Tuesday, July 12, 2011

ប្រជាពលរដ្ឋនៅស្រុកបារាយណ៍គ្រោងនិងដាក់ពាក្យប្តឹងមកសម្តេចហ៊ុន សែននៅថ្ងៃអង្គារនេះ


ដោយៈ ឃួន​ លក្ខិណា​

ថ្ងៃទី១០ ខែកក្តដា ឆ្នាំ២០១១
កំពង់​ធំ​៖​ ប្រជា​ពល​រដ្ឋ​១៨៦​គ្រួសារ​រស់​នៅ​ភូមិ​-​ឃុំ​បាក់​ស្នា ​ស្រុក​បារាយណ៍​ ខេត្ត​កំពង់​ធំ​  គ្រោង​និង​ឡើង​មក​កាន់​ទី​ក្រុង​ភ្នំពេញ​ នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ​ ដើម្បី​យក​ពាក្យ​ប្តឹង​ពាក់​ពន្ធ័​និង​ករណី​ជម្លោះ​ដីធ្លី​ជាមួយ​អាជ្ញា​ធរ​ ផ្ញើរ​ទៅ​កាន់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន​។​
តំណាង​ប្រជាពលរដ្ឋ​ម្នាក់​អ្នក​ស្រី​កង​ សូរ​ អាយុ​៦១​ឆ្នាំ​ រស់​នៅ​តំបន់​កើត​ហេតុ​ខាង​លើ​បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ នៅ​ថ្ងៃ​អង្គារ​នេះ​ និង​មាន​តំណាង​ប្រជាពលរដ្ឋ​ច្រើន​ជាង​១០នាក់​ឡើង​មក​កាន់​ទី​ក្រុង​ភ្នំពេញ​ ដើម្បី​យក​ពាក្យ​ប្តឹង​ដាក់​ទៅ​កាន់​សម្តេច​ហ៊ុន​ សែន​ ក្នុង​គោល​បំណង​ស្នើ​សុំ​ឲ្យ​មាន​កិច្ច​អន្តរាគមន៍​ជា​បន្ទាន់​ លើ​ករណី​អាជ្ញាធរ​ នៅ​តំបន់​ខាង​លើ​បាន​ឃុប​ឃិត​គ្នា​លួច​យក​ដីប្រជាពល​រដ្ឋ​ទៅ​លក់​ឲ្យ​ក្រុម​ហ៊ុន​  ព្រម​ទាំង​ធ្វើការ​ដោះ​ដូរ​ដី​ឲ្យ​ប្រជាពលរដ្ឋ​ ដោយ​មិន​មាន​លក្ខ​ខណ្ឌ​សម​ស្រប​។ អ្នក​ស្រី​បាន​បន្ត​ថា​ មូល​ហេតុ​ដែល​ប្រជាពលរដ្ឋ​ទាំង​អស់​បាន​សម្រេច​ចិត្ត​យក​ពាក្យ​ប្តឹង​ ដាក់​ទៅ​កាន់​នាយក​រដ្ឋ​មន្ត្រី​នៅ​ថ្ងៃ​អង្គារ​នេះ​ ដោយ​សារ​តែ​ប្រជាពលរដ្ឋ​មាន​ការ​អស់​សង្ឈឹម​យ៉ាង​ខ្លាំង ចំពោះ​វិធានការណ៍​ដោះ​ស្រាយ​របស់​អាជ្ញា​ធរ​នៅ​ទី​នោះ​ ដូច្នេះ​ទើប​បង្ខំ​ចិត្ត​ឲ្យ​តំណាង​មួយ​ចំនួន​នេះ​ ធ្វើ​ដំណើរ​មក​ទី​ក្រុង​ភ្នំពេញ​។​ អ្នក​ស្រី​ថ្លែង​ថា​៖«​យើង​ពិត​ជា​មាន​បំណង​បែប​នេះ​ប្រាកដ​មែន​ ​ប៉ុន្តែ​បើសិន​ជា​មាន​ការ​ប្រែប្រួល​ស្ថាន​ភាព​យ៉ាង​ម្តេច​ទៀត​នោះ​ នៅ​ថ្ងៃ​ចន្ទ័​នេះ​ ​យើង​និង​ដឹង​ទាំង​អស់​គ្នា​»​។​
