Thursday, July 7, 2011

អាជ្ញាធរស្រុកបារាណ៍បានព្រមានចាប់តំណាងប្រជាពលរដ្ឋ

ដោយៈ ឃួន​ លក្ខិណា​

ថ្ងៃទី៦ ខែកក្តដា ឆ្នាំ២០១១

កំពង់ធំ៖ អាជ្ញា​ធរ​ស្រុក​បារាណ៍​ កាល​ពី​ថ្ងៃ​អង្គារ​ បាន​ធ្វើការ​ព្រមាន​ចាប់​តំណាង​ប្រជាពលរដ្ឋ​ទៅ​ដាក់​មន្ទីរ ​ឃុំ​ឃំាង​ ប្រសិន​បើ​ប្រជាពល​រដ្ឋ​នៅ​តែ​មិន​បញ្ឈប់​សកម្មភាព​តវ៉ា​របស់​ខ្លួន​ ដើម្បី​ទាម​ទារ​សិទ្ធ​កាន់​កាប់​ដី​ធ្លី​ឲ្យ​បាន​គ្រប់​ចំនួន​១៨៦​គ្រួសារ​នោះ​។​
     លោក​លី​ គឹម​ទាវ​ប្រធាន​គណៈ​កម្មាធិការ​ដោះ​ស្រាយ​វិវាទ​ដី​ធ្លី​ ខេត្ត​កំពង់​ធំ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​អង្គារ​ថា​ អស់​រយៈ​ពេល​៤​ឆ្នាំ​ហើយ​ ដែល​លោក​បាន​ធ្វើការ​ដោះ​ស្រាយ​បញ្ហា​វិវាទ​ដីធ្លី​ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​-​ឃុំ​បាក់​ស្នា​ ស្រុក​បារាយណ៍​ ខេត្ត​កំពង់​ធំ​នេះ​។​ លោក​បន្ត​ថា​ ពី​ដំបូង​ឡើយ​ប្រជាពល​រដ្ឋ​បាន​មក​ដាក់​ពាក្យ​ប្តឹង​មក​លោក​ មាន​ចំនួន​ត្រឹម​តែ​១១៤​គ្រួសារ​ប៉ុណ្ណោះ​ ហើយ​អ្នក​ទាំង​នោះ​បាន​យល់​ព្រម​ទទួល​យក​សំណើរ​របស់​លោក​ ក្នុង​ការ​ដោះ​ដូរ​ដី​ពី​ដី​ដើម​ភូមិ​ទៅ​រស់​នៅ​លើ​ដី​ចុង​ភូមិ​វិញ​ ប៉ុន្តែ​ក្នុង​នោះ​មាន​ជន​ខិល​ខូច​មួយ​ចំនួន​បាន​ដើរ​បង្ករ​រឿង​ ដោយ​ចេះ​តែ​ថែម​ឈ្មោះ​ជន​មក​ពី​ក្រៅ​រហូត​ដល់​ឡើង​ដល់​១៨៦​គ្រួសារ​ ដូច្នេះ​លោក​បាន​ទទួល​ស្គាល់​ប្រជាពលរដ្ឋ​ដែល​មាន​សិទ្ធ​កាន់​កាប់​ដី​តែ​ចំនួន​១១៤​គ្រួសារ​ប៉ុណ្ណោះ​។​ លោក​ថ្លែង​ថា​៖«​យើង​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​តាម​រក​ជន​បះ​បោរ​ដែល​ជា​តំណាង​ប្រជាពលរដ្ឋ​នោះ​ ដើម្បី​យក​ដាក់​មន្ទីរ​ឃុំ​ឃាំង​ ជា​ការ​ព្រមាន​»​។​
     កាល​ពី​ឆ្នាំ​១៩៩៧​ ប្រជាពល​រដ្ឋ​ចំនួន​១៨៦​គ្រួសារ​បាន​មក​រស់​នៅ​និង​ធ្វើ​ចំការ​លើ​ដី​នេះ ដែល​ជា​ដី​ដើម​ភូមិ​មាន​ទំហំ​ប្រហែល​ជា​៣០​ហិតា​ ក្រោយ​មក​មេឃុំ​បាន​កាត់​ដី​ចំការ​ប្រជា​ពល​រដ្ឋ​មួយ​ផ្នែក​ធំ​លក់​ទៅ​ឲ្យ​ក្រុម​ហ៊ុន​សុភង្គម​ ដើម្បី​ធ្វើ​អាជីវកម្ម​ដាំ​ដើម​អាកាស​ស្សា​។​ រហូត​មក​ដល់​ឆ្នាំ​២០០៨​ អាជ្ញាធរ​ក្នុង​តំបន់​ខាង​លើ​ បាន​ឃុប​ឃិត​គ្នា​ជាមួយ​និង​ម្ចាស់​ក្រុម​ហ៊ុន​មួយ​ទៀតរបស់វៀត​ណាម បាន​យក​អាប៊ុល​ចំនួន​២​គ្រឿង​មក​ឈូស​ឆាយ​ផ្ទះ ​និង​ដី​ចំការ​របស់​ប្រជាពលរដ្ឋ​ ដោយ​បង្ខំ​ឲ្យ​ពួក​គេ​រើ​ចេញ​ពី​លំ​នៅ​ដ្ឋាន​នោះ​ជា​បន្ទាន់
អ្នក​ស្រី​កង​ សូរ​ អាយុ​៦១​ឆ្នាំ​ តំណាង​ប្រជាពល​រដ្ឋ​ភូមិ​-​ឃុំ​បាក់​ស្នា ​ស្រុក​បារាណ៍​ ខេត្ត​កំពង់​ធំ​ បាន​មាន​ប្រសាសន៍​ថា​ ឥឡូវ​នេះ​អ្នក​ស្រី​និង​ប្រជាពល​រដ្ឋ​ដែល​កំពុង​រង់​គ្រោះ​ទាំង​អស់​មាន​ការ​ភិត​ភ័យ​យ៉ាង​ខ្លាំង​ នៅ​ពេល​ដែល​អាជ្ញាធរ​បាន​ប្រកាស​តាម​ចាប់​ខ្លួន​អ្នក​ស្រី​និង​ពល​រដ្ឋ​មួយ​ចំនួន​ទៀត​។​ អ្នក​ស្រី​និយាយ​ថា​៖«​ពួក​យើង​មិន​បាន​ធ្វើ​ដូច​ការ​លើក​ឡើង​របស់​អាជ្ញាធរ​រូប​នេះ​ទេ​ ផ្ទុយ​ទៅ​វិញ​ រូប​គេ​ទេ​ ដែល​មាន​ល្បិច​កល់​លួច​យក​ដី​របស់​ពួក​យើង​ទៅ​លក់​ឲ្យ​ក្រុម​ហ៊ុន​១​ដង​ជា​ពីរ​ដង​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​គេ​បាន​លួច​ក្លែង​បន្លំ​ចំនួន​អ្នក​ដែល​ត្រូវ​ដោះ​ដូរ​ដី​ថែម​ទៀត​ផង​»។​ អ្នក​ស្រី​ថា​៖«​ឥឡូវ​នេះ​ ប្រជា​ពល​រដ្ឋ​បាន​នាំគ្នា​ផ្អាក​សកម្ម​ភាព​តវ៉ា​មួយ​រយៈ​សិន​ ដើម្បី​ជៀស​វាង​មិន​ឲ្យ​អ្នក​ណា​ម្នាក់​ត្រូវ​ជាប់​ឃុំ​ឃាំង​ ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​ យើង​នៅ​តែ​បន្ត​ការ​ប្រមូល​មេដៃ​ជា​សំងាត់​ដែរ​ ដើម្បី​រៀប​ចំ​បណ្តឹង​ដាក់​ទៅ​កាន់​សម្តេច​ហ៊ុន​ សែន​»​។
​លោក​ស្រី​ម៉ម​ ស៊ី​ថា​ប្រធាន​គណៈ​កម្មាធិការ​កម្ពុជា​ឯក​រាជ្យ​ស្ថាបន័​ពុក​រលួយ​បាន​មាន​ប្រសា​សន៍​ថា​ អាជ្ញាធរ​បាន​ប្រើ​ភាសា​មិន​ទទួល​ខុស​ត្រូវ​ទេ​ ក្នុង​ការ​គំរាម​កំហែង​ចង់​ចាប់​ប្រជាពល​រដ្ឋ​ជា​ច្រើន​លើក​ច្រើន​សារ​នេះ​។​ លោក​ស្រី​បន្ត​ថា​ ការ​តវ៉ា​ត្រូវ​បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​គ្មាន​ការ​ដោះ​ស្រាយ​ ដូច្នេះ​ការ​គំរាម​កំហែង​ក្នុង​យុវគ្គ​សម័យ​នេះ​គេ​មិន​ទទួល​ឡើយ​។​ លោក​ស្រី​ថ្លែង​ថា​៖«​យើង​ នៅ​ឃ្លាំ​ចាំ​មើល​បញ្ហា​នេះ​បន្ត​ទៅ​ទៀត​ ហើយ​បើ​សិន​កើត​មាន​ករណី​ចាប់​ប្រជាពលរដ្ឋ​យក​ទៅ​ឃុំ​ឃាំង​មែន​នោះ​ យើង​និង​ចេញ​របាយ​ការណ៍​មួយ​ ដើម្បី​បង្ហាញ​ដល់​សាធារណៈ​អំពី​ករណី​នេះ​»​។​
           
