Thursday, June 9, 2011

អាជ្ញាធរជាតិប្រយុទ្ធនិងជំងឺគ្រុនឈាមបានធ្វើការព្រមានហាមឃាត់ការប្រើប្រាស់ថ្នាំ៥ប្រភេទ

ដោយៈ ឃួន​ លក្ខិណា​
ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១១

ភ្នំពេញៈ មន្ត្រី​អាជ្ញារ​ជាតិ​ប្រយុទ្ធ​និង​ជំងឺ​គ្រុន​ឈាម​បាន​ធ្វើការ​ព្រមាន​កាល​ពី​ចុង​សប្តាហ៍​មុន​ថា​ គ្រប់​អាណា​ព្យា​បាល​កុមារ​ទាំង​អស់​ មិន​ត្រូវ​ប្រើប្រាស់​ថ្នាំ​ចំនួន​៥​ប្រភេទ​ ដែល​មាន​ ថ្នាំ​អាស្ពេរីន​   អាហ្វ្រេហ្សិក​ អាស្រ្ពូ​ យ៉ាខាំចៃ​រូប​ស្រី​បី​ណាក់​របស់​ថៃ​ និង​ថ្នាំ​រូប​តា​កា​ប៉ោង​ទេ​ ព្រោះ​ប្រភេទ​ថ្នាំ​ទាំង​នោះ​ អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​អាយុ​ជីវិត​របស់​កុមារ​។​
            លោក​ង៉ាន់​ ចន្ទ័​ថា​ ប្រធាន​កម្ម​វិធី​ជាតិ​ប្រយុទ្ធ​ជំងឺ​គ្រុន​ឈាម​នៃ​មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធ​និង​ ជំងឺ​គ្រុន​ចាញ់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ចុង​សប្តាហ៍​មុន​ថា​ ឥឡូវ​នេះ​រដូវ​គ្រុន​ឈាម​បាន​ឈាន​មក​ដល់​ហើយ​ ដូច្នេះ​លោក​សូម​ធ្វើការ​ហាម​ឃាត់​ដាច់​ខាត​ ចំពោះ​អាណា​ព្យាបាល​កុមារ​គ្រប់​រូប​ ដែល​មាន​កូន​តូច​នៅ​ក្នុង​គ្រួសារ​ គឺ​មិន​ត្រូវ​ប្រើប្រាស់​ថ្នាំ​ចំនួន​៥​ប្រភេទ​ ដែល​បាន​រៀប​រាប់​ពី​ខាង​លើ​នោះ​ឡើយ​ ព្រោះ​ប្រភេទ​ថ្នាំ​ទាំង​អស់​នោះ​ វា​សុទ្ធ​តែ​ជា​ប្រភេទ​ថ្នាំ​ ដែល​មាន​ជាតិ​អាស្ពេរីន​ច្រើន​អាច​បង្ក​ឲ្យ​កុមារ​មាន​ការ​ហូរ​ឈាម​កាន់​តែ​ច្រើន​ និង​បណ្តាល​ឲ្យ​ស្លាប់​បាន​។​ លោក​បន្ត​ថា​ ចំពោះ​ប្រភេទ​ថ្នាំ​ចំនួន​៥​ខាង​លើ​នេះ​ មិន​មែន​ហាម​តែ​កុមារ​តូច​ៗ​មួយ​ផ្នែក​ទេ​ ប៉ុន្តែ​មនុស្ស​ធំ​ដែល​កើត​ជំងឺ​គ្រុន​ឈាម​ ក៏​មិន​ត្រូវ​ប្រើប្រាស់​ដែរ​។​ លោក​ថ្លែង​ថា​៖«​អាណា​ព្យាបាល​កុមារ​គ្រប់​រូប ​ប្រសិន​បើ​សង្ស័យ​ថា​ កុមារ​បាន​ឆ្លង​ជំងឺ​គ្រុន​ឈាម​មិន​ត្រូវ​ធ្វើការ​ព្យាបាល​កុមារ​ដោយ​ខ្លួន​ឯង​ទេ​ គឺ​ត្រូវ​យក​ពួកគេ​ទៅ​រក​សេវា​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​រដ្ឋ​ រឺ​មណ្ឌល​សុខ​ភាព​»​។​ លោក​បញ្ជាក់​ថា​ បើ​តាម​ការ​អង្កេត​មក​ទល់​និង​ពេល​បច្ចុប្បន្ន​នេះ​ ការ​ប្រើប្រាស់​ថ្នាំ​៥​ប្រភេទ​ខាង​លើ​នេះ​ នៅ​តែ​កើត​មាន​ចំពោះ​ប្រជាពលរដ្ឋ​ នៅ​តាម​ជន​បទ​។​
          បើ​យោង​តាម​របាយការណ៍​របស់​កម្មវិធី​ជាតិ​ប្រយុទ្ធ​និង​ជំងឺ​គ្រុន​ឈាម​បាន​ឲ្យ​ដឹង​ថា គិត​មក​ដល់​រយៈ​ពេល​៥​ខែ​នៃ​ដើម​ឆ្នាំ​២០១១​នេះ​ មាន​កុមារ​ចំនួន​៨៤៥​ករណី​ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ ក្នុង​នោះ​មាន​កុមារ​ចំនួន​៨នាក់​ត្រូវ​បាន​ស្លាប់​ ដោយ​សារ​ជំងឺ​គ្រុន​ឈាន​។​ ចំនួន​នេះ​បើ​គិត​ក្នុង​រយៈ​ពេល​ដូច​គ្នា​ កាល​ពី​ឆ្នាំ​២០១០​ បាន​ឲ្យ​ដឹង​ថា​ ករណី​ឈឺ​មាន​ត្រឹម​តែ​៧៣១​នាក់​ រឺ​ឯ​ករណី​ស្លាប់​មាន​៤​នាក់​។​ លោក​ង៉ាន់​ ចន្ទ័​ថា​បញ្ជាក់​ថា​ តាម​រយៈ​របាយការណ៍​នេះ​ មាន​ន័យ​ថា​  ស្ថាន​ភាព​ជំងឺ​គ្រុន​ឈាន​អាច​ឈាន​ទៅ​រក​ការ​ប្រកាស​អាសន្ន​ហើយ​។​
