Tuesday, May 31, 2011

ទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋនិងអាជ្ញាធរជលផល

ដោយៈ ឃួន​ លក្ខិណា

ថ្ងៃទី៣១ ខែ ឧសភា ឆ្នាំ២០១១


បន្ទាយមានជ័យៈ ប្រជាពល​រដ្ឋ​ប្រមាណ​​៣០១​គ្រួសារ​មក​ពី​ភូមិ​ចំនួន​៤​នៃ​ឃុំ​សំបួរ​ ស្រុក​មង្គល​បូរី​ ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​មក​ជួប​ជុំ​គ្នា​នៅ​ខាង​មុខ​សាលា​ខេត្ត​ កាល​ពី​ព្រឹក​ម្សិល​មិញ​នេះ​ ដើម្បី​តវ៉ា​លើ​រឿង​អាជ្ញាធរ​ជល​ផល​បាន​បោះ​បង្គោល​ហ៊ុំ​ពទ្ធ័​ដី​ការ​ពារ​ព្រៃ​លិច​ទឹក​រំលោភ​ចូល​ដី​របស់​ពួក​គាត់​ដែល​មាន​ទំហំ​ច្រើន​ជាង​៧០០​ហិតា​។​
            ប្រភព​ពី​តំណាង​ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ថ្ម​ដប់​ ឃុំ​សំបួរ​ ស្រុកមង្គល​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​និយាយ​ប្រាប់​ថា​ ប្រជាពលរដ្ឋ​ប្រមាណ​៣០១​នាក់​ បាន​រស់​នៅ​ក្នុង​ឃុំ​សំបួរ​នេះ​ ចាប់​តាំង​ពី​ឆ្នាំ​១៩៨២​មក​ម្លេះ​។​ រហូត​មក​ដល់​ឆ្នាំ​២០១០​នេះ​ ស្រាប់​តែ​អាជ្ញាធរ​ជល​ផល​បាន​ធ្វើការ​បោះ​បង្គោល​ដី​ចំនួន​ពី​៤​ទៅ​៥​ដើម​ចូល​រំលោភ​មក​ដី​ស្រែ​របស់​ប្រជាពលរដ្ឋ​ ដោយ​ក្រុម​អាជ្ញាធរ​បាន​អះ​អាង​ថា​ ពួក​គេ​ធ្វើ​បែប​នេះ​ គឺ​ដើម្បី​ការពារ​មិន​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ដល់​ព្រៃ​លិច​ទឹក​។​ ប្រភព​ដដែល​បាន​បន្ត​ ថា​ លុះ​មក​ដល់​ថ្ងៃទី២​ ទី៣​ ខែ​មីនា​ ឆ្នាំ​២០១១​នេះ​ ស្រាប់​តែ​មន្ត្រី​ជល​ផល​រួម​ទាំង​បក្សពួក​មួយ​ចំនួន​ទៀត​បាន​នាំគ្នា​សម្រុក​បោះ​បង្គោល​ជា​ហូរ​ហែ​ ដោយ​រំលោភ​ដី​របស់​ពលរដ្ឋ​ចំនួន​៧​២១,៦៤ហិតា​ ព្រម​ទាំង​ហាម​ឃាត់​មិន​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ស្រែ​នៅ​ក្នុង​តំបន់​ទំនាស់​ទៀត​ទេ​។​
​បើ​តាម​តំណាង​ប្រជាពលរដ្ឋ​ម្នាក់​លោក​ព្រំ ​សម​អាយុ​៧៩​ឆ្នាំ​រស់​នៅ​ភូមិ​ថ្ម​ដប់​ ឃុំ​សំបួរ​ ស្រុក​ មង្គល​បូរី​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​អង្គារ​ថា​ នៅ​ក្នុង​ទំហំ​ដី​ប្រមាណ​៧០០​ហិតា​នេះ​ បាន​ធ្វើ​ ឲ្យ​ប៉ះ​ពាល់​ដល់​ដី​ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ស្រណាល​ ភូមិ​ថ្មដប់​ ភូមិ​ដូន​ឡឹក​ និង​ភូមិ​សំបួរ​ ដែល​សរុប​ទាំង​អស់​ចំនួន​៣០១​គ្រួសារ​។​ លោក​និយាយ​ថា​៖«​ខ្ញុំ​មិន​អាច​ចេញ​ពី​ដី​នេះ​បាន​ទេ​ ព្រោះ​សព្វ​ ថ្ងៃ​នេះ​ខ្ញុំ​និង​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​បាន​មក​រស់​នៅ​ទីនេះ​ គឺ​រំពឹង​លើ​ការ​ធ្វើ​ស្រែ​ដើម្បី​ចិញ្ចឹម​ជីវិត​ ដូច្នេះ​បើ​អាជ្ញាធរ​ឲ្យ​ពួក​យើង​ចេញ​មាន​តែ​ស្លាប់​ទើប​ល្អ​ជាង​»​។​