           
           

Tuesday, July 5, 2011

ប្រជាពលរដ្ឋស្រុកបារាយណ៍ ខេត្តកំពង់ធំកំពុងប្រមូលស្នាមមេដៃ ដើម្បីរៀបចំបណ្តឹងដាក់ទៅកាន់សម្តេចហ៊ុន សែន


ដោយៈ ឃួន​ លក្ខិណា​

ថ្ងៃទី០៦ ខែ កក្តដា ឆ្នាំ២០១១
កំពង់ធំ៖ ប្រជាពល​រដ្ឋ​១៨៦​គ្រួសារ​ រស់​នៅ​ភូមិ​បាក់​ស្នា​ ឃុំ​បាក់​ស្នា​ ស្រុក​បារាយណ៍​ ខេត្ត​កំពង់​ធំ​ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ​ បាន​នំាគ្នា​បន្ត​យុទ្ធនា​ការ​ប្រមូល​ស្នាម​មេដៃ​ សម្រាប់​រៀប​ចំ​បណ្តឹង​ផ្ញើរ​ទៅ​កាន់​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន​ ដើម្បី​ស្នើ​សុំ​ឲ្យ​មាន​កិច្ច​អន្តរាគមន៍​ជា​បន្ទាន់​ លើ​ករណី​អាជ្ញាធរ​បាន​លួច​ឃុប​ឃិត​គ្នា​លក់​ដី​ប្រជាពល​រដ្ឋ​ទៅ​ឲ្យ​ម្ចាស់​ក្រុម​ហ៊ុន​មួយ​ ដែល​ជា​របស់​ប្រទេស​វៀត​ណាម​។​
            ប្រភព​ពី​ប្រជាពល​រដ្ឋ​រស់​នៅ​ភូមិ​បាក់​ស្នា​ បាន​អះ​អាង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ដី​នេះ​ ជា​ដី​ដើម​ភូមិ​ ដែល​មាន​ទំហំ​ប្រហែល​ជា​៣០​ហិតា​ ហើយ​ប្រជាពលរដ្ឋ​បាន​មក​រស់​នៅ​និង​ធ្វើ​ចំការ​តាំង​ពី​ឆ្នាំ​១៩៩៧​មក​ម្លេះ​ ក្រោយ​មក​មេឃុំ​ បាន​កាត់​ដី​ចំការ​ប្រជាពលរដ្ឋ​មួយ​ផ្នែក​ធំ​លក់​ទៅ​ឲ្យ​ក្រុម​ហ៊ុន​សុភង្គម​ ដើម្បី​ធ្វើ​អាជីវកម្ម​ដាំ​ដើម​អាកាស​ខ្សារ​។​ រហូត​មក​ដល់​ឆ្នាំ​២០០៨​ អាជ្ញាធរ​ក្នុង​តំបន់​ខាង​លើ​ បាន​ឃុប​ឃិត​គ្នា​ជាមួយ​និង​ម្ចាស់​ក្រុម​ហ៊ុន​មួយ​ទៀត ដែល​ជា​របស់​ប្រទេស​វៀត​ណាម​ បាន​យក​អាប៊ុល​ចំនួន​២​គ្រឿង​មក​ឈូស​ឆាយ​ផ្ទះ ​និង​ដី​ចំការ​របស់​ប្រជាពលរដ្ឋ​ ដោយ​បង្ខំ​ឲ្យ​ពួក​គេ​រើ​ចេញ​ពី​លំ​នៅ​ដ្ឋាន​នោះ​ជា​បន្ទាន់​។​
            តំណាង​ប្រជាពល​រដ្ឋ​រង​គ្រោះ​អ្នក​ស្រី​កង​ សូរ​ អាយុ​៦១ឆ្នាំ​ រស់​នៅ​ភូមិ​បាក់​ស្នា ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ អ្នកស្រី​គឺ​ជា​ជន​រង​គ្រោះ​ម្នាក់​ដែល​បាត់​បង់​ដី​អស់​ចំនួន​២​ហិតា​។​ អ្នក​ស្រី​បន្ត​ថា ​បន្ទាប់​ពី​មាន​ការ​ឈូស​ឆាយ​រួច​មក​ប្រជាពលរដ្ឋ​បាន​នាំគ្នា​ឡើង​ទៅ​តវ៉ា​នៅ​សាលា​ខេត្ត​ ដើម្បី​ស្នើ​ឲ្យ​អាជ្ញាធរ​ធ្វើ​ការ​ដោះ​ស្រាយ​បញ្ហា​វិវាទ​នេះ​ ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​១៨៦​គ្រួសា​រនេះ​ ត្រូវ​ធ្វើការ​ដោះ​ដូរ​រវាង​ដី​នៅ​ខាង​ដើម​ភូមិ​ ឲ្យ​ទៅ​រស់​នៅ​លើ​ដី​ចុង​ភូមិ​វិញ​ ដោយ​ក្នុង​១​គ្រួសារ​ត្រូវ​ទទួល​បាន​ដី​ទំហំ​ក្បាល​៤០​គុណ​៥០ម៉ែត្រ​។​ អ្នក​ស្រី​និយាយ​ថា​៖« ​ពួក​យើង​ព្រម​ធ្វើការ​ដោះ​ដូរ ប្រសិន​បើ​អាជ្ញា​ធរ​បាន​គោរព​ទៅ​តាម​កិច្ច​សន្យា​របស់​ខ្លួន​ឲ្យ​បាន​ត្រឹម​ត្រូវ​នោះ​»​។
