Thursday, July 7, 2011

អាជ្ញាធរស្រុកបារាណ៍បានព្រមានចាប់តំណាងប្រជាពលរដ្ឋ

ដោយៈ ឃួន​ លក្ខិណា​

ថ្ងៃទី៦ ខែកក្តដា ឆ្នាំ២០១១

កំពង់ធំ៖ អាជ្ញា​ធរ​ស្រុក​បារាណ៍​ កាល​ពី​ថ្ងៃ​អង្គារ​ បាន​ធ្វើការ​ព្រមាន​ចាប់​តំណាង​ប្រជាពលរដ្ឋ​ទៅ​ដាក់​មន្ទីរ ​ឃុំ​ឃំាង​ ប្រសិន​បើ​ប្រជាពល​រដ្ឋ​នៅ​តែ​មិន​បញ្ឈប់​សកម្មភាព​តវ៉ា​របស់​ខ្លួន​ ដើម្បី​ទាម​ទារ​សិទ្ធ​កាន់​កាប់​ដី​ធ្លី​ឲ្យ​បាន​គ្រប់​ចំនួន​១៨៦​គ្រួសារ​នោះ​។​
     លោក​លី​ គឹម​ទាវ​ប្រធាន​គណៈ​កម្មាធិការ​ដោះ​ស្រាយ​វិវាទ​ដី​ធ្លី​ ខេត្ត​កំពង់​ធំ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​អង្គារ​ថា​ អស់​រយៈ​ពេល​៤​ឆ្នាំ​ហើយ​ ដែល​លោក​បាន​ធ្វើការ​ដោះ​ស្រាយ​បញ្ហា​វិវាទ​ដីធ្លី​ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​-​ឃុំ​បាក់​ស្នា​ ស្រុក​បារាយណ៍​ ខេត្ត​កំពង់​ធំ​នេះ​។​ លោក​បន្ត​ថា​ ពី​ដំបូង​ឡើយ​ប្រជាពល​រដ្ឋ​បាន​មក​ដាក់​ពាក្យ​ប្តឹង​មក​លោក​ មាន​ចំនួន​ត្រឹម​តែ​១១៤​គ្រួសារ​ប៉ុណ្ណោះ​ ហើយ​អ្នក​ទាំង​នោះ​បាន​យល់​ព្រម​ទទួល​យក​សំណើរ​របស់​លោក​ ក្នុង​ការ​ដោះ​ដូរ​ដី​ពី​ដី​ដើម​ភូមិ​ទៅ​រស់​នៅ​លើ​ដី​ចុង​ភូមិ​វិញ​ ប៉ុន្តែ​ក្នុង​នោះ​មាន​ជន​ខិល​ខូច​មួយ​ចំនួន​បាន​ដើរ​បង្ករ​រឿង​ ដោយ​ចេះ​តែ​ថែម​ឈ្មោះ​ជន​មក​ពី​ក្រៅ​រហូត​ដល់​ឡើង​ដល់​១៨៦​គ្រួសារ​ ដូច្នេះ​លោក​បាន​ទទួល​ស្គាល់​ប្រជាពលរដ្ឋ​ដែល​មាន​សិទ្ធ​កាន់​កាប់​ដី​តែ​ចំនួន​១១៤​គ្រួសារ​ប៉ុណ្ណោះ​។​ លោក​ថ្លែង​ថា​៖«​យើង​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​តាម​រក​ជន​បះ​បោរ​ដែល​ជា​តំណាង​ប្រជាពលរដ្ឋ​នោះ​ ដើម្បី​យក​ដាក់​មន្ទីរ​ឃុំ​ឃាំង​ ជា​ការ​ព្រមាន​»​។​
     កាល​ពី​ឆ្នាំ​១៩៩៧​ ប្រជាពល​រដ្ឋ​ចំនួន​១៨៦​គ្រួសារ​បាន​មក​រស់​នៅ​និង​ធ្វើ​ចំការ​លើ​ដី​នេះ ដែល​ជា​ដី​ដើម​ភូមិ​មាន​ទំហំ​ប្រហែល​ជា​៣០​ហិតា​ ក្រោយ​មក​មេឃុំ​បាន​កាត់​ដី​ចំការ​ប្រជា​ពល​រដ្ឋ​មួយ​ផ្នែក​ធំ​លក់​ទៅ​ឲ្យ​ក្រុម​ហ៊ុន​សុភង្គម​ ដើម្បី​ធ្វើ​អាជីវកម្ម​ដាំ​ដើម​អាកាស​ស្សា​។​ រហូត​មក​ដល់​ឆ្នាំ​២០០៨​ អាជ្ញាធរ​ក្នុង​តំបន់​ខាង​លើ​ បាន​ឃុប​ឃិត​គ្នា​ជាមួយ​និង​ម្ចាស់​ក្រុម​ហ៊ុន​មួយ​ទៀតរបស់វៀត​ណាម បាន​យក​អាប៊ុល​ចំនួន​២​គ្រឿង​មក​ឈូស​ឆាយ​ផ្ទះ ​និង​ដី​ចំការ​របស់​ប្រជាពលរដ្ឋ​ ដោយ​បង្ខំ​ឲ្យ​ពួក​គេ​រើ​ចេញ​ពី​លំ​នៅ​ដ្ឋាន​នោះ​ជា​បន្ទាន់