            អ្នក​ស្រី​លឿង​ ពៀត​អាយុ​៥៣ឆ្នាំ​រស់​នៅ​ស្រុក​ក្បាល​ដំរី ​ខេត្ត​ស្វាយ​រៀង​បាន​ឲ្យ​ដឹង​ថា​សព្វ​ថ្ងៃ​នេះ​អ្នក​ស្រី​មាន​ចៅ​អាយុ​៨ឆ្នាំ​រស់​នៅ​ជាមួយ​សព្វ​ថ្ងៃ​។ ​អ្នក​ស្រី​បន្ត​ថា​ នៅ​ថ្ងៃ​មួយ​ចៅ​អ្នក​ស្រី​កើត​មាន​ជំងឺ​ក្តៅ​ខ្លួន​ផ្តាសាយ​ធម្មតា​ ព្រម​ទាំង​ឈឺ​ធ្មេញ​ថែម​ទៀត​ បន្ទាប់​មកអ្នកជិត​ខាង​នៅ​ក្បែរ​ផ្ទះ​បាន​ប្រាប់​អ្នក​ស្រី​ឲ្យ​ទៅ​ទិញ​ថ្នាំ​ប្រភេទ​យ៉ា​ខាំ​ចៃ​ ដើម្បី​ព្យាបាល​ចៅ​អ្នក​ស្រី​ ក្រោយ​មក​ចៅ​អ្នកស្រី​ក៏​បាន​ធូរ​ស្រាល​ពី​ជំងឺ​ទាំង​នោះ​។​ អ្នក​ស្រី​និយាយ​ថា​៖«​ ខ្ញុំ​បាន​ឡើង​ទៅ​ទិញ​ថ្នាំ​យ៉ាខាំចៃ​នៅ​ឱសថ​ស្ថាន​មួយ​កន្លែង​ ដែល​ស្ថិត​នៅ​ស្រុក​ដូន​សរ​ ចំងាយ​ពី​ផ្ទះ​របស់​ខ្ញុំ​ប្រមាណ​៥គីឡូ​ម៉ែត្រ​។​  នៅ​ពេល​ទៅ​ទិញ​ ខ្ញុំ​មិន​បាន​ប្រាប់​អំពី​អាការៈ​ចៅ​ខ្ញុំ​ឲ្យ​គ្រូពេទ្យ​ទេ​ ដោយ​ខ្ញុំ​គ្រាន់​តែ​សាក​ល្បង​ប្រើប្រាស់​ថ្នាំ​នោះ​សិន​ប៉ុណ្ណោះ​»​។​ អ្នក​ស្រី​បញ្ជាក់​ថា​៖«​ ខ្ញុំ​បាន​ប្រើប្រាស់​ថ្នាំ​នោះ​ ដោយ​សារ​តែ​ខ្ញុំ​មិន​ដឹង​អំពី​ផល​ប៉ះ​ពាល់​របស់​វា​ ដូច្នេះ​ពី​ថ្ងៃ​នេះ​ទៅ​ ខ្ញុំ​និង​យក​ចៅ​ទៅ​មន្ទីរ​ពេទ្យ​ប្រសិន​បើ​វា​ឈឹ​»​។​
           លោក​សុខ​ សុគន្ធ​ប្រធាន​មន្ទីរ​សុខាភិបាល​រាជ​ធានី​បាន​មាន​ប្រសាសន៍​ថា​ ពាក់​ពន្ធ័​និង​បញ្ហា​នេះ​ យើង​គួរ​តែ​បង្កើន​ការ​ផ្សព្វ​ផ្សាយ​ឲ្យ​បាន​កាន់​តែ​ខ្លាំង​ថែម​ទៀត​ ដើម្បី​ជៀស​វាង​ការ​ប្រើ​ប្រាស់​នូវ​ប្រភេទ​ថ្នាំ​ទាំង​អស់​នេះ​។​
         លោក​យឹម​ យ៉ាន់​ប្រធាន​កិត្តិយ​សសមាគម​ឱសថការី​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា​ ថ្នាំ​៥​ប្រភេទ​​នេះ​ ថ្វី​ត្បិត​តែ​គេ​ហាម​ឃាត់​មិន​ឲ្យ​ប្រើប្រាស់​មែន​ ក៏​ប៉ុន្តែ​មិន​បាន​ហាម​ឃាត់​មិន​ឲ្យ​លក់​ នោះ​ទេ​ ដូច្នេះ​មាន​ន័យ​ថា​ មនុស្ស​ចាស់​អាច​ប្រើប្រាស់​ថ្នាំ​ប្រភេទ​អាស្ពេរីន​បាន​ ប្រសិន​បើ​ក្នុង​ករណី​ពួក​គេ​គ្មាន​ជំងឺ​គ្រុន​ឈាម​។​ លោក​បន្ត​ថា​ អ្នក​លក់​ថ្នាំ​ពេទ្យ​គួរ​តែ​យល់​អំពី​អាការៈ​អ្នក​ជំងឺ​ឲ្យ​ច្បាស់​មិន​មែន​ចេះ​តែ​លក់​ថ្នាំ​តែ​មួយ​មុខ​នោះ​ទេ​។​ លោក​បញ្ជាក់​ថា​៖«​ដើម្បី​ជា​វិធានការណ៍​ទប់​ស្កាត់​ គ្រប់​មាតា​បីតា​ ទាំង​អស់​ត្រូវ​តែ​ចូល​រួម​ស្តាប់​នូវ​ការ​អប់​រំ​សុខ​ភាព​របស់​មន្ត្រី​សុខាភិបាល​ ហើយ​ពេល​កូន​ឈឺ​ត្រូវ​រត់​ រក​គ្រូ​ពេទ្យ​ មិន​មែន​រត់​ទៅ​រក​អ្នក​លក់​ថ្នាំ​ទេ​»​។​
           