            អ្នក​ស្រី​ម៉ម​ ស៊ីថា​ ប្រធាន​គណៈ​កម្មាធិការ​កម្ពុជា​ឯក​រាជ្យ​ស្ថាបន័​ពុក​រលួយ​បាន​មាន​ប្រសា​សន៍​ថា​ អ្នក​ស្រី​បាន​រក​ឃើញ​ថា​ អាជ្ញាធរ​មិន​បាន​គោរព​ទៅ​តាម​ការ​សន្យា​របស់​ខ្លួន​ទេ​ ព្រោះ​គាត់​ បាន​សន្យា​ថា​ និង​ធ្វើការ​ដោះ​ស្រាយ​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន​១៨៦​គ្រួសារ​នេះ​ ប៉ុន្តែ​ធាតុ​ពិត​មាន​តែ​១១៤​គ្រួសារ​ប៉ុណ្ណោះ​ ដែល​មាន​ឈ្មោះ​ត្រូវ​បាន​កាន់​កាប់​ដី​នៅ​តំបន់​ថ្មី​។​ អ្នក​ស្រី​និយាយ​ថា​៖«​អស់​រយៈ​ពេល​៤ឆ្នាំ​ហើយ​ ប្រជាពលរដ្ឋ​ចំនួន​១១៤​គ្រួសារ​នេះ​ នៅ​តែ​មិន​ទាន់​ទទួល​បាន​សិទ្ធ​កាន់​កាប់​ដី​ធ្លី​នៅ​ឡើយ​ទេ​ ដូច្នេះ​ឥឡូវ​នេះ​ជន​រង​គ្រោះ​ទាំង​១៨៦​គ្រួសារ​ បាន​នាំគ្នា​រៀបចំ​គំរោង​ប្តឹង​សារ​ជា​ថ្មី​ម្តង​ទៀត​ ដើម្បី​ទាម​ទារ​ការ​សន្យា​របស់​អាជ្ញាធរ​។​ អ្នក​ស្រី​ថា​៖«​យើង​និង​តាម​ជួយ​ប្រជាពលរដ្ឋ​តាម​រយៈ​ការ​ជួយ​រៀបចំ​ពាក្យ​បណ្តឹង​ និង​ការ​ណែ​នាំ​ឲ្យ​ពួក​គាត់​ធ្វើការ​ដោះ​ស្រាយ​ដោយ​សន្តិវិធី​ រឺ​តាម​ផ្លូវ​ច្បាប់​»​។​
            លោក​លី​ គឹម​ទាវ​ប្រធាន​គណៈ​កម្មាធិការ​ដោះ​ស្រាយ​វិវាទ​ដី​ធ្លី​ខេត្ត​កំពង់​ធំ​ បាន​មាន​ប្រសា​សន៍​ថា​ បញ្ហា​នេះ​ត្រូវ​បាន​ដោះ​ស្រាយ​ចប់​ជា​ស្ថាពរ​ ហើយ​ប្រជាពលរដ្ឋ​១១៤​គ្រួសារ​នេះ​ ក៏​ស្មគ្រ័​ចិត្ត​ទទួក​យក​សំណើរ​របស់​ខេត្ត​ដែរ​ ប៉ុន្តែ​មាន​ជន​មេក្លោង​មួយ​ចំនួន​ទៀត​ នៅ​តែ​ចាំ​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​ការ​បោះ​បោរ​ប្រឆាំង​និង​អាជ្ញាធរ​ ដូច្នេះ​នៅ​ពីរ​បី​ថ្ងៃ​ទៀត​នេះ​ លោក​និង​ចាប់​ពួក​មេ​ក្លោង​ទាំង​នោះ​យក​ទៅ​ដាក់​គុក ​ដើម្បី​ព្រមាន​ជា​មិន​ខាន​»​។​ លោក​ថ្លែង​ថា៖«​យើង​មិន​ទាន់​ដឹង​ធ្វើ​យ៉ាង​ម្តេច​ទៀត​ទេ​ ដូច្នេះ​យើង​នៅ​រង់​ចាំ​ការ​ចង្អុល​បង្ហាញ​ពី​ខាង​ថ្នាក់​លើ​ទៀត​។​ លោក​ថា​៖«​ខ្ញុំ​ មិន​អាច​បញ្ជាក់​ដល់​អ្នក​កាសែត​បាន​ទេ​ ថា​ដី​នេះ​ក្រុម​ហ៊ុន​មួយ​ណា​ជា​អ្នក​ទិញ​ រឺ​គម្រោង​ចង់​អភិវឌ្ឍ​ន៍​ធ្វើអ្វី​បន្ត​ទៀត​នោះ​។​
            លោក​ម៉ី​ សារឿន​ មេ​ឃុំ​បាក់​ស្នា​ បាន​មាន​ប្រសាសន៍​ថា​ លោក​មិន​បាន​ដឹង​អំពី​ចំនួន​សរុប​
របស់​ប្រជាពល​រដ្ឋ​នៅ​តំបន់​កើត​ហេតុ​ខាង​លើ​ទេ​ ប៉ុន្តែ​នៅ​ក្នុង​ពាក្យ​បណ្តឹង​ប្រជាពលរដ្ឋ​មាន​មនុស្ស​ ត្រឹម​តែ​១១៤​គ្រួសារ​ប៉ុណ្ណោះ​។​ លោក​ថ្លែង​ថា​៖«​ខ្ញុំ​មិន​ដឹង​ថា​មាន​រឿង​អ្វី​នោះ​ទេ​ បាន​ជា​ប្រជាពល​រដ្ឋ​ទាំង​នោះ​ចោទ​ប្រកាន់​ខ្ញុំ​ថា​ ជា​អ្នក​លក់​ដី​ទៅ​ឲ្យ​ក្រុម​ហ៊ុន​ទៅ​វិញ​ ធាតុ​ពិត​គឺ​ខ្ញុំ​មិន​បាន​អ្វី​ទេ​»​។​
            លោក​ឈុន​ ឈាន់​អភិបាល​ខេត្ត​កំពង់​ធំ​មិន​បាន​ធ្វើ​អត្ថាធិ​ប្បាយ​ទេ​ ព្រោះ​បិទ​ទូរ​សព្ទ័​។​
           
