេលឆាប់ៗ»។
តាមរបាយការណ៍របស់អង្គការលីកាដូបានឲ្យដឹងថា ក្នុងរយៈពេល៥ខែឆ្នាំ២០១១នេះ អង្គការបានទទួលពាក្យបណ្តឹងករណីរំលោភសេពសន្ថវៈចំនួន១៤០ករណី ក្នុងនោះរំលោភសាច់ញាតិឯងមានចំនួន១៨ករណី ។ តួលេខនេះមានការកើនឡើង បើប្រៀបធៀបរយៈពេលដូចគ្នាកាលពី ឆ្នាំ២០១០ ដែលមានចំនួន១០៩ករណី ហើយករណីសាច់ញាតិរំលោភសាច់ញាតិមានចំនួន១២ករណីប៉ុណ្ណោះ។ កាលពីឆ្នាំ២០១០ អង្គការលីកាដូ បានទទួលពាក្យបណ្តឹង ពីករណីរំលោភចំនួន ៤១០ ករណី ដែលក្នុងនោះជនរងគ្រោះភាគច្រើនជាកុមារ។
លោកស្រីប្រាក់ សុភីម៉ា មន្ត្រីទទួលបន្ទុកផ្នែកស្រ្តីនិងកុមារនៃអង្គការអាដហុកខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា៖«យើងអាចនិងមានអន្តរាគមន៍នៅពេលដែលមានបណ្តឹងចូលមក»។
No comments:
Post a Comment