Thursday, June 30, 2011

អាជ្ញាធរខេត្តប៉ៃលីនបានដាក់កំលាំងស៊ើបអង្កេតជាសំងាត់នៅតាមគោលដៅ ដើម្បីទប់ស្កាត់ការធ្វើំចំណាកស្រុកដោយខុសច្បាប់

ដោយៈ ឃួន​ លក្ខិណា​

ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១១
ប៉ៃ​លីន៖ អាជ្ញាធរ​ខេត្ត​ប៉ៃលិន​បាន​រៀប​ចំ​កំលាំង​សំងាត់​ដាក់​នៅ​តាម​គោល​ដៅ​ ដែល​មាន​ទីផ្សារ និង​ទី​ប្រជុំជន​គ្រប់​កន្លែង​ ដើម្បី​ឃ្លាំ​ចាំ​មើល​ជន​ចំណាក​ស្រុក​ដែល​ត្រៀម​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​រក​ការ​ងារ​ធ្វើ​នៅ​ប្រទេស​ថៃ​។​
         លោក​សំ​ សេង​លី​នាយ​ប៉ុស្តិ៍​នគរបាល​អន្តោ​ប្រវេសន៍​ប្រចាំ​ច្រក​ព្រំដែន​ខេត្ត​ប៉ៃលិន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​ព្រហស្បត្តិ៍​ថា​ លោក​បាន​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ក្នុង​ការ​ទប់​ស្កាត់​បទ​ល្មើស​ឆ្លង​ដែន​ខុស​ច្បាប់​របស់​ពលករ​កម្ពុជា​ទៅ​ប្រទេស​ថៃ​ ដើម្បី​ស្វែង​រក​ការ​ងារ​ធ្វើ​។ ​
លោក​បន្ត​ថា​ ដើម្បី​ចូល​រួម​ទប់​ស្កាត់​បទ​ល្មើស​ខាង​លើ​នេះ​ អាជ្ញាធរ​ខេត្ត​បាន​សម្រច​រៀប​ចំ​ជា​វិធាន​ការណ៍​មួយ​ទៀត​ ដោយ​ដាក់​កំលាំង​ស៊ើប​អង្កេត​ជា​សំងាត់​នៅ​តាម​គោល​ដៅ​ ដែល​មាន​ទីផ្សារ​រ និង​ទី​ប្រជុំជន​ជាដើម​ ដើម្បី​ឃ្លាំ​ចាំ​មើល​ពលរដ្ឋ​ខ្មែរ​ដែល​ត្រៀម​ធ្វើ​ដំណើរ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ដោយ​ខុស​ច្បាប់​។​ លោក​ថ្លែង​ថា​៖«​កន្លង​មក​នេះ​ កំលាំង​ចលត័​របស់​យើង​បាន​ដើរ​ល្បាត​នៅ​ត្រង់​តំបន់​អូរ​ព្រំដែន​ ក្រោយ​មក​ពួក​គេ​បាន​រាយការណ៍​ថា​ មាន​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​បាន​ជិះ​ទូ​ក​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ​ខុស​ច្បាប់​ ដើម្បី​ស៊ី​ឈ្មួល​ជា​កសិករ​ធ្វើ​ចំការ​ឲ្យ​គេ​។​ លោក​ថា​ យើង​ធ្លាប់​បាន​ប្រាប់​ប្រជាពលរដ្ឋ​អំពី​គ្រោះ​ថ្នាក់​និង​ហានីភ័យ​ក្នុង​ការ​ធ្វើ​ចំណាក​ស្រុក​ដោយ​ខុស​ច្បាប់​ទៅ​រក​ការ​ងារ​ធ្វើ​នៅ​ប្រទេស​ផ្សេង​ៗ​ ប៉ុន្តែ​ពួក​គេ​តែង​ជឿ​លើ​ការ​លួង​លោម​របស់​មេ​ខ្យល់​ច្រើន​ជាង​ការ​នែនាំ​របស់​ យើង​»​។​
            ពាក់​ពន្ធ័​និង​បញ្ហា​នេះ​កាល​ពី​ថ្ងៃទី​២៥​ ខែ​មិថុនា​ ឆ្នាំ​២០១១​ សមត្ថកិច្ច​ខេត្ត​ប៉ៃលិន​ និង​អាជ្ញាធរ​ថៃ​ បាន​សហការ​គ្នា​ ចុះ​ឃាត់​ខ្លួន​ពលករ​ឆ្លង​ដែន​ខុស​ច្បាប់​ដែល​ត្រៀម​ទៅ​ធ្វើ​ការ​ងា​រ​នៅ​ប្រទេស​ថៃ​តាម​រយៈ​មេ​ខ្យល់​បាន​ចំនួន​៨៤នាក់​ ដែល​បាន​មក​ប្រមូល​ផ្តុំ​គ្នា​នៅ​ម្តុំ​ភូមិ​ផាកាត​ ឃុំ​ខ្លង​យ៉ៃ​ ស្រុក​ពង​ណាំ​រ៉ន​ ខេត្ត​ចន្ទ័​បូរី​ ប្រទេស​ថៃ​។​
           


Wednesday, June 29, 2011

​​​​​​សុខចិត្តយកប្លង់ដីនិងផ្ទះដាក់បញ្ចាំនៅធានាគារ ដើម្បីឲ្យបានរួចទោសពីការប្តឹងរបស់បុគ្គលិកក្រុមហ៊ុនស្រាបៀរANCHOR

ដោយៈ ឃួន​ លក្ខិណា​

ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១១

បន្ទាយ​មាន​ជ័យ៖​ បុរស​ម្នាក់​ដែល​បាន​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ក្លែង​បន្លំ​សំបក​កំប៉ុង​ស្រាបៀរ​ANCH​OR​ បាន​បង្ខំ​ចិត្ត​យក​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ដាក់​បញ្ជំា​ឲ្យ​ធានាគារ​អេស៊ីលីដា​ ដើម្បី​យក​លុយ​មក​សង​បំណុល​ឲ្យ​បុគ្គលិក​ក្រុម​ហ៊ុន​ស្រាបៀរ​ខាង​លើ​នេះ​ ជា​ថ្ងូរ​និង​ការ​បាន​រួច​ទោស​។​
            លោក​កាន់​ វណ្ណ​ថង​ អាយុ​២៥ឆ្នាំ​ រស់​នៅ​ភូមិ​ចក្រី​ ឃុំ​ជប់​វ៉ារី​ ស្រុក​ព្រះ​នេត្យ​ព្រះ ​ខេត្ត​បន្ទាយ​ មាន​ជ័យ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​ពុធ​ថា​ ដើម្បី​បញ្ចប់​រឿង​ លោក​សុខ​ចិត្ត​យក​ប្លង់​ដី​ប្លង់​ផ្ទះ​ទៅ​បញ្ជាំ​ធានាគារ​ ដើម្បី​បាន​លុយ​យក​មក​សង​ឲ្យ​ឈ្មោះ​ប៊ុន រិន​ ដែល​ជា​ម្ចាស់​ដេប៉ូ​ក្រុម​ហ៊ុន​ស្រា​បៀវ​ANCHOR​ ខេត្ត​បន្ទាយ​មាន​ជ័យ​ សម្រាប់​ជា​ថ្ងូរ​ឲ្យ​បាន​រួច​ទោស​ពី​ការ​ចោទ​ប្រកាន់​លើ​បទ​ក្លែង​បន្លំ​សំបក​កំប៉ុង​ស្រាបៀរ​។​ លោក​បន្ត​ថា​ លោក​សូម​ធ្វើ​ការ​បដិសេធ​បញ្ហា​នេះ​ ព្រោះ​លោក​មិន​មែន​ជា​មនុស្ស​ចេះ​ក្លែង​បន្លំ​សំបក​កំប៉ុង​ដែល​មាន​រង្វាន់​ឡើយ​។​
កាល​ពី​៣​ខែ​មុន​ឈ្មោះ​វណ្ណ​ ថង​ បាន​ទៅ​ទិញ​ស្រា​បៀរ​ANCHOR​ ពី​កន្លែង​លក់​ចាប​ហួយ​ មួយ​កន្លែង​ក្បែរ​ផ្សារ​ចក្រី​ ដើម្បី​យក​មក​ផឹក​ស៊ី​ជាមួយ​មិត្ត​ភក្ត័​ ក្រោយ​មក​លោក​បាន​គាស់​ក្រវិល​កំប៉ុង​ឃើញ​មាន​ផ្លាក​អាក្ខរ​A​ រួច​ក៏​ទៅ​សួរ​ម្ចាស់​លក់​ចាប​ហ៊ួយ​នោះ​អំពី​ការ​ត្រូវ​រង្វាន់​ ក្រោយ​មក​គេ​បាន​ប្រាប់​ថា​ ពិត​ជា​ត្រូវ​បាន​រង្វាន់​ធំ​១០​លាន​រៀល​»​។​ លោក​ថា​៖«​ខ្ញុំ​បាន​កាន់​ក្រវិល​កំប៉ុង​ទៅ​បើក​រង្វាន់​ធំ​នៅ​សាខា​ស្ថិត​ក្នុង​ទី​រួម​ខេត្ត​បន្ទាយ​មាន​ជ័យ​ពី​ឈ្មោះ​ប៊ុន​ រិន​ជា​ម្ចាស់​ដេប៉ូ​»​។​
លោក​វណ្ណ​ ថង​បាន​បញ្ជាក់​ថា​៖«​លោក​ប៊ុន​ រិន​បាន​បើក​លុយ​ឲ្យ​ខ្ញុំ​ដោយ​មិន​មាន​លិខិត​ទទួល​លុយ​ឡើយ​ ក្នុង​នោះ​គេ​បាន​បើក​ឲ្យ​ខ្ញុំ​ចំនួន​ត្រឹម​តែ​៩លាន​រៀល​ទេ​ ដោយ​១​លាន​រៀល​ទៀត​ត្រូវ​បាន​ផាត​លើ​ថ្លៃ​ហត់​នឿយ​។​ ៥​ថ្ងៃ​ក្រោយ​មក​ឈ្មោះ​ប៊ុន រិន​បាន​ហៅ​ខ្ញុំ​ម្តង​ទៀត​ ដើម្បី​ឲ្យ​ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​ទី​ក្រុង​ភ្នំពេញ​ថត​ផ្សាយ​តាម​ទូរ​ទស្សន៍​អំពី​ការ​ត្រូវ​រង្វាន់​ធំ​ ព្រម​ទាំង​បង្ខំ​ឲ្យ​ខ្ញុំ​ចុះ​ហត្ថលេ​ខា​លើ​ក្រដាស​មួយ​សន្លឹក​ ដោយ​សរ​សេរ​អំពី​ការ​ខ្ចី​លុយ​ចំនួន​១០​លាន​រៀល​នេះ​ ប៉ុន្តែ​គេ​បាន​ដក​ហូត​ម៉ូតូ​ខ្ញុំ​ទុក​មិន​ឲ្យ​ឡើយ​ លុះ​ត្រា​តែ​ខ្ញុំ​បាន​បើក​លុយ​រង្វាន់​ធំ​ពី​ភ្នំពេញ​មក​ឲ្យ​គាត់​។​ លោក​ថា​៖«​ពេល​មក​ដល់​ភ្នំពេញ​ ស្រាប់​តែ​ក្រុម​ហ៊ុន​ស្រាបៀរ​ANCHOR​បាន​ចោទ​ប្រកាន់​ថា​ ខ្ញុំ​ជា​អ្នក​ក្លែង​បន្លំ​សំបក​កំប៉ុង​ទៅ​វិញ​»​។​
​អ្នក​ស្រី​លាវ​ ស៊ុន​ហ៊ូរ​ម្ចាស់​លក់​ចាប​ហ៊ួយ​និង​ស្រាបៀរ​ANCHOR​ក្បែរ​ផ្សារ​ចក្រី​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ អ្នក​ស្រី​ពិត​ជា​បាន​លក់​ស្រាបៀរ​ ANCHOR​ កន្លះ​កេស​ឲ្យ​ទៅ​ឈ្មោះ​វណ្ណ​ថង​ប្រាកដ​មែន​។​ អ្នក​ស្រី​បន្ត​ថា​ ប្រហែល​បាន​ពីរ​ថ្ងៃ​ក្រោយ​មក​ ស្រាប់​តែ​ឈ្មោះ​វណ្ណ​ ថង​បាន​មក​ប្រាប់​អ្នក​ស្រី​ថា​ គាត់​បាន​ត្រូវ​រង្វាន់​១០​លាន​រៀល​ពី​សំបក​កំប៉ុង​ក្រុម​ហ៊ុន​ស្រាបៀរ​ANCHOR​។​ អ្នក​ស្រី​និយាយ​ថា​៖«​ខ្ញុំ​មិន​បាន​ត្រួត​ពិនិត្យ​មើល​សំបក​កំប៉ុង​ដែល​គាត់​ត្រូវ​រង្វាន់​នោះ​ទេ​ ប៉ុន្តែ​ខ្ញុំ​បាន​ប្រាប់​ឲ្យ​គាត់​យក​សំបក​កំប៉ុង​នោះ​ ទៅ​បើក​នៅ​ឯទី​រួម​ខេត្ត​ ព្រោះ​ដេប៉ូ​ធំ​នៅ​ទី​នោះ​អាច​បើក​រង្វាន់​ឲ្យ​គាត់​បាន​»​។​
បើ​តាម​លោក​ម្នាក់​ឈ្មោះ​ចាន់​ រ៉ា​ អ្នក​ជិត​ខាង​រស់​នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា​បាន​ប្រាប់​ថា​ កាល​ពី​ពាក់​កណ្តាល​ខែ​មិនា​ លោក​វណ្ណ​ ថន​ ពិត​ជា​បាន​យក​ក្រវិល​កំប៉ុង​បង្ហាញ​លោក​មែន​ ហើយ​និយាយ​ប្រាប់​ថា​ នេះ​គឺ​ជា​កំប៉ុង​ដែល​ត្រូវ​រង្វាន់​ធំ​។​ លោក​ថ្លែង​ថា​៖«​ ខ្ញុំ​មិន​បាន​ដឹង​ទេ​ថា​ នោះ​គឺ​ជា​រង្វាន់​អ្វី​ទេ​ ព្រោះ​ក្រវិល​កំប៉ុង​នោះ​សរ​សេរ​ជា​អក្សរ​អង្គ​គ្លេស​»​។​
លោក​ប៊ុន​ រិន​ម្ចាស់​ដេប៉ូ​ស្រាបៀរ​ANCHOR​ ខេត្ត​បន្ទាយ​មាន​ជ័យ​ មិន​បាន​លើក​ទូរ​សព្ទ័​ទេ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ​ ប៉ុន្តែ​បើ​តាម​កញ្ញា​សោភណ្ឌ័​ បុគ្គ​លិក​ផ្នែក​គណនេយ្យ​នៅ​ដេប៉ូ​ស្រាបៀរ​ANCHOR​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ កញ្ញា​បាន​លឺ​ម្ចាស់​ដេប៉ូ​និយាយ​អំពី​បញ្ហា​មាន​អ្នក​ក្លែង​បន្លំ​សំបក​កំប៉ុង​ស្រាបៀវ​ANCHOR​ប្រាកដ​មែន​ ប៉ុន្តែ​កញ្ញា​មិន​បាន​លឺ​ម្ចាស់​ដេប៉ូ​និយាយ​អំពី​ការ​ដាក់​ពាក្យ​ប្តឹង​លើ​អ្នក​ណា​ម្នាក់​ឡើយ​។​



           
           
           