           
           

Thursday, June 30, 2011

អាជ្ញាធរខេត្តប៉ៃលីនបានដាក់កំលាំងស៊ើបអង្កេតជាសំងាត់នៅតាមគោលដៅ ដើម្បីទប់ស្កាត់ការធ្វើំចំណាកស្រុកដោយខុសច្បាប់

ដោយៈ ឃួន​ លក្ខិណា​

ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១១
ប៉ៃ​លីន៖ អាជ្ញាធរ​ខេត្ត​ប៉ៃលិន​បាន​រៀប​ចំ​កំលាំង​សំងាត់​ដាក់​នៅ​តាម​គោល​ដៅ​ ដែល​មាន​ទីផ្សារ និង​ទី​ប្រជុំជន​គ្រប់​កន្លែង​ ដើម្បី​ឃ្លាំ​ចាំ​មើល​ជន​ចំណាក​ស្រុក​ដែល​ត្រៀម​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​រក​ការ​ងារ​ធ្វើ​នៅ​ប្រទេស​ថៃ​។​
         លោក​សំ​ សេង​លី​នាយ​ប៉ុស្តិ៍​នគរបាល​អន្តោ​ប្រវេសន៍​ប្រចាំ​ច្រក​ព្រំដែន​ខេត្ត​ប៉ៃលិន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​ព្រហស្បត្តិ៍​ថា​ លោក​បាន​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ក្នុង​ការ​ទប់​ស្កាត់​បទ​ល្មើស​ឆ្លង​ដែន​ខុស​ច្បាប់​របស់​ពលករ​កម្ពុជា​ទៅ​ប្រទេស​ថៃ​ ដើម្បី​ស្វែង​រក​ការ​ងារ​ធ្វើ​។ ​
លោក​បន្ត​ថា​ ដើម្បី​ចូល​រួម​ទប់​ស្កាត់​បទ​ល្មើស​ខាង​លើ​នេះ​ អាជ្ញាធរ​ខេត្ត​បាន​សម្រច​រៀប​ចំ​ជា​វិធាន​ការណ៍​មួយ​ទៀត​ ដោយ​ដាក់​កំលាំង​ស៊ើប​អង្កេត​ជា​សំងាត់​នៅ​តាម​គោល​ដៅ​ ដែល​មាន​ទីផ្សារ​រ និង​ទី​ប្រជុំជន​ជាដើម​ ដើម្បី​ឃ្លាំ​ចាំ​មើល​ពលរដ្ឋ​ខ្មែរ​ដែល​ត្រៀម​ធ្វើ​ដំណើរ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ដោយ​ខុស​ច្បាប់​។​ លោក​ថ្លែង​ថា​៖«​កន្លង​មក​នេះ​ កំលាំង​ចលត័​របស់​យើង​បាន​ដើរ​ល្បាត​នៅ​ត្រង់​តំបន់​អូរ​ព្រំដែន​ ក្រោយ​មក​ពួក​គេ​បាន​រាយការណ៍​ថា​ មាន​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​បាន​ជិះ​ទូ​ក​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ​ខុស​ច្បាប់​ ដើម្បី​ស៊ី​ឈ្មួល​ជា​កសិករ​ធ្វើ​ចំការ​ឲ្យ​គេ​។​ លោក​ថា​ យើង​ធ្លាប់​បាន​ប្រាប់​ប្រជាពលរដ្ឋ​អំពី​គ្រោះ​ថ្នាក់​និង​ហានីភ័យ​ក្នុង​ការ​ធ្វើ​ចំណាក​ស្រុក​ដោយ​ខុស​ច្បាប់​ទៅ​រក​ការ​ងារ​ធ្វើ​នៅ​ប្រទេស​ផ្សេង​ៗ​ ប៉ុន្តែ​ពួក​គេ​តែង​ជឿ​លើ​ការ​លួង​លោម​របស់​មេ​ខ្យល់​ច្រើន​ជាង​ការ​នែនាំ​របស់​ យើង​»​។​
            ពាក់​ពន្ធ័​និង​បញ្ហា​នេះ​កាល​ពី​ថ្ងៃទី​២៥​ ខែ​មិថុនា​ ឆ្នាំ​២០១១​ សមត្ថកិច្ច​ខេត្ត​ប៉ៃលិន​ និង​អាជ្ញាធរ​ថៃ​ បាន​សហការ​គ្នា​ ចុះ​ឃាត់​ខ្លួន​ពលករ​ឆ្លង​ដែន​ខុស​ច្បាប់​ដែល​ត្រៀម​ទៅ​ធ្វើ​ការ​ងា​រ​នៅ​ប្រទេស​ថៃ​តាម​រយៈ​មេ​ខ្យល់​បាន​ចំនួន​៨៤នាក់​ ដែល​បាន​មក​ប្រមូល​ផ្តុំ​គ្នា​នៅ​ម្តុំ​ភូមិ​ផាកាត​ ឃុំ​ខ្លង​យ៉ៃ​ ស្រុក​ពង​ណាំ​រ៉ន​ ខេត្ត​ចន្ទ័​បូរី​ ប្រទេស​ថៃ​។​
           


Wednesday, June 29, 2011

​​​​​​សុខចិត្តយកប្លង់ដីនិងផ្ទះដាក់បញ្ចាំនៅធានាគារ ដើម្បីឲ្យបានរួចទោសពីការប្តឹងរបស់បុគ្គលិកក្រុមហ៊ុនស្រាបៀរANCHOR

