Tuesday, June 7, 2011

ស្រ្តីកូនខ្ចីម្នាក់ដែលជាប់ចោទពីបទក្លែងបន្លំឯកសារកម្មសិទ្ធដីលំនៅស្ថានមួយកន្លែងក្នុងខេត្តរតនគិរីត្រូវបានសាលាឧទ្ធរណ៍សម្រេចឲ្យនៅក្រៅឃុំ

ដោយៈ ឃួន​ លក្ខិណា

ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១១

ភ្នំពេញៈ លោក​សេង​ ស៊ីវត្ថា​ប្រធាន​ចៅ​ក្រម​នៃ​សាលា​ឧទ្ធរណ៍​រាជ​ធានី​ កាល​ពី​រសៀល​ថ្ងៃ​អង្គារនេះ​ បាន​សម្រេ​ច​ឲ្យ​ស្រ្តី​កូន​ខ្ចី​ឈ្មោះ​មាន​ ស៊ីថា​ ដែល​ជាប់​ចោទ​ពី​បទ​ ក្លែង​បណ្ណ័​កម្ម​សិទ្ធ​ លើ​ដី​លំ​នៅ​ស្ថាន​មួយ​កន្លែង​ក្នុង​ខេត្ត​រតនៈគីរី​ ត្រូវ​រស់​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន​សិន​។​
បើ​តាម​លោក​មេធាវី​ការ​ពារ​ក្តី​ឲ្យ​ស្ត្រី​ជាប់​ចោទ​ លោក​ហ៊ល​ ស៊ីណា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​អង្គារថា​ នៅ​ក្នុង​សាវនាការ​ កាល​ពី​ថ្ងៃអង្គារ​នេះ​ លោក​បាន​ធ្វើការ​បំភ្លឺ​ទៅ​លើ​អង្គ​ហេតុ​ជា​ច្រើន​ដំណាក់​កាល​ ពាក់​ពន្ធ័​និង​ការ​ចោទ​ប្រកាន់​កូន​ក្តី​លោក​ ដើម្បី​ស្នើ​ឲ្យ​តុលាការ​ធ្វើការ​ពិចារណា​លើ​ការ​រស់​នៅ​កូន​ក្តី​លោក​ក្នុង​ស្ថាន​ភាព​ជាក់​ស្តែង​នា​ពេលបច្ចុប្បន្ន​។​ លោកបន្តថា​ បន្ទាប់​ពី​ចៅ​ក្រម​ធ្វើការ​សាក​សួរ​រួច​មក​ តុលាការ​បាន​សម្រេច​ប្រកាស​ឲ្យ​កូន​ក្តី​លោក​រស់​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន​សិន​។​ លោក​ថ្លែង​ថា​៖«​តុលាការ​បាន​សម្រេច​បែប​នេះ​ ដោយ​យោង​ទៅ​លើ​ហេតុ​ផល​ទាំង​៤​ចំនុច​ធំ​ៗ​ ទី១​ សំអាង​ថា​ កូន​ក្តី​លោក​មិន​មាន​លទ្ធ​ភាព​លួច​រត់​ ទី២​ពុំ​មាន​ពិរុទ្ធភាព​គ្រប់​គ្រាន់​ ទី៣​ គាត់​នៅ​មាន​កូន​ខ្ចី​ ទី៤​ រឿង​នេះ​មាន​ចំណង​ពាក់​ពន្ធ័​និង​រដ្ឋប្បនី​នៅ​តុលាការ​កំពូល​»​។​ លោក​ថា​៖«​នៅ​ថ្ងៃ​ស្អែក​ ខ្ញុំ​និង​ធ្វើ​សុំនុំ​បែប​បទ​យក​កូន​ក្តី​ខ្ញុំ​ចេញ​ពី​មន្ទីរ​ឃុំ​ឃាំង​នៅ​ខេត្ត​រតនគិរី​ឲ្យ​បាន​»​។​
ពាក់​ពន្ធ​និង​ករណី​នេះ​ កាល​ពី​ថ្ងៃទី​១០​ ខែ​ឧសភា​ ឆ្នាំ​២០១១​ លោក​លូ​ ស៊ូ​សម្បត្តិ​ប្រធាន​តុលាការ​ខេត្ត​រតនគិរី​ បាន​ចេញ​ដីការ​នាំ​ខ្លួន​ស្រ្តី​ជាប់​ចោទ​ ឈ្មោះ​មាន​ ស៊ីថា​ អាយុ​៣៥ឆ្នាំ​ យក​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ ដោយ​ចោទ​ពី​បទ​ក្លែង​បណ្ណ័​កម្ម​សិទ្ធ​លើ​ដី​លំ​នៅ​ស្ថាន​មួយ​កន្លែង​ ទំហំ​៤៥​ ម៉ែត្រ​គុណ​និង​៦០​ម៉ែត្រ​ ពី​ឈ្មោះ​កែវ​ ហាវី​ និង​ញ៉ែម​ សុវណ្ណ​នី​ដែល​ត្រូវ​ជា​បង​ប្អូន​ជី​ដូន​មួយ​និង​ជន​ ជាប់​ចោទ​។​ ក្រោយ​ពី​មាន​ការ​ឃុំ​ខ្លួន​ស្រ្តី​មាន​ ស៊ីថា​រួច​មក​ មេធាវី​ការ​ពារ​ក្តី​ឲ្យ​ស្រ្តី​ជាប់​ចោទ​បាន​ ស្វែង​រក​ក្តី​អន្តរាគមន៍​ជា​បន្ត​បន្ទាប់​ពី​តុលាការ​ ដោយ​ស្នើ​សុំ​ឲ្យ​មាន​ការ​ដោះ​លែង​កូន​ក្តីរបស់​គាត់​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន​សិន​ ដោយ​ផ្អែក​លើ​កម្មវត្ថុ​ថា​ ស្រ្តី​ជាប់​ចោទ​អាច​មិន​មាន​សុខ​ភាព​រឹម​មាំ​ ព្រម​ទាំង​ថែរក្សា​កូន​ខ្ចី​អាយុ​៣ខែ​ផង​ដែរ​។​