Wednesday, June 8, 2011

ស្រ្តីកូនខ្ចីក្នុងបណ្តឹងក្លែងបណ្ណ័កម្មសិទ្ធលើដីលំនៅដ្ខានក្នុងខេត្តរតនគិរីត្រូវបានឆ្មាំយាមគុកធ្វើការដោះលែង

ដោយៈ ឃួន លក្ខិណា

ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១១

រតនគិរីៈ ឆ្មាំ​យាម​គុក​ប្រចាំ​ខេត្ត​រតនគិរី​បាន​ធ្វើការ​ដោះ​លែង​ស្រ្តី​កូន​ខ្ចី​ដែល​ជាប់​ពាក់​ពន្ធ័​និង​ករណី​ក្លែង​បណ្ណ័​កម្ម​សិទ្ធ​លំ​នៅ​ដ្ឋាន​ ឲ្យ​មាន​សេរីភាព​បណ្តោះ​អាសន្ន​ កាល​ពី​វេលា​ម៉ោង​​៥និង​៤៥​នាទី​ល្ងាច​ថ្ងៃ​ពុធ​ម្សិល​ម្ងៃ​។​
លោក​ហ៊ល​ ស៊ីណា​ មេធាវី​ការ​ពារ​ក្តី​ឲ្យ​ស្រ្តី​ជាប់​ចោទ​មាន​ ស៊ី​ថា​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​ពុធ​ថា​ កាល​ពី​ថ្ងៃ​ពុធ​នេះ​ លោក​បាន​ធ្វើ​ដំណើរ​ចេញ​ពី​ទី​ក្រុង​ភ្នំពេញ​ ឆ្ពោះ​ទៅ​កាន់​ពន្ធនាគារ​ខេត្ត​រតនគិរី​ ដើម្បី​រត់​ការ​ធ្វើ​យ៉ាង​ណា​ឲ្យ​កូន​ក្តី​លោក​បាន​ឆាប់​ចេញ​ពី​ពន្ធនាគារ​ ដោយ​សារ​តែ​កូន​ក្តី​លោក​គឺ​ជា​ស្រ្តី​ម្នាក់​ដែល​ទើប​និង​ឆ្លង​ទន្លេ​រួច​ ហើយ​សុខ​ភាព​ក៏​មិន​សូវ​រឹង​មាំ​ថែម​ទៀត​ផង​។​លោក​ថ្លែង​ថា​៖​«ការ​ដោះ​លែង​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​យោង​ទៅ​តាម​ដីការ​បញ្ជារ​របស់​តុលាការ​សាលា​ឧទ្ធរណ៍​ដែល​បាន​ប្រកាស​កាល​ពីរ​សៀល​ថ្ងៃ​ទី៧​ ខែ​មិថុនា​នេះ​ ដោយ​សម្រេច​ឲ្យ​កូន​ក្តី​ខ្ញុំ​រស់​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​​អាសន្ន​»​។​
គួរ​រំលឹក​ថា​ កាល​ពី​ថ្ងៃទី​១០​ ខែ​ឧសភា​ ឆ្នាំ​២០១១​ តុលាការ​ខេត្ត​រតនគិរី​បាន​ចេញ​ដីការ​នាំ​ខ្លួន​ស្រ្តី​ឈ្មោះ​មាន​ ស៊ីថា​ អាយុ​៣៥ឆ្នាំ​ យក​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ ដោយ​ចោទ​ពី​បទ​ក្លែង​បណ្ណ័​កម្ម​សិទ្ធ​លើ​ដី​ទំហំ​៤៥ម៉ែត្រ​គុណ​និង​៦០​ម៉ែត្រ​ពី​ឈ្មោះ​កែវ​ ហាវី​ និង​ញ៉ែម​ សុវណ្ណនី​ ដែល​ត្រូវ​ជា​បង​ប្អូន​ជី​ដូន​មួយ​និង​គ្នា​។​
អ្នក​ស្រី​មាន​ ស៊ីថា​ អាយុ​៣៥​ឆ្នាំ​ចុង​ចោទ​ក្នុង​បណ្តឹង​ក្លែង​បណ្ណ័​កម្ម​សិទ្ធ​លើ​ដី​លំ​នៅ​ដ្ឋាន​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​ព្រហស្បត្តិ៍​ថា​ អ្នក​ស្រី​បាន​ចេញ​ពី​មន្ទីរ​ឃុំ​ឃាំង​នៅ​ថ្ងៃ​រសៀល​ថ្ងៃ​ពុធ​ នេះ​បន្ទាប់​ពី​តុលាការ​បាន​ធ្វើការ​ឃុំ​ខ្លួន​អ្នក​ស្រី​អស់​រយៈ​ពេល​ជាង​២០​ថ្ងៃ​រួច​មក​។​ អ្នកស្រីបន្តថា​ អ្នក​ស្រី​មិន​មាន​ផល​វិបាក​អ្វី​ខ្លាំង​ទេ​ ពេល​រស់​នៅ​ក្នុង​មន្ទីរ​ឃុំ​ឃាំង​ខេត្ត​រតនគិរី​ ព្រោះ​ឆ្មាំ​យាម​គុក​បាន​យក​ចិត្ត​ទុក​ដាក់​ថែ​រក្សា​សុខ​ភាព​របស់​អ្នក​ស្រី​។​ អ្នក​ស្រី​ថ្លែង​ថា​៖«​ជា​ការ​ពិត​ ពេល​រស់​នៅ​ក្នុង​ពន្ធនា​ គារ​ខ្ញុំ​ពិត​ជា​មាន​ជំងឺ​ឈឺ​ទាស់​មែន​ ដោយ​សារ​តែ​ការ​គិត​ព្រួយ​បារម្ភ​ច្រើន​ ប៉ុន្តែ​ឥឡូវ​នេះ​សុខ​ភាព​ខ្ញុំ​បាន​ល្អ​គ្រាន់​បើ​ហើយ​ គ្រាន់​នៅ​មាន​អាការៈ​ឈឺ​វិល​មុខ​បន្តិច​បន្តួច​ទេ​»​។​ អ្នក​ស្រី​បញ្ជាក់​ថា​៖«​ខ្ញុំ​សូម​សំណូម​ពរ​ដល់​តុលាការ​ខេត្ត​រតនគិរី​ មេត្តា​ជួយ​ស្រាវ​ជ្រាវ​ក្នុង​រឿង​នេះ​ ឲ្យ​បាន​ច្បាស់​លាស់​ផង​ ដើម្បី​កុំ​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​មនុស្ស​គ្មាន​ទោស​ដូច​ជា​រូប​ខ្ញុំ​ត​ទៀត​»​។​