ដោយៈ ឃួន​ លក្ខិណា​

ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១១

បន្ទាយ​មាន​ជ័យ៖​ បុរស​ម្នាក់​ដែល​បាន​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ក្លែង​បន្លំ​សំបក​កំប៉ុង​ស្រាបៀរ​ANCH​OR​ បាន​បង្ខំ​ចិត្ត​យក​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ដាក់​បញ្ជំា​ឲ្យ​ធានាគារ​អេស៊ីលីដា​ ដើម្បី​យក​លុយ​មក​សង​បំណុល​ឲ្យ​បុគ្គលិក​ក្រុម​ហ៊ុន​ស្រាបៀរ​ខាង​លើ​នេះ​ ជា​ថ្ងូរ​និង​ការ​បាន​រួច​ទោស​។​
            លោក​កាន់​ វណ្ណ​ថង​ អាយុ​២៥ឆ្នាំ​ រស់​នៅ​ភូមិ​ចក្រី​ ឃុំ​ជប់​វ៉ារី​ ស្រុក​ព្រះ​នេត្យ​ព្រះ ​ខេត្ត​បន្ទាយ​ មាន​ជ័យ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​ពុធ​ថា​ ដើម្បី​បញ្ចប់​រឿង​ លោក​សុខ​ចិត្ត​យក​ប្លង់​ដី​ប្លង់​ផ្ទះ​ទៅ​បញ្ជាំ​ធានាគារ​ ដើម្បី​បាន​លុយ​យក​មក​សង​ឲ្យ​ឈ្មោះ​ប៊ុន រិន​ ដែល​ជា​ម្ចាស់​ដេប៉ូ​ក្រុម​ហ៊ុន​ស្រា​បៀវ​ANCHOR​ ខេត្ត​បន្ទាយ​មាន​ជ័យ​ សម្រាប់​ជា​ថ្ងូរ​ឲ្យ​បាន​រួច​ទោស​ពី​ការ​ចោទ​ប្រកាន់​លើ​បទ​ក្លែង​បន្លំ​សំបក​កំប៉ុង​ស្រាបៀរ​។​ លោក​បន្ត​ថា​ លោក​សូម​ធ្វើ​ការ​បដិសេធ​បញ្ហា​នេះ​ ព្រោះ​លោក​មិន​មែន​ជា​មនុស្ស​ចេះ​ក្លែង​បន្លំ​សំបក​កំប៉ុង​ដែល​មាន​រង្វាន់​ឡើយ​។​
កាល​ពី​៣​ខែ​មុន​ឈ្មោះ​វណ្ណ​ ថង​ បាន​ទៅ​ទិញ​ស្រា​បៀរ​ANCHOR​ ពី​កន្លែង​លក់​ចាប​ហួយ​ មួយ​កន្លែង​ក្បែរ​ផ្សារ​ចក្រី​ ដើម្បី​យក​មក​ផឹក​ស៊ី​ជាមួយ​មិត្ត​ភក្ត័​ ក្រោយ​មក​លោក​បាន​គាស់​ក្រវិល​កំប៉ុង​ឃើញ​មាន​ផ្លាក​អាក្ខរ​A​ រួច​ក៏​ទៅ​សួរ​ម្ចាស់​លក់​ចាប​ហ៊ួយ​នោះ​អំពី​ការ​ត្រូវ​រង្វាន់​ ក្រោយ​មក​គេ​បាន​ប្រាប់​ថា​ ពិត​ជា​ត្រូវ​បាន​រង្វាន់​ធំ​១០​លាន​រៀល​»​។​ លោក​ថា​៖«​ខ្ញុំ​បាន​កាន់​ក្រវិល​កំប៉ុង​ទៅ​បើក​រង្វាន់​ធំ​នៅ​សាខា​ស្ថិត​ក្នុង​ទី​រួម​ខេត្ត​បន្ទាយ​មាន​ជ័យ​ពី​ឈ្មោះ​ប៊ុន​ រិន​ជា​ម្ចាស់​ដេប៉ូ​»​។​
លោក​វណ្ណ​ ថង​បាន​បញ្ជាក់​ថា​៖«​លោក​ប៊ុន​ រិន​បាន​បើក​លុយ​ឲ្យ​ខ្ញុំ​ដោយ​មិន​មាន​លិខិត​ទទួល​លុយ​ឡើយ​ ក្នុង​នោះ​គេ​បាន​បើក​ឲ្យ​ខ្ញុំ​ចំនួន​ត្រឹម​តែ​៩លាន​រៀល​ទេ​ ដោយ​១​លាន​រៀល​ទៀត​ត្រូវ​បាន​ផាត​លើ​ថ្លៃ​ហត់​នឿយ​។​ ៥​ថ្ងៃ​ក្រោយ​មក​ឈ្មោះ​ប៊ុន រិន​បាន​ហៅ​ខ្ញុំ​ម្តង​ទៀត​ ដើម្បី​ឲ្យ​ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​ទី​ក្រុង​ភ្នំពេញ​ថត​ផ្សាយ​តាម​ទូរ​ទស្សន៍​អំពី​ការ​ត្រូវ​រង្វាន់​ធំ​ ព្រម​ទាំង​បង្ខំ​ឲ្យ​ខ្ញុំ​ចុះ​ហត្ថលេ​ខា​លើ​ក្រដាស​មួយ​សន្លឹក​ ដោយ​សរ​សេរ​អំពី​ការ​ខ្ចី​លុយ​ចំនួន​១០​លាន​រៀល​នេះ​ ប៉ុន្តែ​គេ​បាន​ដក​ហូត​ម៉ូតូ​ខ្ញុំ​ទុក​មិន​ឲ្យ​ឡើយ​ លុះ​ត្រា​តែ​ខ្ញុំ​បាន​បើក​លុយ​រង្វាន់​ធំ​ពី​ភ្នំពេញ​មក​ឲ្យ​គាត់​។​ លោក​ថា​៖«​ពេល​មក​ដល់​ភ្នំពេញ​ ស្រាប់​តែ​ក្រុម​ហ៊ុន​ស្រាបៀរ​ANCHOR​បាន​ចោទ​ប្រកាន់​ថា​ ខ្ញុំ​ជា​អ្នក​ក្លែង​បន្លំ​សំបក​កំប៉ុង​ទៅ​វិញ​»​។​
​អ្នក​ស្រី​លាវ​ ស៊ុន​ហ៊ូរ​ម្ចាស់​លក់​ចាប​ហ៊ួយ​និង​ស្រាបៀរ​ANCHOR​ក្បែរ​ផ្សារ​ចក្រី​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ អ្នក​ស្រី​ពិត​ជា​បាន​លក់​ស្រាបៀរ​ ANCHOR​ កន្លះ​កេស​ឲ្យ​ទៅ​ឈ្មោះ​វណ្ណ​ថង​ប្រាកដ​មែន​។​ អ្នក​ស្រី​បន្ត​ថា​ ប្រហែល​បាន​ពីរ​ថ្ងៃ​ក្រោយ​មក​ ស្រាប់​តែ​ឈ្មោះ​វណ្ណ​ ថង​បាន​មក​ប្រាប់​អ្នក​ស្រី​ថា​ គាត់​បាន​ត្រូវ​រង្វាន់​១០​លាន​រៀល​ពី​សំបក​កំប៉ុង​ក្រុម​ហ៊ុន​ស្រាបៀរ​ANCHOR​។​ អ្នក​ស្រី​និយាយ​ថា​៖«​ខ្ញុំ​មិន​បាន​ត្រួត​ពិនិត្យ​មើល​សំបក​កំប៉ុង​ដែល​គាត់​ត្រូវ​រង្វាន់​នោះ​ទេ​ ប៉ុន្តែ​ខ្ញុំ​បាន​ប្រាប់​ឲ្យ​គាត់​យក​សំបក​កំប៉ុង​នោះ​ ទៅ​បើក​នៅ​ឯទី​រួម​ខេត្ត​ ព្រោះ​ដេប៉ូ​ធំ​នៅ​ទី​នោះ​អាច​បើក​រង្វាន់​ឲ្យ​គាត់​បាន​»​។​
បើ​តាម​លោក​ម្នាក់​ឈ្មោះ​ចាន់​ រ៉ា​ អ្នក​ជិត​ខាង​រស់​នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា​បាន​ប្រាប់​ថា​ កាល​ពី​ពាក់​កណ្តាល​ខែ​មិនា​ លោក​វណ្ណ​ ថន​ ពិត​ជា​បាន​យក​ក្រវិល​កំប៉ុង​បង្ហាញ​លោក​មែន​ ហើយ​និយាយ​ប្រាប់​ថា​ នេះ​គឺ​ជា​កំប៉ុង​ដែល​ត្រូវ​រង្វាន់​ធំ​។​ លោក​ថ្លែង​ថា​៖«​ ខ្ញុំ​មិន​បាន​ដឹង​ទេ​ថា​ នោះ​គឺ​ជា​រង្វាន់​អ្វី​ទេ​ ព្រោះ​ក្រវិល​កំប៉ុង​នោះ​សរ​សេរ​ជា​អក្សរ​អង្គ​គ្លេស​»​។​
លោក​ប៊ុន​ រិន​ម្ចាស់​ដេប៉ូ​ស្រាបៀរ​ANCHOR​ ខេត្ត​បន្ទាយ​មាន​ជ័យ​ មិន​បាន​លើក​ទូរ​សព្ទ័​ទេ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ​ ប៉ុន្តែ​បើ​តាម​កញ្ញា​សោភណ្ឌ័​ បុគ្គ​លិក​ផ្នែក​គណនេយ្យ​នៅ​ដេប៉ូ​ស្រាបៀរ​ANCHOR​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ កញ្ញា​បាន​លឺ​ម្ចាស់​ដេប៉ូ​និយាយ​អំពី​បញ្ហា​មាន​អ្នក​ក្លែង​បន្លំ​សំបក​កំប៉ុង​ស្រាបៀវ​ANCHOR​ប្រាកដ​មែន​ ប៉ុន្តែ​កញ្ញា​មិន​បាន​លឺ​ម្ចាស់​ដេប៉ូ​និយាយ​អំពី​ការ​ដាក់​ពាក្យ​ប្តឹង​លើ​អ្នក​ណា​ម្នាក់​ឡើយ​។​