Tuesday, June 28, 2011

ក្រសួងផែនការត្រូវការថវិការបន្ថែមដើម្បីរៀបចំការអង្កេតចន្លោះជំរឿនឆ្នាំ២០១៣

ដោយៈ ឃួន​ លក្ខិណា​

ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១១
ភ្នំពេញ​៖ ក្រសួង​ផែន​ការ​កំពុង​ស្វែង​រក​ថវិការ​ពី​អង្គការ​ដៃគូរ​អភិវឌ្ឍន៍​ឲ្យ​បាន​គ្រប់​តាម​ផែន​ការ​ ដើម្បី​រៀប​ចំ​ការ​ធ្វើ​អង្កេត​ចន្លោះ​ជំរឿ​នៃ​ប្រជា​រាស្រ្ត​កម្ពុជា​នៅ​ឆ្នាំ​២០១៣​។
     លោក​សន​ ស៊ី​ថន​ អគ្គ​លេខាធិការ​ទទួល​បន្ទុក​ស្ថិតិ​នៃ​ក្រសួង​ផែន​ការ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ក្រសួង​ផែន​ការ​ត្រូវ​ការ​ថវិការ​ប្រមាណ​៦៩៨.៨១៧​ដុល្លា​ ដើម្បី​ការ​អង្កេត​ចន្លោះ ​ជំរឿន​ឆ្នាំ​២០១៣​ និង​ផ្តល់​ព័ត៌​មាន​សំខាន់​ៗ​ សម្រាប់​ធ្វើ​បច្ចុប្បន្ន​ភាព​ សូច​នាករ​មួយ​ចំនួន​។​ លោក​ បន្ត​ថា​ ការ​ធ្វើ​អង្កេត​ចន្លោះ​ជំរឿន​អាច​និង​ប្រព្រឹត្ត​ទៅ​នៅ​ខែ​មិនា​ ឆ្នាំ​២០១៣​ ដោយ​ត្រូវ​អនុវត្ត​ត្រឹម​តែ​២​សប្តាហ៍​ប៉ុណ្ណោះ​ ក្នុង​នោះ​ត្រូវ​ជ្រើស​រើស​គំរូ​ចំនួន​២៨.៦៨០​គ្រួសារ​នៅ​ទូ​ទាំង​ប្រទេស​។​ លោក​ថ្លែង​ថា​៖«​យើង​គ្រោង​ដាក់​មន្រ្តី​សភាន៍​ចំនួន​៩៥៦នាក់​ និង​មន្ត្រី​ត្រួត​ពិនិត្យ​ចំនួន​៣១៩នាក់​ សម្រាប់​ការ​ធ្វើ​អង្កេត​ឆ្នាំ​២០១៣​»​។​លោក​ថា​ កិច្ច​ការ​នេះ​គឺ​ជា​រឿង​ចាំ​បាច់​ណាស់​ ដើម្បី​ធ្វើការ​តាម​ដាន​ការ​ប្រែប្រួល​រចនា​សម្ពន្ធ័​ប្រជាជន​ និង​សមាស​ភាគ​ប្រជាជន​ ចំនួន​ និង​គុណ​ភាព​នៃ​កម្លាំង​ពលកម្ម​ អក្ខរ​កម្ម​ និង​កម្រិត​វប្បធម៌​ ប្រភេទ​អាគារ​ និង​លំនៅ​ដ្ឋាន​ រួម​និង​ស្ថាន​ភាព​សេដ្ឋ​កិច្ច​ សង្គម​កិច្ច​ទូទៅ ​និង​ស្ថាន​ភាព​ជីវភាព​រស់​នៅ​របស់​ប្រជាជន​»​។​
     ទាក់​ទង​និង​លទ្ធ​ផល​ទូទៅ​ នៃ​ការ​អង្កេត​ចន្លោះ​ជំរឿន​នៃ​ប្រជា​រាស្រ្ត​ឆ្នាំ​២០១៣​ និង​ត្រូវ​ប្រកាស​ផ្សាយ​នៅ​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៣​ ហើយ​ការ​ផ្សព្វ​ផ្សាយ​និង​មាន​វិសាល​ភាព​ទូលំ​ទូលាយ​ដល់​ ក្រសួង​ ស្ថាបន័​ និង​រាជ​ធានី​/​ខេត្ត​ និង​ត្រូវ​ធ្វើ​ក្នុង​រយៈ​ពេល​២​ខែ​ ចាប់​ពី​ខែ​ធ្នូ ​ឆ្នាំ​២០១៣​។​
     លោក​សន​ ស៊ី​ថន​ បញ្ជាក់​ថា​៖«​បច្ចុប្បន្ន​ថវិការ​សម្រាប់​អនុវត្ត​លើ​ការ​ងារ​នេះ​ អង្គការ​UNFPA​ និង​អង្គ​ការ​ Jica​ បាន​ធ្វើ​ការ​ឧបត្ថម្ភ​បាន​មួយ​ចំនួន​ធំ​ហើយ​  ប៉ុន្តែ​យើង​នៅ​ខ្វះ​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ​ ដូច្នេះ​ទើប​ថ្ងៃ​ម្សិល​មិញ​នេះ​ ក្រសួង​បាន​ធ្វើការ​អំពាវនាវ​ស្នើ​សុំ​ថវិការ​បន្ថែម​ទៀត​ពី​អង្គការ​ដៃ​គូរ​មួយ​ចំនួន​តាម​រយៈ​សិក្ខា​សាលា​ប្រមែ​ប្រមូល​ធន​ធាន​សម្រាប់​ការ​ងារ​អង្កេត​នេះ​»​។​
     លោក​ទេស​រដ្ឋ​មន្រ្តី​ឆាយ​ ថន​ រដ្ឋ​មន្ត្រី​ក្រសួង​ផែន​ការ​បាន​មាន​ប្រសាសន៍​ថា​ ការ​អង្កេត​ចន្លោះ​ជំរឿន​គឺ​ជា​សកម្មភាព​មួយ​បន្ត​ក្នុង​រយៈ​ពេល​៥ឆ្នាំ​ ក្រោយ​ពី​ជំរឿន​ដែល​មាន​សារៈ​សំខាន់​ សម្រាប់​ការ​ផ្ទៀង​ផ្ទាត់​ តាម​ដាន​ភាព​រីក​ចម្រើន​ និង​ការ​អភិវឌ្ឍ​របស់​ប្រទេស​។​ លោក​បន្ត​ថា​ រាជ​រដ្ឋា​ ភិបាល​ត្រូវ​ការ​ទិន្ន​ន័យ​សម្រាប់​គោល​ដៅ​ជា​ច្រើន​ដូច​ជា​ ធ្វើ​ផែន​ការ​អភិវឌ្ឍន៍​ជាតិ​ រៀបចំ​គោល​នយោបាយ​ផ្សេង​ៗ​ តាម​ដាន​ការ​អភិវឌ្ឍ​គោល​ដៅ​អភិវឌ្ឍ​សហស្សវត្សរ៍​ និង​ការ​ធ្វើ​សេចក្តី​សម្រេច​របស់​រដ្ឋាភិបាល​ក្នុង​ការ​ផ្តល់​នូវ​វិធានការ​លើក​ដំកើន​សុខុមាល​ភាព​ផ្សេង​ៗ​។​ លោក​ថ្លែង​ថា​៖«​ខ្ញុំ​ជឿ​ ជាក់​ថា​ ឆ្លង​កាត់​តាម​ការ​ពិភាក្សា​ជា​មួយ​និង​អង្គ​ការ​ដៃ​គូរ​កាល​ពី​ម្សិល​មិញ​នេះ​ គឺ​ជា​មូល​ដ្ឋាន​រឹង​មាំ​ ក្នុង​ការ​ទាក់​ទាញ​គៀង​គរ​ ធន​ធាន​ហិរញ្ញវត្ថុ​ និង​ជំនួយ​បច្ចេក​ទេស​ សម្រាប់​ជោគ​ជ័យ​នៃ​ការ​ធ្វើ​អង្កេត​ចន្លោះ​ជំរឿន​នៃ​ប្រជារាស្រ្ត​កម្ពុជា​ឆ្នាំ​២០១៣​នា​ពេល​ខាង​មុខ​»​។​
     គួរ​បញ្ជាក់​ថា​ ការ​ធ្វើ​អង្កេត​ចន្លោះ​ជំរឿន​ឆ្នាំ​២០១៣​នេះ​ គឺ​ជា​លើក​ទី២​ហើយ​សម្រាប់​កម្ពុជា​ ដែល​លើក​ទី​១​ កម្ពុជា​ធ្លាប់​បាន​ធ្វើ​ម្តង​រួច​មក​ហើយ​កាល​ពី​ឆ្នាំ​២០០៤​ កន្លង​មក​នេះ​។​
           
           
           
           
           

Monday, June 27, 2011

អាជ្ញាធរកម្ពុជាកំពុងស្វែងរកចាប់ខ្លួនក្រុមមេខ្យល់ដែលនាំពលករ៨៤នាក់ទៅធ្វើការងារនៅប្រទេសថៃខុសច្បាប់

ដោយៈ ឃួន​ លក្ខិណា​

ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១១
ប៉ៃលិន​៖ ​ អាជ្ញាធរ​ខេត្ត​ប៉ៃលិន​បាន​ប្រាប់​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទ័​ថា​ ពួកគេ​កំពុង​ស្វែង​រក​ចាប់​ខ្លួន​ក្រុម​មេ​ខ្យល់​ ដែល​នាំ​ពលករ​ខែ្មរ​ខុស​ច្បាប់​ប្រមាណ​៨៤នាក់​មក​ពី​តំបន់​ផ្សេង​គ្នា​ ទៅ​ធ្វើ​ចំណាក​ស្រុក​នៅ​ប្រទេស​ថៃ​ដោយ​ខុស​ច្បាប់​ កាល​ពី​ចុង​សបា្តហ៍​មុន​នេះ​។​
     ប្រភព​ពី​សមត្ថកិច្ច​ខេត្ត​ប៉ៃលិន​បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ ក្រុម​សមត្ថកិច្ចចំរុះ ​ដែល​មាន​ការិយា​ល័យ​ប្រឆាំង​បទ​ល្មើស​ជួញ​ដូរ​មនុស្ស​ និង​ការ​ពារ​អនិតិជន​ រួម​ជាមួយ​សមត្ថកិច្ច​ការ​ពារ​ច្រក​ទ្វា​ព្រំដែន​អន្តរ​ជាតិ​ខេត្តប៉ៃលីន​ បាន​សហការ​ជាមួយ​និង​ស្នង​ការ​ខេត្ត​ ដើម្បី​ធ្វើ​ការ​ស្រាវ​ជ្រាវ​ស្វែង​រក​ក្រុម​មេ​ខ្យល់​ដែល​នាំ​ពលរដ្ឋ​ខ្មែរ ​ឆ្លង​ដែន​ខុស​ច្បាប់​ទៅរក​ការ​ងារ​ធ្វើ​នៅ​ប្រទេស​ថៃ​។​
     កាល​ពី​ថ្ងៃទី​២៤​ ខែ​មិថុនា​ ឆ្នាំ​២០១១​ អាជ្ញាធរ​កម្ពុជា​និង​សមត្ថកិច្ច​ថៃ​បាន​ដឹក​នាំ​កំលាំង​ចុះ​បង្ក្រាប​ពលករ​ ខ្មែរ​លួច​ឆ្លង​ដែន​ខុស​ច្បាប់​ ដើម្បី​ទៅ​រក​ការ​ងារ​ធ្វើ​នៅ​ប្រទេស​ថៃ​។​
     លោក​សំ​ សេង​លី​នាយ​ប៉ុស្តិ៍​នគរបាល​អន្តោ​ប្រវេសន៍​ច្រក​ទ្វារ​ព្រំ​ដែន​ ខេត្ត​ប៉ៃលិន​បាន​មាន​ ប្រសាសន៍​ថា​  កាល​ពី​សប្តាហ៍​មុន​នេះ​ លោក​បាន​ដឹក​នាំ​កំលាំង​ចុះ​ទៅ​បង្ក្រាប​ករណី​លួច​ឆ្លង​ដែន​ខុស​ច្បាប់​របស់ ​ពលករ​ខ្មែរ​ ក្នុង​នោះ​ប្រមូល​បាន​មនុស្ស​ចំនួន​៨៤នាក់​ ស្រី​៣១​នាក់​។​ លោក​បន្ត​ថា​  មុន​ពេល​កើត​ហេតុ​ លោក​បាន​ទទួល​សេចក្តីរាយ​ការណ៍​មួយ​ ចេញ​ពី​សមត្ថកិច្ច​នៅ​ច្រក​ទ្វា​ព្រំដែន​ថៃ​ ដោយ​ពួក​គេ​បាន​រាយការណ៍​ប្រាប់​លោក​ថា​ និង​មាន​មនុស្ស​ប្រមាណ​ច្រើន​ជាង​៥០​នាក់​គ្រោង​និង​ចូល​មក​ទឹក​ដី​ថៃ​ដោយ​ ខុស​ច្បាប់​ ដូច្នេះ​ខាង​ថៃ​បាន​ស្នើ​ឲ្យ​លោក​ដាក់​កំលាំង​បង្ក្រាប​ជា​បន្ទាន់​។​ លោក​ថ្លែង​ថា​៖«​ដោយ​មាន​ការ​សហការ​ពី​សមត្ថកិច្ច​ថៃ​ នៅ​វេលា​ម៉ោង​១៨​និង​១០​នាទី​ ថ្ងៃ​ទី​២៤​ ខែ​មិថុនា​ សមត្ថកិច្ច​យើង​និង​ប៉ូលីស​ថៃ​ បាន​ធ្វើ​ការ​ឃាត់​ខ្លួន​ជន​ចំណាក​ស្រុក​ប្រមាណ​៤៨នាក់​នេះ​ នៅ​ក្នុង​ទឹក​ដី​ថៃ​ ដែល​ស្ថិត​ក្នុង​ភូមិ​ផាកាត​ ឃុំ​ខ្លង​យ៉ៃ​ ស្រុក​ពោង​ណាំ​រ៉ន​ ខេត្ត​ចន្ទ័​បូរី​ប្រទេស​ថៃ ដែល​ជាប់​និង​ភូមិ​ផ្សា​ព្រំ​ ឃុំ​ស្ទឹង​កាច់​ ស្រុក​សា​លា​ក្រៅ​ ខេត្ត​ប៉ៃ​លិន​។​ លោក​ថា​ ក្រោយ​ពី​ប្រមូល​បាន​ពលករ​ទាំង​អស់​នោះ​រួច​មក​ យើង​បាន​ធ្វើការ​ណែ​នាំ​អប់រំ​ឲ្យ​ពួក​គេ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ព្រម​ទាំង​ ធ្វើការ​តាម​ដាន​ដំណើរ​នៃ​ការ​វិល​ប្រឡប់​របស់​ពួក​គេ​ផង​ដែរ​»​។​
      លោក​អេង​ ភាវ​ នាយក​រិយាល័យ​ប្រឆាំង​បទ​ល្មើស​ជួញ​ដូរ​មនុស្ស​និង​ការពារ​អនិតិជន​ខេត្ត​ ប៉ៃ​លិន​បាន​មាន​ប្រសាសន៍​ថា​ សមត្ថកិច្ច​កំពុង​ធ្វើការ​ស្រាវ​ជ្រាវ​ ដើម្បី​តាម​ចាប់​ខ្លួន​ក្រុម​មេ​ខ្យល់​នៅ​ប្រទេស​កម្ពុជា​។​លោក​បន្ត​ថា​ ជន​ចំណាក​ស្រុក​ទាំង​នោះ​បាន​ធ្វើ​ដំណើរ​មក​ពី​ខេត្ត​កំពង់​ចាម​ កំពង់​ធំ​ ភ្នំពេញ​ ស្វាយ​រៀង​ ព្រៃវែង​ បន្ទាយ​មាន​ជ័យ​ តាកែវ​ និង​សៀម​រាប​ ដោយ​ពួក​គេ​មក​ប្រមូល​ផ្តុំ​គ្នា​នៅ​តំបន់​ខាង​លើ ដើម្បី​រង់​ចាំ​មេ​ខ្យល់​ជា​ជន​ជាតិ​ថៃ​ មក​នាំ​ពួក​គេ​ទៅ​ធ្វើ​ជា​កម្មករ​រោង​ចក្រ​មួយ​កន្លែង​ក្នុង​ប្រទេស​ថៃ​។​ លោក​ថ្លែង​ថា​៖«​ពលករ​ខ្មែរ​អាច​ប្រមូល​ផ្តុំ​គ្នា​នៅ​ទីនេះ​បាន​ ដោយ​សារ​តែ​មេក្លោង​ធំ​របស់​មេ​ខ្យល់​បាន​រាយ​បណ្តាញ​របស់​ខ្លួន​នៅ​គ្រប់​ ខេត្ត​ទាំង​អស់​ក្នុង​ប្រទេស​កម្ពុជា​ ម្យ៉ាង​ទៀត​ពួកគេ​អាច​ឈាន​ចូល​ទឹក​ដី​ថៃ​បាន​ ក៏​ដោយ​សារ​ភាព​ពុក​រលួយ​របស់​មេ​ខ្យល់​នៅ​ប្រទេស​ថៃ​ដែរ​»​។​ លោក​ថ្លែង​ថា​៖«​ដើម្បី​ទប់​ស្កាត់​នូវ​បញ្ហា​នេះ​ ខាង​ថ្នាក់​លើ​បាន​ដាក់​បញ្ជារ​ឲ្យ​យើង​បង្កើន​ការ​ដើរ​ល្បាត​ជា​ប្រចាំ​ ទី​២​ត្រូវ​ធ្វើ​ការ​សហការ​និង​ប្រមូល​ពត៌​មាន​បន្ថែម​ពី​សមត្ថកិច្ច​ថៃ​ និង​ធ្វើការ​ដាក់​កំលាំង​សំងាត់​នៅ​តាម​គោល​ដៅ​ផង​ដែរ​»​។​
     ទាក់​ទង​និង​បញ្ហា​នេះ​កាល​ពី​ថ្ងៃ​ទី​២៣​ ខែ​មិថុនា​ រដ្ឋាភិបាល​កម្ពុជា​បាន​បើក​កិច្ច​ពិភាក្សា​ ថ្នាក់​ជាតិ​មួយ​ ដែល​មាន​រយៈ​ពេល​២ថ្ងៃ​ ដើម្បី​ស្វែង​រក​វិធានការណ៍​បង្កា​ទប់​ស្កាត់​លើ​ករណី​ជួញ​ដូរ ​
មនុស្ស​។​