បើ​ទោះ​បី​ជា​ស្រ្តី​ជាប់​ចោទ​មាន​ ស៊ីថា​ ត្រូវ​បាន​សាលា​ឧទ្ធរណ៍​សម្រេច​ដោះ​លែង​ឲ្យ​មាន​សេរី​ភាព​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​ក៏​ពិត​មែន​ ប៉ុន្តែ​ខាង​តុលាការ​ខេត្ត​រតនគិរី​ នៅ​តែ​ធ្វើការ​ចោទ​ប្រកាន់​ ស្រ្តី​រូប​នេះ​ដដែល​ ពី​បទ​ក្លែង​បណ្ណ័​កម្ម​សិទ្ធ​លើ​ដី​លំ​នៅ​ស្ថាន​ក្នុង​ខេត្ត​រតនគិរី​។​













ពលករខ្មែរខុសច្បាប់ម្នាក់ត្រូវបានស្លាប់និង៣នាក់ផ្សេងទៀតបានរងរបួសធ្ងន់ដោយសារគ្រោះក្រឡាប់ឡាន

ដោយៈ ឃួន​ លក្ខិណា​

ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១១
ខេត្តបន្ទាយមានជ័យៈ អាជ្ញាធរ​ការពារ​ព្រំដែន​កម្ពុជា​-​ថៃ​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​ថា​ យ៉ាង​ហេច​ណាស់​មាន​ពលករ​ខ្មែរ​ខុស​ច្បាប់​ចំនួន​ម្នាក់​ត្រូវ​បាន​ស្លាប់​ និង​៣នាក់​ផ្សេង​ទៀត​បាន​រង​របួស​ធ្ងន់​ ដោយ​សារ​គ្រោះ​ក្រឡាប់​ឡាន​ កាល​ពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ ថ្ងៃទី៧​ ខែមិថុនា​ ឆ្នាំ​២០១១​។​
            បើ​តាម​លោក​អៀម​ រដ្ឋា​មេ​បញ្ជារ​ការ​រង​នគរបាល​ការ​ពា​ព្រំដែន​គោក​លេខ​៨០៧​ ស្រុក​ថ្ម​ពួក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​ពុធ​ថា​ កាល​ពី​វេលា​ម៉ោង​ប្រមាណ​១​យប់​ថ្ងៃទី៧​ ខែ​មិថុនា​នេះ​ គេ​បាន​ប្រទះ​ឃើញ​ មាន​រថយន្ត​មួយ​គ្រឿង​មាន​ផ្ទុក​មនុស្ស​ចំនួន​១៥នាក់​ បាន​ធ្វើ​ដំណើរ​ចេញ​ពី​ភូមិ​កាប់​ត្រា​ យ៉ា​ ប្រហែល​៥០០​ម៉ែត្រ​មក​ដល់​ចំនុច​កើត​ហេតុ​ស្ថិត​ក្នុង​ភូមិ​ម្កាក់​ ឃុំ​ទ័ព​ថៃ​ ស្រុក​សាទ​ត្រៃយ៉ា​ ខេត្ត​ ស្រះ​កែវ​ ស្រាប់​តែ​រថយន្ត​មួយ​គ្រឿង​នោះ​ត្រូវ​បាន​ក្រឡាប់​ បណ្តាល​ឲ្យ​ស្រ្តី​ម្នាក់​ឈ្មោះ​យ៉ាន់​ សា​ ឌឿត​ អាយុ​២១ឆ្នាំ​ រស់​នៅ​ភូមិ​តាវង​ ឃុំ​ពន្លៃ​ ស្រុក​ភ្នំ​ស្រុក​ ខេត្ត​បន្ទាយ​មាន​ជ័យ​ ត្រូវ​បាន​ស្លាប់​ និង​មនុស្ស​៣នាក់​ទៀត​បាន​រង​របួស​ធ្ងន់​។​ លោក​បន្ត​ថា​ បើ​តាម​ប្រភព​អ្នក​ដំណើរ​រួម​គ្នា​បាន​ឲ្យ​ដឹង​ថា​ ករណី​នេះ​ត្រូវ​បាន​កើត​ឡើង​គឺ​បណ្តាល​មក​ពី​តាកុង​ឡាន​ជាប់​រវល់​និយាយ​ទូរ​សព្ទ័​ ក្នុង​ពេល​បើក​បរ​។​ ប៉ុន្តែ​បើ​តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​វិញ​បាន​ឲ្យ​ដឹង​ថា​ វា​អាច​បណ្តាល​មក​ពី​តំរួត​ថៃ​ដេញ​តាម​ចាប់​ឡាន​ពលរដ្ឋ​ខ្មែរ​ដែល​មាន​គម្រោង​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ ទើប​បណ្តាល​ឲ្យ​តា​កុង​ឡាន​មាន​ការ​ភិត​ភ័យ​ រួច​ធ្វើការ​បើកបរ​ក្នុង​ល្បឿន​លឿន​បែប​នេះ​។​ លោក​អៀម​ រដ្ឋា​បាន​និយាយ​ថា​ បច្ចុប្បន្ន​នេះ​ សាក​សព​ស្រ្តី​រង​គ្រោះ​ និង​អ្នក​រង​របួស​ផ្សេង​ទៀត​ ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​លំ​នៅ​ស្ថាន​រៀង​ៗ​ខ្លួន​ហើយ​។​


