ដោយៈ ឃួន លក្ខិណា
ថ្ងៃទី៧ ខែកក្តដា ឆ្នាំ២០១១
ភ្នំពេញ៖ កម្ពុជាបានពង្រឹងកិច្ចសហការរបស់ខ្លួនជាមួយនិងប្រទេសវៀតណាម-ឡាវ ដើម្បីបន្តការប្រយុទ្ធទប់ស្កាត់ជំងឺឆ្លងក្នុងមហាអនុតំបន់ទន្លេមេគង្គ។
លោកវេជ្ជបណ្ឌិតអ៊ុយ វែងគីប្រធានរដ្ឋបាលកម្មវិធីទ្រទ្រង់សុខាភិបាលជំហ៊ានទី២នៃក្រសួងសុខាភិបាលបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃម្សិលមិញថា ដោយមានកិច្ចសហការគ្នារវាងប្រទេសវៀតណាម កម្ពុជា ឡាវ ក្នុងការទប់ស្កាត់ជំងឺឆ្លងក្នុងប្រទេស និងជំងឺឆ្លងតាមព្រំដែន ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានផ្តល់ថវិការប្រមាណ១០លានដុល្លា សម្រាប់អនុវត្តគម្រោងប្រយុទ្ធនិងទប់ស្កាត់ជំងឺឆ្លងក្នុងមហាអនុតំបន់ទន្លេមេគង្គទី២ ដែលបានចាប់ផ្តើមអនុវត្តពីឆ្នាំ២០១១-២០១៥។ លោកបន្តថា ADB បានផ្តល់គម្រោងជួយនៅក្នុងតំបន់ដែលជាប់ព្រំដែនកម្ពុជា វៀតណាម និងឡាវ ដោយផ្តោតយ៉ាងសំខាន់លើជំងឺឆ្លង។ លោកថ្លែងថា៖«គម្រោងនេះ ត្រូវទាមទារឲ្យមានកិច្ចសហការយ៉ាងខ្លាំងខ្លាពីអាជ្ញាធរព្រំដែនប្រទេសវៀតណាម និងឡាវ ដើម្បីរៀបចំប្រពន្ធ័ទប់ស្កាត់ឆ្លើយតបឲ្យបានទាន់ពេលវេលា លើករណីឆ្លងជំងឺដែលអាចកើតមាននៅតាមព្រំដែន»។ លោកថា៖«ទឹកប្រាក់ដែលយើងបានទទួលពីម្ចាស់ជំនួយ គឺត្រូវរៀបចំជាប្រពន្ធ័ឆ្លើយតបជាបន្ទាន់នៅក្នុងខេត្តចំនួន១០ ដែលជាប់ប្រទេសវៀតណាម និងឡាវ ដូច្នេះតាមខេត្តនិងតាមស្រុកប្រតិបត្តិនិមួយៗ ត្រូវតែរៀបចំឲ្យមានមន្រ្តីឆ្លើយតប ដើម្បីធ្វើសេចក្តីរាយការណ៍ និងសកម្មភាពប្រតិបត្តិការសង្គ្រោះភ្លាមៗ នៅពេលមានជំងឺឆ្លងផ្ទុះកើតឡើង។
លោកអេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាលបានធ្វើការណែនាំដល់មន្ត្រីនៅក្រោមឱវាទថា ម្ចាស់ជំនួយបានមើលឃើញអំពីសារៈសំខាន់ ក្នុងការរីករាលដាលនៃជំងឺឆ្លង ដូច្នេះមន្ត្រី ដែលស្ថិតនៅក្នុងក្រសួងពាក់ពន្ធ័ទាំងអស់ ត្រូវតែអនុវត្តធ្វើការងារនេះ យ៉ាងម្តេចឲ្យមានតម្លាភាព។ លោកបន្តថា ការងារនេះវាមិនមែនពាក់ពន្ធ័តែប្រទេសកម្ពុជាតែឯងទេ ប៉ុន្តែវាបានជាប់ពាក់ពន្ធ័និង ប្រទេសវៀតណាម និងឡាវផងដែរ ដូច្នេះលោកចង់ឲ្យមន្រ្តីទាំងអស់បានយល់ដឹងអំពីផែនការ និងសកម្មភាពដែលត្រូវធ្វើឲ្យបានច្បាស់លាស់ ដោយសារតែនេះ គឺជាផលប្រយោជន៍រួម។ លោកថ្លែងថា៖« យើងត្រូវធ្វើការទប់ស្កាត់ជំងឺឆ្លងឲ្យបានទាន់ពេលវេលា បើមិនដូច្នេះទេ វានិងអាចនាំឲ្យមានអន្តរាយរហូតបណ្តាលឲ្យមនុស្សស្លាប់ ព្រោះជំងឺឆ្លងគឺជាជំងឺដែលរីករាលដាល ដូច្នេះយើងត្រូវតែធ្វើការបង្ការជាមុន។
លោកសុខ ទូចប្រធាននាយកដ្ឋានប្រយុទ្ធនិងជំងឺឆ្លងនៃក្រសួងសុខាភិបាលបានមានប្រសា សន៍ថា ADB មានគម្រោងសម្រាប់ប្រទេសទាំងបី ដោយសារតែសមត្ថភាពឆ្លើយតបនៅមានកម្រិត ដែលនេះ វាបានផ្សារភ្ជាប់ទៅនិងការព្រួយបារម្ភនៅក្នុងតំបន់ សម្រាប់ការប្រយុទ្ធនិងទប់ស្កាត់ការរីលរាលដាលជំងឺគ្រុនផ្តាសាយបក្សី។ លោកបន្តថា ជំងឺឆ្លងដែលជាដើមហេតុគួរឲ្យព្រួយបារម្ភជាងគេនោះ គឺជំងឺគ្រុនឈាម ព្រោះថា ក្នុង១ឆ្នាំជំងឺនេះត្រូវផ្ទុះឡើងម្តង បន្ទាប់មកជំងឺគ្រុនផ្តាសាយបក្សី ជំងឺរាករូស ពុលចំណីអាហារ និងជំងឺឆ្លងជាច្រើនប្រភេទទៀត។ លោកថ្លែងថា៖«យើងត្រូវតែពង្រឹងសមត្ថភាពមន្ត្រីរបស់យើងនៅតាមច្រកព្រំដែន ដើម្បីកិច្ចសហការអន្តរជាតិទប់ស្កាត់ជំងឺឆ្លងទាំងនេះ»។
No comments:
Post a Comment