អនុក្រិត្យថ្មីរបស់ក្រសួងធម្មការនិងតំរូវទៅតាមស្ថានភាពជាក់ស្តែង


ដោយៈ ឃួន​ លក្ខិណា​

ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១១
ភ្នំពេញ៖ ក្រសួង​ធម្មការ​និង​សាសនា​បាន​រៀប​ចំ​សេចក្តី​ព្រាង​អនុក្រឹត្យ​ស្តី​ពី​ការ​រៀប​ចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​របស់​ក្រសួង​ធម្មការ​និង​សាសនា​ ដើម្បី​តំរូវ​ទៅ​តាម​ស្ថាន​ភាព​ការ​ងារ​នា​ពេល​បច្ចុប្បន្ន​។​
           លោក​ឈន​ អៀម​រដ្ឋ​លេខាធិការ​ក្រសួង​ធម្មការ​និង​សាសនា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ ដោយ​មាន​ការ​ចូល​រួម​ពី​ក្រសួង​អប់​រំ​ និង​គណៈ​សង្ឈ​នាយក​ដឹក​នាំ​សម្តេច​ព្រះ​មហា​សុ​មេធាធិបតី​ នន្ទ​ង៉ែត​ ក្រសួង​ធម្ម​ការ​និង​ សាសនា​ បាន​រៀបចំ​សេចក្តី​ព្រាង​អនុក្រឹត្យ​នេះ​ឡើង​ ដើម្បី​ឲ្យ​សម​ស្រប​ទៅ​តាម​តួនាទី​ភារកិច្ច​ និង​តម្រូវ​ការ​ការ​ងារ​ក្នុង​ក្រសួង​ធម្មការ​និង​សាសនា​ ដែល​កាន់​តែ​មាន​ការ​រីក​ចម្រើន​ធំ​ឡើង​ ពិសេស​ការ​ងារ​ពាក់​ពន្ធ័​និង​ពុទ្ធិក​សិក្សា​ជាតិ​។​ លោក​បន្ត​ថា​ សេច​ក្តី​ព្រាង​អនុក្រឹត្យ​នេះ​ត្រូវ​បាន​រៀប​ចំ​ជា​ច្រើន​ខែ​មក​ហើយ​ ដោយ​វា​ត្រូវ​បាន​ដក​ចេញ​ពី​អនុក្រឹត្យ​ចាស់​លេខ​១៣​ ដែល​បាន​អនុម័ត​កាល​ពី​អាណត្តិទី​១​នៃ​រដ្ឋ​សភា​មក​ម្លេះ​។​ លោក​ថ្លែង​ថា​៖« ​ការ​រៀប​ចំ​សេច​ក្តី​ព្រាង​អនុក្រឹត្យ​នេះ​គឺ​សំខាន់​ណាស់​ ដើម្បី​ធ្វើការ​គ្រប់​គ្រង​អំពី​ តួនាទី​របស់​មន្ត្រី​ធម្មការ​និង​សាសនា។ ​លោក​ថា​៖«​ពី​មុន​មក​ពាក់​ពន្ធ័​និង​ផ្នែក​ពុទ្ធិក​សិក្សា​ជាតិ​ ក្រសួង​មានភាព​ងាយ​ស្រួល​ក្នុង​ការ​គ្រប់​គ្រងលើការងារនេះ​ ដោយ​សារ​តែ​មាន​សកល​វិទ្យាល័យ​សិក្សា​ធម៌​វិន័យ​មាន​ត្រឹម​តែ​មួយ​ រឺ​ ពីរ​ប៉ុណ្ណោះ​ ប៉ុន្តែ​មក​ដល់​បច្ចុប្បន្ន​នេះ​ សកលវិទ្យាល័យ​ទាំង​នោះ​ត្រូវ​បាន​ពង្រីក​សាខា​ស្ទើរ​គ្រប់​ទីកន្លែង​ ដូច្នេះ​វា​មាន​ផល​លំបាក​ច្រើន​​ក្នុង​ការ​គ្រប់​គ្រង ​ដោយ​សារ​តែ​ច្បាប់​ចាស់​វា​មិន​បាន​តំរូវ​ទៅ​តាម​ស្ថាន​ភាព​ដែល​កំពុង​អនុវត្ត​ជាក់​ស្តែងនាពេលនេះ​ ដូច្នេះ​ទើប​ក្រសួង​ធម្មការ​និង​សាសនា​បាន​ស្នើ​ឲ្យ​មាន​ការ​បង្កើត​អនុក្រឹត្យ​ថ្មី​នេះ​ឡើង​។​»
យោង​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​ក្រសួង​ធម្មការ​និង​សាសនា​ដែល​បាន​ចេញ​កាល​ពី​ថ្ងៃ​អាទិត្យ​នេះ​បាន​ឲ្យ​ដឹង​ថា​ សេចក្តី​ព្រាង​អនុក្រឹត្យ​ស្តី​ពី​ ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​របស់​ក្រសួង​ធម្មការ​និង​សាសនា​មាន​១២​ជំពូក​ និង​៣៥​មាត្រា​ ដែល​មាន​វិសាល​ភាព​អនុវត្ត​លើ​វិស័យ​ធម្មការ​និង​សាសនា​នៅ​គ្រប់​អង្គ​ភាព​ថ្នាក់​កណ្តាល​ ថ្នាក់​រាជធានី​ ខេត្ត​/​ក្រុង​ ខណ្ឌ័​ និង​គ្រឹះ​ស្ថាន​ពុទ្ធិក​សិក្សា​។​

ជម្លោះរវាងសង់នៅវត្តក្រុងសួងត្រូវបានបញ្ជប់

ដោយៈ ឃួន​ លកិ្ខណា​

ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១១
កំពង់​ចាម​៖ ​សមត្ថ​កិច្ច​ក្រុង​សួង​ ខេត្ត​កំពង់​ចាម​ កាល​ពី​ថ្ងៃ​អាទិត្យ​នេះ​ បាន​ធ្វើការ​ដោះ​លែង​លោក​នេន​មួយ​អង្គ​ ព្រះ​ជន្ម​១៦​ឆ្នាំ​ ដែល​ជាប់​ពាក់​ពន្ធ័​និង​បទ​បង្ក​របួស​ស្នាម​ លើ​ពិក្ខុ​ម្នាក់​ជា​គ្រូ​សូត្រ​ស្តាំម​ ដែល​គង់​នៅ​ក្នុង​វត្ត​គីរី​វណ្ណ​រាម​ភ្នំ​ចន្ទ័​។​
            លោក​លាង​ អេង​ អធិការ​ក្រុង​សួង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ មូល​ហេតុ​ដែល​លោក​ធ្វើការ​ដោះ​លែង​លោក​នេន​មួយ​អង្គ​នេះ​ ក៏​ព្រោះ​តែ​ខាង​ពិក្ខុ​ជា​ជន​រង​គ្រោះ​បាន​ស្នើ​ឲ្យ​លោក​ធ្វើការ​បញ្ចប់​នូវ​ករណី​នេះ​។​ លោក​បន្ត​ថា​ ពិក្ខុ​រង​គ្រោះ​និង​លោក​នេន​មួយ​អង្គ​នេះ​គឺ​ត្រូវ​ជាប់​សាច់​ឈាម​ជា​បង​ប្អូន​និង​គ្នា​ ដូច្នេះ​យោង​តាម​ការ​សម្រប​សម្រួល​ទាំង​សង​ខាង​ លោក​បាន​សម្រេច​បញ្ចប់​សុំនុំ​រឿង​ត្រឹម​ហ្នឹង​។​ លោក​ថ្លែង​ថា​៖«​យើង​មិន​បន្ត​រឿង​នេះ​ទៀត​ទេ​ ដោយ​សារ​តែ​ភាគី​ខាង​ជន​រង​គ្រោះ​មិន​បាន​ដាក់​ពាក្យ​ប្តឹង​ ម៉្យាង​ទៀត​បើ​តាម​ការ​ស៊ើប​អង្កេត​របស់​យើង​បាន​រក​ឃើញ​ថា ករណី​បង្ក​របួស​ស្នាម​នេះ​ ពិក្ខុ​រង​គ្រោះ​ជា​អ្នក​បង្ក​ហេតុ​នេះ​ឡើង​»​។​
            នៅ​វេលា​ម៉ោង​ប្រមាណ​៥​រសៀល​ថ្ងៃទី​២៤​ ខែ​មិថុនា​ ឆ្នាំ​២០១១​ សមត្ថ​កិច្ច​ក្រុង​សួង​ បាន​ធ្វើ​ការ​ឃាត់​ខ្លួន​លោក​នេន​មួយ​អង្គ​ដែល​មាន​ឈ្មោះ​ឆេង​ សុខ​គាន​ អាយុ​១៦​ឆ្នាំ​គង់​នៅ​ក្នុង​វត្ត​គីរី​វណ្ណ​រាម​ភ្នំ​ចន្ទ័​ ដែល​ស្ថិត​នៅ​សង្កាត់​វិហារ​លួង​ ក្រុង​សួង​ ខេត្ត​កំពង់​ចាម​ ដោយ​លោក​នេន​មួយ​អង្គ​នេះ​បាន​ជាប់​ពាក់​ពន្ធ័​និង​ករណី​បង្ក​របួស​ស្នាម​ ក្នុង​ការ​យក​កាំបិត​គុប​មក​លើ​ពិក្ខុ​មួយ​អង្គ​ដែល​មាន​ឈ្មោះ​ប៉ែន​ ប៊ុន​លី​ អាយុ​២៧​ឆ្នាំ​ ជា​គ្រូ​សូត្រ​ស្តាំម​រស់​នៅ​ក្នុង​ទីតាំង​ជាមួយ​គ្នា​។​
            ប្រភព​ពី​លោក​នេន​មួយ​អង្គ​ឈ្មោះ​កង​ ទី​ អាយុ​១៧ឆ្នាំ​ ជា​អ្នក​ឃើញ​ហេតុការណ៏​នេះ​ផ្ទាល់​បាន​ឲ្យ​ដឹង​ថា​ នៅ​វេលា​ម៉ោង​ប្រមាណ​១​និង​៣០​នាទី​ លោក​នេន​ឆេង​ សុខ​គាន​ បាន​ប្រព្រឹត្ត​ខុស​និង​វិន័យ​សង្ឈ​ ក្នុង​ការ​ឡើង​លើ​វិហារ​លេង​គុប​វង់​ជាមួយ​និង​ក្មេង​ៗ​រស់​នៅ​ក្បែរ​ភូមិ​ បន្ទាប់​មក​លោក​ពិក្ខុ​ប៉ែន​ ប៊ុន​លី​ បាន​ធ្វើការ​ស្តី​ប្រដៅ​និង​ប្រើ​ហឹង្សា​បន្តិច​បន្តួច​មក​លើ​លោក​នេន​ឆេង​ សុខ​គាន​ បណ្តាល​ឲ្យ​លោក​នេន​ មាន​ចិត្ត​ខឹង​យ៉ាង​ខ្លាំង​។​ លោក​នេន​កង​ ទី​បាន​បន្ត​ថា​ ក្រោយ​ពី​ការ​ស្តី​ប្រដៅ​រួច​មក ទាំង​ពីរ​អង្គ​ក៏​បាន​ដើរ​សំដៅ​មក​គុដ​ទាំង​អស់​គ្នា​ ក្រោយ​មក​លោក​នេន​ សុខ​គាន​ បាន​ឡើង​លើ​កុដ​រួច​យក​កាំបិត​ចាក់​ករ​ជ្រូក​គុប​មក​ចំ​ព្រះ​ពិក្ខុ​ប៊ុន​ លី​បណ្តាល​ឲ្យ​ត្រូវ​របួស​ធ្ងន់​ត្រង់​ពោះ​ខាង​ធ្វេង​លេច​ចេញ​ពោះ​វៀន​មក​ក្រៅ​។​
            បើ​តាម​ពុទ្ធដីការ​របស់​លោក​នេន​រស់​ វណ្ណៈ​ អាយុ​១៦ឆ្នាំ​ ជា​អ្នក​មើល​ថែ​រក្សា​លោក​ពិក្ខុ​ប៉ែន​ ប៊ុន​លី​បាន​ឲ្យ​ដឹង​ថា​ បន្ទាប់​ពី​ត្រូវ​របួស​រួច​មក​នៅ​វេលា​ម៉ោង​ប្រមាណ​៣​និង​៣០​នាទី​ ព្រះ​សង្ឈ​គង់​នៅ​ក្នុង​វត្ត​ទាំង​អស់​បាន​ធ្វើការ​ជួយ​សង្រ្គោះ​ពិក្ខុ​ប៊ុន​ លី​ ដោយ​ដឹក​លោក​មក​កាន់​មន្ទីរ​ពេទ្យ​ខេត្ត​កំពង់​ចាម​។​ ​លោក​នេន​ វណ្ណៈ​បាន​បន្ត​ថា​ ស្ថាន​ភាព​លោក​ពិក្ខុ​ប៊ុន​លី​មក​ដល់​ពេល​នេះ​នៅ​តែ​ធ្ងន់​ ធ្ងរ​ដដែល​ ដោយ​លោក​ចេះ​តែ​ក្អួត​ និង​ឈឺ​ចុក​នៅ​ត្រង់​របួស​ចាស់​ ហើយ​មិន​អាច​កំរើក​បាន​។​ លោក​នេន​វណ្ណៈ​ បាន​មាន​ពុទ្ធដីការ​បញ្ជាក់​ថា​៖«​លោក​ប៊ុន​ លី​បាន​ប្រាប់​អាត្មា​ថា​ ពី​មុន​រហូត​មក​ដល់​ឥឡូវ​នេះ​លោក​មិន​មាន​បំណង​ដាក់​ពាក្យ​ប្តឹង​លោក​នេន​ សុខ​គាន​ទេ​ ប៉ុន្តែ​ខាង​ប៉ូលីស​បាន​ឃាត់​ខ្លួន​លោក​នេន​សុខ​ គាន​ គឺ​ដើម្បី​ទាម​ទារ​លុយ​ចំនួន​២០០​ដុល្លា​ ជា​ថ្លៃ​លួស​ខ្លួន​ចេញ​ពី​មន្ទីរ​ឃុំ​ឃាំង​។
            ពាក់​ពន្ធ័​និង​លុយ​ចំនួន​២០០​ដុល្លា​នេះ​ លោក​លាង​ អេង​អធិការ​ក្រុង​សួង​បាន​ឆ្លើយ​បំភ្លឺ​ថា​ លុយ​ចំនួន​២០០​ដុល្លា​នេះ​ លោក​បាន​ធ្វើការ​សម្រប​សម្រួល​ ដើម្បី​ប្រគល់​ឲ្យ​ជន​រង​គ្រោះ​សម្រាប់​ថ្លៃ​ចំណាយ​វះ​កាត់​។​ លោក​និយាយ​ថា​៖«​ខ្ញុំ​មិន​បាន​ទទួល​ផល​ប្រយោជន៍​មួយ​កាក់​មួយ​សេន​ឡើយ​
ក្នុង​រឿង​នេះ​»​។​
           
           
           
           
           
           
           


