Monday, June 6, 2011

អជ្ញាធរក្រុងសិរីសោភណ្ឌបានបញ្ជារឲ្យម្ចាស់អាជីវកម្មកាយភ្នំបើកការដ្ឋានជួសជុលផ្លូវ

ដោយៈ ឃួន​ លក្ខិណា​
ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១១

បន្ទាយមានជ័យ៖ មន្ត្រី​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ អាជ្ញាធរ​ខេត្ត​នេះ​ បាន​បញ្ជា​ឲ្យ​លោក​ឧត្តម​សេនី​យ៍​ត្រី​ភ្លន់​ តារា​ ម្ចាស់​អាជីវកម្ម​កាយ​ភ្នំ​ក្នុង​សង្កាត់​អូរអំបិល​ រៀប​ចំ​ជួស​ជុល​ឡើង​វិញ​នូវ​កំណាត់​ផ្លូវ​មួយ​ត្រង់​ចំណុច​ឆ្ពោះ​ទៅ​កាន់​សាលា​វិទ្យាល័យ​សម្តេច​ក្រុម​ព្រះ​។​
         ការ​ដ្ឋាន​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​មាន​សេចក្តីរាយ​ការណ៏​មួយ​ពី​ប្រជាពល​រដ្ឋ​ជា​ច្រើន​រយ​នាក់​រស់​នៅ​ក្នុង​ភូមិ​អូរ​អំបិល​ សង្កាត់​អូរ​អំបិល​ ក្រុង​សិរីសោ​ភណ្ឌ​ បាន​ផ្ញើរ​ទៅ​កាន់​អាជ្ញាធរ​មូល​ដ្ឋាន​កាល​ពី​ថ្ងៃទី២​ ខែមិថុនា​ ឆ្នាំ​២០១១​ ដោយ​ផ្តោត​លើ​ការ​ខូច​ខាត​ផ្លូវ​ ព្រោះ​តែ​រថយន្ត​អាជីវកម្ម​ធុន​ធ្ងន់​បាន​បើក​បរ​ឆ្លង​កាត់​ជា​រៀង​រាល់​ថ្ងៃ​។​
លោក​ស្តើង​ ស៊ីវ​ហឺ​នាយក​រង​វិទ្យាល័យ​សម្តេច​ក្រុម​ព្រះ​បាន​មាន​ប្រសាសន៍​ថា​ ផ្លូវ​នេះ​បាន​ កសាង​ក្រាល​បេតុង​តាំង​ពី​ឆ្នាំ​២០០៩​ ដោយ​ត​ភ្ជាប់​ពី​វិទ្យាល័យ​សម្តេច​ក្រុម​ព្រះ ​ឆ្ពោះ​ទៅ​តំបន់​ភ្នំ​។​ លោក​បន្ត​ថា​ កាល​ពី​ពាក់​កណ្តាល​ឆ្នាំ​២០១០​ បញ្ហា​នេះ​បាន​កើត​មាន​ម្តង​រួច​មក​ហើយ​ ប៉ុន្តែ​វា​បាន​ស្ងប់​ស្ងាត់​ទៅ​វិញ​ បន្ទាប់​ពី​មាន​អន្តរាគមន៍​។​ ប៉ុន្តែ​ឥឡូវ​ បញ្ហានេះ​បានកើត​ឡើង​ម្តង​ទៀត​ ដូច្នេះ​ពល​រដ្ឋ​​គ្រាន់​តែ​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ធ្វើការ​បញ្ឈប់​ឡាន​ដឹក​ដី​មិន​ឲ្យ​បរ​កាត់​ត​ទៅ​ទៀត​ ព្រម​ទាំង​ធ្វើការ​ជួល​ជុល​ផ្លូវ​នេះ​ឡើង​វិញ​ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​សិស្ស​ លោក​គ្រូ​-​អ្នកគ្រូ​ និង​ប្រជាពលរដ្ឋ​​រស់​នៅ​ទី​នេះ។​ លោក​និយាយ​ថា​៖«​ខ្ញុំ​បាន​ប្រាប់​ទៅមន្ត្រីសាលា​ក្រុងជា​ច្រើន​លើក​រួចមកហើយ ពី​បញ្ហា​នេះ​ ប៉ុន្តែ​នៅ​តែ​មិន​អាច​ហាម​ឃាត់​រថយន្ត​ធំៗ​បើក​បរ​កាត់​ត​ទៅ​ទៀត​បាន»​។​