លោក​ជួង​ អូន​អាយុ​៤៥ឆ្នាំ​រស់​នៅ​ភូមិ​ទី៣​ សង្កាត់​ឡា​បាន​សៀក​ ក្រុង​បាន​លុង​ ខេត្ត​រតនគិរី​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ប្រពន្ធ​លោក​មាន​ ស៊ីថា​ អាយុ​៣៥ឆ្នាំ​ បច្ចុប្បន្ន​កំពុង​ឈឺ​ទាស់​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​រតនគីរី​អស់​រយៈ​ពេល​ប្រហែល​២០​ថ្ងៃ​រួច​ហើយ​ រឺឯ​កូន​ខ្ចី​អាយុ​៣ខែ​វិញ​រាល់​ថ្ងៃ​តែង​ស្រែក​យំ​ ដោយ​សារ​តែ​បាត់​ម្តាយ​។​ លោក​បន្ត​ថា​ លោក​មាន​ឯក​សារ​គ្រប់​គ្រាន់​ ដើម្បី​បញ្ជាក់​ថា​ ប្រពន្ធ​លោក​គ្មាន​កំហុស​។​ លោក​ថ្លែង​ថា​៖«​ខ្ញុំ​មាន​ការ​សប្បាយ​ចិត្ត​គ្មាន​អ្វី​ប្រៀប​ នៅ​ពេល​ដែល​តុលាការ​ធ្វើការ​សម្រេច​ឲ្យ​ប្រពន្ធ​ខ្ញុំ​នៅ​ក្រៅ​ឃុំ​»​។​
លោក​លូ​ ស៊ូ​សម្បត្តិ​ប្រធាន​តុលាការ​ខេត្ត​រតនគិរី​បាន​មាន​ប្រសាសន៍​ថា​ ​លោក​បាន​ស្រាវ​ជ្រាវ​រក​ឃើញ​ថា​ ស្រ្តី​ជាប់​ចោទ​ពិត​ជា​បាន​ក្លែង​បន្លំ​ឯក​សារ​កម្មសិទ្ធ​ពិត​ប្រាកដ​មែន​ ព្រោះ​ខាង​ដើម​បណ្តឹង​មាន​ភស្តុ​តាង​គ្រប់​គ្រាន់​ដូច​ជា​ប្លង់​កម្ម​សិទ្ធ​ស្រប​ច្បាប់​។​ លោក​ថ្លែង​ថា​៖«​យើង​បាន​រក​ឃើញ​ ថា​ដើម​បណ្តឹង​ឈ្មោះ​កែវ​ ហាវី​ បាន​អនុញ្ញាត្តិ​ឲ្យ​ស្រ្តី​ជាប់​ចោទ​និង​គ្រួសារ​ស្នាក់​នៅ​លំនៅ​ដ្ឋាន​ដែល​មាន​ទីតាំង​នៅ​ខាង​លើ​មួយ​រយៈ​  ក្រោយ​មក​ស្រ្តី​ជាប់​ចោទ​បាន​លួច​ទៅ​ធ្វើ​ប្លន់​សារ​ជា​ថ្មី​ម្តង​ទៀត​។​
លោក​កែវ​ ហាវី​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​ក្នុង​ករណី​រឿង​ក្លែង​បណ្ណ័​កម្ម​សិទ្ធ​កាន់​កាប់​លំ​នៅ​ដ្ឋាន​ បាន​ឲ្យ​ដឹង​ថា​ នៅ​ពេល​ដែល​តុលាការ​សម្រេច​បែប​នេះ ​លោក​ក៏​មិន​មាន​អ្វី​និយាយ​ត​ទៅ​ទៀត​ដែរ​
ព្រោះ​លោក​គឺ​ជា​មនុស្សដែល​មាន​ការ​ជឿ​ជាក់​លើ​ការ​អនុវត្ត​និតិវិធី​របស់​តុលាការ​។​ លោក​ថ្លែង​​ថា​៖«​ប្រ​ការ​​ដែល​តុលាការ​សម្រេច​បែប​នេះ​ វា​គ្រាន់​តែ​ជា​មោនសចេតនា​ និង​ជា​យុទ្ធសាស្រ្ត​ស៊ើប​អង្កេត​រឿង​ក្តី​​របស់​តុលាការ​តែ​ប៉ុណ្ណោះ​ ប៉ុន្តែ​ការ​ផ្តល់​ភាព​យុត្តិធម៌​រឺ​មិន​យុទ្ធត្តិធម៌​នោះ​វាស្ថិត​នៅ​លើ​ការ​ជំនុំជំនះ​លើក​ចុង​ក្រោយ​ឯណោះ​ទេ​។​ លោក​បញ្ជាក់​ថា​៖« ផ្ទះ​របស់​ខ្ញុំ​បាន​មាន​កម្ម​សិទ្ធ​ពី​មុន​រួច​ហើយ​»​។​







No comments:

Post a Comment