ថ្ងៃទី១២ ខែកក្តដា ឆ្នាំ២០១១
កំពង់ចាម៖ សមត្ថកិច្ចស្រុកត្បូងឃ្មុំ កាលពីថ្ងៃអាទិត្យនេះ បានសម្រេចឃាត់ខ្លួនបុរសម្នាក់ អាយុ៤៦ឆ្នាំ ដោយសង្ស័យថាបានជាប់ពាក់ពន្ធ័និងបទល្មើសរំលោភកូនស្រីបង្កើតខ្លួនអាយុ១៥ឆ្នាំ។
លោកម៉ឹង រ៉ៃយ៉ានាយផ្នែកព្រហ្មទណ្ឌនគរបាលស្រុកត្បូងឃ្មុំ បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃចន្ទ័ថា យោងតាមពាក្យបណ្តឹងរបស់ម្តាយក្មេងស្រីរងគ្រោះឈ្មោះអ៊ួន ស៊ាម អាយុ៤៩ឆ្នាំ រស់នៅភូមិប្រធាតុ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ដែលបានដាក់ពាក្យប្តឹងមកការិយាល័យព្រហ្មទណ្ឌនគរបាលស្រុក កាលពីថ្ងៃទី១០ ខែកក្តដានេះ បាននាំឲ្យសមត្ថកិច្ចចេញប្រតិបត្តិការ ចុះឃាត់ខ្លួនបុរសឈ្មោះអ៊ុន ស៊ីថូ អាយុ៤៦ឆ្នាំ មានមុខរបរជាអ្នករត់ម៉ូតូកង់បី និងត្រូវជាប្តីរបស់ម្តាយក្មេងស្រីរងគ្រោះឈ្មោះថ.ស.ស។ លោកបន្តថា ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់មែន ដូច្នេះឆ្លងកាត់តាមការបង្ហាញនេះ សមត្ថកិច្ចបានកសាងសុំនុំរឿង ដើម្បីត្រៀមបញ្ជូនទៅតុលាការ។ លោកថ្លែងថា៖«ឥឡូវនេះយើងកំពុងតែបញ្ជូនជនល្មើសទៅកាន់ស្នងការខេត្ត ដើម្បីឲ្យខេត្ត ត្រៀមបញ្ជូនជនសង្ស័យរូបនេះ ទៅកាន់តុលាការនៅក្នុងពេលឆាប់ៗនេះ»។
ហេតុការណ៍ចាប់រំលោភក្មេងស្រីរងគ្រោះ ថ.ស.ស អាយុ១៥ឆ្នាំដំបូងបង្អស់ត្រូវបានកើតឡើងនៅខែវិច្ឆិកា ឆ្នាំ២០១០ រហូតមកដល់វេលាម៉ោង២១និង១៥នាទីយប់ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១១នេះ ជនល្មើសជាឳពុកបានចេញពីផ្ទះ ដើម្បីរត់ម៉ូតូកងបី ខណៈពេលនោះជនល្មើសបានចុចទូរសព្ទ័មកសួរកូនស្រី ថ.ស.ស ប៉ុន្តែកូនស្រី មិនបានលើកទូរសព្ទ័ទេ ព្រោះជាប់រវល់និយាយគ្នាជាមួយនិងឈ្មោះធឿន។ លុះដល់ពេលត្រឡប់មកវិញ ឆ្លៀតឱកាសដែលគ្មានមនុស្សនៅផ្ទះផងនោះ ជនល្មើសបានរកបង្ករឿងលើក្មេងស្រីរងគ្រោះ ដោយខឹងមិនព្រមលើកទូរសព្ទ័ រួចក៏វៃក្មេងស្រីរងគ្រោះរហូតដល់សន្លប់។ លុះដល់ពេលក្មេងស្រីរងគ្រោះដឹងខ្លួនភ្លាម នាងក៏លួចយករឿងនេះ ខ្សិបប្រាប់ដល់ម្តាយ។
បើតាមអ្នកស្រីអ៊ួន ស៊ាម អាយុ៤៩ឆ្នាំ ម្តាយក្មេងស្រីរងគ្រោះអាយុ១៥ឆ្នាំ រស់នៅតំបន់កើតហេតុខាងលើបានប្រាប់ថា កូនអ្នកស្រីបានប្រាប់អំពីហេតុការណ៍នេះយូរហើយ ប៉ុន្តែអ្នកស្រីបានត្រឹមតែប្រាប់ឲ្យកូនមានការប្រុងប្រយត្ន័ថែមទៀតប៉ុណ្ណោះ។ អ្នកស្រីបន្តថា កាលពីវេលាម៉ោង៣ជិតភ្លឺ ថ្ងៃទី១០ ខែកក្តដា កូនប្រុសស្រីនិងអ្នកជិតខាងក្បែរផ្ទះអ្នកស្រីបាននំាគ្នាស្រែកឆោឡោ បន្ទាប់ពីបានដឹងហេតុការណ៍ដែលឪពុកចិរច្ឆានរូបនេះ បានប្រព្រឹត្តលើកូនស្រី ក្រោយមកអ្នកស្រីក៍សម្រេចចិត្តដាក់ពាក្យប្តឹងប្តីរបស់ខ្លួនតែម្តងទៅ។ អ្នកស្រីនិយាយថា៖«ខ្ញុំបានលឺកូនស្រីលួចប្រាប់ខ្ញុំយូរហើយ អំពីរឿងឪពុកវាចាប់រំលោភ ប៉ុន្តែវាមិនហ៊ានយករឿងនេះទៅប្រាប់អ្នកណាទេ ព្រោះឪពុកវាបានគំរាមចង់សម្លាប់។ អ្នកស្រីថា៖«ខ្ញុំមិនសោកស្តាយប្តីរបៀបនេះទេ ព្រោះបានប្រព្រឹត្តអំពើខុសសីលធម៌រំលោភលើកូនស្រីបង្កើតខ្លួនឯង ដូច្នេះវាសមនិងត្រូវទទួលទោស»។
No comments:
Post a Comment