ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១១
រតនគិរីៈ ឆ្មាំយាមគុកប្រចាំខេត្តរតនគិរីបានធ្វើការដោះលែងស្រ្តីកូនខ្ចីដែលជាប់ពាក់ពន្ធ័និងករណីក្លែងបណ្ណ័កម្មសិទ្ធលំនៅដ្ឋាន ឲ្យមានសេរីភាពបណ្តោះអាសន្ន កាលពីវេលាម៉ោង៥និង៤៥នាទីល្ងាចថ្ងៃពុធម្សិលម្ងៃ។
លោកហ៊ល ស៊ីណា មេធាវីការពារក្តីឲ្យស្រ្តីជាប់ចោទមាន ស៊ីថា បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃពុធថា កាលពីថ្ងៃពុធនេះ លោកបានធ្វើដំណើរចេញពីទីក្រុងភ្នំពេញ ឆ្ពោះទៅកាន់ពន្ធនាគារខេត្តរតនគិរី ដើម្បីរត់ការធ្វើយ៉ាងណាឲ្យកូនក្តីលោកបានឆាប់ចេញពីពន្ធនាគារ ដោយសារតែកូនក្តីលោកគឺជាស្រ្តីម្នាក់ដែលទើបនិងឆ្លងទន្លេរួច ហើយសុខភាពក៏មិនសូវរឹងមាំថែមទៀតផង។លោកថ្លែងថា៖«ការដោះលែងនេះ ត្រូវបានធ្វើឡើងដោយយោងទៅតាមដីការបញ្ជាររបស់តុលាការសាលាឧទ្ធរណ៍ដែលបានប្រកាសកាលពីរសៀលថ្ងៃទី៧ ខែមិថុនានេះ ដោយសម្រេចឲ្យកូនក្តីខ្ញុំរស់នៅក្រៅឃុំជាបណ្តោះអាសន្ន»។
គួររំលឹកថា កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១១ តុលាការខេត្តរតនគិរីបានចេញដីការនាំខ្លួនស្រ្តីឈ្មោះមាន ស៊ីថា អាយុ៣៥ឆ្នាំ យកទៅឃុំខ្លួននៅពន្ធនាគារខេត្ត ដោយចោទពីបទក្លែងបណ្ណ័កម្មសិទ្ធលើដីទំហំ៤៥ម៉ែត្រគុណនិង៦០ម៉ែត្រពីឈ្មោះកែវ ហាវី និងញ៉ែម សុវណ្ណនី ដែលត្រូវជាបងប្អូនជីដូនមួយនិងគ្នា។
អ្នកស្រីមាន ស៊ីថា អាយុ៣៥ឆ្នាំចុងចោទក្នុងបណ្តឹងក្លែងបណ្ណ័កម្មសិទ្ធលើដីលំនៅដ្ឋាន បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃព្រហស្បត្តិ៍ថា អ្នកស្រីបានចេញពីមន្ទីរឃុំឃាំងនៅថ្ងៃរសៀលថ្ងៃពុធ នេះបន្ទាប់ពីតុលាការបានធ្វើការឃុំខ្លួនអ្នកស្រីអស់រយៈពេលជាង២០ថ្ងៃរួចមក។ អ្នកស្រីបន្តថា អ្នកស្រីមិនមានផលវិបាកអ្វីខ្លាំងទេ ពេលរស់នៅក្នុងមន្ទីរឃុំឃាំងខេត្តរតនគិរី ព្រោះឆ្មាំយាមគុកបានយកចិត្តទុកដាក់ថែរក្សាសុខភាពរបស់អ្នកស្រី។ អ្នកស្រីថ្លែងថា៖«ជាការពិត ពេលរស់នៅក្នុងពន្ធនា គារខ្ញុំពិតជាមានជំងឺឈឺទាស់មែន ដោយសារតែការគិតព្រួយបារម្ភច្រើន ប៉ុន្តែឥឡូវនេះសុខភាពខ្ញុំបានល្អគ្រាន់បើហើយ គ្រាន់នៅមានអាការៈឈឺវិលមុខបន្តិចបន្តួចទេ»។ អ្នកស្រីបញ្ជាក់ថា៖«ខ្ញុំសូមសំណូមពរដល់តុលាការខេត្តរតនគិរី មេត្តាជួយស្រាវជ្រាវក្នុងរឿងនេះ ឲ្យបានច្បាស់លាស់ផង ដើម្បីកុំឲ្យមានការចោទប្រកាន់មនុស្សគ្មានទោសដូចជារូបខ្ញុំតទៀត»។
បើទោះបីជាស្រ្តីជាប់ចោទមាន ស៊ីថា ត្រូវបានសាលាឧទ្ធរណ៍សម្រេចដោះលែងឲ្យមានសេរីភាពនៅក្រៅឃុំបណ្តោះអាសន្នក៏ពិតមែន ប៉ុន្តែខាងតុលាការខេត្តរតនគិរី នៅតែធ្វើការចោទប្រកាន់ ស្រ្តីរូបនេះដដែល ពីបទក្លែងបណ្ណ័កម្មសិទ្ធលើដីលំនៅស្ថានក្នុងខេត្តរតនគិរី។
No comments:
Post a Comment