Monday, June 20, 2011

ទិវាប្រយុទ្ធនិងជំងឺគ្រុនឈាម មានការកើនឡើងអត្រាឈឺរហូតដល់៣០ភាគរយ


ឃួន​ លក្ខិណា​

ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១០
ភ្នំពេញ៖ មន្ត្រី​ក្រសួង​សុខាភិបាល​ និង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ជំងឺ​គ្រុន​ឈាម​ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ​ បាន​បើក​ ការ​ផ្សព្វ​ផ្សាយ​អំពី​វិធានការ​បង្កា​ជំងឺ​គ្រុន​ឈាម​ ​ទៅ​កាន់​សិស្ស​វិទ្យាល័យ​បាក់​ទូក​ និង​ប្រជាពលរដ្ឋ​ប្រមាណ​ជាង១​ពាន់​នាក់​នៅ​រាជធានី​ ដើម្បី​ធ្វើការ​បំផុស​ស្មារតី​បន្ថែម​ទៀត​ ក្នុង​ការ​ទប់​ស្កាត់​ករណី​ឆ្លង​ជំងឺ​គ្រុន​ឈាម​។​
            លោក​វេជ្ជ​បណ្ឌិត​ម៉ម​ ប៊ុន​ហេង​រដ្ឋ​មន្រ្តី​ក្រសួង​សុខាភិបាល​បាន​ថ្លែង​នៅ​ក្នុង​ទិវា​ប្រយុទ្ធ​និង​ ជំងឺ​គ្រុន​ឈាម​ ក្នុង​វិទ្យាល័យ​បាក់​ទូក​ កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា​ សម្រាប់​ឆ្នាំ​នេះ​ទិវា​ប្រយុទ្ធ​និង​ ជំងឺ​គ្រុន​ឈាម​ត្រូវ​បាន​ប្រារព្វ​ធ្វើ​នៅ​ក្នុង​វិទ្យាល័យ​បាក់​ទូក​ ដែល​មាន​ប្រធាន​បទ​ ការ​បង្ការ​ជំងឺ​គ្រុន​ឈាម​ ជា​កាតព្វ​កិច្ច​របស់​យើង​គ្រប់​ៗ​រូប​។​ លោក​បន្ត​ថា​៖«​យើង​ទាំង​អស់​គ្នា​ ប្រារព្វ​ទិវា​ប្រយុទ្ធ​និង​ជំងឺ​គ្រុន​ឈាម​ថ្ងៃ​នេះ​ ពិត​ជា​ឱកាស​ដ៏​ល្អ​ ដើម្បី​រំលឹក​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​យល់​ដឹង​ជា​ថ្មី​ទៀត​ពី​ជំងឺ​គ្រុន​ឈាម​ និង​ចូល​រួម​ទាំង​អស់​គ្នា​ជួយ​ទប់​ស្កាត់​ជំងឺ​គ្រុន​ឈាម​ កុំ​ឲ្យ​រីក​រាល​ដាល​នៅ​តាម​មូល​ដ្ឋាន​ ព្រម​ទាំង​ធ្វើ​យ៉ាង​ណា​ការ​ពារ​កុមារ​ដែល​ជា​កូន​ចៅ​យើង​កុំ​ឲ្យ​កើត​ជំងឺ​គ្រុន​ឈាម​ ដើម្បី​កាត់​បន្ថយ​ជា​អតិបរមា​នូវ​អត្រា​ឈឺ​ និង​ស្លាប់​ដោយ​ជំងឺ​នេះ​»​។​
            បើ​តាម​លោក​ម៉ម​ ប៊ុន​ហេង​ ឆ្នាំ​នេះ​ជំងឺ​គ្រុន​ឈាម​មាន​ចំនួន​សរុប​១,៩២៤​នាក់​ ក្នុង​នោះ​ស្លាប់​១១​នាក់​ មាន​ការ​កើន​ឡើង​ប្រមាណ​៣០​ភាគ​រយ​ច្រើន​ជាង​ឆ្នាំ​មុន​។​ តែ​បើទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ​ករណី​ស្លាប់​ ក៏​នៅ​អាច​រក្សា​បាន​តូច​ជាង​១ភាគ​រយ​ បើ​ធៀប​និង​ឆ្នាំ​២០១០​។​