Thursday, June 23, 2011

រដ្ឋាភិបាលកម្ពុជាបានរកឃើញភាពចន្លោះប្រហោងក្នុងការទប់ស្កាត់បទល្មើសជួញដូរមនុស្ស

ដោយៈ ឃួន​ លក្ខិណា​

ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០១១
ភ្នំពេញ​៖​ រដ្ឋាភិបាល​កម្ពុជា​ បាន​រក​ឃើញ​ភាព​ចន្លោះ​ប្រហោង​របស់​ក្រសួង​ពាក់​ពន្ធ័​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ដែល​មិន​សូវ​មាន​កិច្ច​សហការ​ល្អ​ជាមួយ​គ្នា​ ក្នុង​ការ​ទប់​ស្កាត់​បទ​ល្មើស​ជួញ​ដូរ​មនុស្ស​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ករណី​នេះ​នៅ​មិន​ទាន់​ទទួល​បាន​ប្រសិទ្ធ​ភាព​ខ្ពស់​។​
            លោក​ឧបនាយក​រដ្ឋ​មន្រ្តី​ ស​ ខេង​ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​នៅ​ក្នុង​ពិធិ​បិទ​សិក្ខា​សា​លា​ នៅ​សណ្ឋាគារ​ហ៊ីម៉ាវ៉ារី​ កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា​ កន្លង​មក​នេះ​នៅ​ក្នុង​ការ​ងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស​ ក្រសួង​ពាក់​ពន្ធ័​ និង​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​ បាន​ចូល​រួម​អនុវត្ត​ការ​ងារ​បង្ការ​ទប់​ស្កាត់​បទ​ល្មើស​នេះ​ ប៉ុន្តែ​មិន​សូវ​មាន​កិច្ច​សហការ​គ្នា​ល្អ​ ដើម្បី​ធានា​ថា​ សកម្មភាព​នោះ​មិន​ត្រួត​ជាន់​ គ្នា​ និង​មាន​ទិស​ដៅ​ជាក់​លាក់​តែ​មួយ​ដូច​គ្នា​ និង​មិន​មាន​ភាព​ខ្វះ​ចន្លោះ​នោះ​ឡើយ​ ដូច្នេះ​ការ​បើក​វេទិការ​ពិភាក្សា​គ្នា​ក្នុង​រយៈ​ពេល​២ថ្ងៃ​នេះ​ ពិត​ជា​នាំ​មក​នូវ​ពត៌​មាន​ មេរៀន​ បទ​ពិសោធន៍​ជា​គន្លឹះ​ ឈាន​ទៅ​ការ​រៀបចំ​យុទ្ធ​សាស្រ្ត​រួម​មួយ​ក្នុង​ការ​បង្ការ​ទប់​ស្កាត់​ដែល​ឆ្លើយ​តប​ទៅ​និង​ស្ថាន​ភាព​ និង​មាន​ការ​ចូល​រួម​យ៉ាង​ទូលំ​ទូលាយ​។​ លោក​ថ្លែង​ថា​៖«​ ការ​ធ្វើ​សកម្មភាព​រាយ​ប៉ាយ​ដោយ​មិន​មាន​គោល​ដៅ​ជា​យុទ្ធ​សាស្រ្ត​ និង​មិន​មាន​ការ​សម្រប​សម្រួល​ បាន​នាំ​ឲ្យ​មាន​ការ​ត្រួត​ជាន់​គ្នា​ ឬ​មាន​ចំណុច​សេស​សល់​ ដែល​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ និង​មិន​មាន​ប្រសិទ្ធ​ភាព​ល្អ​ឡើយ​ ហើយ​ធ្វើ​ឲ្យ​ខាត​បង់​នូវ​ធន​ធាន​ដោយ​ឥត​ប្រយោជន៍​ថែម​ទៀត​»​។​ លោក​ថា​៖«​ដើម្បី​ផល​ប្រយោជន៍​របស់​ប្រជា​ ពលរដ្ឋ​ឲ្យ​រួច​ផុត​ពី​ការ​រង​គ្រោះ​ដោយ​អំពើ​ជួញ​ដូរ​មនុស្ស​ យើង​ទាំង​អស់​គ្នា​ដែល​មាន​ឆន្ទះ​ មាន​ សកម្ម​ភាព​និង​មាន​ធន​ធាន​អនុវត្ត​ គួរ​តែ​ពិនិត្យ​ពិភាក្សា​គ្នា​ រក​គន្លិះ​រួម​ ហើយ​អនុវត្ត​ទៅ​តាម​មុខ​សញ្ញា​រៀង​ៗ​ខ្លួន​ ដើម្បី​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជៀស​ផុត​ពី​ភាព​រង​គ្រោះ​ និង​មាន​សុវត្ថិភាព​»​។​
យោង​តាម​របាយ​ការណ៏​គណៈ​កម្មាធិការ​ដឹក​នាំ​ ការ​បង្ក្រាប​អំពើ​ជួញ​ដូរ​មនុស្ស​ ការ​រត់​ពន្ធ​ ការ​ធ្វើ​អាជីវកម្ម​ពលកម្ម​លើ​មនុស្ស​ និង​អាជីវកម្ម​ផ្លូវ​ភេទ​ លើ​ស្រ្តី​និង​កុមារ​ ហៅ​កាត់​ថា​(ប.ជ.រ.ព.ភ)​ បាន​ឲ្យ​ដឹង​ថា​ ករណីបង្ក្រាបការជួញដូរមនុស្ស​នៅ​ក្នុង​រយៈ​ពេល​១២ខែ​ នៃ​ឆ្នាំ​២០១០​នេះ​ មាន​១៦០​ករណី​ ក្នុង​នោះ​មាន​ជន​រង​គ្រោះ​៦៨៦​នាក់​ និង​ឃាត់​ខ្លួន​ជន​សង្ស័យ​២៤២​នាក់​។​
           លោក​ស្រី​ជូរ​ ប៊ុន​អេង​រដ្ឋ​លេខាធិការ​ក្រសួង​មហាផ្ទៃបាន​មាន​ប្រសាសន៍​ថា​៖«​ឆ្លង​កាត់​តាម​រយៈ​កិច្ច​ប្រជុំ​ដែល​បាន​ធ្វើ​ឡើង​រវាង​មន្រ្តី​រដ្ឋាភិបាល​ និង​អង្គ​ការ​ដៃគូរ​ពាក់​ពន្ធ័​ អាច​ឲ្យ​យើង​ធ្វើ​ ការ​សរុប​លទ្ធ​ផល​ទៅ​តាម​ភាព​ជាក់​ស្តែង​ នៃ​ការ​ចុះ​អនុវត្ត​វិធានការណ៍​បង្ការ​ទប់​ស្កាត់​បទ​ល្មើស​ជួញ​​ដូរ​មនុស្ស»។ លោក​ស្រីបន្តថា អ្វីដែលជាភាពខ្វះចន្លោះត្រូវបានរកឃើញនៅក្នុងកិច្ចប្រជុំនេះ មាន​៣​ចំនុច​ដូច​ជា​ ទី១​ ភាព​ខ្វះ​ខាត​ព័ត៌​មាន​ជា​មូល​ដ្ឋាន​ក្នុង​ការ​តាម​ដាន​ និង​វាយ​តម្លៃ​ត្រួត​ពិនិត្យ​ ដើម្បី​ឲ្យ​មើល​ឃើញ​ពី​ប្រសិទ្ធ​ភាព​នៃ​វិធីសាស្រ្ត​ទាំង​នោះ​ ទី២​ ខ្វះ​កិច្ច​សហការ​ទូលំ​ទូលាយ​និង​តាម​មិន​ទាន់​ព្រិត្តិការណ៍​បច្ចុប្បន្ន​ភាព​ និង​មិន​បាន​ចុះ​ទៅ​តាម​គ្រប់​គោល​ដៅ​ ព្រម​ទាំង​ខ្វះ​ធន​ធាន​ថវិការ​ក្នុង​ការ​អនុវត្ត​ ព្រោះ​ថវិការ​ទាំង​នោះ​ត្រូវ​ពឹង​ផ្អែក​លើ​អង្គ​ការ​ដៃ​គូរ​។​ លោក​ស្រី​បញ្ជាក់​ថា​៖«​កិច្ច​ការ​ដែល​ត្រូវ​ធ្វើ​បន្ត​ទៅ​ទៀត​នេះ​ គឺ​ត្រូវ​ប្រមូល​កំលាំង​ទាំង​អស់​គ្នា​ ដើម្បី​ធ្វើការ​ផ្តល់​នូវ​អន្តរាគមន៍​ ក៍​ដូច​ជា​គំនិត​ទៅ​ប្រជាពលរដ្ឋ​ឲ្យ​ចំ​គោល​ដៅ​តាម​អ្វី​ដែល​ពួក​គេ​កំពុង​ត្រូវ​ការ​»​។​

            ​



             
           
           



Wednesday, June 22, 2011

ពិរុទ្ធជនម្នាក់ត្រូវបានស្លាប់ដោយសារជំងឺប្រចាំកាយ

ដោយៈ ឃួន​ លក្ខិណា​

ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១១
បន្ទាយ​មាន​ជ័យ​៖ ​យោង​តាម​ការ​ធ្វើ​កោសល្យ​វិច្ឆ័យ​របស់​សមត្ថកិច្ច​ក្រុង​សិរីសោភណ័​ ខេត្ត​បន្ទាយ​មាន​ជ័យ​កាល​ពី​ថ្ងៃ​ ២១​ ខែ​មិថុនា​បាន​ឲ្យ​ដឹង​ថា​ ពិរុទ្ធ​ជន​ម្នាក់​ឈ្មោះ​អ៊ុំ​ វុទ្ធី​ ភេទ​ប្រុស​ អាយុ​៤៣​ឆ្នាំ​ បាន​ជាប់​ចោទ​ពី​បទ​នាំ​មនុស្ស​ឆ្លង​ដែន​ដោយ​ខុស​ច្បាប់​ ត្រូវ​បាន​ស្លាប់​បាត់​បង់​ជីវិត​ នៅ​វេលា​ម៉ោង​១​ និង​៤៥​នាទី​ថ្ងៃ​ត្រង់​ ដោយ​សារ​ជំងឺ​ប្រចាំ​កាយ​។​
            ប្រភព​ពី​មន្ត្រី​ពន្ធនាគារ​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​ពុធ​ថា​ ពិរុទ្ធ​ជន​រូប​នោះ​ ត្រូវ​បាន​ដាច់​ខ្យល់​ស្លាប់​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ បន្ទាប់​ពី​ក្រុម​គ្រូ​ពេទ្យ​បាន​ព្យាយាម​ធ្វើការ​ជួយ​ស​ង្រ្គោះ​ភ្លាម​ៗ​នោះ​។​ ប្រភព​ដដែល​បាន​អះ​អាង​ថា​ មុន​ពេល​ចាប់​ខ្លួន​ ពិរុទ្ធ​រូប​នេះ​មាន​ទី​លំ​នៅ​ភូមិ​ ក្បាល​ស្ពាន​ ក្រុង​ប៉ោយ​ប៉ែត​ ខេត្ត​បន្ទាយ​មាន​ជ័យ​។​ ការ​ចាប់​ខ្លួន​បុរស​រូប​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ ផ្អែក​ទៅ​តាម​ដីកា​ឃុំ​ខ្លួន​របស់​តុលាការ​ កាល​ពី​ថ្ងៃទី​០៣​ ខែ​មិនា​ ឆ្នាំ​២០០៨​។​ ប្រភព​ដដែល​បាន​បញ្ជាក់​ថា​៖«​ពិរុទ្ធ​ជន​រូប​នេះ​ ទើប​តែ​ចូល​រស់​នៅ​ក្នុង​ពន្ធនាគារ​ បាន​ប្រហែល​តែ​៤​ទៅ​៥ថ្ងៃ​ប៉ុណ្ណោះ ​ក្រោយ​មក​រូប​គេ​ក៏​កើត​មាន​អាការៈ​ជំងឺ​លើស​ឈាម​យ៉ាង​ធ្ងន់ធ្ងរ​ ដែល​មិន​អាច​ជួយ​សង្រ្គោះ​បាន​ ទើប​បណ្តាល​ឲ្យ​ស្លាប់​បាត់​បង់​ជីវិត​ទៅ​»​។​
            លោក​វរៈ​សេនីយ៍​ទោ​ជៀប​ ចំរើន​ នាយ​ការិយា​ល័យ​បច្ចេក​ទេស​វិទ្យា​សាស្រ្ត​នៃ​ស្នងការ​ដ្ឋាន​ នគរបាល​ខេត្ត​មាន​ប្រសាសន៍​ថា​ បន្ទាប់​ពី​បាន​ទទួល​ព័ត៌​មាន​ថា​ មាន​ពិរុទ្ធ​ជន​ម្នាក់​ស្លាប់​នៅ​ក្នុង​ មន្ទីរ​ពេទ្យ​ លោក​បាន​ដឹក​នាំ​កំលាំង​ចុះ​ទៅ​ធ្វើ​កោសល្យ​វិច្ឆ័យ​សាក​សព​។​ លោក​ថ្លែង​ថា​៖«​បើ​តាម​ ការ​ពិនិត្យ​បាន​រក​ឃើញ​ថា​ ពិរុទ្ធជន​នោះ​ពិត​ជា​បាន​ស្លាប់​ដោយ​សារ​ជំងឺ​រំារ៉ៃ​រើ​ឡើង​ពិត​ប្រាកដ​មែន​ ព្រោះ​រូប​គេ​បាន​ដាច់​សរ​សៃ​ឈាម​នៅ​ក្នុង​ខួរ​ក្បាល​»​។​ លោក​ថា​បច្ចុប្បន្ន​ សាក​សព​ត្រូវ​បាន​តំ​កល់​ទុក​នៅ​វត្ត​សមាធិ​ផល​ក្នុង​ក្រុង​សិរីសោភណ័​ ដើម្បី​រង់​ចាំ​ក្រុម​គ្រួសារ​មក​ធ្វើ​បុណ្យ​តាម​ប្រពៃណី​។​
             






រដ្ឋាភិបាលប្រទេសកម្ពុជាកំពុងស្វែងរកវិធានការបង្កាទប់ស្កាត់អំពើជួញដូរមនុស្ស

ដោយៈ ឃួន​ លក្ខិណា​

ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១១

ភ្នំពេញ​៖​ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹង​កាល​ពី​ព្រឹក​ម្សិល​មិញ​ថា​ អាជ្ញាធរ​នៃ​ប្រទេស​កម្ពុជា​កំពុង​ខិត​ខំស្វែង​រក​វិធានការណ៍​គ្រប់​គ្រង​ពលករ​ចំណាក​ស្រុក​ខុស​ច្បាប់​ឲ្យ​បាន​សម​ស្រប​ ដើម្បី​ត្រៀម​បង្កា​ទប់​ស្កាត់​លើ​ករណី​ជួញ​ដូរ​មនុស្ស​។​
លោក​ស្រី​ជូរ​ ប៊ុន​អេង​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​កិច្ច​ពិភាក្សា​ ​ថ្នាក់​ជាតិ​ នៅ​សណ្ឋាគារ​ហីម៉ាវ៉ាវី​ កាល​ពី​ព្រឹក​ម្សិល​មិញ​ថា​ ក្រសួង​មហា​ផ្ទៃ​បាន​រៀបចំ​កិច្ច​ពិភាក្សា​ថ្នាក់​ជាតិ​មួយ​ជា​ទ្រង់​ទ្រាយ​ធំ​ ដើម្បី​ឲ្យ​ក្រុម​លេខាធិការ​ដ្ឋាន​ នៃ​គណៈ​កម្មាធិការ​ជាតិ​ដឹក​នាំ​ការ​បង្រ្កាប​អំពើ​ជួញ​ដូរ​ ការ​រត់​ពន្ធ​ ការ​ធ្វើ​អាជីវកម្ម​ពល​កម្ម​លើ​មនុស្ស​ និង​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​ស្រ្តី ​និង​កុមារ​ (ប.ជ.រ.ព.ភ) ​បាន​ចូល​រួម​យោលបល់​និង​បញ្ចេញ​មតិ​ឲ្យ​បាន​គ្រប់​ៗ​គ្នា​ ក្នុង​ការ​ស្វែង​រក​វិធាន​ការ​គ្រប់​គ្រង​ពលករ​ចំណាក​ស្រុក​ឲ្យ​បាន​សម​ស្រប​ ដើម្បី​ប្រយោជន៍​បង្កា​ទប់​ស្កាត់​លើ​អំពើ​ជួញ​ដូរ​មនុស្ស​។លោក​ស្រី​បន្ត​ថា​ កិច្ច​ពិភាក្សា​ថ្ងៃ​នេះ​ និង​ត្រូវ​លើក​ឡើង​នូវ​កត្តា​បី​ចំនុច​ ដើម្បី​យក​មក​ជជែក​គ្នា​​ ដែលមាន កត្តា​ផ្សព្វ​ផ្សាយ​តាម​គ្រប់​រូប​ភាព​ កត្តា​ផ្តល់​ជំរើស​នៅ​ក្នុង​ការ​រស់​នៅ​របស់​ប្រជាពល​រដ្ឋ​ និង​ជំរើស​នៅ​ក្នុង​ការ​សម្រេច​ចិត្ត​  ព្រម​ទាំង​កត្តា​ពាក់​ពន្ធ័​និង​ច្បាប់​គោល​នយោបាយ​។​ អ្នក​ស្រី​ថ្លែង​ថា​៖«​ យើង​ដឹង​ថា​ ប្រជាពលរដ្ឋ​អាច​សម្រេច​ចិត្ត​ចំណាក​ស្រុក​ទៅ​ប្រទេស​ក្រៅ​បាន​ ក៏​​ដោយ​សារ​កត្តា​ជម្រុញ​ និង​កត្តា​អូស​ទាញ​»​។​
ឆ្លើយ​តប​និង​បញ្ហា​នេះ​ កន្លង​មក​ស្នង​ការ​នគរបាល​រាជ​ធានី​-​ខេត្ត​ បាន​អនុវត្ត​ការ​ធ្វើ​សម្រង់​ស្ថិតិ​ពលករ​ចំណាក​ស្រុក​ ដើម្បី​ទៅ​រក​ការ​ងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស​ ក្នុង​នោះ​គេ​បាន​រក​ឃើញ​ពលករ​ចំនួន​៩៥,១០៦​នាក់​ (​ស្រី​៣៧,០៩៨​នាក់​)​ បាន​ធ្វើ​ចំណាក​ស្រុក​ដោយ​ខុស​ច្បាប់​ ដោយ​មាន​មេ​ខ្យល់​១៣១​នាក់​ជា​អ្នក​អូស​ទាញ​។​ ដោយ​ឡែក​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​ និង​កំពង់ធំ​ បាន​ធ្វើការ​ល្បាត​ទប់​ស្កាត់​ពលករ​ខ្មែរ​ចំណាក​ស្រុក​ ទៅ​ប្រទេស​ថៃ​ដោយ​ខុស​ច្បាប់​មាន​ចំនួន​៦២​៩​នាក់​ ព្រម​ទាំង​បាន​ណែនាំ​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​។​
អ្នក​ស្រី​ជូរ​ ប៊ុន​អេង​បញ្ជាក់​ថា​៖«​បន្ទាប់​ពី​កិច្ច​ប្រជុំ​នេះ​ទៅ​ យើង​និង​ធ្វើការ​ពិនិត្យ​ឡើង​វិញ​ នូវ​ ព័ត៌​មាន​និង​លទ្ធ​ផល​ដែល​ទទួល​បាន​ថ្ងៃ​នេះ​ ដើម្បី​រៀបចំ​ឲ្យ​ចេញ​ជា​យុទ្ធ​សាស្រ្ត​យូរ​អង្វែង​នៅ​ក្នុង​ការ​បង្កា​ទប់​ស្កាត់​អំពើ​ជួញ​ដូរ​មនុស្ស​ ព្រម​ទាំង​ធ្វើការ​វាយ​តម្លៃ​ជា​ប្រចាំ​ ដើម្បី​ឲ្យ​ការ​អនុវត្ត​បាន​ទទួល​ប្រសិទ្ធ​ភាព​ខ្ពស់​»​។​
យោង​តាម​របាយ​ការណ៍​របស់​គណៈ​កម្មាធិការ​ជាតិ​ (ប.ជ.រ.ព.ភ) ​បាន​ឲ្យ​ដឹង​ថា​ សា​លា​ដំបូង​និង​អយ្យការ​រាជ​ធានី​-​ខេត្ត​បាន​ទទួល​និង​ចាត់​ការ​រឿង​ក្តី​ពាក់​ពន្ធ័​និង​ករណី​បទ​ល្មើស​ស្តី​ពី​ការ​ បង្រ្កាប​អំពើ​ជួញ​ដូរ​មនុស្ស​និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​មាន​ដូច​ជា​ នៅ​ក្នុង​រយៈ​ពេល​១២​ខែ​នៃ​ឆ្នាំ​២០១០​ មាន​ករណី​សរុប​ចំនួន​១៦៣​ករណី​ ជន​ល្មើស​២៤៩​នាក់​ ក្នុង​នោះ​មាន​ជន​សង្ស័យ​៦នាក់​ និង​ត្រូវ​លើក​លែង​ការ​ចោទ​ប្រកាន់​៦ករណី​ ព្រម​ទាំង​ធ្វើការ​ជំរុំជំរៈ​១៥៧​ករណី​ ក្នុង​នោះ​ជន​ជាប់​ចោទ​២៤៣នាក់​ និង​ផ្តន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​២១៥នាក់​ និង​រួច​ពី​បទ​ចោទ​ចំនួន​២៨នាក់​។​
លោក​អ៊ិត​ រ៉ាឌី​ រដ្ឋ​លេខាធិការ​ក្រសួង​យុត្តិធម៌​បាន​មាន​ប្រសាសន៍​ថា​ ការ​ធ្វើ​ចំណាក​ស្រុក​ ខុស​ច្បាប់​អាច​នាំ​ឲ្យ​ប្រជាពលរដ្ឋ​ចាញ់​បោក​គេ​និង​អាច​ក្លាយ​ទៅ​ជា​អំពើ​ជួញ​ដូរ​ក៏​មាន​ដែរ​  ដូច្នេះ​អ្វី​ដែល​គួរ​ធ្វើ​ក្នុង​ពេល​នេះ​គឺ​ការ​ចុះ​ពង្រឹង​ទៅ​កាន់​ថ្នាក់​មូល​ដ្ឋាន​ និងពង្រឹង​នៅ​តាម​ច្រក​ព្រំដែន​ផង​ ដែរ​។​ លោក​ថ្លែង​ថា​៖«​ប្រជាពលរដ្ឋ​ភាគ​ច្រើន​ដែល​ធ្វើ​ចំណាក​ស្រុក​និយម​ឆ្លង​ចូល​តាម​ច្រក​របៀង​ តូច​ៗ​ ដូច្នេះ​បើយើង​មាន​គោលការណ៍​ពង្រឹង​ច្រក​តូច​ៗ​ខុស​ច្បាប់​ឲ្យ​ក្លាយ​ទៅ​ជា​ច្រក​ស្រប​ច្បាប់​
នោះប្រជាពលរដ្ឋ​ខ្មែរ​ច្បាស់​ជា​មាន​សេរីភាព​ និង​ជៀស​ផុត​ពី​ក្តី​ព្រួយ​បារម្ភ​ជា​មិន​ខាន​»​។​








