Tuesday, July 5, 2011

ប្រជាពលរដ្ឋស្រុកបារាយណ៍ ខេត្តកំពង់ធំកំពុងប្រមូលស្នាមមេដៃ ដើម្បីរៀបចំបណ្តឹងដាក់ទៅកាន់សម្តេចហ៊ុន សែន


ដោយៈ ឃួន​ លក្ខិណា​

ថ្ងៃទី០៦ ខែ កក្តដា ឆ្នាំ២០១១
កំពង់ធំ៖ ប្រជាពល​រដ្ឋ​១៨៦​គ្រួសារ​ រស់​នៅ​ភូមិ​បាក់​ស្នា​ ឃុំ​បាក់​ស្នា​ ស្រុក​បារាយណ៍​ ខេត្ត​កំពង់​ធំ​ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ​ បាន​នំាគ្នា​បន្ត​យុទ្ធនា​ការ​ប្រមូល​ស្នាម​មេដៃ​ សម្រាប់​រៀប​ចំ​បណ្តឹង​ផ្ញើរ​ទៅ​កាន់​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន​ ដើម្បី​ស្នើ​សុំ​ឲ្យ​មាន​កិច្ច​អន្តរាគមន៍​ជា​បន្ទាន់​ លើ​ករណី​អាជ្ញាធរ​បាន​លួច​ឃុប​ឃិត​គ្នា​លក់​ដី​ប្រជាពល​រដ្ឋ​ទៅ​ឲ្យ​ម្ចាស់​ក្រុម​ហ៊ុន​មួយ​ ដែល​ជា​របស់​ប្រទេស​វៀត​ណាម​។​
            ប្រភព​ពី​ប្រជាពល​រដ្ឋ​រស់​នៅ​ភូមិ​បាក់​ស្នា​ បាន​អះ​អាង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ដី​នេះ​ ជា​ដី​ដើម​ភូមិ​ ដែល​មាន​ទំហំ​ប្រហែល​ជា​៣០​ហិតា​ ហើយ​ប្រជាពលរដ្ឋ​បាន​មក​រស់​នៅ​និង​ធ្វើ​ចំការ​តាំង​ពី​ឆ្នាំ​១៩៩៧​មក​ម្លេះ​ ក្រោយ​មក​មេឃុំ​ បាន​កាត់​ដី​ចំការ​ប្រជាពលរដ្ឋ​មួយ​ផ្នែក​ធំ​លក់​ទៅ​ឲ្យ​ក្រុម​ហ៊ុន​សុភង្គម​ ដើម្បី​ធ្វើ​អាជីវកម្ម​ដាំ​ដើម​អាកាស​ខ្សារ​។​ រហូត​មក​ដល់​ឆ្នាំ​២០០៨​ អាជ្ញាធរ​ក្នុង​តំបន់​ខាង​លើ​ បាន​ឃុប​ឃិត​គ្នា​ជាមួយ​និង​ម្ចាស់​ក្រុម​ហ៊ុន​មួយ​ទៀត ដែល​ជា​របស់​ប្រទេស​វៀត​ណាម​ បាន​យក​អាប៊ុល​ចំនួន​២​គ្រឿង​មក​ឈូស​ឆាយ​ផ្ទះ ​និង​ដី​ចំការ​របស់​ប្រជាពលរដ្ឋ​ ដោយ​បង្ខំ​ឲ្យ​ពួក​គេ​រើ​ចេញ​ពី​លំ​នៅ​ដ្ឋាន​នោះ​ជា​បន្ទាន់​។​