            លោក​មាន​ ចន្ថា​ អាយុ​៤៥ឆ្នាំ​ ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​អូរ​អំបិល​ សង្កាត់​អូរ​អំបិល​ ក្រុង​សីរី​ សោភណ្ឌ័​ ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​មាន​ប្រសាសន៍​ថា​ លោក​មាន​ការ​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង​នៅ​ ពេល​ដែល​អាជ្ញាធរ​បាន​រៀប​ចំ​ជួស​ជុល​ផ្លូវ​នេះ​ឡើង​វិញ​ ព្រោះ​ដើម្បី​ជៀស​ផុត​នូវ​ករណី​គ្រោះ​ថ្នាក់​ ផ្សេង​ៗ​ចំពោះ​អ្នក​ដំណើរ​ដូច​ជា​ប្រជាពលរដ្ឋ​ សិស្ស​ គ្រូ​ជាដើម​។​ លោក​ថ្លែង​ថា​៖«​បើទោះបី​ជា​មាន​ ការ​ជួស​ជុល​ផ្លូវ​នេះ​ឡើង​វិញ​ក៏​ដោយ​ ប៉ុន្តែ​យើង​មិន​ចង់​ឲ្យ​រថយន្ត​ធ្វើ​អាជីវកម្ម​ធំ​ៗ​ ធ្វើការ​បើក​បរ​នៅ​លើ​ផ្លូវ​មួយ​ខ្សែរ​នេះ​ត​ទៅ​ទៀត​ទេ​»​។​
​លោក​ឧត្តម​សេនីយ៍​ឯក​ ភ្លន់​តារា​ មេ​បញ្ជារ​ការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹង​រង​ខេត្ត​បន្ទាយ​ មាន​ជ័យ​និង​ជា​ម្ចាស់​ប្រកប​អាជីវកម្ម​កាយ​ភ្នំ​បាន​មាន​ប្រសាសន៍​ថា ​លោក​បាន​ចាប់​ផ្តើម​ធ្វើការ​ជួស​ជុល​ផ្លូវ​ដែល​បាន​ខូច​ខាត​ទើប​តែ​២​ទៅ​៣ថ្ងៃ​មុន​នេះ​ទេ​ ហើយ​លោក​ក៏​មិន​ទាន់​ដឹង​ច្បាស់​ដែរ​ថា​ ការ​ខូច​ខាត​នេះ​ ត្រូវ​ចំណាយ​ថវិការ​អស់​ប៉ុន្មាន​ដែរ​។​ លោក​បញ្ជាក់​ថា​៖«​ពាក់​ពន្ធ័​និង​សំណូម​ពរ​របស់​ ប្រជាពល​រដ្ឋ​លើ​បញ្ហា​មិន​ឲ្យ​មាន​ឡាន​ដឹក​ដី​ធំ​ៗ​ បើក​បរ​លើ​ផ្លូវ​មួយ​ខ្សែរ​នេះ​ ខ្ញុំ​មិន​មាន​សិទ្ធ​ ក្នុង​ការ​ ហាម​ឃាត់​ឡាន​ធ្វើ​អាជីវកម្ម​ទាំង​នោះ​ទេ​ ប៉ុន្តែ​អ្នក​ដែល​អាច​ហាម​ឃាត់​ឡាន​ទាំង​នោះ​បាន​ គឺ​មាន​តែ​មន្រ្តី​នៃ​មន្ទីរ​សាធារណៈ​ និង​ការ​ដឹក​ជញ្ជូន​ប៉ុណ្ណោះ​ ទើប​មាន​សិទ្ធ​ឃាត់​ពួក​គេ​បាន​។​
លោក​គឹម​ សុវណ្ណ​ អនុ​ប្រធាន​មន្ទីរ​សាធារណៈ​ការ​និង​ដឹក​ជញ្ជូន​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​ មាន​ប្រសាសន៍​ថា​ ករណី​នេះ​វា​មិន​ជាប់​ពាក់​ពន្ធ័​និង​មន្ទីរ​សាធារណៈ​ទេ​ ព្រោះ​មន្ទីរ​សាធារណៈ​ការ​ បាន​គ្រប់​គ្រង​តែ​ផ្លូវ​ជាតិ​ និង​ផ្លូវ​ខេត្ត​ប៉ុណ្ណោះ​ ដោយ​ឡែក​ផ្លូវ​ក្នុង​ក្រុង​លោក​មិន​បាន​ដឹង​ឡើយ​។​ លោក​ថ្លែង​ថា​៖«​មាន​តែ​អភិបាល​ក្រុង​ទេ​ ដែល​ជា​អ្នក​សម្រេច​លើ​ការ​ប្រើប្រាស់​ផ្លូវ​មួយ​នេះ»​។​
លោក​អ៊ុំ​ រាត្រី​អភិបាល​ក្រុង​សិរីសោភណ្ឌ​មិន​បាន​ធ្វើ​អត្ថា​ធិប្បាយ​ទេ​ ព្រោះ​ជាប់​រវល់​ប្រជុំ​។​


No comments:

Post a Comment