Tuesday, June 21, 2011

សមត្ថកិច្ចខេត្តបន្ទាយមានជ័យ ចុះបង្រ្កាបឈើក្រញូងខុសច្បាប់


ដោយៈ ឃួន​ លក្ខិណា​

ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១១ 


បន្ទាយ​មាន​ជ័យ​៖ ​សមត្ថកិច្ច​នៃ​អធិការ​ដ្ឋាន​ស្រុក​មង្គល​បូរី​ សហការ​ជាមួយ​និង​កម្លាំង​នគរបាល​ចំរុះ​ខេត្ត​បន្ទាយ​មាន​ជ័យ​ បាន​ចុះ​ឃាត់​រថយន្ត​ប្រភេទ​ធន់​ធ្ងន់​មួយ​គ្រឿង​ពាក់​ស្លាក​លេខ​ក7​ 107​-ភព3​ និង​មនុស្ស​២នាក់​ទៀត​ បញ្ជូន​ទៅ​ស្នង​ការ​នគរបាល​ខេត្ត​ ដើម្បី​សាក​សួរ​លើ​ករណី​លួច​ផ្ទុក​ឈើ​ក្រញូង​ខុស​ច្បាប់​ជា​ច្រើន​ម៉ែត្រ​គីប​ក្នុង​រថយន្ត​។​
 លោក​ផុន​ សាលីម​អធិការ​នគរបាល​ស្រុក​មង្គល​បូរី​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ដោយ​យោង​តាម​បទ​បញ្ជា​របស់​ស្នង​ការ​នគរបាល​ខេត្ត​ កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី​ បាន​សហ ការ​ជាមួយ​និង​កម្លាំង​នគរបាល​ចរាចរណ៍​ និង​នគរបាល​ប្រឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​ខេត្ត​ បាន​ចុះ​បង្រ្កាប​រថយន្ត​ប្រភេទ​ស៊ីទែន​មួយ​គ្រឿង​ពាក់​ស្លាក​លេខ​ក7​ 107​-ភព3​ ដោយ​សង្ស័យ​ថា​ មាន​លួច​ផ្ទុក​ឈើ​ក្រញូង​ខុស​ច្បាប់​។​ លោក​បន្ត​ថា​ នៅ​វេលា​ម៉ោង​៥ល្ងាច​ ថ្ងៃទី​២០​ ខែ​មិថុនា​ កម្លាំង​សមត្ថ​ កិច្ច​បាន​អនុវត្ត​ការ​ឃាត់​រថយន្ត​ប្រភេទ​ខាង​លើ​នេះ​ ក្រោយ​មក​បាន​ប្រទះ​ឃើញ​ឈើ​ក្រ​ញូង​ពិត​ជា​លួច​ផ្ទុក​ក្នុង​ឡាន​ប្រាកដ​មែន​។​ លោក​ថ្លែង​ថា​៖«​ករណី​នេះ​ យើង​បាន​ចុះ​បង្រ្កាប​នៅ​ចំនុច​ផ្លូវ​ជាតិ​លេខ​៥​ ស្ថិត​នៅ​ក្នុង​ភូមិ​-​ឃុំ​ឬស្សី​ក្រោក​ ស្រុក​មង្គល​បូរី​ ខេត្ត​បន្ទាយ​មាន​ជ័យ​ ដោយ​ជន​សង្ស័យ​បាន​បន្លំ​លួច​ផ្ទុក​ឈើ​ក្រញូង​នៅ​ក្នុង​រថយន្ត​បាញ់​ថ្នាំ​ប្រេង​ឥន្ទនៈ​ LHR​»​។​

            លោក​ឧត្តម​សេនីយ៍​ត្រី​ខេង​ ស៊ុម​ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ នៅ​វេលា​ម៉ោង​៥ល្ងាច​ថ្ងៃទី​២០​ ខែ​មិថុនា​ កម្លាំង​សមត្ថកិច្ច​ចំរុះ​បាន​ធ្វើការ​ឃាត់​រថយន្ត​មួយ​គ្រឿង​ នេះ​មែន​ លុះ​ដល់​ព្រឹក​ថ្ងៃទី​២១​ ខែ​មិថុនា​ សមត្ថកិច្ច​បាន​ធ្វើការ​ឆែក​ឆេរ​រក​ឃើញ​ឈើ​ក្រញូង​ចំនួន​៦៤៦៥​Kg​ ស្មើ​និង​៥.៣៨៧​ម៉ែត្រ​គីប​ ក្នុង​នោះ​មាន​ចំនួន​៦០៤ដុំ​។​ លោក​ថ្លែង​ថា​៖«​ការ​បង្រ្កាប​នេះ​ អាច​សម្រច​ជោគ​ជ័យ​បាន​ក៏​អាស្រ័យ​ ដោយ​មាន​ការ​ជួយ​សហការ​ពី​ម្ចាស់​ក្រុម​ហ៊ុន​ប្រេង​ឥន្ទនៈ​ LHR​ ដែល​បាន​ប្តឹង​និង​រាយ​ការណ៍​ជូន​សមត្ថកិច្ច​អំពី​ភាព​ខិល​ខូច​របស់​ឈ្មួញ​មួយ​ចំនួន​តូច​ដែល​បាន​បាញ់​ថ្នាំ​រថយន្ត​ប្រភេទ​ស៊ីទែន​ចំណុះ​១២ ០០០​លីត្រ​ បន្លំ​ជា​រថយន្ត​ក្រុម​ហ៊ុន​ប្រេង​LHR​»​។​ 

            យោង​តាម​ប្រភព​សមត្ថកិច្ច​ស្រុក​មង្គល​បូរី​បាន​ឲ្យ​ដឹង​ថា​ ជន​សង្ស័យ​ទាំង​២នាក់​នេះ​ គឺ​ជា​អ្នក​បើក​បរ​ ដោយ​ម្នាក់​មាន​ឈ្មោះ​ថា​ប៊ុន​ ធឿន​ ភេទ​ប្រុស​ អាយុ​៣៥ឆ្នាំ​ រស់​នៅ​ទីក្រុង​ភ្នំពេញ​ និង​ម្នាក់​ទៀត​ឈ្មោះ​ ណាំង​ សំណាង​ ភេទ​ប្រុស​ អាយុ​២៦ឆ្នាំ​ រស់​នៅ​ស្រុក​សូនិគមន៍​ ខេត្ត​សៀម​រាប​។​ ប្រភព​ដដែល​នេះ​បាន​អះ​អាង​ថា​ បើ​តាម​ចម្លើយ​សារ​ភាព​របស់​ជន​ទាំង​ពីរ​នាក់​នេះ​បាន​ឲ្យ​ដឹង​ថា​ ពួក​គេ​គ្រាន់​តែ​ជា​អ្នក​ស៊ី​ឈ្មួល​បើក​បរ​រថយន្ត​តែ​ប៉ុណ្ណោះ​ ដូច្នេះ​ពួកគេ​មិន​បាន​ស្គាល់​មុខ​ ឈ្មោះ​ និង​អាស័យ​ដ្ឋាន​របស់​ឈ្មួញ​នៅ​ពី​ក្រោយ​ឡើយ​។​ ពួកគេ​មាន​បំណង​ធ្វើ​ដំណើរ​ចេញ​ពី​ខេត្ត​ឧត្ករមាន​ជ័យ​ ឆ្ពោះ​ទៅ​រាជធានី​ ប៉ុន្តែ​មក​ដល់​ចំនុច​ទីរួម​ស្រុក​មង្គល​បូរី​ ស្រាប់​តែ​មាន​សមត្ថកិច្ច​ស្ទាក់​ចាប់​តែ​ម្តង​។​
            បន្ទាប់​ពី​ធ្វើការ​សាក​សួរ​រួច​មក​ សមត្ថកិច្ច​បាន​ធ្វើការ​រក្សា​រថយន្ត​និង​មនុស្ស​ពីរ​នាក់​នោះ​ នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​ ដើម្បី​រៀប​ចំ​សុំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​។​
           

Monday, June 20, 2011

ទិវាប្រយុទ្ធនិងជំងឺគ្រុនឈាម មានការកើនឡើងអត្រាឈឺរហូតដល់៣០ភាគរយ


ឃួន​ លក្ខិណា​

ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១០
ភ្នំពេញ៖ មន្ត្រី​ក្រសួង​សុខាភិបាល​ និង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ជំងឺ​គ្រុន​ឈាម​ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ​ បាន​បើក​ ការ​ផ្សព្វ​ផ្សាយ​អំពី​វិធានការ​បង្កា​ជំងឺ​គ្រុន​ឈាម​ ​ទៅ​កាន់​សិស្ស​វិទ្យាល័យ​បាក់​ទូក​ និង​ប្រជាពលរដ្ឋ​ប្រមាណ​ជាង១​ពាន់​នាក់​នៅ​រាជធានី​ ដើម្បី​ធ្វើការ​បំផុស​ស្មារតី​បន្ថែម​ទៀត​ ក្នុង​ការ​ទប់​ស្កាត់​ករណី​ឆ្លង​ជំងឺ​គ្រុន​ឈាម​។​
            លោក​វេជ្ជ​បណ្ឌិត​ម៉ម​ ប៊ុន​ហេង​រដ្ឋ​មន្រ្តី​ក្រសួង​សុខាភិបាល​បាន​ថ្លែង​នៅ​ក្នុង​ទិវា​ប្រយុទ្ធ​និង​ ជំងឺ​គ្រុន​ឈាម​ ក្នុង​វិទ្យាល័យ​បាក់​ទូក​ កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា​ សម្រាប់​ឆ្នាំ​នេះ​ទិវា​ប្រយុទ្ធ​និង​ ជំងឺ​គ្រុន​ឈាម​ត្រូវ​បាន​ប្រារព្វ​ធ្វើ​នៅ​ក្នុង​វិទ្យាល័យ​បាក់​ទូក​ ដែល​មាន​ប្រធាន​បទ​ ការ​បង្ការ​ជំងឺ​គ្រុន​ឈាម​ ជា​កាតព្វ​កិច្ច​របស់​យើង​គ្រប់​ៗ​រូប​។​ លោក​បន្ត​ថា​៖«​យើង​ទាំង​អស់​គ្នា​ ប្រារព្វ​ទិវា​ប្រយុទ្ធ​និង​ជំងឺ​គ្រុន​ឈាម​ថ្ងៃ​នេះ​ ពិត​ជា​ឱកាស​ដ៏​ល្អ​ ដើម្បី​រំលឹក​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​យល់​ដឹង​ជា​ថ្មី​ទៀត​ពី​ជំងឺ​គ្រុន​ឈាម​ និង​ចូល​រួម​ទាំង​អស់​គ្នា​ជួយ​ទប់​ស្កាត់​ជំងឺ​គ្រុន​ឈាម​ កុំ​ឲ្យ​រីក​រាល​ដាល​នៅ​តាម​មូល​ដ្ឋាន​ ព្រម​ទាំង​ធ្វើ​យ៉ាង​ណា​ការ​ពារ​កុមារ​ដែល​ជា​កូន​ចៅ​យើង​កុំ​ឲ្យ​កើត​ជំងឺ​គ្រុន​ឈាម​ ដើម្បី​កាត់​បន្ថយ​ជា​អតិបរមា​នូវ​អត្រា​ឈឺ​ និង​ស្លាប់​ដោយ​ជំងឺ​នេះ​»​។​
            បើ​តាម​លោក​ម៉ម​ ប៊ុន​ហេង​ ឆ្នាំ​នេះ​ជំងឺ​គ្រុន​ឈាម​មាន​ចំនួន​សរុប​១,៩២៤​នាក់​ ក្នុង​នោះ​ស្លាប់​១១​នាក់​ មាន​ការ​កើន​ឡើង​ប្រមាណ​៣០​ភាគ​រយ​ច្រើន​ជាង​ឆ្នាំ​មុន​។​ តែ​បើទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ​ករណី​ស្លាប់​ ក៏​នៅ​អាច​រក្សា​បាន​តូច​ជាង​១ភាគ​រយ​ បើ​ធៀប​និង​ឆ្នាំ​២០១០​។​
            ពាក់​ពន្ធ័​និង​បញ្ហា​នេះ​ កាល​ពី​សប្តាហ៏​មុន​ លោក​ង៉ាន់​ ចន្ទ័​ថា​ ប្រធាន​កម្មវិធី​ជាតិ​ប្រយុទ្ធ​និង​ជំងឺ​គ្រុន​ឈាម​បាន​ធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំង​អស់​ថា​ ដើម្បី​បង្ការ​ទប់​ស្កាត់​ជំងឺ​គ្រុន​ឈាម​ គប្បី​មាតា​បិតា​ អាណា​ព្យាបាល​កុមារ​ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ ក្នុង​ការ​សម្អាត​លំ​នៅ​ដ្ឋាន​ ដោយ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​មាន​ទឹក​ដក់​ កប់​ឬ​ដុត​ចោល​ សបក​ដូង​ កំប៉ុង​ កង់​ឡាន​ និង​វត្ថុ​ដក់​ទឹក​ផ្សេង​ៗ​ទៀត​ ដែល​អាច​ជា​ប្រភព​ជំរក​ដង្កូវ​ទឹក​ ព្រម​ទាំង​លាង​សម្អាត​ពាង​ឲ្យបាន​ស្អាត​ល្អ​កុំ​ឲ្យ​មាន​ដង្កូវ​ទឹក​ ឬ​ចិញ្ចឹម​ត្រី​ឲ្យ​ស៊ី​ដង្កូវ​ទឹក​។​ លោក​បញ្ជាក់​ថា​៖«​ខ្ញុំ​សូម​រម្លឹក​ដល់​ប្រជាពលរដ្ឋ​ជា​ថ្មី​ម្តង​ទៀត​ថា​ សូម​ដាក់​ថ្នាំ​សម្លាប់​ដង្កូវ​ទឹក​ក្នុង​ពាង​តាម​ការ​នែនាំ​របស់​ភ្នាក់​ងារ​សុខាភិបាល​។​ ហើយ​ពេល​កូន​ឈឺ​ដាច់​ខាត​កុំ​ ព្យា​បាល​កូន​ដោយ​ខ្លួន​ឯង​ ត្រូវ​តែ​ប្រញាប់​យក​កូន​មក​មន្ទីរ​ពេទ្យ​បើ​សង្ស័យ​ថា​ មាន​ឆ្លង​ជំងឺ​គ្រុន​ឈាម​ ពិសេស​ហាម​ដាច់​ខាត​ការ​ប្រើប្រាស់​ថ្នាំ​ផ្តេស​ផ្តាស​»​។​
            នៅ​ក្នុង​ប្រទេស​កម្ពុជា​ជំងឺ​គ្រុន​ឈាម​តែង​កើត​ភាគ​ច្រើន​លើ​កុមារ​អាយុ​តិច​ជាង​១៥ឆ្នាំ​ ដែល​ ក្នុង​នោះ​កុមារ​ក្នុង​វ័យ​សិក្សា​គឺ​ពី​៥​-៩​ឆ្នាំ​បាន​ទទួល​រង​គ្រោះ​ច្រើន​ជាង​គេ​ ប៉ុន្តែ​អត្រា​ស្លាប់​មាន​កម្រិត​ ខ្ពស់​ចំពោះ​កុមារ​តិច​ជាង​៥ឆ្នាំ​។​
            លោក​វេជ្ជ​បណ្ឌិត​ច​ ម៉េង​ចួ​ នាយក​មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធ​និង​ជំងឺ​គ្រុន​ចាញ់​ប៉ារ៉ា​ស៊ីត​សាស្រ្ត​-បាណក​សាស្រ្ត​បាន​មាន​ប្រសាសន៍​ថា​ ជំងឺ​គ្រុន​ឈាម​ជា​បញ្ហា​សុខ​ភាព​សាធារណៈ​ដែល​មាន​ភាព​ស្មុគ​ស្មាញ​ និង​មាន​ការ​វិវឌ្ឍន៍​ជា​បន្ត​បន្ទាប់​ ពិសេស​នៅ​ក្នុង​បរិបទ​នៃ​ដំណើរ​ប្រែប្រួល​ធាតុ​អាកាស​របស់​ប្រទេស​ក្តៅ​សើម​ ដូច​ជា​នៅ​ក្នុង​បណ្តា​ប្រទេស​អាស៊ាន​ជាដើម​។​ លោក​បញ្ជាក់​ថា​ ៖«​យើង​តែង​ធ្វើ​យុទ្ធនាការ​ដាក់​ថ្នាំ​អាល់​បេត​ នៅ​តាម​តំបន់​ចំណុច​នៃ​ខេត្ត​/ក្រុង​នានា​ និង​ដាក់​ថ្នាំ​ប៊ីធី​អាយ​នៅ​ខេត្ត​កណ្តាល​។​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ យើង​បាន​ធ្វើការ​ផ្សព្វ​ផ្សាយ​ជាមួយ​និង​ភ្នាក់​ងារ​ប្រចាំ​ភូមិ​ ប្រជាពលរដ្ឋ​ លោកគ្រូ​ អ្នក​គ្រូ​ សិស្ស​ និង​តាម​បណ្តាញ​ទូរ​ទស្សន៏​វិទ្យុ​និង​សុខាភិបាល​សាធារណៈ​ជាដើម​»​។​

