ដោយៈ ឃួន លក្ខិណា
ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០១១
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា បានរកឃើញភាពចន្លោះប្រហោងរបស់ក្រសួងពាក់ពន្ធ័ និងអង្គការក្រៅរដ្ឋាភិបាល ដែលមិនសូវមានកិច្ចសហការល្អជាមួយគ្នា ក្នុងការទប់ស្កាត់បទល្មើសជួញដូរមនុស្ស ដែលជាហេតុធ្វើឲ្យករណីនេះនៅមិនទាន់ទទួលបានប្រសិទ្ធភាពខ្ពស់។
លោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានថ្លែងនៅក្នុងពិធិបិទសិក្ខាសាលា នៅសណ្ឋាគារហ៊ីម៉ាវ៉ារី កាលពីថ្ងៃម្សិលមិញថា កន្លងមកនេះនៅក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រសួងពាក់ពន្ធ័ និងអង្គការសង្គមស៊ីវិលជាច្រើន បានចូលរួមអនុវត្តការងារបង្ការទប់ស្កាត់បទល្មើសនេះ ប៉ុន្តែមិនសូវមានកិច្ចសហការគ្នាល្អ ដើម្បីធានាថា សកម្មភាពនោះមិនត្រួតជាន់ គ្នា និងមានទិសដៅជាក់លាក់តែមួយដូចគ្នា និងមិនមានភាពខ្វះចន្លោះនោះឡើយ ដូច្នេះការបើកវេទិការពិភាក្សាគ្នាក្នុងរយៈពេល២ថ្ងៃនេះ ពិតជានាំមកនូវពត៌មាន មេរៀន បទពិសោធន៍ជាគន្លឹះ ឈានទៅការរៀបចំយុទ្ធសាស្រ្តរួមមួយក្នុងការបង្ការទប់ស្កាត់ដែលឆ្លើយតបទៅនិងស្ថានភាព និងមានការចូលរួមយ៉ាងទូលំទូលាយ។ លោកថ្លែងថា៖« ការធ្វើសកម្មភាពរាយប៉ាយដោយមិនមានគោលដៅជាយុទ្ធសាស្រ្ត និងមិនមានការសម្របសម្រួល បាននាំឲ្យមានការត្រួតជាន់គ្នា ឬមានចំណុចសេសសល់ ដែលមិនបានយកចិត្តទុកដាក់ និងមិនមានប្រសិទ្ធភាពល្អឡើយ ហើយធ្វើឲ្យខាតបង់នូវធនធានដោយឥតប្រយោជន៍ថែមទៀត»។ លោកថា៖«ដើម្បីផលប្រយោជន៍របស់ប្រជា ពលរដ្ឋឲ្យរួចផុតពីការរងគ្រោះដោយអំពើជួញដូរមនុស្ស យើងទាំងអស់គ្នាដែលមានឆន្ទះ មាន សកម្មភាពនិងមានធនធានអនុវត្ត គួរតែពិនិត្យពិភាក្សាគ្នា រកគន្លិះរួម ហើយអនុវត្តទៅតាមមុខសញ្ញារៀងៗខ្លួន ដើម្បីធ្វើឲ្យប្រជាពលរដ្ឋជៀសផុតពីភាពរងគ្រោះ និងមានសុវត្ថិភាព»។
យោងតាមរបាយការណ៏គណៈកម្មាធិការដឹកនាំ ការបង្ក្រាបអំពើជួញដូរមនុស្ស ការរត់ពន្ធ ការធ្វើអាជីវកម្មពលកម្មលើមនុស្ស និងអាជីវកម្មផ្លូវភេទ លើស្រ្តីនិងកុមារ ហៅកាត់ថា(ប.ជ.រ.ព.ភ) បានឲ្យដឹងថា ករណីបង្ក្រាបការជួញដូរមនុស្សនៅក្នុងរយៈពេល១២ខែ នៃឆ្នាំ២០១០នេះ មាន១៦០ករណី ក្នុងនោះមានជនរងគ្រោះ៦៨៦នាក់ និងឃាត់ខ្លួនជនសង្ស័យ២៤២នាក់។
លោកស្រីជូរ ប៊ុនអេងរដ្ឋលេខាធិការក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា៖«ឆ្លងកាត់តាមរយៈកិច្ចប្រជុំដែលបានធ្វើឡើងរវាងមន្រ្តីរដ្ឋាភិបាល និងអង្គការដៃគូរពាក់ពន្ធ័ អាចឲ្យយើងធ្វើ ការសរុបលទ្ធផលទៅតាមភាពជាក់ស្តែង នៃការចុះអនុវត្តវិធានការណ៍បង្ការទប់ស្កាត់បទល្មើសជួញដូរមនុស្ស»។ លោកស្រីបន្តថា អ្វីដែលជាភាពខ្វះចន្លោះត្រូវបានរកឃើញនៅក្នុងកិច្ចប្រជុំនេះ មាន៣ចំនុចដូចជា ទី១ ភាពខ្វះខាតព័ត៌មានជាមូលដ្ឋានក្នុងការតាមដាន និងវាយតម្លៃត្រួតពិនិត្យ ដើម្បីឲ្យមើលឃើញពីប្រសិទ្ធភាពនៃវិធីសាស្រ្តទាំងនោះ ទី២ ខ្វះកិច្ចសហការទូលំទូលាយនិងតាមមិនទាន់ព្រិត្តិការណ៍បច្ចុប្បន្នភាព និងមិនបានចុះទៅតាមគ្រប់គោលដៅ ព្រមទាំងខ្វះធនធានថវិការក្នុងការអនុវត្ត ព្រោះថវិការទាំងនោះត្រូវពឹងផ្អែកលើអង្គការដៃគូរ។ លោកស្រីបញ្ជាក់ថា៖«កិច្ចការដែលត្រូវធ្វើបន្តទៅទៀតនេះ គឺត្រូវប្រមូលកំលាំងទាំងអស់គ្នា ដើម្បីធ្វើការផ្តល់នូវអន្តរាគមន៍ ក៍ដូចជាគំនិតទៅប្រជាពលរដ្ឋឲ្យចំគោលដៅតាមអ្វីដែលពួកគេកំពុងត្រូវការ»។
No comments:
Post a Comment