ដោយៈ ឃួន លក្ខិណា
ថ្ងៃទី១២ ខែកក្តដា ឆ្នាំ២០១១
បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋប្រមាណ៦០នាក់ តំណាងឲ្យពលរដ្ឋ៨៣គ្រួសាររស់នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ កាលពីព្រឹកម្សិលមិញនេះ បាននាំគ្នាធ្វើការតវ៉ានៅខាងមុខសាសាខេត្ត ដើម្បីទាមទារឲ្យមានដំណោះស្រាយលើបញ្ហារំលោភបំពានដីសម្បទានសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ពីសំណាក់ក្រុមឈ្មួញដែលបានឃុបឃិតគ្នាជាមួយនិងអាជ្ញាធរនៅមូលដ្ឋាន។
ប្រភពពីតំណាងពលរដ្ឋរងគ្រោះលោកប៊ុត ច្រឹង អាយុ៤៩ឆ្នាំ រស់នៅភូមិក្តឹបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអង្គារថា លោកនិងប្រជាពលរដ្ឋប្រមាណ៦០នាក់បានឯកភាពគ្នា ធ្វើការតវ៉ានៅសាលាខេត្ត ដើម្បីទាមទារឲ្យអាជ្ញាធរខេត្តធ្វើការដោះស្រាយបញ្ហាដីសម្បទាន ដែលបានផ្តល់ឲ្យប្រជាពលរដ្ឋតាំងពីឆ្នាំ២០០៩ ដែលមានទំហំសរុបប្រមាណ១១៤.៥៨ហិតា។ លោកបន្តថា រហូតមកដល់ថ្ងៃទី១៣ ខែឧសភាឆ្នាំ ២០១១នេះ បក្សពួកឈ្មួញចំនួន៥នាក់ ដែលមានខ្នងបង្អែកនៅខាងក្រោយជាក្រុមប្រឹក្សាឃុំ និង ជាអភិបាលស្រុកថ្មពួក បានជួលកម្មករ ត្រាក់ទ័រ និងគោយន្តចំនួន១គ្រឿង យកមកឈូសឆាយដំឡូងមី និងបាញ់ថ្នាំបំផ្លាញដំណាំស្រូវប្រជាពលរដ្ឋដែលបានបង្កើនផលរួចហើយនោះអស់គ្មានសល់។ លោកថ្លែងថា៖«នៅក្នុងទំហំដី១១៤.៥៨ហិតានេះ ទើបតែប៉ះពាល់៨ហិតាប៉ុណ្ណោះ ដូច្នេះយើងមានការព្រួយបារម្ភថា ថ្ងៃមុនអាចរាលដាលប៉ះលើផ្ទៃដីសរុប»។ គំនិតលោកពេលនេះ គឺស្នើសុំឲ្យអភិបាលខេត្តព្រមទទួលយកសំណើរពីរបស់ប្រជាពលរដ្ឋ ទី១ ត្រូវចេញលិខិតការពារដីប្រជាពលរដ្ឋសារជាថ្មី ទី២ ត្រូវបញ្ឈប់សកម្មភាពក្រុមឈ្មួញ។
ទាក់ទងបញ្ហានេះ កាលពីថ្ងៃទី៦ ខែមិថុនា ប្រជាពលរដ្ឋបានដាក់ពាក្យប្តឹងនិងតវ៉ាទៅសាលាខេត្តម្តងរួចហើយ ប៉ុន្តែត្រូវបានក្រុមអ្នកមានអំណាច ព្រមប្រគល់ដីឲ្យប្រជាពលរដ្ឋធ្វើស្រែវិញ លុះមកដល់ពេលនេះ ក្រុមឈ្មួញមិនបានដកខ្លួនចេញទេ ហើយថែមទាំងប្រព្រឹត្តរំលោភលើដីទំនាស់កាន់តែខ្លាំងជាងមុន ដូច្នេះទើបប្រជាពលរដ្ឋនាំគ្នារើបំរាស់ តវ៉ាសារជាថ្មីម្តងទៀត។
លោកងួន ឌុល មេឃុំគោករមៀតបានធ្វើការបដិសេធន៍ចំពោះការចោតប្រកាន់លោកថា បានឃុបឃិត បើកដៃឲ្យឈ្មួញធ្វើការបំផ្លាញផលដំណាំរបស់ប្រជាពលរដ្ឋ។ លោកនិយាយថា៖«យើង បានចុះអន្តរាគមន៍ជួយប្រជាពលរដ្ឋរងគ្រោះទាំងនោះ ដើម្បីស្នើឲ្យឈ្មួញបញ្ឈប់សកម្មភាពរបស់ពួកគេ។ លោកបញ្ជាក់ថា លោកមិនអាចធ្វើអ្វីកើតក្រៅពីការហាមឃាត់មិនឲ្យក្រុមឈ្មួញទាំងនោះបន្តសកម្មភាពទៀតទេ ដូច្នេះបញ្ហានេះត្រូវទុកឲ្យអភិបាលខេត្តជាអ្នកដោះស្រាយវិញ។
លោកអ៊ុក កែវរតនៈ អ្នកនាំពាក្យសាលាខេត្ត នៅល្ងាចថ្ងៃម្សិលមិញនេះ បានសរសេររបាយការណ៍ផ្ញើរទៅកាន់លោកអភិបាលខេត្ត ដើម្បីស្នើសុំវិធានការណ៍សម្រាប់ទប់ស្កាត់ជាមួយនិងជនខិលខូចដែលកំពុងប្រព្រឹត្តរំលោភយកដីសម្បទានរបស់ប្រជាពលរដ្ឋ។ លោកបានប្រកាសថា ដី នេះគឺជាដីស្របច្បាប់ត្រឹមត្រូវរបស់ពលរដ្ឋប្រាកដមែន ដូច្នេះលោកនិងចេញលិខិតផ្លូវការមួយច្បាប់បន្ទាន់ទាក់ទងនិងការរំលោភបំពាននេះ ដើម្បីធ្វើការប្រកាសដល់ជនខិលខូចទាំងនោះឲ្យឈប់បំផ្លាញផលដំណាំរបស់ប្រជាពលរដ្ឋតទៀត បើមិនដូច្នេះទេ លោកនិងអនុវត្តតាមច្បាប់។ លោកថ្លែងថា៖«យើងនិងធ្វើការព្រមាន២ទៅ៣ដងចំពោះជនខិលខូចទាំងនោះ ហើយបើនៅមិនរាងចាលទៀត យើងនិងអនុវត្តទៅតាមច្បាប់រដ្ឋបាល»។
No comments:
Post a Comment