លោក​លុន​ បូរ​តំណាង​ប្រជាពលរដ្ឋ​ម្នាក់​ទៀត​រស់​នៅ​ក្នុង​តំបន់​កើត​ហេតុ​ខាង​លើ​បាន​និយា​យ​ថា​ កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ ប្រជាពលរដ្ឋ​ប្រមាណ​ជិត​៣ពាន់​នាក់​មក​ពី​ភូមិ​៤​បាន​នាំគ្នា​ធ្វើ​ដំណើរ ទៅ​កាន់​សាលា​ខេត្ត​ ដើម្បី​ទាម​ទារ​ឲ្យ​មាន​ដំណោះ​ស្រាយ​ជា​បន្ទាន់​ ប៉ុន្តែ​មាន​តែ​ប្រជាពលរដ្ឋ​ ២០០​នាក់​ប៉ុណ្ណោះ​ដែល​បាន​មក​ដល់​សាលា​ខេត្ត​ រីឯ​១០០​នាក់​ទៀត​ ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​ស្ទាក់​ឃាត់​តាម​ផ្លូវ​មិន​ឲ្យ​មក​តវ៉ា​ឡើយ​។​ លោក​បញ្ជាក់​ថា​៖«​ ប៉ូលីស​ប៉ុស្តិ៍​បាន​យាម​នៅ​តាម​ផ្លូវ​ចាំ​ស្ទាក់​សួរ​អ្នក​ដំណើរ​ បើ​យើង​ឆ្លើយ​ថា​មក​ពី​ភូមិ​រង​គ្រោះ​ទាំង​បួន​ខាង​លើ​ គេ​ហាម​ឃាត់​យើង​មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​មុខ​ទៀត​ទេ​ ដូច្នេះ​យើង​មាន​តែ​ធ្វើ​ដំណើរ​តាម​ផ្លូវ​កាត់​ប៉ុណ្ណោះ​»​។​
លោក​អ៊ី​ ឡុង​អភិបាល​ស្រុក​មង្គលបូរី​ បាន​ថ្លែង​ឲ្យ​ដឹង​ថា​៖«​ខ្ញុំ​មិន​សូវ​ច្បាស់​អំពី​បញ្ហា​នេះ​ប៉ុន្មាន​ទេ​ ប៉ុន្តែ​ដី​នៅ​តំបន់​នោះ​ ភាគ​ច្រើន​ជា​ដី​របស់​រដ្ឋ​ ហើយ​អ្នក​រុក​រាន​ថ្មី​ក៏​កើត​មាន​ដែរ​»​។​
លោក​អ៊ុក​ កែវ​រតនៈ​ អភិបាល​រង​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​មាន​ប្រសាសន៍​ថា​ លោក​បាន​យក​សំណើរ​នេះ​ទៅ​គិត​ពិចារណា​ និង​គ្រោង​បញ្ជូន​ទៅ​ថ្នាក់​លើ​ថែម​ទៀត​។​គំនិត​លោក​ បើ​ទោះ​បី​ជា​ដី​ទំនាស់​ស្ថិត​នៅ​ក្នុង​តំបន់​ព្រៃ​លិច​ទឹក​ក៏​ពិត​មែន​ ប៉ុន្តែ​ទីតាំង​នោះ​គឺ​ជា​ភូមិ​ចាស់​ ហើយ​ប្រជាពល​រដ្ឋ​បាន​រស់​នៅ​តាំង​ពី​ដើម​រៀង​មក​ដែរ​។​ លោក​បញ្ជាក់​ថា​៖«​ខ្ញុំ​និង​ស្នើ​ទៅ​អាជ្ញាធរ​ជល​ផល​ឲ្យ​រំកិល​បង្គោល​ឲ្យ​ផុត​ពី​ដី​ពួក​គាត់​ ក្នុង​ករណី​បើ​ខ្ញុំ​ពិនិត្យ​ឃើញ​ថា​ ការ​បោះ​បង្គោល​នោះ​ពិត​ជា​ប៉ះ​ពាល់​ដល់​ដី​ពួក​គាត់​ពិត​មែន​»​។​
លោក​លី​ វេ​ប្រធាន​នាយកដ្ឋាន​រដ្ឋ​បាល​ជល​ផល​មិន​បាន​ធ្វើការ​បំភ្លឺ​តាម​ទូរ​សព្ទ័​ទេ​ ដោយ​
លោក​ឆ្លើយ​ថា​ជាប់​រវល់​។​
            ពាក់​ពន្ធ័​និង​បញ្ហា​នេះ​ ប្រជាពលរដ្ឋ​នៅ​មិន​ទាន់​ទទួល​បាន​ដំណោះ​ស្រាយ​ជាក់​លាក់​ណា​មួយ​នៅ​ឡើយ​ទេ​ ដោយ​ពួក​គេ​នៅ​រង់​ចាំ​ការ​ចុះ​ត្រួត​ពិនិត្យ​មើល​ពី​ស្ថាន​ភាព​ជាក់​ស្តែង​ពី​ក្រុម​មន្ត្រី​អាជ្ញាធរ​ចំរុះ​ក្នុង​អំឡុង​ពេល​២​ទៅ​៣ថ្ងៃ​ខាង​មុខ​នេះ​។​

           

No comments:

Post a Comment