ដោយៈ ឃួន លក្ខិណា
ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១១
ខេត្តបន្ទាយមានជ័យៈ អាជ្ញាធរការពារព្រំដែនកម្ពុជា-ថៃបានឲ្យដឹងកាលពីថ្ងៃពុធថា យ៉ាងហេចណាស់មានពលករខ្មែរខុសច្បាប់ចំនួនម្នាក់ត្រូវបានស្លាប់ និង៣នាក់ផ្សេងទៀតបានរងរបួសធ្ងន់ ដោយសារគ្រោះក្រឡាប់ឡាន កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១១។
បើតាមលោកអៀម រដ្ឋាមេបញ្ជារការរងនគរបាលការពាព្រំដែនគោកលេខ៨០៧ ស្រុកថ្មពួកបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃពុធថា កាលពីវេលាម៉ោងប្រមាណ១យប់ថ្ងៃទី៧ ខែមិថុនានេះ គេបានប្រទះឃើញ មានរថយន្តមួយគ្រឿងមានផ្ទុកមនុស្សចំនួន១៥នាក់ បានធ្វើដំណើរចេញពីភូមិកាប់ត្រា យ៉ា ប្រហែល៥០០ម៉ែត្រមកដល់ចំនុចកើតហេតុស្ថិតក្នុងភូមិម្កាក់ ឃុំទ័ពថៃ ស្រុកសាទត្រៃយ៉ា ខេត្ត ស្រះកែវ ស្រាប់តែរថយន្តមួយគ្រឿងនោះត្រូវបានក្រឡាប់ បណ្តាលឲ្យស្រ្តីម្នាក់ឈ្មោះយ៉ាន់ សា ឌឿត អាយុ២១ឆ្នាំ រស់នៅភូមិតាវង ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ត្រូវបានស្លាប់ និងមនុស្ស៣នាក់ទៀតបានរងរបួសធ្ងន់។ លោកបន្តថា បើតាមប្រភពអ្នកដំណើររួមគ្នាបានឲ្យដឹងថា ករណីនេះត្រូវបានកើតឡើងគឺបណ្តាលមកពីតាកុងឡានជាប់រវល់និយាយទូរសព្ទ័ ក្នុងពេលបើកបរ។ ប៉ុន្តែបើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចវិញបានឲ្យដឹងថា វាអាចបណ្តាលមកពីតំរួតថៃដេញតាមចាប់ឡានពលរដ្ឋខ្មែរដែលមានគម្រោងឆ្លងដែនខុសច្បាប់ទៅធ្វើការនៅប្រទេសថៃ ទើបបណ្តាលឲ្យតាកុងឡានមានការភិតភ័យ រួចធ្វើការបើកបរក្នុងល្បឿនលឿនបែបនេះ។ លោកអៀម រដ្ឋាបាននិយាយថា បច្ចុប្បន្ននេះ សាកសពស្រ្តីរងគ្រោះ និងអ្នករងរបួសផ្សេងទៀត ត្រូវបានក្រុមគ្រួសារដឹកយកទៅលំនៅស្ថានរៀងៗខ្លួនហើយ។
No comments:
Post a Comment