            តំណាង​ប្រជាពល​រដ្ឋ​រង​គ្រោះ​អ្នក​ស្រី​កង​ សូរ​ អាយុ​៦១ឆ្នាំ​ រស់​នៅ​ភូមិ​បាក់​ស្នា ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ អ្នកស្រី​គឺ​ជា​ជន​រង​គ្រោះ​ម្នាក់​ដែល​បាត់​បង់​ដី​អស់​ចំនួន​២​ហិតា​។​ អ្នក​ស្រី​បន្ត​ថា ​បន្ទាប់​ពី​មាន​ការ​ឈូស​ឆាយ​រួច​មក​ប្រជាពលរដ្ឋ​បាន​នាំគ្នា​ឡើង​ទៅ​តវ៉ា​នៅ​សាលា​ខេត្ត​ ដើម្បី​ស្នើ​ឲ្យ​អាជ្ញាធរ​ធ្វើ​ការ​ដោះ​ស្រាយ​បញ្ហា​វិវាទ​នេះ​ ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​១៨៦​គ្រួសា​រនេះ​ ត្រូវ​ធ្វើការ​ដោះ​ដូរ​រវាង​ដី​នៅ​ខាង​ដើម​ភូមិ​ ឲ្យ​ទៅ​រស់​នៅ​លើ​ដី​ចុង​ភូមិ​វិញ​ ដោយ​ក្នុង​១​គ្រួសារ​ត្រូវ​ទទួល​បាន​ដី​ទំហំ​ក្បាល​៤០​គុណ​៥០ម៉ែត្រ​។​ អ្នក​ស្រី​និយាយ​ថា​៖« ​ពួក​យើង​ព្រម​ធ្វើការ​ដោះ​ដូរ ប្រសិន​បើ​អាជ្ញា​ធរ​បាន​គោរព​ទៅ​តាម​កិច្ច​សន្យា​របស់​ខ្លួន​ឲ្យ​បាន​ត្រឹម​ត្រូវ​នោះ​»​។
            អ្នក​ស្រី​ម៉ម​ ស៊ីថា​ ប្រធាន​គណៈ​កម្មាធិការ​កម្ពុជា​ឯក​រាជ្យ​ស្ថាបន័​ពុក​រលួយ​បាន​មាន​ប្រសា​សន៍​ថា​ អ្នក​ស្រី​បាន​រក​ឃើញ​ថា​ អាជ្ញាធរ​មិន​បាន​គោរព​ទៅ​តាម​ការ​សន្យា​របស់​ខ្លួន​ទេ​ ព្រោះ​គាត់​ បាន​សន្យា​ថា​ និង​ធ្វើការ​ដោះ​ស្រាយ​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន​១៨៦​គ្រួសារ​នេះ​ ប៉ុន្តែ​ធាតុ​ពិត​មាន​តែ​១១៤​គ្រួសារ​ប៉ុណ្ណោះ​ ដែល​មាន​ឈ្មោះ​ត្រូវ​បាន​កាន់​កាប់​ដី​នៅ​តំបន់​ថ្មី​។​ អ្នក​ស្រី​និយាយ​ថា​៖«​អស់​រយៈ​ពេល​៤ឆ្នាំ​ហើយ​ ប្រជាពលរដ្ឋ​ចំនួន​១១៤​គ្រួសារ​នេះ​ នៅ​តែ​មិន​ទាន់​ទទួល​បាន​សិទ្ធ​កាន់​កាប់​ដី​ធ្លី​នៅ​ឡើយ​ទេ​ ដូច្នេះ​ឥឡូវ​នេះ​ជន​រង​គ្រោះ​ទាំង​១៨៦​គ្រួសារ​ បាន​នាំគ្នា​រៀបចំ​គំរោង​ប្តឹង​សារ​ជា​ថ្មី​ម្តង​ទៀត​ ដើម្បី​ទាម​ទារ​ការ​សន្យា​របស់​អាជ្ញាធរ​។​ អ្នក​ស្រី​ថា​៖«​យើង​និង​តាម​ជួយ​ប្រជាពលរដ្ឋ​តាម​រយៈ​ការ​ជួយ​រៀបចំ​ពាក្យ​បណ្តឹង​ និង​ការ​ណែ​នាំ​ឲ្យ​ពួក​គាត់​ធ្វើការ​ដោះ​ស្រាយ​ដោយ​សន្តិវិធី​ រឺ​តាម​ផ្លូវ​ច្បាប់​»​។​
