ដោយៈ ឃួន លក្ខិណា
ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១១
បន្ទាយមានជ័យ៖ សមត្ថកិច្ចនៃអធិការដ្ឋានស្រុកមង្គលបូរី សហការជាមួយនិងកម្លាំងនគរបាលចំរុះខេត្តបន្ទាយមានជ័យ បានចុះឃាត់រថយន្តប្រភេទធន់ធ្ងន់មួយគ្រឿងពាក់ស្លាកលេខក7 107-ភព3 និងមនុស្ស២នាក់ទៀត បញ្ជូនទៅស្នងការនគរបាលខេត្ត ដើម្បីសាកសួរលើករណីលួចផ្ទុកឈើក្រញូងខុសច្បាប់ជាច្រើនម៉ែត្រគីបក្នុងរថយន្ត។
លោកផុន សាលីមអធិការនគរបាលស្រុកមង្គលបូរីបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអង្គារថា ដោយយោងតាមបទបញ្ជារបស់ស្នងការនគរបាលខេត្ត កម្លាំងនគរបាលស្រុកមង្គលបូរី បានសហ ការជាមួយនិងកម្លាំងនគរបាលចរាចរណ៍ និងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានចុះបង្រ្កាបរថយន្តប្រភេទស៊ីទែនមួយគ្រឿងពាក់ស្លាកលេខក7 107-ភព3 ដោយសង្ស័យថា មានលួចផ្ទុកឈើក្រញូងខុសច្បាប់។ លោកបន្តថា នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី២០ ខែមិថុនា កម្លាំងសមត្ថ កិច្ចបានអនុវត្តការឃាត់រថយន្តប្រភេទខាងលើនេះ ក្រោយមកបានប្រទះឃើញឈើក្រញូងពិតជាលួចផ្ទុកក្នុងឡានប្រាកដមែន។ លោកថ្លែងថា៖«ករណីនេះ យើងបានចុះបង្រ្កាបនៅចំនុចផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិ-ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដោយជនសង្ស័យបានបន្លំលួចផ្ទុកឈើក្រញូងនៅក្នុងរថយន្តបាញ់ថ្នាំប្រេងឥន្ទនៈ LHR»។
លោកឧត្តមសេនីយ៍ត្រីខេង ស៊ុមស្នងការនគរបាលខេត្តបន្ទាយមានជ័យបានប្រាប់ឲ្យដឹងថា នៅវេលាម៉ោង៥ល្ងាចថ្ងៃទី២០ ខែមិថុនា កម្លាំងសមត្ថកិច្ចចំរុះបានធ្វើការឃាត់រថយន្តមួយគ្រឿង នេះមែន លុះដល់ព្រឹកថ្ងៃទី២១ ខែមិថុនា សមត្ថកិច្ចបានធ្វើការឆែកឆេររកឃើញឈើក្រញូងចំនួន៦៤៦៥Kg ស្មើនិង៥.៣៨៧ម៉ែត្រគីប ក្នុងនោះមានចំនួន៦០៤ដុំ។ លោកថ្លែងថា៖«ការបង្រ្កាបនេះ អាចសម្រចជោគជ័យបានក៏អាស្រ័យ ដោយមានការជួយសហការពីម្ចាស់ក្រុមហ៊ុនប្រេងឥន្ទនៈ LHR ដែលបានប្តឹងនិងរាយការណ៍ជូនសមត្ថកិច្ចអំពីភាពខិលខូចរបស់ឈ្មួញមួយចំនួនតូចដែលបានបាញ់ថ្នាំរថយន្តប្រភេទស៊ីទែនចំណុះ១២ ០០០លីត្រ បន្លំជារថយន្តក្រុមហ៊ុនប្រេងLHR»។
យោងតាមប្រភពសមត្ថកិច្ចស្រុកមង្គលបូរីបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់នេះ គឺជាអ្នកបើកបរ ដោយម្នាក់មានឈ្មោះថាប៊ុន ធឿន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅទីក្រុងភ្នំពេញ និងម្នាក់ទៀតឈ្មោះ ណាំង សំណាង ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅស្រុកសូនិគមន៍ ខេត្តសៀមរាប។ ប្រភពដដែលនេះបានអះអាងថា បើតាមចម្លើយសារភាពរបស់ជនទាំងពីរនាក់នេះបានឲ្យដឹងថា ពួកគេគ្រាន់តែជាអ្នកស៊ីឈ្មួលបើកបររថយន្តតែប៉ុណ្ណោះ ដូច្នេះពួកគេមិនបានស្គាល់មុខ ឈ្មោះ និងអាស័យដ្ឋានរបស់ឈ្មួញនៅពីក្រោយឡើយ។ ពួកគេមានបំណងធ្វើដំណើរចេញពីខេត្តឧត្ករមានជ័យ ឆ្ពោះទៅរាជធានី ប៉ុន្តែមកដល់ចំនុចទីរួមស្រុកមង្គលបូរី ស្រាប់តែមានសមត្ថកិច្ចស្ទាក់ចាប់តែម្តង។
បន្ទាប់ពីធ្វើការសាកសួររួចមក សមត្ថកិច្ចបានធ្វើការរក្សារថយន្តនិងមនុស្សពីរនាក់នោះ នៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីរៀបចំសុំណុំរឿងបញ្ជូនទៅសាលាដំបូង។
No comments:
Post a Comment