ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១១
បន្ទាយមានជ័យ៖ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីព្រឹកថ្ងៃសុក្រសប្តាហ៍មុន បានប្រកាសផ្តល់ដី១០ភាគរយថែមទៀត លើការស្នើសុំដីច្រើនជាង៧០០ហិតា ពីប្រជាពលរដ្ឋរស់នៅភូមិចំនួន៤ នៃស្រុកមង្គលបូរី ដែលអាជ្ញាធរអភិរក្សបឹងទន្លេសាបបានបោះបង្គោលចូលហ៊ុំពន្ធ័រំលោភយកដីរបស់ពួកគាត់។
លោកអ៊ុង អឿន អភិបាលខេត្តបន្ទាយមានជ័យបានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអាទិត្យថា នៅក្នុងអង្គប្រជុំកាលពីព្រឹកថ្ងៃសុក្រសប្តាហ៍មុននេះ សម្តេចនាយកបានប្រកាសផ្តល់ដីប្រមាណ៧២១,៦៤ហិតាឲ្យប្រជាពលរដ្ឋតាមសំណូមពរ សម្រាប់ភូមិចំនួន៤ដែលមាន ភូមិសំបួរ ស្រណាល ថ្មដប់ និងភូមិដូនឡឹក ដែលស្ថិតនៅក្នុងឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ លោកបន្តថា សម្តេចមិនត្រឹមតែប្រកាសផ្តល់ដីទៅតាមការស្នើសុំរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែលោកបានផ្តល់ដីបន្ថែម១០ភាគរយទៀត ដែលសរុបទាំងអស់មានចំនួន៨០០ហិតា សម្រាប់ផ្តល់ជួនប្រជាពលរដ្ឋរស់នៅតំបន់ខាងលើ ដើម្បីជាការលើកទឹកចិត្តដល់ប្រជាពលរដ្ឋឲ្យមានផ្ទៃដីធ្វើស្រែគ្រប់គ្រាន់។ លោកថ្លែងថា៖«សម្តេចហ៊ុន សែនបានលើកឡើងថា បើទោះបីជាយើងមានគម្រោងអភិរក្សព្រៃលិចក៏ពិតមែន ប៉ុន្តែការអភិរក្សនោះក៏មិនត្រូវធ្វើឲ្យប៉ះពាល់ដល់ដីស្រែរបស់ប្រជាពលរដ្ឋ ដែលខំបង្កបង្កើនផលជាយូរយារណាស់មកហើយដែរ»។
ពាក់ពន្ធ័និងបញ្ហានេះ កាលពីថ្ងៃទី៣១ ខែឧសភាឆ្នាំ២០១១ ប្រជាពលរដ្ឋរងគ្រោះប្រមាណ៣០១គ្រួសាររស់នៅក្នុងភូមិចំនួន៤ នៃឃុំសំបួរ ស្រុកមង្គលបូរី បាននាំគ្នាមកតវ៉ានៅខាងមុខសាលាខេត្តបន្ទាយមានជ័យ ដើម្បីស្នើសុំលោកអភិបាលខេត្តជួយដោះស្រាយ លើបញ្ហាការបោះបង្គោលដីអភិរក្សតំបន់បឹងទន្លេសាប ធ្វើឲ្យប៉ះពាល់ដល់ផ្ទៃដីស្រែរបស់ប្រជាពលរដ្ឋទំហំ៧២១,៦៤ហិកតា។ រហូតមកដល់ថ្ងៃទី៣ ខែមិថុនានេះ លោកហ៊ុន សែនបានធ្វើសេចក្តីសម្រេចភ្លាមៗ ក្នុងអង្គប្រជុំ គណៈរដ្ឋមន្រ្តី ដោយស្នើឲ្យក្រសួងពាក់ពន្ធ័ទាំងអស់ត្រូវតែដកបង្គោលចេញពីដីស្រែប្រជាពលរដ្ឋ។
លោកព្រំ សំ អាយុ៧៩ឆ្នាំរស់នៅភូមិថ្មដប់ ឃុំសំបួរ ស្រុកមង្គលបូរី និងជាតំណាងប្រជាពលរដ្ឋប្រមាណ៣០១គ្រួសារបានប្រាប់ឲ្យដឹងថា លោកមានការសប្បាយរីករាយគ្មានអ្វីផ្ទឹមនៅពេលដែលប្រមុខរដ្ឋាភិបាល បានសម្រេចផ្តល់ដីធ្លឺឲ្យប្រជាពលរដ្ឋសម្រាប់បង្កបង្កើនផលស្រូវបន្តទៅទៀត។ លោកថ្លែងថា៖« អ្វីដែលខ្ញុំសប្បាយចិត្តខ្លាំងបំផុតនោះ គឺមិនត្រឹមតែបានដីមកគ្រប់ចំនួនទេ ថែមទាំងបានដីបន្ថែមពីលើដីចាស់១០ភាគរយទៀត ដូច្នេះទង្វើនេះ វាបានជួយឲ្យប្រជាពលរដ្ឋក្រីក្រដូចយើងខ្ញុំមានសង្ឈឹមរស់នៅតទៅមុខទៀត»។ លោកបានបញ្ជាក់ថា៖«ខ្ញុំសូមសន្យាថា និងខិតខំធ្វើស្រែចំការ និងអភិរក្សព្រៃ ដើម្បីការពារធនធានធម្មជាតិជីវចំរុះគ្រប់ប្រភេទមិនឲ្យបាត់បង់ទៅថ្ងៃអនាគត់ឡើយ ជាពិសេសទៀតនោះ គឺខ្ញុំនិងប្រជាពលរដ្ឋទាំងអស់បានប្តេជ្ញាថា និងមិនលក់ដូរដីនេះទៅឲ្យ ឈ្មួញណាម្នាក់ជាដាច់ខាត ដើម្បីទុកជាកេរ្តិ៍តកូនចៅ»។
No comments:
Post a Comment