Tuesday, June 7, 2011

ស្រ្តីកូនខ្ចីម្នាក់ដែលជាប់ចោទពីបទក្លែងបន្លំឯកសារកម្មសិទ្ធដីលំនៅស្ថានមួយកន្លែងក្នុងខេត្តរតនគិរីត្រូវបានសាលាឧទ្ធរណ៍សម្រេចឲ្យនៅក្រៅឃុំ

ដោយៈ ឃួន​ លក្ខិណា

ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១១

ភ្នំពេញៈ លោក​សេង​ ស៊ីវត្ថា​ប្រធាន​ចៅ​ក្រម​នៃ​សាលា​ឧទ្ធរណ៍​រាជ​ធានី​ កាល​ពី​រសៀល​ថ្ងៃ​អង្គារនេះ​ បាន​សម្រេ​ច​ឲ្យ​ស្រ្តី​កូន​ខ្ចី​ឈ្មោះ​មាន​ ស៊ីថា​ ដែល​ជាប់​ចោទ​ពី​បទ​ ក្លែង​បណ្ណ័​កម្ម​សិទ្ធ​ លើ​ដី​លំ​នៅ​ស្ថាន​មួយ​កន្លែង​ក្នុង​ខេត្ត​រតនៈគីរី​ ត្រូវ​រស់​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន​សិន​។​
បើ​តាម​លោក​មេធាវី​ការ​ពារ​ក្តី​ឲ្យ​ស្ត្រី​ជាប់​ចោទ​ លោក​ហ៊ល​ ស៊ីណា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​អង្គារថា​ នៅ​ក្នុង​សាវនាការ​ កាល​ពី​ថ្ងៃអង្គារ​នេះ​ លោក​បាន​ធ្វើការ​បំភ្លឺ​ទៅ​លើ​អង្គ​ហេតុ​ជា​ច្រើន​ដំណាក់​កាល​ ពាក់​ពន្ធ័​និង​ការ​ចោទ​ប្រកាន់​កូន​ក្តី​លោក​ ដើម្បី​ស្នើ​ឲ្យ​តុលាការ​ធ្វើការ​ពិចារណា​លើ​ការ​រស់​នៅ​កូន​ក្តី​លោក​ក្នុង​ស្ថាន​ភាព​ជាក់​ស្តែង​នា​ពេលបច្ចុប្បន្ន​។​ លោកបន្តថា​ បន្ទាប់​ពី​ចៅ​ក្រម​ធ្វើការ​សាក​សួរ​រួច​មក​ តុលាការ​បាន​សម្រេច​ប្រកាស​ឲ្យ​កូន​ក្តី​លោក​រស់​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន​សិន​។​ លោក​ថ្លែង​ថា​៖«​តុលាការ​បាន​សម្រេច​បែប​នេះ​ ដោយ​យោង​ទៅ​លើ​ហេតុ​ផល​ទាំង​៤​ចំនុច​ធំ​ៗ​ ទី១​ សំអាង​ថា​ កូន​ក្តី​លោក​មិន​មាន​លទ្ធ​ភាព​លួច​រត់​ ទី២​ពុំ​មាន​ពិរុទ្ធភាព​គ្រប់​គ្រាន់​ ទី៣​ គាត់​នៅ​មាន​កូន​ខ្ចី​ ទី៤​ រឿង​នេះ​មាន​ចំណង​ពាក់​ពន្ធ័​និង​រដ្ឋប្បនី​នៅ​តុលាការ​កំពូល​»​។​ លោក​ថា​៖«​នៅ​ថ្ងៃ​ស្អែក​ ខ្ញុំ​និង​ធ្វើ​សុំនុំ​បែប​បទ​យក​កូន​ក្តី​ខ្ញុំ​ចេញ​ពី​មន្ទីរ​ឃុំ​ឃាំង​នៅ​ខេត្ត​រតនគិរី​ឲ្យ​បាន​»​។​
ពាក់​ពន្ធ​និង​ករណី​នេះ​ កាល​ពី​ថ្ងៃទី​១០​ ខែ​ឧសភា​ ឆ្នាំ​២០១១​ លោក​លូ​ ស៊ូ​សម្បត្តិ​ប្រធាន​តុលាការ​ខេត្ត​រតនគិរី​ បាន​ចេញ​ដីការ​នាំ​ខ្លួន​ស្រ្តី​ជាប់​ចោទ​ ឈ្មោះ​មាន​ ស៊ីថា​ អាយុ​៣៥ឆ្នាំ​ យក​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ ដោយ​ចោទ​ពី​បទ​ក្លែង​បណ្ណ័​កម្ម​សិទ្ធ​លើ​ដី​លំ​នៅ​ស្ថាន​មួយ​កន្លែង​ ទំហំ​៤៥​ ម៉ែត្រ​គុណ​និង​៦០​ម៉ែត្រ​ ពី​ឈ្មោះ​កែវ​ ហាវី​ និង​ញ៉ែម​ សុវណ្ណ​នី​ដែល​ត្រូវ​ជា​បង​ប្អូន​ជី​ដូន​មួយ​និង​ជន​ ជាប់​ចោទ​។​ ក្រោយ​ពី​មាន​ការ​ឃុំ​ខ្លួន​ស្រ្តី​មាន​ ស៊ីថា​រួច​មក​ មេធាវី​ការ​ពារ​ក្តី​ឲ្យ​ស្រ្តី​ជាប់​ចោទ​បាន​ ស្វែង​រក​ក្តី​អន្តរាគមន៍​ជា​បន្ត​បន្ទាប់​ពី​តុលាការ​ ដោយ​ស្នើ​សុំ​ឲ្យ​មាន​ការ​ដោះ​លែង​កូន​ក្តីរបស់​គាត់​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន​សិន​ ដោយ​ផ្អែក​លើ​កម្មវត្ថុ​ថា​ ស្រ្តី​ជាប់​ចោទ​អាច​មិន​មាន​សុខ​ភាព​រឹម​មាំ​ ព្រម​ទាំង​ថែរក្សា​កូន​ខ្ចី​អាយុ​៣ខែ​ផង​ដែរ​។​
លោក​ជួង​ អូន​អាយុ​៤៥ឆ្នាំ​រស់​នៅ​ភូមិ​ទី៣​ សង្កាត់​ឡា​បាន​សៀក​ ក្រុង​បាន​លុង​ ខេត្ត​រតនគិរី​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ប្រពន្ធ​លោក​មាន​ ស៊ីថា​ អាយុ​៣៥ឆ្នាំ​ បច្ចុប្បន្ន​កំពុង​ឈឺ​ទាស់​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​រតនគីរី​អស់​រយៈ​ពេល​ប្រហែល​២០​ថ្ងៃ​រួច​ហើយ​ រឺឯ​កូន​ខ្ចី​អាយុ​៣ខែ​វិញ​រាល់​ថ្ងៃ​តែង​ស្រែក​យំ​ ដោយ​សារ​តែ​បាត់​ម្តាយ​។​ លោក​បន្ត​ថា​ លោក​មាន​ឯក​សារ​គ្រប់​គ្រាន់​ ដើម្បី​បញ្ជាក់​ថា​ ប្រពន្ធ​លោក​គ្មាន​កំហុស​។​ លោក​ថ្លែង​ថា​៖«​ខ្ញុំ​មាន​ការ​សប្បាយ​ចិត្ត​គ្មាន​អ្វី​ប្រៀប​ នៅ​ពេល​ដែល​តុលាការ​ធ្វើការ​សម្រេច​ឲ្យ​ប្រពន្ធ​ខ្ញុំ​នៅ​ក្រៅ​ឃុំ​»​។​
លោក​លូ​ ស៊ូ​សម្បត្តិ​ប្រធាន​តុលាការ​ខេត្ត​រតនគិរី​បាន​មាន​ប្រសាសន៍​ថា​ ​លោក​បាន​ស្រាវ​ជ្រាវ​រក​ឃើញ​ថា​ ស្រ្តី​ជាប់​ចោទ​ពិត​ជា​បាន​ក្លែង​បន្លំ​ឯក​សារ​កម្មសិទ្ធ​ពិត​ប្រាកដ​មែន​ ព្រោះ​ខាង​ដើម​បណ្តឹង​មាន​ភស្តុ​តាង​គ្រប់​គ្រាន់​ដូច​ជា​ប្លង់​កម្ម​សិទ្ធ​ស្រប​ច្បាប់​។​ លោក​ថ្លែង​ថា​៖«​យើង​បាន​រក​ឃើញ​ ថា​ដើម​បណ្តឹង​ឈ្មោះ​កែវ​ ហាវី​ បាន​អនុញ្ញាត្តិ​ឲ្យ​ស្រ្តី​ជាប់​ចោទ​និង​គ្រួសារ​ស្នាក់​នៅ​លំនៅ​ដ្ឋាន​ដែល​មាន​ទីតាំង​នៅ​ខាង​លើ​មួយ​រយៈ​  ក្រោយ​មក​ស្រ្តី​ជាប់​ចោទ​បាន​លួច​ទៅ​ធ្វើ​ប្លន់​សារ​ជា​ថ្មី​ម្តង​ទៀត​។​
លោក​កែវ​ ហាវី​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​ក្នុង​ករណី​រឿង​ក្លែង​បណ្ណ័​កម្ម​សិទ្ធ​កាន់​កាប់​លំ​នៅ​ដ្ឋាន​ បាន​ឲ្យ​ដឹង​ថា​ នៅ​ពេល​ដែល​តុលាការ​សម្រេច​បែប​នេះ ​លោក​ក៏​មិន​មាន​អ្វី​និយាយ​ត​ទៅ​ទៀត​ដែរ​
ព្រោះ​លោក​គឺ​ជា​មនុស្សដែល​មាន​ការ​ជឿ​ជាក់​លើ​ការ​អនុវត្ត​និតិវិធី​របស់​តុលាការ​។​ លោក​ថ្លែង​​ថា​៖«​ប្រ​ការ​​ដែល​តុលាការ​សម្រេច​បែប​នេះ​ វា​គ្រាន់​តែ​ជា​មោនសចេតនា​ និង​ជា​យុទ្ធសាស្រ្ត​ស៊ើប​អង្កេត​រឿង​ក្តី​​របស់​តុលាការ​តែ​ប៉ុណ្ណោះ​ ប៉ុន្តែ​ការ​ផ្តល់​ភាព​យុត្តិធម៌​រឺ​មិន​យុទ្ធត្តិធម៌​នោះ​វាស្ថិត​នៅ​លើ​ការ​ជំនុំជំនះ​លើក​ចុង​ក្រោយ​ឯណោះ​ទេ​។​ លោក​បញ្ជាក់​ថា​៖« ផ្ទះ​របស់​ខ្ញុំ​បាន​មាន​កម្ម​សិទ្ធ​ពី​មុន​រួច​ហើយ​»​។​