           
           

Thursday, June 16, 2011

សមត្ថកិច្ចក្រុងសិរីសោភណ័កំពុងស្វែងរកជនល្មើសដែលបានប្រើអំពើហឹង្សាបណ្តាលឲ្យស្រ្តីរកស៊ីផ្លូវភេទស្លាប់

ឃួន​ លក្ខិណា​
ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១១
បន្ទាយ​មាន​ជ័យៈ​ សមត្ថកិច្ច​ក្រុង​សិរីសោ​ភណ័​ បាន​ចេញ​ប្រតិបត្តិ​ការ​តាម​ចាប់​ក្រុម​ក្មេង​ស្ទាវ​ មួយ​ក្រុម​ដែល​មាន​គ្នា​៣​នាក់​ ដើម្បី​ធ្វើការ​សាក​សួរ​លើ​ករណី​ប្រើ​ហឹង្សា​ លើ​ស្រ្តី​រក​ស៊ី​ផ្លូវ​ភេទ​ម្នាក់​ឲ្យ​រង​របួស​ធ្ងន់​ និង​បណ្តាល​ឲ្យ​នាង​ស្លាប់​បាត់​បង់​ជីវិត​កាល​ពី​ថ្ងៃទី​១៤​ ខែ​មិថុនា​នេះ​។​
            លោក​សិន​ រ៉ា​ស៊ី​នាយ​បញ្ជារ​ការ​ស្តី​ទី​ក្រុង​សិរីសោ​ភណ័​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​ព្រហស្បត្តិ៍​ថា​  ករណី​នេះ​គឺ​ជា​បទ​ល្មើស​ជាក់​ស្តែង​ ដូច្នេះ​បើ​ទោះ​បី​ជា​គ្មាន​ពាក្យ​បណ្តឹង​ចូល​មក​ក៏​ខាង​សមត្ថកិច្ច​មិន​បង្អង់​ឡើយ​ ត្រូវ​តែ​បន្ត​ការ​ស្រាវ​ជ្រាវ​ស៊ើប​អង្កេត​ ដើម្បី​តាម​ចាប់​ខ្លួន​ជន​ល្មើស​មក​សាក​សួរ​និង​ផ្តទ្ទា​ទោស​ជុំវិញ​រឿង​នេះ​។ លោក​ថ្លែង​ថា៖«​ដើម្បី​ផ្តល់​ភាព​យុត្តិធម៌​ដល់​ជន​រង​គ្រោះ​យើង​និង​សហការ​ជាមួយ​និង​សមត្ថកិច្ច​ក្រុង​ ដើម្បី​ស្រាវ​ជ្រាវ​លើ​បទ​ល្មើស​នេះ​បន្ថែម​ទៀត​ ព្រោះ​ថា​ ស្រ្តី​រង​គ្រោះ​ត្រូវ​បាន​ស្លាប់​ដោយ​សារ​ការ​ប្រើ​ហឹង្សា​យ៉ាង​អណេច​អធម៌​»​។​
​បើ​តាម​របាយការណ៍​សមត្ថកិច្ច​ក្រុង​សិរីសោ​ភណ័​បាន​ឲ្យ​ដឹង​ថា​ នៅ​វេលា​ម៉ោង​៧​យប់​ថ្ងៃទី​១៣​ខែ​មិថុនា​ ឆ្នាំ​២០១១​ ស្រ្តី​រង​គ្រោះ​ឈ្មោះ​ សេង​ស្រី​លក្ខ័​ អាយុ​២៨ឆ្នាំ​ មិន​មាន​ទីតាំង​ពិត​ប្រាកដ​ បាន​ទៅ​ដើរ​លេង​និង​ផឹក​ស៊ី​ជាមួយ​និង​មិត្ត​ភក្ត័​ស្រី​ នៅ​ម្តុំ​វេទិកា​សាលា​ខេត្ត​ ដែល​ស្ថិត​នៅ​ភូមិ៣​ សង្កាត់​ព្រះ​ពន្លា​ ក្រុង​សិរីសោភណ័​ ខេត្ត​បន្ទាយ​មាន​ជ័យ​។​ លុះ​ដល់​វេលា​ម៉ោង​ប្រមាណ​១១យប់​ មាន​ក្មេង​ស្ទាវ​ពីរ​ក្រុម​បាន​បបួល​នារី​រង​គ្រោះ​និង​មិត្ត​របស់​នាង​ទៅ​រួម​ភេទ​ ប៉ុន្តែ​ស្រ្តី​រង​គ្រោះ​មិន​ព្រម​ទៅ​ជាមួយ​ ព្រម​ទាំង​ព្យាយាម​រត់​គេច​ពី​ក្រុម​ក្មេង​ស្ទាវ​ទាំង​អស់​នោះ​។​ ក្រោយ​មក​មាន​ក្មេង​ស្ទាវ​ចំនួន​៣​នាក់​ទៀត​បាន​រត់​ដេញ​តាម​នាង​រួច​ក៏​ស្ទាក់​វៃ​នាង​រហូត​ដល់​មាន​របួស​ធ្ងន់​។​
លោក​ចាន់​ កុសល​ស្នង​ការ​រង​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​មាន​ប្រសាសន៍​ថា​ បើ​តាម​កោស​ល្យ​វិច្ឆ័យ​របស់​មន្ទីរ​ពេទ្យ​ខេត្ត​បាន​ឲ្យ​ដឹង​ថា​ ស្រ្តី​រង​គ្រោះ​ពិត​ជា​ស្លាប់​ដោយ​សារ​ក្រុង​ក្មេង​ស្ទាវ​ព្រួត​គ្នា​វៃ​ប្រាកដ​មែន​ ព្រោះ​ការ​ពិនិត្យ​បាន​រក​ឃើញ​ថា​ នាង​មាន​របួស​ពេញ​ខ្លួន​ប្រាណ​និង​ជាំ​ខ្មៅ​។​ លោក​ប្រាប់​ថា​៖«​បើ​តាម​ប្រភព​សាក្សី​បាន​ធ្វើ​ឲ្យ​នគរបាល​អាច​កំណត់​មុខ​សញ្ញា​ជន​ល្មើស​បាន​ ដោយ​ជន​ល្មើស​មាន​គ្នា​បី​នាក់​ជា​ក្រុម​ក្មេង​ស្ទាវ​។​ លោក​ថា​៖«​យើង​កំពុង​ធ្វើការ​តាម​ដាន​ក្នុង​រឿង​នេះ​ បន្ត​ទៀត​ ដោយ​ឡែក​សុំនុំ​រឿង​ យើង​និង​បញ្ជូន​ទៅ​តុលាការ​ក្នុង​ពេល​ឆាប់​ៗ​»​។​
តាម​របាយការណ៍​របស់​អង្គការ​លីកាដូ​បាន​ឲ្យ​ដឹង​ថា​ ក្នុង​រយៈ​ពេល​៥​ខែ​ឆ្នាំ​២០១១​នេះ​ អង្គ​ការ​បាន​ទទួល​ពាក្យ​បណ្តឹង​ករណី​រំលោភ​សេពសន្ថវៈ​ចំនួន​១៤០​ករណី​ ក្នុង​នោះ​រំលោភ​សាច់​ញាតិ​ឯង​មាន​ចំនួន​១៨ករណី​ ។​ តួលេខ​នេះ​មាន​ការ​កើន​ឡើង​ បើ​ប្រៀប​ធៀប​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ ឆ្នាំ​២០១០​ ដែល​មាន​ចំនួន​១០៩ករណី​ ហើយ​ករណី​សាច់​ញាតិ​រំលោភ​សាច់​ញាតិ​មាន​ចំនួន​១២​ករណី​ប៉ុណ្ណោះ​។​ កាល​ពី​ឆ្នាំ​២០១០​ អង្គ​ការ​លីកាដូ​ បាន​ទទួល​ពាក្យ​បណ្តឹង​ ពី​ករណី​រំលោភ​ចំនួន​ ៤១០​ ករណី​ ដែល​ក្នុង​នោះ​ជន​រង​គ្រោះ​ភាគ​ច្រើន​ជា​កុមារ​។​
លោក​ស្រី​ប្រាក់​ សុភីម៉ា​ មន្ត្រី​ទទួល​បន្ទុក​ផ្នែក​ស្រ្តី​និង​កុមារ​នៃ​អង្គការ​អាដ​ហុកខេត្តបន្ទាយ​មាន​ជ័យ​​បាន​មាន​ប្រសាសន៍​ថា​៖«​យើង​អាច​និង​មាន​អន្តរាគមន៍​នៅ​ពេល​ដែល​មាន​បណ្តឹង​ចូល​មក​»​។​



           

Tuesday, June 14, 2011

អាជ្ញាធរកម្ពុជាកំពុងស្វែងរកវិធាការណ៏ស្របច្បាប់សម្រាប់ពលករចំណាកស្រុកប្រមាណ១សែននាក់នៅប្រទេសថៃ

ដោយៈ ឃួន​ លកិ្ខណា​
ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១១
មន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹង​កាល​ថ្ងៃ​ម្សិល​មិញ​ថា​ គ្រប់​ក្រសួង​ពាក់​ពន្ធ័​នៅ​ប្រទេស​កម្ពុជា​ កំពុង​ស្វែង​រក​វិធាន​ការណ៍​ ដើម្បី​ឲ្យ​ពលករ​ខ្មែរ​ខុស​ច្បាប់​ប្រមាណ​១សែន​នាក់​ ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃ​ អាច​ទទួល​បាន​សិទ្ធ​ស្រប​ច្បាប់​ក្នុង​ការ​រស់​នៅ​ និង​មាន​លក្ខ​ខណ្ឌ​ការ​ងារ​ច្បាស់​លាស់​។​
 លោក​ស្រី​ជូរ​ ប៊ុន​អេង​ រដ្ឋ​លេខា​ធិការ​ក្រសួង​មហាផ្ទៃ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​អង្គារ​ថា​ នៅ​ក្នុង​ពេល​ថ្មី​ៗ​នេះ​ មាន​ពលករ​ខ្មែរ​ជា​ច្រើន​រយ​នាក់​បាន​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​ប្រទេស​ថៃ​ដើម្បី​រក​ការ​ងារ​ធ្វើ​ ក្នុង​នោះ​ពួក​គេ​បាន​ទទួល​រង​ការ​រំលោភ​លើ​រាង​កាយ​និង​រំលោភ​សិទ្ធ​ការ​ងារ​។​  លោក​ស្រី​ថ្លែង​ថា​៖«​ នៅ​ក្នុង​ខែ​មេសា​ ​ឆ្នាំ​២០១១​នេះ​ យើង​បាន​រក​ឃើញ​ថា​ មាន​ពល​ករ​រង​គ្រោះ​ប្រមាណ​១៣​ម៉ឺន​នាក់​ត្រូវ​បាន​អាជ្ញាធរ​ប្រទេស​ជិត​ខាង​ចាប់​បញ្ជូន​មក​កម្ពុជា​វិញ​ ក្នុង​នោះ​ច្រើន​ជាង​គេ​ គឺ​បញ្ជូន​ពី​ប្រទេស​ថៃ​តាម​ច្រក​បោយ​ប៉ែត​។​ អ្នក​ស្រី​ថា​ ៖«​យើង​បាន​រក​ឃើញ​ទៀត​ថា​ មាន​ពលករ​ខុស​ច្បាប់​រហូត​ច្រើន​ជាង​៤ពាន់​នាក់​ត្រូវ​បាន​គេ​ឃុំ​ខ្លួន​ ហើយ​ពលករ​មួយ​ចំនួន​ទៀត​ត្រូវ​បាន​ប្រើ​អស់​កំលាំង​និង​ពេល​វេលា​ទៅ​លើ​ការ​ងារ​ ដើម្បី​បំរើ​ឲ្យ​សេដ្ឋកិច្ច​របស់​និយោជក់​ក្នុង​អាជីព​របស់​ពួកគេ​ ប៉ុន្តែ​ពលករ​ទាំង​នោះ​ មិន​ត្រូវ​បាន​ទទួល​ស្គាល់​ពី​តម្លៃ​ជាមួយ​និង​តុល្យភាព​ការ​ងារ ​និង​មិន​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​ និង​គ្មាន​ការ​គោរព​សិទ្ធ​ឡើយ​ គឺ​ពួក​គេ​ត្រូវ​បាន​បណ្តេញ​ចេញ​ រឺ​នារទេស​ និង​ចាប់​ដាក់​ទោស​ រឺ​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ជាដើម​។​
លោក​ស្រី​ជូរ​ ប៊ុន​អេង​បាន​បញ្ជាក់​ថា​ ឆ្លើយ​តប​និង​បញ្ហា​នេះ​ រដ្ឋាភិបាល​ប្រទេស​កម្ពុជា​ដែល​មាន​ក្រសួង​ការ​ងារ​ ក្រសួង​មហា​ផ្ទៃ​ និង​ក្រសួង​ការ​បរ​ទេស​ បច្ចុប្បន្ន​កំពុង​តែ​ព្យាយាម​ស្វែង​រក​អត្ត​សញ្ញាណ​ របស់​ពលករ​ខែ្មរ​ខុស​ច្បាប់​ដែល​កំពុង​តែ​បំរើ​ការ​ងារ​នៅ​ប្រទេស​ថៃ​ ដើម្បី​ឲ្យ​ពួក​គេ​បាន​ចូល​មក​ចុះ​បញ្ជីរ​ទទួល​បាន​ភាព​ស្រប​ច្បាប់​ក្នុង​ការ​រស់​នៅ​ និង​បំរើ​ការ​ងារ​នៅ​ឯ​ប្រទេស​ថៃ​។​ អ្នក​ស្រី​ថា​៖«​ជា​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​កន្លង​មក​នេះ​ រដ្ឋាភិបាល​បាន​ធ្វើ​ឲ្យ​ពលករ​ខ្មែរ​ខុស​ច្បាប់​ប្រមាណ​ជាង​៨ម៉ឺន​នាក់​នៅ​ប្រទេស​ថៃ​ក្លាយ​ជា​ពលករ​ស្រប​ច្បាប់​ ហើយ​មាន​សិទ្ធ​ក្នុង​ការ​ស្នាក់​នៅ​ និង​អាច​ប្រកប​ការ​ងារ​បាន​យ៉ាង​ពេញ​លេញ​នៅ​ទីនោះ​។​
លោក​វន​ វ៉ិត​អ្នក​សម្រប​សម្រួល​គម្រោង​ថ្នាក់​ជាតិ​នៃ​អង្គការ​ទស្សនៈ​ពិភព​លោក​បាន​មាន​ប្រសាសន៍​ថា​  ទាក់​ទង​និង​បញ្ហា​នេះ​លោក​បាន​ស្វែង​រក​ថវិការ​ ដើម្បី​បោះ​ឯក​សារ​ចំនួន​៧០០​ក្បាល​ ដែល​មាន​ចំណង​ជើង​ថា​ ១០​ប្រការ​ដែល​អ្នក​ត្រូវ​យល់​ដឹង​ អំពី​ការ​ជួញ​ដូរ​កំលាំង​ពលកម្ម​ នៅ​ក្នុង​មហា​អនុ​តំបន់​មេគង្គ​។​ លោក​និយាយ​ថា​៖« ​មូល​ហេតុ​ដែល​យើង​ ធ្វើការ​ផ្សព្វ​ផ្សាយ​ឯក​សារ​នេះ​គឺ​យើង​ដឹង​ថា​ វិធាន​ការ​ទប់​ស្កាត់​ការ​ធ្វើ​ចំណាក​ស្រុក​ខុស​ច្បាប់​ របស់​រដ្ឋាភិបាល​នៅ​មាន​ចន្លោះ​ប្រហោង​ ដូច្នេះ​១០​ប្រការ​នេះ​ ត្រូវ​បាន​ចេញ​ផ្សាយ​ ដើម្បី​ឲ្យ​មាន​ការ​យល់​ដឹង​បន្ថែម​ទៀត​ ហើយ​ក៏​ជា​ផ្នែក​មួយ​ជំរុញ​ដល់​ដៃ​គូរ​ដែល​បាន​ធ្វើការ​ប្រយុទ្ធ​ប្រឆាំង​ពលកម្ម​ ដែល​មាន​រដ្ឋាភិបាល​និង​ក្រសួង​ពាក់​ពន្ធ័​ឲ្យ​មាន​ការ​អភិវឌ្ឍន៍​គោល​នយោ​បាយ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ថែម​ទៀត​។​ លោក​ថា​ឯក​សារ​នេះ​បាន​បោះ​ជា​ភាសារ​ខ្មែរ​ ចិន​ ឡាវ​ ថៃ​ វៀត​ណាម​ និង​ភូមា​ និង​ភាសារ​អង្គ​គ្លេស។​ដោយ​ចែក​ទៅ​កាន់​ក្រសួង​ស្ថាបន័​ នាយក​ដ្ឋាន​ពាក់​ពន្ធ័​របស់​រដ្ឋាភិបាល​និង​បន្ត​ចែក​ទៅ​កាន់​ដៃគូរ​អភិវឌ្ឍន៍​ និង​សហគមន៍​ ក្រុង​គោល​ដៅ​ការ​ងារ​ និង​ក្រុម​ដែល​ងាយ​រង​គ្រោះ​ផង​ដែរ​។​
លោក​ជីវ​ ផល្លី​អនុ​ប្រធាន​នាយដ្ឋាន​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​និង​ការពារ​អនិតិជន​នៃ​ក្រសួង​មហា​ផ្ទៃ​បាន​មាន​ប្រសាសន៍​ថា​ ជា​កា​ពិត​ ការ​ចុះ​បង្រ្កាប​មេ​ខ្យល់​នាំ​ពលករ​ទៅ​ធ្វើការ​ខុស​ច្បាប់​នៅ​ក្រៅ​ប្រទេស​វា​ពិត​ជា​ពិបាក​ណាស់​ ដោយ​សារ​តែ​ជន​រង​គ្រោះ​មិន​បាន​ស្គាល់​អត្ត​សញ្ញាណ​មេ​ខ្យល់​ច្បាស់​លាស់​ទេ​ ដូច្នេះ​​ការ​បង្ក្រាប​អាច​សម្រេច​បាន​លុះ​ត្រា​តែ​ប្រជាពលរដ្ឋ​មាន​ការ​សហការ​ដើម្បី​ឲ្យ​ដឹង​ថា​ តើ​ទីតាំង​មេ​ខ្យល់​​នៅ​កន្លែង​ណា​? ឈ្មោះ​អី​ពិត​ប្រាកដ​។​ លោក​ថ្លែង​ថា​៖«កន្លងមក​នេះ​យើង​បាន​ធ្វើការ​បង្ក្រាប​មេ​ខ្យល់​បាន​មួយ​ចំនួន​ដែរ​»​។​
