អ្នក​ស្រី​កង​ សូរ​ អាយុ​៦១​ឆ្នាំ​ តំណាង​ប្រជាពល​រដ្ឋ​ភូមិ​-​ឃុំ​បាក់​ស្នា ​ស្រុក​បារាណ៍​ ខេត្ត​កំពង់​ធំ​ បាន​មាន​ប្រសាសន៍​ថា​ ឥឡូវ​នេះ​អ្នក​ស្រី​និង​ប្រជាពល​រដ្ឋ​ដែល​កំពុង​រង់​គ្រោះ​ទាំង​អស់​មាន​ការ​ភិត​ភ័យ​យ៉ាង​ខ្លាំង​ នៅ​ពេល​ដែល​អាជ្ញាធរ​បាន​ប្រកាស​តាម​ចាប់​ខ្លួន​អ្នក​ស្រី​និង​ពល​រដ្ឋ​មួយ​ចំនួន​ទៀត​។​ អ្នក​ស្រី​និយាយ​ថា​៖«​ពួក​យើង​មិន​បាន​ធ្វើ​ដូច​ការ​លើក​ឡើង​របស់​អាជ្ញាធរ​រូប​នេះ​ទេ​ ផ្ទុយ​ទៅ​វិញ​ រូប​គេ​ទេ​ ដែល​មាន​ល្បិច​កល់​លួច​យក​ដី​របស់​ពួក​យើង​ទៅ​លក់​ឲ្យ​ក្រុម​ហ៊ុន​១​ដង​ជា​ពីរ​ដង​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​គេ​បាន​លួច​ក្លែង​បន្លំ​ចំនួន​អ្នក​ដែល​ត្រូវ​ដោះ​ដូរ​ដី​ថែម​ទៀត​ផង​»។​ អ្នក​ស្រី​ថា​៖«​ឥឡូវ​នេះ​ ប្រជា​ពល​រដ្ឋ​បាន​នាំគ្នា​ផ្អាក​សកម្ម​ភាព​តវ៉ា​មួយ​រយៈ​សិន​ ដើម្បី​ជៀស​វាង​មិន​ឲ្យ​អ្នក​ណា​ម្នាក់​ត្រូវ​ជាប់​ឃុំ​ឃាំង​ ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​ យើង​នៅ​តែ​បន្ត​ការ​ប្រមូល​មេដៃ​ជា​សំងាត់​ដែរ​ ដើម្បី​រៀប​ចំ​បណ្តឹង​ដាក់​ទៅ​កាន់​សម្តេច​ហ៊ុន​ សែន​»​។
​លោក​ស្រី​ម៉ម​ ស៊ី​ថា​ប្រធាន​គណៈ​កម្មាធិការ​កម្ពុជា​ឯក​រាជ្យ​ស្ថាបន័​ពុក​រលួយ​បាន​មាន​ប្រសា​សន៍​ថា​ អាជ្ញាធរ​បាន​ប្រើ​ភាសា​មិន​ទទួល​ខុស​ត្រូវ​ទេ​ ក្នុង​ការ​គំរាម​កំហែង​ចង់​ចាប់​ប្រជាពល​រដ្ឋ​ជា​ច្រើន​លើក​ច្រើន​សារ​នេះ​។​ លោក​ស្រី​បន្ត​ថា​ ការ​តវ៉ា​ត្រូវ​បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​គ្មាន​ការ​ដោះ​ស្រាយ​ ដូច្នេះ​ការ​គំរាម​កំហែង​ក្នុង​យុវគ្គ​សម័យ​នេះ​គេ​មិន​ទទួល​ឡើយ​។​ លោក​ស្រី​ថ្លែង​ថា​៖«​យើង​ នៅ​ឃ្លាំ​ចាំ​មើល​បញ្ហា​នេះ​បន្ត​ទៅ​ទៀត​ ហើយ​បើ​សិន​កើត​មាន​ករណី​ចាប់​ប្រជាពលរដ្ឋ​យក​ទៅ​ឃុំ​ឃាំង​មែន​នោះ​ យើង​និង​ចេញ​របាយ​ការណ៍​មួយ​ ដើម្បី​បង្ហាញ​ដល់​សាធារណៈ​អំពី​ករណី​នេះ​»​។​
           
           
           

No comments:

Post a Comment