Thursday, July 14, 2011

បុរសម្នាក់ដេកស្លាប់នៅក្នុងផ្ទះជួលយ៉ាងអណោចអធម៌

ដោយៈ ឃួន​ លក្ខិណា​

ថ្ងៃទី១៤ ខែកក្តដា ឆ្នាំ២០១១
បន្ទាយមានជ័យ៖សមត្ថកិច្ច​ក្រុង​សិរី​សោភណ័​បាន​ធ្វើការ​អះ​អាង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា​ និស្សិត​ចប់​ថ្នាក់​បរិញ្ញា​បត្រ័​ផ្នែក​គ្រប់​គ្រង​ម្នាក់​ត្រូវ​បាន​ដេក​ស្លាប់​យ៉ាង​អណោច​អធម៌​ នៅ​ក្នុង​ខ្ទម​ផ្ទះ​ជួល​ដ៏​តូច​មួយ​ ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​អូរ​អំបិល​ ក្រុង​សិរី​សោភណ្ឌ​ ខេត្ត​បន្ទាយ​មាន​ជ័យ​ ដោយ​សារ​ជំងឺ​ខ្យល់​គរ​ ហើយ​មិន​មាន​អ្នក​ណា​ម្នាក់​បាន​ដឹង​ឡើយ​។​
            ប្រភព​ពី​លោក​វីរៈ​សេនីយ៍ត្រី​រ៉ែម​ វីរៈ​អធិការ​ក្រុង​សិរី​សោភណ័​បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​ព្រហស្បត្តិ៍​ថា​ សាក​សព​ជន​រង​គ្រោះ​មាន​ឈ្មោះ​ស៊ឹម​ ឌឿន​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ មាន​ស្រុក​កំណើត​នៅ​ភូមិ​ត្នោត​ ឃុំ​រការ​ ស្រុក​ពាម​រាំង​ ខេត្ត​ព្រៃ​វែង​។​ លោក​បន្ត​ថា​ និស្សិត​ម្នាក់​នេះ​ ត្រូវ​បាន​ដេក​ស្លាប់​នៅ​យប់​ថ្ងៃទី​១៣​ ខែ​កក្តដា​ ក្នុង​ផ្ទះ​ជួល​ដែល​មាន​ម្ចាស់​ឈ្មោះ​ប៉ាវ​ សុជា​ ភេទ​ស្រី​ អាយុ​៥១​ឆ្នាំ​រស់​នៅ​តំបន់​កើត​ហេតុ​ខាង​លើ​។​ លោក​បាន​អះ​អាង​ថា​៖«​កាល​ពី​ថ្ងៃ​ទី​១៤​ ខែ​កក្តដា​នេះ​ សមត្ថកិច្ច​យើង​បាន​ចុះ​ត្រួត​ពិនិត្យ​ដល់​កន្លែង​កើត​ហេតុ​បាន​រក​ឃើញ​ថា​ និស្សិត​ម្នាក់​នេះ​ពិត​ជា​ ស្លាប់​ដោយ​សារ​ជំងឺ​ខ្យល់​គរ​ប្រាកដ​មែន​ ព្រោះ​នៅ​ក្នុង​ផ្ទះ​សាក​សព​បាន​បន្សល់​ទុក​នូវ​វត្ថុ​ចំនួន​ ដូច​ជា​ កុំព្យូទ័រ​មួយ​គ្រឿង​ សៀវ​ភៅ​ឯក​សារ​ជា​ច្រើន​ផ្នែក​ រឺ​ឯ​សាក​សព​វិញ​ មិន​មាន​ស្នាម​របួស​អ្វី​លើ​ខ្លួន​ ទេ​ ក្រៅ​ពី​ហូរ​ឈាម​ចេញ​តាម​ច្រមុះ​និង​ត្រចៀក​។​
            អ្នក​ស្រី​ប៉ាវ​ សុជា​ ម្ចាស់​ផ្ទះ​ជួល​បាន​ឲ្យ​ដឹង​ថា​ និស្សិត​ម្នាក់​នេះ​បាន​មក​ជួល​ផ្ទះ​អ្នកស្រី​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​មក​ហើយ​ដើម្បី​បន្ត​ការ​សិក្សា​នៅ​សាលា​ UME​ ខេត្ត​បន្ទាយ​មាន​ជ័យ​។​ អ្នក​ស្រី​ បន្ត​ថា​ និស្សិត​ម្នាក់​នេះ​ឧស្សាហ៍​ព្យាយាម​សិក្សា​ណាស់​ ព្រម​ទាំង​ធ្វើការ​ស៊ី​ឈ្មួល​ហ្វូតូកូ​ពី​នៅ​បណ្តា​គារ​មួយ​ជិត​ផ្ទះ​ទៀត​ផង​។​ អ្នក​ស្រី​និយាយ​ថា​៖«​ មុន​ពេល​កើត​ហេតុ​ខ្ញុំ​ឃើញ​បុរស​ម្នាក់​នេះ​អង្គុយ​រៀន​ដូច​ធម្មតា​ទេ​ រហូត​ដល់​ម៉ោង​៣​ទៅ​៥​ ថ្ងៃទី​១៣​ ខែ​កក្តដា​នេះ​ មាន​មិត្ត​ភក្តិ​របស់​ឈ្មោះ​ឌឿន​ មក​ រក​ ពេល​នោះ​ខ្ញុំ​បាន​ឲ្យ​ប្អូន​ទៅ​ដាស់​ ប៉ុន្តែ​ទ្វារ​ត្រូវ​បាន​ចាក់​សោរ​ជាប់​ បន្ទាប់​មក​ខ្ញុំ​ហៅ​មនុស្ស​ពីរ​បី​នាក់​ ឲ្យ​ធាក់​ទំលាយ​ទ្វារ​ បន្ទាប់​មក​ក៏​ឃើញ​ឈ្មោះ​ឌឿន​ត្រូវ​បាន​ស្លាប់​ទៅ​ហើយ​»​។​
            បច្ចុប្បន្ន​ សាក​សព​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​។​
           

No comments:

Post a Comment