Thursday, June 9, 2011

អាជ្ញាធរជាតិប្រយុទ្ធនិងជំងឺគ្រុនឈាមបានធ្វើការព្រមានហាមឃាត់ការប្រើប្រាស់ថ្នាំ៥ប្រភេទ

ដោយៈ ឃួន​ លក្ខិណា​
ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១១

ភ្នំពេញៈ មន្ត្រី​អាជ្ញារ​ជាតិ​ប្រយុទ្ធ​និង​ជំងឺ​គ្រុន​ឈាម​បាន​ធ្វើការ​ព្រមាន​កាល​ពី​ចុង​សប្តាហ៍​មុន​ថា​ គ្រប់​អាណា​ព្យា​បាល​កុមារ​ទាំង​អស់​ មិន​ត្រូវ​ប្រើប្រាស់​ថ្នាំ​ចំនួន​៥​ប្រភេទ​ ដែល​មាន​ ថ្នាំ​អាស្ពេរីន​   អាហ្វ្រេហ្សិក​ អាស្រ្ពូ​ យ៉ាខាំចៃ​រូប​ស្រី​បី​ណាក់​របស់​ថៃ​ និង​ថ្នាំ​រូប​តា​កា​ប៉ោង​ទេ​ ព្រោះ​ប្រភេទ​ថ្នាំ​ទាំង​នោះ​ អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​អាយុ​ជីវិត​របស់​កុមារ​។​
            លោក​ង៉ាន់​ ចន្ទ័​ថា​ ប្រធាន​កម្ម​វិធី​ជាតិ​ប្រយុទ្ធ​ជំងឺ​គ្រុន​ឈាម​នៃ​មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធ​និង​ ជំងឺ​គ្រុន​ចាញ់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ចុង​សប្តាហ៍​មុន​ថា​ ឥឡូវ​នេះ​រដូវ​គ្រុន​ឈាម​បាន​ឈាន​មក​ដល់​ហើយ​ ដូច្នេះ​លោក​សូម​ធ្វើការ​ហាម​ឃាត់​ដាច់​ខាត​ ចំពោះ​អាណា​ព្យាបាល​កុមារ​គ្រប់​រូប​ ដែល​មាន​កូន​តូច​នៅ​ក្នុង​គ្រួសារ​ គឺ​មិន​ត្រូវ​ប្រើប្រាស់​ថ្នាំ​ចំនួន​៥​ប្រភេទ​ ដែល​បាន​រៀប​រាប់​ពី​ខាង​លើ​នោះ​ឡើយ​ ព្រោះ​ប្រភេទ​ថ្នាំ​ទាំង​អស់​នោះ​ វា​សុទ្ធ​តែ​ជា​ប្រភេទ​ថ្នាំ​ ដែល​មាន​ជាតិ​អាស្ពេរីន​ច្រើន​អាច​បង្ក​ឲ្យ​កុមារ​មាន​ការ​ហូរ​ឈាម​កាន់​តែ​ច្រើន​ និង​បណ្តាល​ឲ្យ​ស្លាប់​បាន​។​ លោក​បន្ត​ថា​ ចំពោះ​ប្រភេទ​ថ្នាំ​ចំនួន​៥​ខាង​លើ​នេះ​ មិន​មែន​ហាម​តែ​កុមារ​តូច​ៗ​មួយ​ផ្នែក​ទេ​ ប៉ុន្តែ​មនុស្ស​ធំ​ដែល​កើត​ជំងឺ​គ្រុន​ឈាម​ ក៏​មិន​ត្រូវ​ប្រើប្រាស់​ដែរ​។​ លោក​ថ្លែង​ថា​៖«​អាណា​ព្យាបាល​កុមារ​គ្រប់​រូប ​ប្រសិន​បើ​សង្ស័យ​ថា​ កុមារ​បាន​ឆ្លង​ជំងឺ​គ្រុន​ឈាម​មិន​ត្រូវ​ធ្វើការ​ព្យាបាល​កុមារ​ដោយ​ខ្លួន​ឯង​ទេ​ គឺ​ត្រូវ​យក​ពួកគេ​ទៅ​រក​សេវា​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​រដ្ឋ​ រឺ​មណ្ឌល​សុខ​ភាព​»​។​ លោក​បញ្ជាក់​ថា​ បើ​តាម​ការ​អង្កេត​មក​ទល់​និង​ពេល​បច្ចុប្បន្ន​នេះ​ ការ​ប្រើប្រាស់​ថ្នាំ​៥​ប្រភេទ​ខាង​លើ​នេះ​ នៅ​តែ​កើត​មាន​ចំពោះ​ប្រជាពលរដ្ឋ​ នៅ​តាម​ជន​បទ​។​
          បើ​យោង​តាម​របាយការណ៍​របស់​កម្មវិធី​ជាតិ​ប្រយុទ្ធ​និង​ជំងឺ​គ្រុន​ឈាម​បាន​ឲ្យ​ដឹង​ថា គិត​មក​ដល់​រយៈ​ពេល​៥​ខែ​នៃ​ដើម​ឆ្នាំ​២០១១​នេះ​ មាន​កុមារ​ចំនួន​៨៤៥​ករណី​ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ ក្នុង​នោះ​មាន​កុមារ​ចំនួន​៨នាក់​ត្រូវ​បាន​ស្លាប់​ ដោយ​សារ​ជំងឺ​គ្រុន​ឈាន​។​ ចំនួន​នេះ​បើ​គិត​ក្នុង​រយៈ​ពេល​ដូច​គ្នា​ កាល​ពី​ឆ្នាំ​២០១០​ បាន​ឲ្យ​ដឹង​ថា​ ករណី​ឈឺ​មាន​ត្រឹម​តែ​៧៣១​នាក់​ រឺ​ឯ​ករណី​ស្លាប់​មាន​៤​នាក់​។​ លោក​ង៉ាន់​ ចន្ទ័​ថា​បញ្ជាក់​ថា​ តាម​រយៈ​របាយការណ៍​នេះ​ មាន​ន័យ​ថា​  ស្ថាន​ភាព​ជំងឺ​គ្រុន​ឈាន​អាច​ឈាន​ទៅ​រក​ការ​ប្រកាស​អាសន្ន​ហើយ​។​
            អ្នក​ស្រី​លឿង​ ពៀត​អាយុ​៥៣ឆ្នាំ​រស់​នៅ​ស្រុក​ក្បាល​ដំរី ​ខេត្ត​ស្វាយ​រៀង​បាន​ឲ្យ​ដឹង​ថា​សព្វ​ថ្ងៃ​នេះ​អ្នក​ស្រី​មាន​ចៅ​អាយុ​៨ឆ្នាំ​រស់​នៅ​ជាមួយ​សព្វ​ថ្ងៃ​។ ​អ្នក​ស្រី​បន្ត​ថា​ នៅ​ថ្ងៃ​មួយ​ចៅ​អ្នក​ស្រី​កើត​មាន​ជំងឺ​ក្តៅ​ខ្លួន​ផ្តាសាយ​ធម្មតា​ ព្រម​ទាំង​ឈឺ​ធ្មេញ​ថែម​ទៀត​ បន្ទាប់​មកអ្នកជិត​ខាង​នៅ​ក្បែរ​ផ្ទះ​បាន​ប្រាប់​អ្នក​ស្រី​ឲ្យ​ទៅ​ទិញ​ថ្នាំ​ប្រភេទ​យ៉ា​ខាំ​ចៃ​ ដើម្បី​ព្យាបាល​ចៅ​អ្នក​ស្រី​ ក្រោយ​មក​ចៅ​អ្នកស្រី​ក៏​បាន​ធូរ​ស្រាល​ពី​ជំងឺ​ទាំង​នោះ​។​ អ្នក​ស្រី​និយាយ​ថា​៖«​ ខ្ញុំ​បាន​ឡើង​ទៅ​ទិញ​ថ្នាំ​យ៉ាខាំចៃ​នៅ​ឱសថ​ស្ថាន​មួយ​កន្លែង​ ដែល​ស្ថិត​នៅ​ស្រុក​ដូន​សរ​ ចំងាយ​ពី​ផ្ទះ​របស់​ខ្ញុំ​ប្រមាណ​៥គីឡូ​ម៉ែត្រ​។​  នៅ​ពេល​ទៅ​ទិញ​ ខ្ញុំ​មិន​បាន​ប្រាប់​អំពី​អាការៈ​ចៅ​ខ្ញុំ​ឲ្យ​គ្រូពេទ្យ​ទេ​ ដោយ​ខ្ញុំ​គ្រាន់​តែ​សាក​ល្បង​ប្រើប្រាស់​ថ្នាំ​នោះ​សិន​ប៉ុណ្ណោះ​»​។​ អ្នក​ស្រី​បញ្ជាក់​ថា​៖«​ ខ្ញុំ​បាន​ប្រើប្រាស់​ថ្នាំ​នោះ​ ដោយ​សារ​តែ​ខ្ញុំ​មិន​ដឹង​អំពី​ផល​ប៉ះ​ពាល់​របស់​វា​ ដូច្នេះ​ពី​ថ្ងៃ​នេះ​ទៅ​ ខ្ញុំ​និង​យក​ចៅ​ទៅ​មន្ទីរ​ពេទ្យ​ប្រសិន​បើ​វា​ឈឹ​»​។​
           លោក​សុខ​ សុគន្ធ​ប្រធាន​មន្ទីរ​សុខាភិបាល​រាជ​ធានី​បាន​មាន​ប្រសាសន៍​ថា​ ពាក់​ពន្ធ័​និង​បញ្ហា​នេះ​ យើង​គួរ​តែ​បង្កើន​ការ​ផ្សព្វ​ផ្សាយ​ឲ្យ​បាន​កាន់​តែ​ខ្លាំង​ថែម​ទៀត​ ដើម្បី​ជៀស​វាង​ការ​ប្រើ​ប្រាស់​នូវ​ប្រភេទ​ថ្នាំ​ទាំង​អស់​នេះ​។​
         លោក​យឹម​ យ៉ាន់​ប្រធាន​កិត្តិយ​សសមាគម​ឱសថការី​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា​ ថ្នាំ​៥​ប្រភេទ​​នេះ​ ថ្វី​ត្បិត​តែ​គេ​ហាម​ឃាត់​មិន​ឲ្យ​ប្រើប្រាស់​មែន​ ក៏​ប៉ុន្តែ​មិន​បាន​ហាម​ឃាត់​មិន​ឲ្យ​លក់​ នោះ​ទេ​ ដូច្នេះ​មាន​ន័យ​ថា​ មនុស្ស​ចាស់​អាច​ប្រើប្រាស់​ថ្នាំ​ប្រភេទ​អាស្ពេរីន​បាន​ ប្រសិន​បើ​ក្នុង​ករណី​ពួក​គេ​គ្មាន​ជំងឺ​គ្រុន​ឈាម​។​ លោក​បន្ត​ថា​ អ្នក​លក់​ថ្នាំ​ពេទ្យ​គួរ​តែ​យល់​អំពី​អាការៈ​អ្នក​ជំងឺ​ឲ្យ​ច្បាស់​មិន​មែន​ចេះ​តែ​លក់​ថ្នាំ​តែ​មួយ​មុខ​នោះ​ទេ​។​ លោក​បញ្ជាក់​ថា​៖«​ដើម្បី​ជា​វិធានការណ៍​ទប់​ស្កាត់​ គ្រប់​មាតា​បីតា​ ទាំង​អស់​ត្រូវ​តែ​ចូល​រួម​ស្តាប់​នូវ​ការ​អប់​រំ​សុខ​ភាព​របស់​មន្ត្រី​សុខាភិបាល​ ហើយ​ពេល​កូន​ឈឺ​ត្រូវ​រត់​ រក​គ្រូ​ពេទ្យ​ មិន​មែន​រត់​ទៅ​រក​អ្នក​លក់​ថ្នាំ​ទេ​»​។​
           






Wednesday, June 8, 2011

ស្រ្តីកូនខ្ចីក្នុងបណ្តឹងក្លែងបណ្ណ័កម្មសិទ្ធលើដីលំនៅដ្ខានក្នុងខេត្តរតនគិរីត្រូវបានឆ្មាំយាមគុកធ្វើការដោះលែង

ដោយៈ ឃួន លក្ខិណា

ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១១

រតនគិរីៈ ឆ្មាំ​យាម​គុក​ប្រចាំ​ខេត្ត​រតនគិរី​បាន​ធ្វើការ​ដោះ​លែង​ស្រ្តី​កូន​ខ្ចី​ដែល​ជាប់​ពាក់​ពន្ធ័​និង​ករណី​ក្លែង​បណ្ណ័​កម្ម​សិទ្ធ​លំ​នៅ​ដ្ឋាន​ ឲ្យ​មាន​សេរីភាព​បណ្តោះ​អាសន្ន​ កាល​ពី​វេលា​ម៉ោង​​៥និង​៤៥​នាទី​ល្ងាច​ថ្ងៃ​ពុធ​ម្សិល​ម្ងៃ​។​
លោក​ហ៊ល​ ស៊ីណា​ មេធាវី​ការ​ពារ​ក្តី​ឲ្យ​ស្រ្តី​ជាប់​ចោទ​មាន​ ស៊ី​ថា​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​ពុធ​ថា​ កាល​ពី​ថ្ងៃ​ពុធ​នេះ​ លោក​បាន​ធ្វើ​ដំណើរ​ចេញ​ពី​ទី​ក្រុង​ភ្នំពេញ​ ឆ្ពោះ​ទៅ​កាន់​ពន្ធនាគារ​ខេត្ត​រតនគិរី​ ដើម្បី​រត់​ការ​ធ្វើ​យ៉ាង​ណា​ឲ្យ​កូន​ក្តី​លោក​បាន​ឆាប់​ចេញ​ពី​ពន្ធនាគារ​ ដោយ​សារ​តែ​កូន​ក្តី​លោក​គឺ​ជា​ស្រ្តី​ម្នាក់​ដែល​ទើប​និង​ឆ្លង​ទន្លេ​រួច​ ហើយ​សុខ​ភាព​ក៏​មិន​សូវ​រឹង​មាំ​ថែម​ទៀត​ផង​។​លោក​ថ្លែង​ថា​៖​«ការ​ដោះ​លែង​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​យោង​ទៅ​តាម​ដីការ​បញ្ជារ​របស់​តុលាការ​សាលា​ឧទ្ធរណ៍​ដែល​បាន​ប្រកាស​កាល​ពីរ​សៀល​ថ្ងៃ​ទី៧​ ខែ​មិថុនា​នេះ​ ដោយ​សម្រេច​ឲ្យ​កូន​ក្តី​ខ្ញុំ​រស់​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​​អាសន្ន​»​។​
គួរ​រំលឹក​ថា​ កាល​ពី​ថ្ងៃទី​១០​ ខែ​ឧសភា​ ឆ្នាំ​២០១១​ តុលាការ​ខេត្ត​រតនគិរី​បាន​ចេញ​ដីការ​នាំ​ខ្លួន​ស្រ្តី​ឈ្មោះ​មាន​ ស៊ីថា​ អាយុ​៣៥ឆ្នាំ​ យក​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ ដោយ​ចោទ​ពី​បទ​ក្លែង​បណ្ណ័​កម្ម​សិទ្ធ​លើ​ដី​ទំហំ​៤៥ម៉ែត្រ​គុណ​និង​៦០​ម៉ែត្រ​ពី​ឈ្មោះ​កែវ​ ហាវី​ និង​ញ៉ែម​ សុវណ្ណនី​ ដែល​ត្រូវ​ជា​បង​ប្អូន​ជី​ដូន​មួយ​និង​គ្នា​។​
អ្នក​ស្រី​មាន​ ស៊ីថា​ អាយុ​៣៥​ឆ្នាំ​ចុង​ចោទ​ក្នុង​បណ្តឹង​ក្លែង​បណ្ណ័​កម្ម​សិទ្ធ​លើ​ដី​លំ​នៅ​ដ្ឋាន​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​ព្រហស្បត្តិ៍​ថា​ អ្នក​ស្រី​បាន​ចេញ​ពី​មន្ទីរ​ឃុំ​ឃាំង​នៅ​ថ្ងៃ​រសៀល​ថ្ងៃ​ពុធ​ នេះ​បន្ទាប់​ពី​តុលាការ​បាន​ធ្វើការ​ឃុំ​ខ្លួន​អ្នក​ស្រី​អស់​រយៈ​ពេល​ជាង​២០​ថ្ងៃ​រួច​មក​។​ អ្នកស្រីបន្តថា​ អ្នក​ស្រី​មិន​មាន​ផល​វិបាក​អ្វី​ខ្លាំង​ទេ​ ពេល​រស់​នៅ​ក្នុង​មន្ទីរ​ឃុំ​ឃាំង​ខេត្ត​រតនគិរី​ ព្រោះ​ឆ្មាំ​យាម​គុក​បាន​យក​ចិត្ត​ទុក​ដាក់​ថែ​រក្សា​សុខ​ភាព​របស់​អ្នក​ស្រី​។​ អ្នក​ស្រី​ថ្លែង​ថា​៖«​ជា​ការ​ពិត​ ពេល​រស់​នៅ​ក្នុង​ពន្ធនា​ គារ​ខ្ញុំ​ពិត​ជា​មាន​ជំងឺ​ឈឺ​ទាស់​មែន​ ដោយ​សារ​តែ​ការ​គិត​ព្រួយ​បារម្ភ​ច្រើន​ ប៉ុន្តែ​ឥឡូវ​នេះ​សុខ​ភាព​ខ្ញុំ​បាន​ល្អ​គ្រាន់​បើ​ហើយ​ គ្រាន់​នៅ​មាន​អាការៈ​ឈឺ​វិល​មុខ​បន្តិច​បន្តួច​ទេ​»​។​ អ្នក​ស្រី​បញ្ជាក់​ថា​៖«​ខ្ញុំ​សូម​សំណូម​ពរ​ដល់​តុលាការ​ខេត្ត​រតនគិរី​ មេត្តា​ជួយ​ស្រាវ​ជ្រាវ​ក្នុង​រឿង​នេះ​ ឲ្យ​បាន​ច្បាស់​លាស់​ផង​ ដើម្បី​កុំ​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​មនុស្ស​គ្មាន​ទោស​ដូច​ជា​រូប​ខ្ញុំ​ត​ទៀត​»​។​
បើ​ទោះ​បី​ជា​ស្រ្តី​ជាប់​ចោទ​មាន​ ស៊ីថា​ ត្រូវ​បាន​សាលា​ឧទ្ធរណ៍​សម្រេច​ដោះ​លែង​ឲ្យ​មាន​សេរី​ភាព​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​ក៏​ពិត​មែន​ ប៉ុន្តែ​ខាង​តុលាការ​ខេត្ត​រតនគិរី​ នៅ​តែ​ធ្វើការ​ចោទ​ប្រកាន់​ ស្រ្តី​រូប​នេះ​ដដែល​ ពី​បទ​ក្លែង​បណ្ណ័​កម្ម​សិទ្ធ​លើ​ដី​លំ​នៅ​ស្ថាន​ក្នុង​ខេត្ត​រតនគិរី​។​