កាល​ពី​ឆ្នាំ​១៩៩៧​ ប្រជាពល​រដ្ឋ​ចំនួន​១៨៦​គ្រួសារ​បាន​មក​រស់​នៅ​និង​ធ្វើ​ចំការ​លើ​ដី​ដើម​ភូមិ​មាន​ទំហំ​ប្រហែល​ជា​៣០​ហិតា​ ​ក្រោយ​មក​មេឃុំ​បាន​កាត់​ដី​ចំការ​ប្រជា​ពល​រដ្ឋ​មួយ​ផ្នែក​ធំ​លក់​ទៅ​ឲ្យ​ក្រុម​ហ៊ុន​សុភង្គម​ ដើម្បី​ធ្វើ​អាជីវកម្ម​ដាំ​ដើម​អាកាស​ស្សា​។​ រហូត​មក​ដល់​ឆ្នាំ​២០០៨​ អាជ្ញាធរ​ក្នុង​តំបន់​ខាង​លើ​ បាន​ឃុប​ឃិត​គ្នា​ជាមួយ​និង​ម្ចាស់​ក្រុម​ហ៊ុន​មួយ​ទៀតរបស់វៀត​ណាម បាន​យក​អាប៊ុល​​មក​ឈូស​​ឆាយ​ផ្ទះ ​និង​ដី​ចំការ​របស់​ប្រជាពលរដ្ឋ​ ដោយ​បង្ខំ​ឲ្យ​ពួក​គេ​រើ​ចេញ​ពី​លំ​នៅ​ដ្ឋាន​នោះ​ជា​បន្ទាន់​។​
តំណាង​ប្រជាពលរដ្ឋ​រង​គ្រោះ​ម្នាក់​ទៀត​ អ្នក​ស្រី​យិន​ ស្រី​ខួច​ អាយុ​៣៦ឆ្នាំ​ រស់​នៅ​តំបន់​កើត​ហេតុ​ ខាង​លើ​ កំពុង​មាន​ការ​ភិត​ភ័យ​និង​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ ខណៈ​ដែល​គាត់​ជា​មនុស្ស​ម្នាក់​ត្រូវ​ចូល​រួម​យក​ពាក្យ​ប្តឹង​នេះ​ មក​ទី​ក្រុង​ភ្នំពេញ​ ដើម្បី​ដាក់​ជូន​សម្តេច​ហ៊ុន​ សែន​។​ អ្នក​ស្រី​បាន​រៀប​រាប់​ថា​  អ្នក​ស្រី​និង​ប្រជាពល​រដ្ឋ​មួយ​ចំនួន​ទៀត​មាន​ការ​ព្រួយ​បារម្ភ​ភ័យ​ខ្លាច​អាជ្ញាធរ​ចាំ​ស្ទាក់​តាម​ផ្លូវ​ដើម្បី​ចាប់​ ដែល​នេះ​ជា​ហេតុ​មួយ​អាច​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មិន​អាច​ធ្វើ​ដំណើរ​មក​កាន់​ទី​ក្រុង​បាន​។​ អ្នក​ស្រី​និយាយ​ថា​៖«​ដោយ​សារ​មាន​ការ​ព្រួយ​បារម្ភ​ ទើប​ល្ងាច​នេះ​ ប្រជាពលរដ្ឋ​ណាត់​ជួប​ជុំ​គ្នា​ ដើម្បី​ពិភាក្សា​ស្វែង​រក​មធ្យោបាយ​ត​ទៀត​»។
