ថ្ងៃទី១៣ ខែកក្តដា ឆ្នាំ២០១១
កំពង់ចាម៖ ប្រជាពលរដ្ឋម្នាក់បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅព្រឹកថ្ងៃពុធនេះថា អ្នកភូមិ១០នាក់ តំណាងឲ្យប្រជាពលរដ្ឋ ២០០គ្រួសារ នៅភូមិសារាយ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម បានប្រមូល ផ្តុំគ្នានៅមុខសាលាឃុំ ដើម្បីស្នើឲ្យអាជ្ញាធរមូលដ្ឋាននៅតំបន់នេះ ចុះរុះរើផ្ទះមួយខ្នងប្រវែង៥គុណ២០ម៉ែត្រ ដែលជារបស់គ្រួសារមួយ បានសាងសង់នៅលើផ្លូវសាធារណៈ អស់រយៈពេលជាយូរមកហើយ។
លោកសេង វ៉ន អាយុ៤៣ឆ្នាំ ប្រជាពលរដ្ឋម្នាក់ក្នុងចំណោមអ្នកភូមិទាំងនោះ បានថ្លែងឲ្យដឹងនៅព្រឹកថ្ងៃម្សិលមិញថា ពួកគាត់បានស្នើសុំឲ្យអាជ្ញាធរឃុំធ្វើការចុះរុះរើផ្ទះមួយខ្នងនេះ ដែលជាកម្មសិទ្ធិរបស់លោកម៉ន ហឿន អាយុ៥០ឆ្នាំ ត្រូវបានសាងសង់បន្ថែមនៅលើផ្លូវសាធារណៈ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំខ្មែររហូតមកដល់ពេលនេះ។ លោកបន្តថា ពលរដ្ឋទាំងអស់បានធ្វើការតវ៉ាឲ្យឈ្មោះម៉ន ហឿនរុះរើផ្ទះចេញ ក៏ព្រោះតែ ពួកគេចង់ធ្វើការជួសជុលផ្លូវ និងពង្រីកបន្ថែមឡើងវិញ។ លោកថ្លែងថា៖«យើងមិនចោទជាបញ្ហាអ្វីទេ ប្រសិនបើម្ចាស់ផ្ទះម៉ន ហឿន ពិតជាមានស្ថានភាពក្រីក្រមែននោះ ប៉ុន្តែធាតុពិតគ្រួសារមួយនេះ មិនមែនក្ររហូតទិញផ្ទះមួយខ្នង មិនបាននោះទេ»។ លោកថា វាអាក្រក់មើលពេក ប្រសិនបើអាជ្ញាធរនៅតែបណ្តោយឲ្យគ្រួសារមួយនេះ យកផ្លូវធ្វើផ្ទះរស់នៅទៀតនោះ។
បើតាមអាជ្ញាធរឃុំបានឲ្យដឹងថា កាលពីឆ្នាំ១៩៩០ ឈ្មោះម៉ន ហឿនបានស្នើសុំអាជ្ញាធរភូមិ-ឃុំសាងសង់កន្លែងតូចតាចសម្រាប់បើកអាជីវកម្មលក់ដូរ និងហាងកាត់សក់ជាដើម ប៉ុន្តែក្រោយមកឈ្មោះម៉ន ហឿនបានធ្វើហួសពីការស្នើសុំទៅទៀត ដោយរូបគេបានកសាងផ្ទះចេញជារូបរាងបន្តិចម្តងៗ រហូតមកដល់ឆ្នាំ២០០០ ប្រធានភូមិបានហៅម៉ន ហឿនឲ្យចុះកិច្ចសន្យារុះរើចេញ ប៉ុន្តែឈ្មោះម៉ន ហឿននិងគ្រួសារបានសុំពន្យាពេលរហូតស្នាក់នៅរហូតដល់៦ខែទៀត ទើបយល់ព្រមរើចេញ។
លោកគឹម ឃួនមេឃុំបុសខ្នុរបានទទួលស្គាល់ថា គ្រួសារឈ្មោះម៉ន ហឿនពិតជាបាន សាងសង់លំនៅដ្ឋានលើផ្លូវសាធារណៈប្រាកដមែន ដូច្នេះនិតិវិធីដែលលោកត្រូវធ្វើការដោះស្រាយនៅពេលនេះ គឺបញ្ជូនរបាយការណ៍ទៅសាលាស្រុក ដើម្បីឲ្យមន្ត្រីសាលាស្រុករៀបចំគណៈកម្មការចុះត្រួតពិនិត្យមើល និងដោះស្រាយការងារនេះបន្តទៀត។ លោកគឹម ឃួននិយាយថា កាលពីព្រឹកមិញនេះ លោកបានធ្វើការសម្របសម្រួលប្រជាពលរដ្ឋទាំងសងខាង ដើម្បីជៀសផុតមិនឲ្យមានទំនាស់។ លោកថា៖«មេឃុំពីមុន ពិតជាបើកដៃឲ្យគ្រួសារម៉ន ហឿនធ្វើការសាងសង់លំនៅដ្ឋានលើផ្លូវសាធារណៈមែន ដោយឡែកខ្ញុំទើបតែចូលកាន់តំណែងជាមេឃុំថ្មី ដូច្នេះរឿងអ្វីៗផ្សេងទៀត ខ្ញុំមិនសូវជាបានដឹងទេ»។
No comments:
Post a Comment