ពលករខ្មែរខុសច្បាប់ម្នាក់ត្រូវបានស្លាប់និង៣នាក់ផ្សេងទៀតបានរងរបួសធ្ងន់ដោយសារគ្រោះក្រឡាប់ឡាន

ដោយៈ ឃួន​ លក្ខិណា​

ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១១
ខេត្តបន្ទាយមានជ័យៈ អាជ្ញាធរ​ការពារ​ព្រំដែន​កម្ពុជា​-​ថៃ​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​ថា​ យ៉ាង​ហេច​ណាស់​មាន​ពលករ​ខ្មែរ​ខុស​ច្បាប់​ចំនួន​ម្នាក់​ត្រូវ​បាន​ស្លាប់​ និង​៣នាក់​ផ្សេង​ទៀត​បាន​រង​របួស​ធ្ងន់​ ដោយ​សារ​គ្រោះ​ក្រឡាប់​ឡាន​ កាល​ពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ ថ្ងៃទី៧​ ខែមិថុនា​ ឆ្នាំ​២០១១​។​
            បើ​តាម​លោក​អៀម​ រដ្ឋា​មេ​បញ្ជារ​ការ​រង​នគរបាល​ការ​ពា​ព្រំដែន​គោក​លេខ​៨០៧​ ស្រុក​ថ្ម​ពួក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​ពុធ​ថា​ កាល​ពី​វេលា​ម៉ោង​ប្រមាណ​១​យប់​ថ្ងៃទី៧​ ខែ​មិថុនា​នេះ​ គេ​បាន​ប្រទះ​ឃើញ​ មាន​រថយន្ត​មួយ​គ្រឿង​មាន​ផ្ទុក​មនុស្ស​ចំនួន​១៥នាក់​ បាន​ធ្វើ​ដំណើរ​ចេញ​ពី​ភូមិ​កាប់​ត្រា​ យ៉ា​ ប្រហែល​៥០០​ម៉ែត្រ​មក​ដល់​ចំនុច​កើត​ហេតុ​ស្ថិត​ក្នុង​ភូមិ​ម្កាក់​ ឃុំ​ទ័ព​ថៃ​ ស្រុក​សាទ​ត្រៃយ៉ា​ ខេត្ត​ ស្រះ​កែវ​ ស្រាប់​តែ​រថយន្ត​មួយ​គ្រឿង​នោះ​ត្រូវ​បាន​ក្រឡាប់​ បណ្តាល​ឲ្យ​ស្រ្តី​ម្នាក់​ឈ្មោះ​យ៉ាន់​ សា​ ឌឿត​ អាយុ​២១ឆ្នាំ​ រស់​នៅ​ភូមិ​តាវង​ ឃុំ​ពន្លៃ​ ស្រុក​ភ្នំ​ស្រុក​ ខេត្ត​បន្ទាយ​មាន​ជ័យ​ ត្រូវ​បាន​ស្លាប់​ និង​មនុស្ស​៣នាក់​ទៀត​បាន​រង​របួស​ធ្ងន់​។​ លោក​បន្ត​ថា​ បើ​តាម​ប្រភព​អ្នក​ដំណើរ​រួម​គ្នា​បាន​ឲ្យ​ដឹង​ថា​ ករណី​នេះ​ត្រូវ​បាន​កើត​ឡើង​គឺ​បណ្តាល​មក​ពី​តាកុង​ឡាន​ជាប់​រវល់​និយាយ​ទូរ​សព្ទ័​ ក្នុង​ពេល​បើក​បរ​។​ ប៉ុន្តែ​បើ​តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​វិញ​បាន​ឲ្យ​ដឹង​ថា​ វា​អាច​បណ្តាល​មក​ពី​តំរួត​ថៃ​ដេញ​តាម​ចាប់​ឡាន​ពលរដ្ឋ​ខ្មែរ​ដែល​មាន​គម្រោង​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ ទើប​បណ្តាល​ឲ្យ​តា​កុង​ឡាន​មាន​ការ​ភិត​ភ័យ​ រួច​ធ្វើការ​បើកបរ​ក្នុង​ល្បឿន​លឿន​បែប​នេះ​។​ លោក​អៀម​ រដ្ឋា​បាន​និយាយ​ថា​ បច្ចុប្បន្ន​នេះ​ សាក​សព​ស្រ្តី​រង​គ្រោះ​ និង​អ្នក​រង​របួស​ផ្សេង​ទៀត​ ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​លំ​នៅ​ស្ថាន​រៀង​ៗ​ខ្លួន​ហើយ​។​


Tuesday, June 7, 2011

ស្រ្តីកូនខ្ចីម្នាក់ដែលជាប់ចោទពីបទក្លែងបន្លំឯកសារកម្មសិទ្ធដីលំនៅស្ថានមួយកន្លែងក្នុងខេត្តរតនគិរីត្រូវបានសាលាឧទ្ធរណ៍សម្រេចឲ្យនៅក្រៅឃុំ

ដោយៈ ឃួន​ លក្ខិណា

ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១១

ភ្នំពេញៈ លោក​សេង​ ស៊ីវត្ថា​ប្រធាន​ចៅ​ក្រម​នៃ​សាលា​ឧទ្ធរណ៍​រាជ​ធានី​ កាល​ពី​រសៀល​ថ្ងៃ​អង្គារនេះ​ បាន​សម្រេ​ច​ឲ្យ​ស្រ្តី​កូន​ខ្ចី​ឈ្មោះ​មាន​ ស៊ីថា​ ដែល​ជាប់​ចោទ​ពី​បទ​ ក្លែង​បណ្ណ័​កម្ម​សិទ្ធ​ លើ​ដី​លំ​នៅ​ស្ថាន​មួយ​កន្លែង​ក្នុង​ខេត្ត​រតនៈគីរី​ ត្រូវ​រស់​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន​សិន​។​
បើ​តាម​លោក​មេធាវី​ការ​ពារ​ក្តី​ឲ្យ​ស្ត្រី​ជាប់​ចោទ​ លោក​ហ៊ល​ ស៊ីណា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​អង្គារថា​ នៅ​ក្នុង​សាវនាការ​ កាល​ពី​ថ្ងៃអង្គារ​នេះ​ លោក​បាន​ធ្វើការ​បំភ្លឺ​ទៅ​លើ​អង្គ​ហេតុ​ជា​ច្រើន​ដំណាក់​កាល​ ពាក់​ពន្ធ័​និង​ការ​ចោទ​ប្រកាន់​កូន​ក្តី​លោក​ ដើម្បី​ស្នើ​ឲ្យ​តុលាការ​ធ្វើការ​ពិចារណា​លើ​ការ​រស់​នៅ​កូន​ក្តី​លោក​ក្នុង​ស្ថាន​ភាព​ជាក់​ស្តែង​នា​ពេលបច្ចុប្បន្ន​។​ លោកបន្តថា​ បន្ទាប់​ពី​ចៅ​ក្រម​ធ្វើការ​សាក​សួរ​រួច​មក​ តុលាការ​បាន​សម្រេច​ប្រកាស​ឲ្យ​កូន​ក្តី​លោក​រស់​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន​សិន​។​ លោក​ថ្លែង​ថា​៖«​តុលាការ​បាន​សម្រេច​បែប​នេះ​ ដោយ​យោង​ទៅ​លើ​ហេតុ​ផល​ទាំង​៤​ចំនុច​ធំ​ៗ​ ទី១​ សំអាង​ថា​ កូន​ក្តី​លោក​មិន​មាន​លទ្ធ​ភាព​លួច​រត់​ ទី២​ពុំ​មាន​ពិរុទ្ធភាព​គ្រប់​គ្រាន់​ ទី៣​ គាត់​នៅ​មាន​កូន​ខ្ចី​ ទី៤​ រឿង​នេះ​មាន​ចំណង​ពាក់​ពន្ធ័​និង​រដ្ឋប្បនី​នៅ​តុលាការ​កំពូល​»​។​ លោក​ថា​៖«​នៅ​ថ្ងៃ​ស្អែក​ ខ្ញុំ​និង​ធ្វើ​សុំនុំ​បែប​បទ​យក​កូន​ក្តី​ខ្ញុំ​ចេញ​ពី​មន្ទីរ​ឃុំ​ឃាំង​នៅ​ខេត្ត​រតនគិរី​ឲ្យ​បាន​»​។​
ពាក់​ពន្ធ​និង​ករណី​នេះ​ កាល​ពី​ថ្ងៃទី​១០​ ខែ​ឧសភា​ ឆ្នាំ​២០១១​ លោក​លូ​ ស៊ូ​សម្បត្តិ​ប្រធាន​តុលាការ​ខេត្ត​រតនគិរី​ បាន​ចេញ​ដីការ​នាំ​ខ្លួន​ស្រ្តី​ជាប់​ចោទ​ ឈ្មោះ​មាន​ ស៊ីថា​ អាយុ​៣៥ឆ្នាំ​ យក​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ ដោយ​ចោទ​ពី​បទ​ក្លែង​បណ្ណ័​កម្ម​សិទ្ធ​លើ​ដី​លំ​នៅ​ស្ថាន​មួយ​កន្លែង​ ទំហំ​៤៥​ ម៉ែត្រ​គុណ​និង​៦០​ម៉ែត្រ​ ពី​ឈ្មោះ​កែវ​ ហាវី​ និង​ញ៉ែម​ សុវណ្ណ​នី​ដែល​ត្រូវ​ជា​បង​ប្អូន​ជី​ដូន​មួយ​និង​ជន​ ជាប់​ចោទ​។​ ក្រោយ​ពី​មាន​ការ​ឃុំ​ខ្លួន​ស្រ្តី​មាន​ ស៊ីថា​រួច​មក​ មេធាវី​ការ​ពារ​ក្តី​ឲ្យ​ស្រ្តី​ជាប់​ចោទ​បាន​ ស្វែង​រក​ក្តី​អន្តរាគមន៍​ជា​បន្ត​បន្ទាប់​ពី​តុលាការ​ ដោយ​ស្នើ​សុំ​ឲ្យ​មាន​ការ​ដោះ​លែង​កូន​ក្តីរបស់​គាត់​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន​សិន​ ដោយ​ផ្អែក​លើ​កម្មវត្ថុ​ថា​ ស្រ្តី​ជាប់​ចោទ​អាច​មិន​មាន​សុខ​ភាព​រឹម​មាំ​ ព្រម​ទាំង​ថែរក្សា​កូន​ខ្ចី​អាយុ​៣ខែ​ផង​ដែរ​។​
លោក​ជួង​ អូន​អាយុ​៤៥ឆ្នាំ​រស់​នៅ​ភូមិ​ទី៣​ សង្កាត់​ឡា​បាន​សៀក​ ក្រុង​បាន​លុង​ ខេត្ត​រតនគិរី​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ប្រពន្ធ​លោក​មាន​ ស៊ីថា​ អាយុ​៣៥ឆ្នាំ​ បច្ចុប្បន្ន​កំពុង​ឈឺ​ទាស់​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​រតនគីរី​អស់​រយៈ​ពេល​ប្រហែល​២០​ថ្ងៃ​រួច​ហើយ​ រឺឯ​កូន​ខ្ចី​អាយុ​៣ខែ​វិញ​រាល់​ថ្ងៃ​តែង​ស្រែក​យំ​ ដោយ​សារ​តែ​បាត់​ម្តាយ​។​ លោក​បន្ត​ថា​ លោក​មាន​ឯក​សារ​គ្រប់​គ្រាន់​ ដើម្បី​បញ្ជាក់​ថា​ ប្រពន្ធ​លោក​គ្មាន​កំហុស​។​ លោក​ថ្លែង​ថា​៖«​ខ្ញុំ​មាន​ការ​សប្បាយ​ចិត្ត​គ្មាន​អ្វី​ប្រៀប​ នៅ​ពេល​ដែល​តុលាការ​ធ្វើការ​សម្រេច​ឲ្យ​ប្រពន្ធ​ខ្ញុំ​នៅ​ក្រៅ​ឃុំ​»​។​
លោក​លូ​ ស៊ូ​សម្បត្តិ​ប្រធាន​តុលាការ​ខេត្ត​រតនគិរី​បាន​មាន​ប្រសាសន៍​ថា​ ​លោក​បាន​ស្រាវ​ជ្រាវ​រក​ឃើញ​ថា​ ស្រ្តី​ជាប់​ចោទ​ពិត​ជា​បាន​ក្លែង​បន្លំ​ឯក​សារ​កម្មសិទ្ធ​ពិត​ប្រាកដ​មែន​ ព្រោះ​ខាង​ដើម​បណ្តឹង​មាន​ភស្តុ​តាង​គ្រប់​គ្រាន់​ដូច​ជា​ប្លង់​កម្ម​សិទ្ធ​ស្រប​ច្បាប់​។​ លោក​ថ្លែង​ថា​៖«​យើង​បាន​រក​ឃើញ​ ថា​ដើម​បណ្តឹង​ឈ្មោះ​កែវ​ ហាវី​ បាន​អនុញ្ញាត្តិ​ឲ្យ​ស្រ្តី​ជាប់​ចោទ​និង​គ្រួសារ​ស្នាក់​នៅ​លំនៅ​ដ្ឋាន​ដែល​មាន​ទីតាំង​នៅ​ខាង​លើ​មួយ​រយៈ​  ក្រោយ​មក​ស្រ្តី​ជាប់​ចោទ​បាន​លួច​ទៅ​ធ្វើ​ប្លន់​សារ​ជា​ថ្មី​ម្តង​ទៀត​។​
លោក​កែវ​ ហាវី​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​ក្នុង​ករណី​រឿង​ក្លែង​បណ្ណ័​កម្ម​សិទ្ធ​កាន់​កាប់​លំ​នៅ​ដ្ឋាន​ បាន​ឲ្យ​ដឹង​ថា​ នៅ​ពេល​ដែល​តុលាការ​សម្រេច​បែប​នេះ ​លោក​ក៏​មិន​មាន​អ្វី​និយាយ​ត​ទៅ​ទៀត​ដែរ​
ព្រោះ​លោក​គឺ​ជា​មនុស្សដែល​មាន​ការ​ជឿ​ជាក់​លើ​ការ​អនុវត្ត​និតិវិធី​របស់​តុលាការ​។​ លោក​ថ្លែង​​ថា​៖«​ប្រ​ការ​​ដែល​តុលាការ​សម្រេច​បែប​នេះ​ វា​គ្រាន់​តែ​ជា​មោនសចេតនា​ និង​ជា​យុទ្ធសាស្រ្ត​ស៊ើប​អង្កេត​រឿង​ក្តី​​របស់​តុលាការ​តែ​ប៉ុណ្ណោះ​ ប៉ុន្តែ​ការ​ផ្តល់​ភាព​យុត្តិធម៌​រឺ​មិន​យុទ្ធត្តិធម៌​នោះ​វាស្ថិត​នៅ​លើ​ការ​ជំនុំជំនះ​លើក​ចុង​ក្រោយ​ឯណោះ​ទេ​។​ លោក​បញ្ជាក់​ថា​៖« ផ្ទះ​របស់​ខ្ញុំ​បាន​មាន​កម្ម​សិទ្ធ​ពី​មុន​រួច​ហើយ​»​។​