           
           
           



Tuesday, June 28, 2011

ក្រសួងផែនការត្រូវការថវិការបន្ថែមដើម្បីរៀបចំការអង្កេតចន្លោះជំរឿនឆ្នាំ២០១៣

ដោយៈ ឃួន​ លក្ខិណា​

ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១១
ភ្នំពេញ​៖ ក្រសួង​ផែន​ការ​កំពុង​ស្វែង​រក​ថវិការ​ពី​អង្គការ​ដៃគូរ​អភិវឌ្ឍន៍​ឲ្យ​បាន​គ្រប់​តាម​ផែន​ការ​ ដើម្បី​រៀប​ចំ​ការ​ធ្វើ​អង្កេត​ចន្លោះ​ជំរឿ​នៃ​ប្រជា​រាស្រ្ត​កម្ពុជា​នៅ​ឆ្នាំ​២០១៣​។
     លោក​សន​ ស៊ី​ថន​ អគ្គ​លេខាធិការ​ទទួល​បន្ទុក​ស្ថិតិ​នៃ​ក្រសួង​ផែន​ការ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ក្រសួង​ផែន​ការ​ត្រូវ​ការ​ថវិការ​ប្រមាណ​៦៩៨.៨១៧​ដុល្លា​ ដើម្បី​ការ​អង្កេត​ចន្លោះ ​ជំរឿន​ឆ្នាំ​២០១៣​ និង​ផ្តល់​ព័ត៌​មាន​សំខាន់​ៗ​ សម្រាប់​ធ្វើ​បច្ចុប្បន្ន​ភាព​ សូច​នាករ​មួយ​ចំនួន​។​ លោក​ បន្ត​ថា​ ការ​ធ្វើ​អង្កេត​ចន្លោះ​ជំរឿន​អាច​និង​ប្រព្រឹត្ត​ទៅ​នៅ​ខែ​មិនា​ ឆ្នាំ​២០១៣​ ដោយ​ត្រូវ​អនុវត្ត​ត្រឹម​តែ​២​សប្តាហ៍​ប៉ុណ្ណោះ​ ក្នុង​នោះ​ត្រូវ​ជ្រើស​រើស​គំរូ​ចំនួន​២៨.៦៨០​គ្រួសារ​នៅ​ទូ​ទាំង​ប្រទេស​។​ លោក​ថ្លែង​ថា​៖«​យើង​គ្រោង​ដាក់​មន្រ្តី​សភាន៍​ចំនួន​៩៥៦នាក់​ និង​មន្ត្រី​ត្រួត​ពិនិត្យ​ចំនួន​៣១៩នាក់​ សម្រាប់​ការ​ធ្វើ​អង្កេត​ឆ្នាំ​២០១៣​»​។​លោក​ថា​ កិច្ច​ការ​នេះ​គឺ​ជា​រឿង​ចាំ​បាច់​ណាស់​ ដើម្បី​ធ្វើការ​តាម​ដាន​ការ​ប្រែប្រួល​រចនា​សម្ពន្ធ័​ប្រជាជន​ និង​សមាស​ភាគ​ប្រជាជន​ ចំនួន​ និង​គុណ​ភាព​នៃ​កម្លាំង​ពលកម្ម​ អក្ខរ​កម្ម​ និង​កម្រិត​វប្បធម៌​ ប្រភេទ​អាគារ​ និង​លំនៅ​ដ្ឋាន​ រួម​និង​ស្ថាន​ភាព​សេដ្ឋ​កិច្ច​ សង្គម​កិច្ច​ទូទៅ ​និង​ស្ថាន​ភាព​ជីវភាព​រស់​នៅ​របស់​ប្រជាជន​»​។​
     ទាក់​ទង​និង​លទ្ធ​ផល​ទូទៅ​ នៃ​ការ​អង្កេត​ចន្លោះ​ជំរឿន​នៃ​ប្រជា​រាស្រ្ត​ឆ្នាំ​២០១៣​ និង​ត្រូវ​ប្រកាស​ផ្សាយ​នៅ​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៣​ ហើយ​ការ​ផ្សព្វ​ផ្សាយ​និង​មាន​វិសាល​ភាព​ទូលំ​ទូលាយ​ដល់​ ក្រសួង​ ស្ថាបន័​ និង​រាជ​ធានី​/​ខេត្ត​ និង​ត្រូវ​ធ្វើ​ក្នុង​រយៈ​ពេល​២​ខែ​ ចាប់​ពី​ខែ​ធ្នូ ​ឆ្នាំ​២០១៣​។​
     លោក​សន​ ស៊ី​ថន​ បញ្ជាក់​ថា​៖«​បច្ចុប្បន្ន​ថវិការ​សម្រាប់​អនុវត្ត​លើ​ការ​ងារ​នេះ​ អង្គការ​UNFPA​ និង​អង្គ​ការ​ Jica​ បាន​ធ្វើ​ការ​ឧបត្ថម្ភ​បាន​មួយ​ចំនួន​ធំ​ហើយ​  ប៉ុន្តែ​យើង​នៅ​ខ្វះ​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ​ ដូច្នេះ​ទើប​ថ្ងៃ​ម្សិល​មិញ​នេះ​ ក្រសួង​បាន​ធ្វើការ​អំពាវនាវ​ស្នើ​សុំ​ថវិការ​បន្ថែម​ទៀត​ពី​អង្គការ​ដៃ​គូរ​មួយ​ចំនួន​តាម​រយៈ​សិក្ខា​សាលា​ប្រមែ​ប្រមូល​ធន​ធាន​សម្រាប់​ការ​ងារ​អង្កេត​នេះ​»​។​
     លោក​ទេស​រដ្ឋ​មន្រ្តី​ឆាយ​ ថន​ រដ្ឋ​មន្ត្រី​ក្រសួង​ផែន​ការ​បាន​មាន​ប្រសាសន៍​ថា​ ការ​អង្កេត​ចន្លោះ​ជំរឿន​គឺ​ជា​សកម្មភាព​មួយ​បន្ត​ក្នុង​រយៈ​ពេល​៥ឆ្នាំ​ ក្រោយ​ពី​ជំរឿន​ដែល​មាន​សារៈ​សំខាន់​ សម្រាប់​ការ​ផ្ទៀង​ផ្ទាត់​ តាម​ដាន​ភាព​រីក​ចម្រើន​ និង​ការ​អភិវឌ្ឍ​របស់​ប្រទេស​។​ លោក​បន្ត​ថា​ រាជ​រដ្ឋា​ ភិបាល​ត្រូវ​ការ​ទិន្ន​ន័យ​សម្រាប់​គោល​ដៅ​ជា​ច្រើន​ដូច​ជា​ ធ្វើ​ផែន​ការ​អភិវឌ្ឍន៍​ជាតិ​ រៀបចំ​គោល​នយោបាយ​ផ្សេង​ៗ​ តាម​ដាន​ការ​អភិវឌ្ឍ​គោល​ដៅ​អភិវឌ្ឍ​សហស្សវត្សរ៍​ និង​ការ​ធ្វើ​សេចក្តី​សម្រេច​របស់​រដ្ឋាភិបាល​ក្នុង​ការ​ផ្តល់​នូវ​វិធានការ​លើក​ដំកើន​សុខុមាល​ភាព​ផ្សេង​ៗ​។​ លោក​ថ្លែង​ថា​៖«​ខ្ញុំ​ជឿ​ ជាក់​ថា​ ឆ្លង​កាត់​តាម​ការ​ពិភាក្សា​ជា​មួយ​និង​អង្គ​ការ​ដៃ​គូរ​កាល​ពី​ម្សិល​មិញ​នេះ​ គឺ​ជា​មូល​ដ្ឋាន​រឹង​មាំ​ ក្នុង​ការ​ទាក់​ទាញ​គៀង​គរ​ ធន​ធាន​ហិរញ្ញវត្ថុ​ និង​ជំនួយ​បច្ចេក​ទេស​ សម្រាប់​ជោគ​ជ័យ​នៃ​ការ​ធ្វើ​អង្កេត​ចន្លោះ​ជំរឿន​នៃ​ប្រជារាស្រ្ត​កម្ពុជា​ឆ្នាំ​២០១៣​នា​ពេល​ខាង​មុខ​»​។​
     គួរ​បញ្ជាក់​ថា​ ការ​ធ្វើ​អង្កេត​ចន្លោះ​ជំរឿន​ឆ្នាំ​២០១៣​នេះ​ គឺ​ជា​លើក​ទី២​ហើយ​សម្រាប់​កម្ពុជា​ ដែល​លើក​ទី​១​ កម្ពុជា​ធ្លាប់​បាន​ធ្វើ​ម្តង​រួច​មក​ហើយ​កាល​ពី​ឆ្នាំ​២០០៤​ កន្លង​មក​នេះ​។​
           
           
           
           
           

Monday, June 27, 2011

អាជ្ញាធរកម្ពុជាកំពុងស្វែងរកចាប់ខ្លួនក្រុមមេខ្យល់ដែលនាំពលករ៨៤នាក់ទៅធ្វើការងារនៅប្រទេសថៃខុសច្បាប់