Monday, June 6, 2011

អជ្ញាធរក្រុងសិរីសោភណ្ឌបានបញ្ជារឲ្យម្ចាស់អាជីវកម្មកាយភ្នំបើកការដ្ឋានជួសជុលផ្លូវ

ដោយៈ ឃួន​ លក្ខិណា​
ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១១

បន្ទាយមានជ័យ៖ មន្ត្រី​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ អាជ្ញាធរ​ខេត្ត​នេះ​ បាន​បញ្ជា​ឲ្យ​លោក​ឧត្តម​សេនី​យ៍​ត្រី​ភ្លន់​ តារា​ ម្ចាស់​អាជីវកម្ម​កាយ​ភ្នំ​ក្នុង​សង្កាត់​អូរអំបិល​ រៀប​ចំ​ជួស​ជុល​ឡើង​វិញ​នូវ​កំណាត់​ផ្លូវ​មួយ​ត្រង់​ចំណុច​ឆ្ពោះ​ទៅ​កាន់​សាលា​វិទ្យាល័យ​សម្តេច​ក្រុម​ព្រះ​។​
         ការ​ដ្ឋាន​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​មាន​សេចក្តីរាយ​ការណ៏​មួយ​ពី​ប្រជាពល​រដ្ឋ​ជា​ច្រើន​រយ​នាក់​រស់​នៅ​ក្នុង​ភូមិ​អូរ​អំបិល​ សង្កាត់​អូរ​អំបិល​ ក្រុង​សិរីសោ​ភណ្ឌ​ បាន​ផ្ញើរ​ទៅ​កាន់​អាជ្ញាធរ​មូល​ដ្ឋាន​កាល​ពី​ថ្ងៃទី២​ ខែមិថុនា​ ឆ្នាំ​២០១១​ ដោយ​ផ្តោត​លើ​ការ​ខូច​ខាត​ផ្លូវ​ ព្រោះ​តែ​រថយន្ត​អាជីវកម្ម​ធុន​ធ្ងន់​បាន​បើក​បរ​ឆ្លង​កាត់​ជា​រៀង​រាល់​ថ្ងៃ​។​
លោក​ស្តើង​ ស៊ីវ​ហឺ​នាយក​រង​វិទ្យាល័យ​សម្តេច​ក្រុម​ព្រះ​បាន​មាន​ប្រសាសន៍​ថា​ ផ្លូវ​នេះ​បាន​ កសាង​ក្រាល​បេតុង​តាំង​ពី​ឆ្នាំ​២០០៩​ ដោយ​ត​ភ្ជាប់​ពី​វិទ្យាល័យ​សម្តេច​ក្រុម​ព្រះ ​ឆ្ពោះ​ទៅ​តំបន់​ភ្នំ​។​ លោក​បន្ត​ថា​ កាល​ពី​ពាក់​កណ្តាល​ឆ្នាំ​២០១០​ បញ្ហា​នេះ​បាន​កើត​មាន​ម្តង​រួច​មក​ហើយ​ ប៉ុន្តែ​វា​បាន​ស្ងប់​ស្ងាត់​ទៅ​វិញ​ បន្ទាប់​ពី​មាន​អន្តរាគមន៍​។​ ប៉ុន្តែ​ឥឡូវ​ បញ្ហានេះ​បានកើត​ឡើង​ម្តង​ទៀត​ ដូច្នេះ​ពល​រដ្ឋ​​គ្រាន់​តែ​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ធ្វើការ​បញ្ឈប់​ឡាន​ដឹក​ដី​មិន​ឲ្យ​បរ​កាត់​ត​ទៅ​ទៀត​ ព្រម​ទាំង​ធ្វើការ​ជួល​ជុល​ផ្លូវ​នេះ​ឡើង​វិញ​ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​សិស្ស​ លោក​គ្រូ​-​អ្នកគ្រូ​ និង​ប្រជាពលរដ្ឋ​​រស់​នៅ​ទី​នេះ។​ លោក​និយាយ​ថា​៖«​ខ្ញុំ​បាន​ប្រាប់​ទៅមន្ត្រីសាលា​ក្រុងជា​ច្រើន​លើក​រួចមកហើយ ពី​បញ្ហា​នេះ​ ប៉ុន្តែ​នៅ​តែ​មិន​អាច​ហាម​ឃាត់​រថយន្ត​ធំៗ​បើក​បរ​កាត់​ត​ទៅ​ទៀត​បាន»​។​
            លោក​មាន​ ចន្ថា​ អាយុ​៤៥ឆ្នាំ​ ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​អូរ​អំបិល​ សង្កាត់​អូរ​អំបិល​ ក្រុង​សីរី​ សោភណ្ឌ័​ ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​មាន​ប្រសាសន៍​ថា​ លោក​មាន​ការ​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង​នៅ​ ពេល​ដែល​អាជ្ញាធរ​បាន​រៀប​ចំ​ជួស​ជុល​ផ្លូវ​នេះ​ឡើង​វិញ​ ព្រោះ​ដើម្បី​ជៀស​ផុត​នូវ​ករណី​គ្រោះ​ថ្នាក់​ ផ្សេង​ៗ​ចំពោះ​អ្នក​ដំណើរ​ដូច​ជា​ប្រជាពលរដ្ឋ​ សិស្ស​ គ្រូ​ជាដើម​។​ លោក​ថ្លែង​ថា​៖«​បើទោះបី​ជា​មាន​ ការ​ជួស​ជុល​ផ្លូវ​នេះ​ឡើង​វិញ​ក៏​ដោយ​ ប៉ុន្តែ​យើង​មិន​ចង់​ឲ្យ​រថយន្ត​ធ្វើ​អាជីវកម្ម​ធំ​ៗ​ ធ្វើការ​បើក​បរ​នៅ​លើ​ផ្លូវ​មួយ​ខ្សែរ​នេះ​ត​ទៅ​ទៀត​ទេ​»​។​
​លោក​ឧត្តម​សេនីយ៍​ឯក​ ភ្លន់​តារា​ មេ​បញ្ជារ​ការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹង​រង​ខេត្ត​បន្ទាយ​ មាន​ជ័យ​និង​ជា​ម្ចាស់​ប្រកប​អាជីវកម្ម​កាយ​ភ្នំ​បាន​មាន​ប្រសាសន៍​ថា ​លោក​បាន​ចាប់​ផ្តើម​ធ្វើការ​ជួស​ជុល​ផ្លូវ​ដែល​បាន​ខូច​ខាត​ទើប​តែ​២​ទៅ​៣ថ្ងៃ​មុន​នេះ​ទេ​ ហើយ​លោក​ក៏​មិន​ទាន់​ដឹង​ច្បាស់​ដែរ​ថា​ ការ​ខូច​ខាត​នេះ​ ត្រូវ​ចំណាយ​ថវិការ​អស់​ប៉ុន្មាន​ដែរ​។​ លោក​បញ្ជាក់​ថា​៖«​ពាក់​ពន្ធ័​និង​សំណូម​ពរ​របស់​ ប្រជាពល​រដ្ឋ​លើ​បញ្ហា​មិន​ឲ្យ​មាន​ឡាន​ដឹក​ដី​ធំ​ៗ​ បើក​បរ​លើ​ផ្លូវ​មួយ​ខ្សែរ​នេះ​ ខ្ញុំ​មិន​មាន​សិទ្ធ​ ក្នុង​ការ​ ហាម​ឃាត់​ឡាន​ធ្វើ​អាជីវកម្ម​ទាំង​នោះ​ទេ​ ប៉ុន្តែ​អ្នក​ដែល​អាច​ហាម​ឃាត់​ឡាន​ទាំង​នោះ​បាន​ គឺ​មាន​តែ​មន្រ្តី​នៃ​មន្ទីរ​សាធារណៈ​ និង​ការ​ដឹក​ជញ្ជូន​ប៉ុណ្ណោះ​ ទើប​មាន​សិទ្ធ​ឃាត់​ពួក​គេ​បាន​។​
លោក​គឹម​ សុវណ្ណ​ អនុ​ប្រធាន​មន្ទីរ​សាធារណៈ​ការ​និង​ដឹក​ជញ្ជូន​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​ មាន​ប្រសាសន៍​ថា​ ករណី​នេះ​វា​មិន​ជាប់​ពាក់​ពន្ធ័​និង​មន្ទីរ​សាធារណៈ​ទេ​ ព្រោះ​មន្ទីរ​សាធារណៈ​ការ​ បាន​គ្រប់​គ្រង​តែ​ផ្លូវ​ជាតិ​ និង​ផ្លូវ​ខេត្ត​ប៉ុណ្ណោះ​ ដោយ​ឡែក​ផ្លូវ​ក្នុង​ក្រុង​លោក​មិន​បាន​ដឹង​ឡើយ​។​ លោក​ថ្លែង​ថា​៖«​មាន​តែ​អភិបាល​ក្រុង​ទេ​ ដែល​ជា​អ្នក​សម្រេច​លើ​ការ​ប្រើប្រាស់​ផ្លូវ​មួយ​នេះ»​។​
លោក​អ៊ុំ​ រាត្រី​អភិបាល​ក្រុង​សិរីសោភណ្ឌ​មិន​បាន​ធ្វើ​អត្ថា​ធិប្បាយ​ទេ​ ព្រោះ​ជាប់​រវល់​ប្រជុំ​។​


Sunday, June 5, 2011

រដ្ឋាភិបាលបានប្រកាសផ្តល់ដីប្រមាណ៨០០ហិតាឲ្យប្រជាពលរដ្ឋចំនួន៤ភូមិនៃឃុំសំបួរ ស្រុកមង្គលបូរី