            ពាក់​ពន្ធ័​និង​បញ្ហា​នេះ​ កាល​ពី​សប្តាហ៏​មុន​ លោក​ង៉ាន់​ ចន្ទ័​ថា​ ប្រធាន​កម្មវិធី​ជាតិ​ប្រយុទ្ធ​និង​ជំងឺ​គ្រុន​ឈាម​បាន​ធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំង​អស់​ថា​ ដើម្បី​បង្ការ​ទប់​ស្កាត់​ជំងឺ​គ្រុន​ឈាម​ គប្បី​មាតា​បិតា​ អាណា​ព្យាបាល​កុមារ​ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ ក្នុង​ការ​សម្អាត​លំ​នៅ​ដ្ឋាន​ ដោយ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​មាន​ទឹក​ដក់​ កប់​ឬ​ដុត​ចោល​ សបក​ដូង​ កំប៉ុង​ កង់​ឡាន​ និង​វត្ថុ​ដក់​ទឹក​ផ្សេង​ៗ​ទៀត​ ដែល​អាច​ជា​ប្រភព​ជំរក​ដង្កូវ​ទឹក​ ព្រម​ទាំង​លាង​សម្អាត​ពាង​ឲ្យបាន​ស្អាត​ល្អ​កុំ​ឲ្យ​មាន​ដង្កូវ​ទឹក​ ឬ​ចិញ្ចឹម​ត្រី​ឲ្យ​ស៊ី​ដង្កូវ​ទឹក​។​ លោក​បញ្ជាក់​ថា​៖«​ខ្ញុំ​សូម​រម្លឹក​ដល់​ប្រជាពលរដ្ឋ​ជា​ថ្មី​ម្តង​ទៀត​ថា​ សូម​ដាក់​ថ្នាំ​សម្លាប់​ដង្កូវ​ទឹក​ក្នុង​ពាង​តាម​ការ​នែនាំ​របស់​ភ្នាក់​ងារ​សុខាភិបាល​។​ ហើយ​ពេល​កូន​ឈឺ​ដាច់​ខាត​កុំ​ ព្យា​បាល​កូន​ដោយ​ខ្លួន​ឯង​ ត្រូវ​តែ​ប្រញាប់​យក​កូន​មក​មន្ទីរ​ពេទ្យ​បើ​សង្ស័យ​ថា​ មាន​ឆ្លង​ជំងឺ​គ្រុន​ឈាម​ ពិសេស​ហាម​ដាច់​ខាត​ការ​ប្រើប្រាស់​ថ្នាំ​ផ្តេស​ផ្តាស​»​។​
            នៅ​ក្នុង​ប្រទេស​កម្ពុជា​ជំងឺ​គ្រុន​ឈាម​តែង​កើត​ភាគ​ច្រើន​លើ​កុមារ​អាយុ​តិច​ជាង​១៥ឆ្នាំ​ ដែល​ ក្នុង​នោះ​កុមារ​ក្នុង​វ័យ​សិក្សា​គឺ​ពី​៥​-៩​ឆ្នាំ​បាន​ទទួល​រង​គ្រោះ​ច្រើន​ជាង​គេ​ ប៉ុន្តែ​អត្រា​ស្លាប់​មាន​កម្រិត​ ខ្ពស់​ចំពោះ​កុមារ​តិច​ជាង​៥ឆ្នាំ​។​
            លោក​វេជ្ជ​បណ្ឌិត​ច​ ម៉េង​ចួ​ នាយក​មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធ​និង​ជំងឺ​គ្រុន​ចាញ់​ប៉ារ៉ា​ស៊ីត​សាស្រ្ត​-បាណក​សាស្រ្ត​បាន​មាន​ប្រសាសន៍​ថា​ ជំងឺ​គ្រុន​ឈាម​ជា​បញ្ហា​សុខ​ភាព​សាធារណៈ​ដែល​មាន​ភាព​ស្មុគ​ស្មាញ​ និង​មាន​ការ​វិវឌ្ឍន៍​ជា​បន្ត​បន្ទាប់​ ពិសេស​នៅ​ក្នុង​បរិបទ​នៃ​ដំណើរ​ប្រែប្រួល​ធាតុ​អាកាស​របស់​ប្រទេស​ក្តៅ​សើម​ ដូច​ជា​នៅ​ក្នុង​បណ្តា​ប្រទេស​អាស៊ាន​ជាដើម​។​ លោក​បញ្ជាក់​ថា​ ៖«​យើង​តែង​ធ្វើ​យុទ្ធនាការ​ដាក់​ថ្នាំ​អាល់​បេត​ នៅ​តាម​តំបន់​ចំណុច​នៃ​ខេត្ត​/ក្រុង​នានា​ និង​ដាក់​ថ្នាំ​ប៊ីធី​អាយ​នៅ​ខេត្ត​កណ្តាល​។​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ យើង​បាន​ធ្វើការ​ផ្សព្វ​ផ្សាយ​ជាមួយ​និង​ភ្នាក់​ងារ​ប្រចាំ​ភូមិ​ ប្រជាពលរដ្ឋ​ លោកគ្រូ​ អ្នក​គ្រូ​ សិស្ស​ និង​តាម​បណ្តាញ​ទូរ​ទស្សន៏​វិទ្យុ​និង​សុខាភិបាល​សាធារណៈ​ជាដើម​»​។​

           
           

No comments:

Post a Comment