Monday, June 27, 2011

អនុក្រិត្យថ្មីរបស់ក្រសួងធម្មការនិងតំរូវទៅតាមស្ថានភាពជាក់ស្តែង


ដោយៈ ឃួន​ លក្ខិណា​

ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១១
ភ្នំពេញ៖ ក្រសួង​ធម្មការ​និង​សាសនា​បាន​រៀប​ចំ​សេចក្តី​ព្រាង​អនុក្រឹត្យ​ស្តី​ពី​ការ​រៀប​ចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​របស់​ក្រសួង​ធម្មការ​និង​សាសនា​ ដើម្បី​តំរូវ​ទៅ​តាម​ស្ថាន​ភាព​ការ​ងារ​នា​ពេល​បច្ចុប្បន្ន​។​
           លោក​ឈន​ អៀម​រដ្ឋ​លេខាធិការ​ក្រសួង​ធម្មការ​និង​សាសនា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ ដោយ​មាន​ការ​ចូល​រួម​ពី​ក្រសួង​អប់​រំ​ និង​គណៈ​សង្ឈ​នាយក​ដឹក​នាំ​សម្តេច​ព្រះ​មហា​សុ​មេធាធិបតី​ នន្ទ​ង៉ែត​ ក្រសួង​ធម្ម​ការ​និង​ សាសនា​ បាន​រៀបចំ​សេចក្តី​ព្រាង​អនុក្រឹត្យ​នេះ​ឡើង​ ដើម្បី​ឲ្យ​សម​ស្រប​ទៅ​តាម​តួនាទី​ភារកិច្ច​ និង​តម្រូវ​ការ​ការ​ងារ​ក្នុង​ក្រសួង​ធម្មការ​និង​សាសនា​ ដែល​កាន់​តែ​មាន​ការ​រីក​ចម្រើន​ធំ​ឡើង​ ពិសេស​ការ​ងារ​ពាក់​ពន្ធ័​និង​ពុទ្ធិក​សិក្សា​ជាតិ​។​ លោក​បន្ត​ថា​ សេច​ក្តី​ព្រាង​អនុក្រឹត្យ​នេះ​ត្រូវ​បាន​រៀប​ចំ​ជា​ច្រើន​ខែ​មក​ហើយ​ ដោយ​វា​ត្រូវ​បាន​ដក​ចេញ​ពី​អនុក្រឹត្យ​ចាស់​លេខ​១៣​ ដែល​បាន​អនុម័ត​កាល​ពី​អាណត្តិទី​១​នៃ​រដ្ឋ​សភា​មក​ម្លេះ​។​ លោក​ថ្លែង​ថា​៖« ​ការ​រៀប​ចំ​សេច​ក្តី​ព្រាង​អនុក្រឹត្យ​នេះ​គឺ​សំខាន់​ណាស់​ ដើម្បី​ធ្វើការ​គ្រប់​គ្រង​អំពី​ តួនាទី​របស់​មន្ត្រី​ធម្មការ​និង​សាសនា។ ​លោក​ថា​៖«​ពី​មុន​មក​ពាក់​ពន្ធ័​និង​ផ្នែក​ពុទ្ធិក​សិក្សា​ជាតិ​ ក្រសួង​មានភាព​ងាយ​ស្រួល​ក្នុង​ការ​គ្រប់​គ្រងលើការងារនេះ​ ដោយ​សារ​តែ​មាន​សកល​វិទ្យាល័យ​សិក្សា​ធម៌​វិន័យ​មាន​ត្រឹម​តែ​មួយ​ រឺ​ ពីរ​ប៉ុណ្ណោះ​ ប៉ុន្តែ​មក​ដល់​បច្ចុប្បន្ន​នេះ​ សកលវិទ្យាល័យ​ទាំង​នោះ​ត្រូវ​បាន​ពង្រីក​សាខា​ស្ទើរ​គ្រប់​ទីកន្លែង​ ដូច្នេះ​វា​មាន​ផល​លំបាក​ច្រើន​​ក្នុង​ការ​គ្រប់​គ្រង ​ដោយ​សារ​តែ​ច្បាប់​ចាស់​វា​មិន​បាន​តំរូវ​ទៅ​តាម​ស្ថាន​ភាព​ដែល​កំពុង​អនុវត្ត​ជាក់​ស្តែងនាពេលនេះ​ ដូច្នេះ​ទើប​ក្រសួង​ធម្មការ​និង​សាសនា​បាន​ស្នើ​ឲ្យ​មាន​ការ​បង្កើត​អនុក្រឹត្យ​ថ្មី​នេះ​ឡើង​។​»
យោង​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​ក្រសួង​ធម្មការ​និង​សាសនា​ដែល​បាន​ចេញ​កាល​ពី​ថ្ងៃ​អាទិត្យ​នេះ​បាន​ឲ្យ​ដឹង​ថា​ សេចក្តី​ព្រាង​អនុក្រឹត្យ​ស្តី​ពី​ ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​របស់​ក្រសួង​ធម្មការ​និង​សាសនា​មាន​១២​ជំពូក​ និង​៣៥​មាត្រា​ ដែល​មាន​វិសាល​ភាព​អនុវត្ត​លើ​វិស័យ​ធម្មការ​និង​សាសនា​នៅ​គ្រប់​អង្គ​ភាព​ថ្នាក់​កណ្តាល​ ថ្នាក់​រាជធានី​ ខេត្ត​/​ក្រុង​ ខណ្ឌ័​ និង​គ្រឹះ​ស្ថាន​ពុទ្ធិក​សិក្សា​។​

No comments:

Post a Comment