ឃួន​ លកិ្ខណា​
ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១១
បន្ទាយ​មាន​ជ័យ​៖​ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន​ កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ បាន​ប្រកាស​ផ្តល់​ដី​១០​ភាគ​រយ​ថែម​ទៀត​ លើ​ការ​ស្នើ​សុំ​ដី​ច្រើន​ជាង​៧០០​ហិតា​ ពី​ប្រជាពល​រដ្ឋ​រស់​នៅ​ភូមិ​ចំនួន​៤​ នៃ​ស្រុក​មង្គល​បូរី​ ដែល​អាជ្ញា​ធរ​អភិរក្ស​បឹង​ទន្លេ​សាប​បាន​បោះ​បង្គោល​ចូល​ហ៊ុំ​ពន្ធ័​រំលោភ​យក​ដី​របស់​ពួក​គាត់​។​
          លោក​អ៊ុង​ អឿន​ អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ នៅ​ក្នុង​អង្គ​ប្រជុំ​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​នេះ​ សម្តេច​នាយក​បាន​ប្រកាស​ផ្តល់​ដី​ប្រមាណ​៧២១,៦៤​ហិតា​ឲ្យ​ប្រជាពលរដ្ឋ​តាម​សំណូម​ពរ​ សម្រាប់​ភូមិ​ចំនួន​៤​ដែល​មាន​ ភូមិ​សំបួរ​ ស្រណាល​ ថ្មដប់​ និង​ភូមិ​ដូន​ឡឹក​ ដែល​ស្ថិត​នៅ​ក្នុង​ឃុំ​សំបួរ​ ស្រុក​មង្គល​បូរី​ ខេត្ត​បន្ទាយ​មាន​ជ័យ​។​ លោក​បន្ត​ថា​ សម្តេច​មិន​ត្រឹម​តែ​ប្រកាស​ផ្តល់​ដី​ទៅ​តាម​ការ​ស្នើ​សុំ​របស់​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​លោក​បាន​ផ្តល់​ដី​បន្ថែម​១០​ភាគ​រយ​ទៀត​ ដែល​សរុប​ទាំង​អស់​មាន​ចំនួន​៨០០​ហិតា​ សម្រាប់​ផ្តល់​ជួន​ប្រជាពលរដ្ឋ​រស់​នៅ​តំបន់​ខាង​លើ​ ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មាន​ផ្ទៃ​ដី​ធ្វើ​ស្រែ​គ្រប់​គ្រាន់​។​ លោក​ថ្លែង​ថា​៖«​សម្តេច​ហ៊ុន​ សែន​បាន​លើក​ឡើង​ថា​ បើទោះបី​ជា​យើង​មាន​គម្រោង​អភិរក្ស​ព្រៃ​លិច​ក៏​ពិត​មែន​ ប៉ុន្តែ​ការ​អភិរក្ស​នោះ​ក៏​មិន​ត្រូវ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដី​ស្រែ​របស់​ប្រជាពលរដ្ឋ​ ដែល​ខំ​បង្ក​បង្កើន​ផល​ជា​យូរ​យារ​ណាស់​មក​ហើយដែរ​»។
ពាក់​ពន្ធ័​និង​បញ្ហា​នេះ​ កាល​ពី​ថ្ងៃទី​៣១​ ខែ​ឧសភា​ឆ្នាំ​២០១១​ ប្រជាពលរដ្ឋ​រង​គ្រោះ​ប្រមាណ​៣០១​គ្រួសារ​រស់​នៅ​ក្នុង​ភូមិ​ចំនួន​៤​ នៃ​ឃុំ​សំបួរ​ ស្រុក​មង្គល​បូរី​ បាន​នាំគ្នា​មក​តវ៉ា​នៅ​ខាង​មុខ​សាលា​ខេត្ត​បន្ទាយ​មាន​ជ័យ​ ដើម្បី​ស្នើ​សុំ​លោក​អភិបាល​ខេត្ត​ជួយ​ដោះ​ស្រាយ​ លើ​បញ្ហា​ការ​បោះ​បង្គោល​ដី​អភិរក្ស​តំបន់​បឹង​ទន្លេ​សាប​ ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ផ្ទៃដី​ស្រែ​របស់​ប្រជាពលរដ្ឋ​ទំហំ​៧២១,៦៤​ហិក​តា​។​ រហូត​មក​ដល់​ថ្ងៃទី​៣​ ខែ​មិថុនា​នេះ​ លោក​ហ៊ុន​ សែន​បាន​ធ្វើ​សេចក្តី​សម្រេច​ភ្លាម​ៗ​ ក្នុង​អង្គ​ប្រជុំ​ គណៈ​រដ្ឋ​មន្រ្តី​ ដោយ​ស្នើ​ឲ្យ​ក្រសួង​ពាក់​ពន្ធ័​ទាំង​អស់​ត្រូវ​តែ​ដក​បង្គោល​ចេញ​ពី​ដី​ស្រែ​ប្រជាពល​រដ្ឋ​។​

 លោក​ព្រំ​ សំ​ អាយុ​៧៩​ឆ្នាំ​រស់​នៅ​ភូមិ​ថ្មដប់​ ឃុំ​សំបួរ​ ស្រុក​មង្គល​បូរី​ និង​ជា​តំណាង​ប្រជា​ពល​រដ្ឋ​ប្រមាណ​៣០១​គ្រួសារ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ លោក​មាន​ការ​សប្បាយ​រីក​រាយ​គ្មាន​អ្វី​ផ្ទឹម​នៅ​ពេល​ដែល​ប្រមុខ​រដ្ឋាភិបាល​ បាន​សម្រេច​ផ្តល់​ដី​ធ្លឺ​ឲ្យ​ប្រជាពលរដ្ឋ​សម្រាប់​បង្ក​បង្កើន​ផល​ស្រូវ​បន្ត​ទៅ​ទៀត​។​ លោក​ថ្លែង​ថា​៖«​ អ្វី​ដែល​ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​បំផុត​នោះ​ គឺ​មិន​ត្រឹម​តែ​បាន​ដី​មក​គ្រប់​ចំនួន​ទេ​ ថែម​ទាំង​បាន​ដី​បន្ថែម​ពី​លើ​ដី​ចាស់​១០​ភាគ​រយ​ទៀត​ ដូច្នេះ​ទង្វើ​នេះ​ វា​បាន​ជួយ​ឲ្យ​ប្រជាពល​រដ្ឋ​ក្រីក្រ​ដូច​យើង​ខ្ញុំ​មាន​សង្ឈឹម​រស់​នៅ​ត​ទៅ​មុខ​ទៀត​»​។​ លោក​បាន​បញ្ជាក់​ថា​៖«​ខ្ញុំ​សូម​សន្យា​ថា​ និង​ខិត​ខំ​ធ្វើ​ស្រែ​ចំការ​ និង​អភិរក្ស​ព្រៃ​ ដើម្បី​ការ​ពារ​ធនធាន​ធម្មជាតិ​ជីវ​ចំរុះ​គ្រប់​ប្រភេទ​មិន​ឲ្យ​បាត់​បង់​ទៅ​ថ្ងៃ​អនាគត់​ឡើយ​ ជា​ពិសេស​ទៀត​នោះ​ គឺ​ខ្ញុំ​និង​ប្រជាពលរដ្ឋ​ទាំង​អស់​បាន​ប្តេជ្ញា​ថា​ និង​មិន​លក់​ដូរ​ដី​នេះ​ទៅ​ឲ្យ​ ឈ្មួញ​ណា​ម្នាក់​ជា​ដាច់​ខាត​ ដើម្បី​ទុក​ជា​កេរ្តិ៍​ត​​កូន​ចៅ​»​។​