            លោក​លី​ គឹម​ទាវ​ប្រធាន​គណៈ​កម្មាធិការ​ដោះ​ស្រាយ​វិវាទ​ដី​ធ្លី​ខេត្ត​កំពង់​ធំ​ បាន​មាន​ប្រសា​សន៍​ថា​ បញ្ហា​នេះ​ត្រូវ​បាន​ដោះ​ស្រាយ​ចប់​ជា​ស្ថាពរ​ ហើយ​ប្រជាពលរដ្ឋ​១១៤​គ្រួសារ​នេះ​ ក៏​ស្មគ្រ័​ចិត្ត​ទទួក​យក​សំណើរ​របស់​ខេត្ត​ដែរ​ ប៉ុន្តែ​មាន​ជន​មេក្លោង​មួយ​ចំនួន​ទៀត​ នៅ​តែ​ចាំ​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​ការ​បោះ​បោរ​ប្រឆាំង​និង​អាជ្ញាធរ​ ដូច្នេះ​នៅ​ពីរ​បី​ថ្ងៃ​ទៀត​នេះ​ លោក​និង​ចាប់​ពួក​មេ​ក្លោង​ទាំង​នោះ​យក​ទៅ​ដាក់​គុក ​ដើម្បី​ព្រមាន​ជា​មិន​ខាន​»​។​ លោក​ថ្លែង​ថា៖«​យើង​មិន​ទាន់​ដឹង​ធ្វើ​យ៉ាង​ម្តេច​ទៀត​ទេ​ ដូច្នេះ​យើង​នៅ​រង់​ចាំ​ការ​ចង្អុល​បង្ហាញ​ពី​ខាង​ថ្នាក់​លើ​ទៀត​។​ លោក​ថា​៖«​ខ្ញុំ​ មិន​អាច​បញ្ជាក់​ដល់​អ្នក​កាសែត​បាន​ទេ​ ថា​ដី​នេះ​ក្រុម​ហ៊ុន​មួយ​ណា​ជា​អ្នក​ទិញ​ រឺ​គម្រោង​ចង់​អភិវឌ្ឍ​ន៍​ធ្វើអ្វី​បន្ត​ទៀត​នោះ​។​
            លោក​ម៉ី​ សារឿន​ មេ​ឃុំ​បាក់​ស្នា​ បាន​មាន​ប្រសាសន៍​ថា​ លោក​មិន​បាន​ដឹង​អំពី​ចំនួន​សរុប​
របស់​ប្រជាពល​រដ្ឋ​នៅ​តំបន់​កើត​ហេតុ​ខាង​លើ​ទេ​ ប៉ុន្តែ​នៅ​ក្នុង​ពាក្យ​បណ្តឹង​ប្រជាពលរដ្ឋ​មាន​មនុស្ស​ ត្រឹម​តែ​១១៤​គ្រួសារ​ប៉ុណ្ណោះ​។​ លោក​ថ្លែង​ថា​៖«​ខ្ញុំ​មិន​ដឹង​ថា​មាន​រឿង​អ្វី​នោះ​ទេ​ បាន​ជា​ប្រជាពល​រដ្ឋ​ទាំង​នោះ​ចោទ​ប្រកាន់​ខ្ញុំ​ថា​ ជា​អ្នក​លក់​ដី​ទៅ​ឲ្យ​ក្រុម​ហ៊ុន​ទៅ​វិញ​ ធាតុ​ពិត​គឺ​ខ្ញុំ​មិន​បាន​អ្វី​ទេ​»​។​
            លោក​ឈុន​ ឈាន់​អភិបាល​ខេត្ត​កំពង់​ធំ​មិន​បាន​ធ្វើ​អត្ថាធិ​ប្បាយ​ទេ​ ព្រោះ​បិទ​ទូរ​សព្ទ័​។​
           
           
           

No comments:

Post a Comment