អ្នក​ស្រី​ម៉ម​ ស៊ីថា​ ប្រធាន​គណៈ​កម្មាធិការ​កម្ពុជា​ឯក​រាជ្យ​ស្ថាបន័​ពុក​រលួយ​នៅ​តែ​រង់​ចាំ​ឃ្លាំ​មើល​អំពី​ សកម្មភាព​ប្រជាពលរដ្ឋ​ ដើម្បី​ឲ្យ​ដឹង​ប្រាកដ​ថា​ តើ​បណ្តឹង​ប្រជាពល​រដ្ឋ​ត្រូវ​ការ​អ្វី​ឲ្យ​ពិត​ប្រាកដ​នោះ​។ អ្នក​ស្រី​អះ​អាង​ថា​៖«​ កន្លង​មក​នេះ​ខាង​អាជ្ញាធរ​ គេ​បាន​ចេញ​សេចក្តី​សម្រេច​ម្តង​រួច​មក​ ក្នុង​ការ​ដោះ​ស្រាយ​ផ្តល់​ដី​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន​១១៤​គ្រួសារ​ ហើយ​ក្នុង​១១៤​នេះ​ មាន​អ្នក​ខ្លះ​ ព្រម​ទទួល​យក​ អ្នក​ខ្លះ​មិន​ព្រម​យក​ជា​ដាច់​ខាត​ ដោយ​សារ​ការ​ដោះ​ដូរ​នោះ​ វា​មិន​សម​ស្រប​តាម​លក្ខ​ខណ្ឌ​ដែល​ពួក​គេ​ចង់​បាន​ ដូច្នេះ​យើង​ចង់​ដឹង​ថា​ តើ​ពាក្យ​បណ្តឹង​នេះ​ មាន​ស្នើ​ទាម​ទារ​កាន់​កាប់​ដី​ធ្លី​ដែរ​ទេ​ ហើយ​តើ​អ្នក​ដែល​មាន​ឈ្មោះ​កាន់​កាប់​ដី​ ដែល​អាជ្ញាធរ​ចារ​ឲ្យ​នោះ​ មក​ដល់​ពេល​បច្ចុប្បន្ន​បាន​ទទួល​សិទ្ធ​កាន់​កាប់​ហើយ​នៅ​»​។​
លោក​លី​ គឹម​ទាវ​ប្រធាន​គណៈ​កម្មាធិការ​ដោះ​ស្រាយ​វិវាទ​ដី​ធ្លី​បាន​មាន​ប្រសាសន៍​ថា​ រាល់​ការ​ប្តឹង​របស់​ប្រជាពលរដ្ឋ​ វា​មិន​មែន​សុទ្ធ​តែ​ត្រូវ​ទាំង​អស់​នោះ​ទេ​ ដូច្នេះ​ប្រជាពលរដ្ឋ​មាន​សិទ្ធ​ដាក់​ពាក្យ​ប្តឹង​ទៅ​ទី​ណា​ក៏​បាន​ ហើយ​អាជ្ញាធរ​ក៏​មិន​មាន​សិទ្ធ​ហាម​ឃាត់​ពួក​គាត់​ដែរ​។​ លោក​និយាយ​ថា​៖«​នៅ​ក្នុង​ពាក្យ​ប្តឹង​នេះ​ ប្រសិន​បើ​ ការ​ស្រាវ​ជ្រាវ​រក​ឃើញ​ថា​ អាជ្ញាធរ​បាន​ប្រព្រឹត្ត​ខុស​មែន​នោះ​ យើង​សុខ​ចិត្ត​ជាប់​ទោស​ តែ​បើ​ប្រជា ពលរដ្ឋ​ជា​អ្នក​ខុស​វិញ​ ក៏​គួរ​តែ​ទទួល​ទោស​នោះ​ដូច​គ្នា​ដែរ​»​។​






No comments:

Post a Comment