Thursday, June 2, 2011

ប្រជាពលរដ្ឋក្រុងសេរីសោភណ្ឌនាំគ្នាត្អូងត្អែងពីការខូចខាតផ្លូវ


ដោយៈ ឃួន​ លក្ខិណា​
ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១១
ខេត្តបន្ទាយមានជ័យៈ ប្រជាពល​រដ្ឋ​រស់​នៅ​សង្កាត់​អូរ​អំបិល​ ក្រុង​សេរី​សោភណ្ឌ័​បាន​សម្តែង​ការ​មិន​ពេញ​ចិត្ត​ ចំពោះ​អាជ្ញា​ធរ​ក្រុង​ ដែល​មិន​មាន​វិធានការណ៍​ហាម​ឃាត់​រថយន្ត​ដឹក​ដី​ធំ​ៗ​ បើក​បរ​នៅ​លើ​ផ្លូវ​សាធារណៈ​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ខូត​ខាត​ផ្លូវ​ក្រាល​បេតុង​។​
លោក​មាន​ ចន្ថា​ អាយុ​៤៥ឆ្នាំ​ ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​អូរ​អំបិល​ សង្កាត់​អូរ​អំបិល​ ក្រុង​សេរី​សោភណ្ឌ័​ ខេត្ត​បន្ទាយ​មាន​ជ័យ​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​ព្រហស្បត្តិ៍​ថា​ ជា​រៀង​រាល់​ថ្ងៃ​លោក​តែង​តែ​បាន​លឺ​ប្រជាពលរដ្ឋ​រស់​នៅ​ក្បែរ​គ្នា​មាន​ការ​ត្អូង​ត្អែរ​ថា​ ពួក​គេ​មាន​ការ​ពិបាក​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​នេះ​ម្តង​ៗ​ ព្រោះ​វា​មាន​គ្រហុក​ធំ​ៗ​ច្រើន​ពាស​ពេញ​ផ្លូវ​ ដែល​ពិបាក​និង​ជៀស​ឡាន​ដឹក​ដី​ នៅ​ពេល​បរ​កាត់​ផ្លូវ​ជាមួយ​គ្នា​។​ លោក​និយាយ​ថា​៖«​ផ្លូវ​នេះ​មាន​ទំហំ​តូច​ណាស់​ ដោយ​មាន​ទទឹង​ចំងាយ​ត្រឹម​តែ​៥ម៉ែត្រ​ប៉ុណ្ណោះ​ ហើយ​បើ​ប្រជាពលរដ្ឋ​ជា​អ្នក​ធ្វើ​ដំណើរ​ ដោយ​ប្រើ​ប្រាស់​កង់​ រឺ​ម៉ូតូ​មិន​មាន​ការ​ប្រុង​ប្រយត្ន័​ទេ​ អាច​និង​ធ្លាក់​ចូល​ប្រឡាយ​ រឺ​អាច​មាន​គ្រោះ​ថ្នាក់​​ក្នុង​ករណី​ជៀស​​គ្នា​ជាមួយ​ឡាន​»​។​ លោក​ថា​៖«​ខ្ញុំ​ដឹង​ថា​ ប្រភព​ឡាន​ដឹក​ដី​ទាំង​នេះ​ ​បាន​កើត​ចេញ​មក​ពី​លោក​ឧត្តម​សេនីយ៍​ត្រី​លុន​ ដារ៉ា​ ព្រម​ទាំង​ឈ្មួញ​ដឹក​ដី​មួយ​ចំនួន​ទៀត​»​។​
 លោក​អ៊ុំ​ រាត្រី​អភិបាល​ក្រុង​សេរី​សោភណ្ឌ័​បាន​មាន​ប្រសាសន៍​ថា​ ពី​មុន​មក​លោក​បាន​ដឹង​ពី​បញ្ហា​នេះ​ខ្លះ​ៗ​ដែរ​ ប៉ុន្តែ​វា​ត្រូវ​បាន​ដោះ​ស្រាយ​រួច​រាល់​អស់​ហើយ​។​ លោក​និយាយ​ថា​៖«​ប្រសិន​បើ​ មាន​បញ្ហា​នេះ​កើត​ឡើង​ម្តង​ទៀត​ ហេតុ​អ្វី​បាន​ជា​ប្រជាពលរដ្ឋ​មិន​រាយ​ការណ៍​មក​ឲ្យ​ខ្ញុំ​ តើ​ចាំ​បាច់​អី​ ទៅ​រាយ​ការណ៍​ឲ្យ​អ្នក​កាសែត​ តើ​អ្នក​កាសែត​អាច​ដោះ​ស្រាយ​បញ្ហា​នេះ​ ឲ្យ​ប្រជាពលរដ្ឋ​បាន​ដែរ​ទេ​?»​។​ លោក​ថា​៖«​ខ្ញុំ​និង​ដោះ​ស្រាយ​បញ្ហា​នេះ​ជូន​ ប្រសិន​បើ​ប្រជាពលរដ្ឋ​រាយការណ៍​មក​ឲ្យ​ខ្ញុំ​បាន​ ច្បាស់​លាស់​នោះ​»​។​
លោក​ស្តើង​ ស៊ីវ​ហឺ​នាយក​រង​វិទ្យាល័យ​សម្តេច​ក្រុម​ព្រះ​បាន​មាន​ប្រសាសន៍​ថា​ ផ្លូវ​នេះ​បាន​ កសាង​ក្រាល​បេតុង​តាំង​ពី​ឆ្នាំ​២០០៩​ ដោយ​ត​ភ្ជាប់​ពី​វិទ្យាល័យ​សម្តេច​ក្រុម​ព្រះ​ ឆ្ពោះ​ទៅ​តំបន់​ភ្នំ​។​ លោក​បន្ត​ថា​ កាល​ពី​ពាក់​កណ្តាល​ឆ្នាំ​២០១០​ បញ្ហា​នេះ​បាន​កើត​មាន​ម្តង​រួច​មក​ហើយ​ ប៉ុន្តែ​វា​បាន​ស្ងប់​ស្ងាត់​ទៅ​វិញ​ បន្ទាប់​ពី​មាន​អន្តរាគមន៍​។​ ប៉ុន្តែ​ឥឡូវ​បញ្ហា​នេះ​បាន​កើត​ឡើង​សារ​ជា​ថ្មី​ម្តង​ទៀត​ ដូច្នេះ​ពលរដ្ឋ​គ្រាន់​តែ​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ធ្វើការ​បញ្ឈប់​ឡាន​ដឹក​ដី​មិន​ឲ្យ​បរ​កាត់​ត​ទៅ​ទៀត​ ព្រម​ទាំង​ធ្វើការ​ជួល​ជុល​ផ្លូវ​នេះ​ឡើង​វិញ​ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​សិស្ស​ លោក​គ្រូ​-​អ្នក​គ្រូ​និង​ប្រជាពលរដ្ឋ​ទាំង​រស់​នៅ​ទី​នេះ​តែ​ប៉ុណ្ណោះ​។​ លោក​និយាយ​ថា​៖«​ ខ្ញុំ​មាន​ការ​អស់​សង្ឈឹម​យ៉ាង​ខ្លាំង​ជាមួយ​និង​អាជ្ញាធរ​ដែនដី​ នៅ​ពេល​ដែល​យើង​លើក​បញ្ហា​នេះ​ប្រាប់​ជាច្រើន​ដង​ហើយ​ នៅ​តែ​មិន​មាន​ដំណោះ​ស្រាយ​ទៀត​»​។​
លោក​ឧត្តម​សេនីយ៍​ត្រី​លុន​ ដារ៉ា​មេបញ្ជាការ​ប្រតិបត្តិ​សឹក​រង​ខេត្ត​បន្ទាយ​មាន​ជ័យ​និង​ជា​អ្នក​ ប្រកប​អាជីវកម្ម​កាយ​ភ្នំ​បាន​មាន​ប្រសាសន៍​ថា​ លោក​បាន​បើក​អាជីវកម្ម​នេះ​ អស់​រយៈ​ពេល​១០ឆ្នាំ​ហើយ​ ក្នុង​នោះ​ភាគ​ច្រើន​ផ្លូវ​នៅ​តំបន់​នោះ​ លោក​គឺ​ជា​អ្នក​ចេញ​ថវិការ​កសាង​។​ លោក​ថ្លែង​ថា​៖«​បើ​ទោះបីជា​ឡាន​អាជី​វ​កម្ម​របស់​ខ្ញុំ​ បាន​បើក​បរ​នាំ​ឲ្យ​ខូច​ខាត​ផ្លូវ​ក៏​ពិត​មែន​ ប៉ុន្តែ​មិន​មែន​ប្រជាជន​ទេ​ជា​ជួស​ជុល​ គឺ​ខ្ញុំ​ជា​អ្នក​ធ្វើ​ឡើង​វិញ​ទាំង​អស់​»​។​ លោក​ថា​៖«​ខ្ញុំ​និង​ឲ្យ​តំណាង​ខ្ញុំ​ទៅ​ពិនិត្យ​មើល​នៅ​តំបន់​នោះ​ជា​មុន​សិន​ ដើម្បី​ឲ្យ​ដឹង​ថា​ តើ​ការ​ខូច​ខាត​ក្នុង​កំរិត​ណា​សម្រាប់​ធ្វើការ​ជួល​ជុល​ឡើង​វិញ​ ​»​។​