ដោយៈ ឃួន​ លក្ខិណា​

ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១១
ប៉ៃលិន​៖ ​ អាជ្ញាធរ​ខេត្ត​ប៉ៃលិន​បាន​ប្រាប់​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទ័​ថា​ ពួកគេ​កំពុង​ស្វែង​រក​ចាប់​ខ្លួន​ក្រុម​មេ​ខ្យល់​ ដែល​នាំ​ពលករ​ខែ្មរ​ខុស​ច្បាប់​ប្រមាណ​៨៤នាក់​មក​ពី​តំបន់​ផ្សេង​គ្នា​ ទៅ​ធ្វើ​ចំណាក​ស្រុក​នៅ​ប្រទេស​ថៃ​ដោយ​ខុស​ច្បាប់​ កាល​ពី​ចុង​សបា្តហ៍​មុន​នេះ​។​
     ប្រភព​ពី​សមត្ថកិច្ច​ខេត្ត​ប៉ៃលិន​បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ ក្រុម​សមត្ថកិច្ចចំរុះ ​ដែល​មាន​ការិយា​ល័យ​ប្រឆាំង​បទ​ល្មើស​ជួញ​ដូរ​មនុស្ស​ និង​ការ​ពារ​អនិតិជន​ រួម​ជាមួយ​សមត្ថកិច្ច​ការ​ពារ​ច្រក​ទ្វា​ព្រំដែន​អន្តរ​ជាតិ​ខេត្តប៉ៃលីន​ បាន​សហការ​ជាមួយ​និង​ស្នង​ការ​ខេត្ត​ ដើម្បី​ធ្វើ​ការ​ស្រាវ​ជ្រាវ​ស្វែង​រក​ក្រុម​មេ​ខ្យល់​ដែល​នាំ​ពលរដ្ឋ​ខ្មែរ ​ឆ្លង​ដែន​ខុស​ច្បាប់​ទៅរក​ការ​ងារ​ធ្វើ​នៅ​ប្រទេស​ថៃ​។​
     កាល​ពី​ថ្ងៃទី​២៤​ ខែ​មិថុនា​ ឆ្នាំ​២០១១​ អាជ្ញាធរ​កម្ពុជា​និង​សមត្ថកិច្ច​ថៃ​បាន​ដឹក​នាំ​កំលាំង​ចុះ​បង្ក្រាប​ពលករ​ ខ្មែរ​លួច​ឆ្លង​ដែន​ខុស​ច្បាប់​ ដើម្បី​ទៅ​រក​ការ​ងារ​ធ្វើ​នៅ​ប្រទេស​ថៃ​។​
     លោក​សំ​ សេង​លី​នាយ​ប៉ុស្តិ៍​នគរបាល​អន្តោ​ប្រវេសន៍​ច្រក​ទ្វារ​ព្រំ​ដែន​ ខេត្ត​ប៉ៃលិន​បាន​មាន​ ប្រសាសន៍​ថា​  កាល​ពី​សប្តាហ៍​មុន​នេះ​ លោក​បាន​ដឹក​នាំ​កំលាំង​ចុះ​ទៅ​បង្ក្រាប​ករណី​លួច​ឆ្លង​ដែន​ខុស​ច្បាប់​របស់ ​ពលករ​ខ្មែរ​ ក្នុង​នោះ​ប្រមូល​បាន​មនុស្ស​ចំនួន​៨៤នាក់​ ស្រី​៣១​នាក់​។​ លោក​បន្ត​ថា​  មុន​ពេល​កើត​ហេតុ​ លោក​បាន​ទទួល​សេចក្តីរាយ​ការណ៍​មួយ​ ចេញ​ពី​សមត្ថកិច្ច​នៅ​ច្រក​ទ្វា​ព្រំដែន​ថៃ​ ដោយ​ពួក​គេ​បាន​រាយការណ៍​ប្រាប់​លោក​ថា​ និង​មាន​មនុស្ស​ប្រមាណ​ច្រើន​ជាង​៥០​នាក់​គ្រោង​និង​ចូល​មក​ទឹក​ដី​ថៃ​ដោយ​ ខុស​ច្បាប់​ ដូច្នេះ​ខាង​ថៃ​បាន​ស្នើ​ឲ្យ​លោក​ដាក់​កំលាំង​បង្ក្រាប​ជា​បន្ទាន់​។​ លោក​ថ្លែង​ថា​៖«​ដោយ​មាន​ការ​សហការ​ពី​សមត្ថកិច្ច​ថៃ​ នៅ​វេលា​ម៉ោង​១៨​និង​១០​នាទី​ ថ្ងៃ​ទី​២៤​ ខែ​មិថុនា​ សមត្ថកិច្ច​យើង​និង​ប៉ូលីស​ថៃ​ បាន​ធ្វើ​ការ​ឃាត់​ខ្លួន​ជន​ចំណាក​ស្រុក​ប្រមាណ​៤៨នាក់​នេះ​ នៅ​ក្នុង​ទឹក​ដី​ថៃ​ ដែល​ស្ថិត​ក្នុង​ភូមិ​ផាកាត​ ឃុំ​ខ្លង​យ៉ៃ​ ស្រុក​ពោង​ណាំ​រ៉ន​ ខេត្ត​ចន្ទ័​បូរី​ប្រទេស​ថៃ ដែល​ជាប់​និង​ភូមិ​ផ្សា​ព្រំ​ ឃុំ​ស្ទឹង​កាច់​ ស្រុក​សា​លា​ក្រៅ​ ខេត្ត​ប៉ៃ​លិន​។​ លោក​ថា​ ក្រោយ​ពី​ប្រមូល​បាន​ពលករ​ទាំង​អស់​នោះ​រួច​មក​ យើង​បាន​ធ្វើការ​ណែ​នាំ​អប់រំ​ឲ្យ​ពួក​គេ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ព្រម​ទាំង​ ធ្វើការ​តាម​ដាន​ដំណើរ​នៃ​ការ​វិល​ប្រឡប់​របស់​ពួក​គេ​ផង​ដែរ​»​។​
      លោក​អេង​ ភាវ​ នាយក​រិយាល័យ​ប្រឆាំង​បទ​ល្មើស​ជួញ​ដូរ​មនុស្ស​និង​ការពារ​អនិតិជន​ខេត្ត​ ប៉ៃ​លិន​បាន​មាន​ប្រសាសន៍​ថា​ សមត្ថកិច្ច​កំពុង​ធ្វើការ​ស្រាវ​ជ្រាវ​ ដើម្បី​តាម​ចាប់​ខ្លួន​ក្រុម​មេ​ខ្យល់​នៅ​ប្រទេស​កម្ពុជា​។​លោក​បន្ត​ថា​ ជន​ចំណាក​ស្រុក​ទាំង​នោះ​បាន​ធ្វើ​ដំណើរ​មក​ពី​ខេត្ត​កំពង់​ចាម​ កំពង់​ធំ​ ភ្នំពេញ​ ស្វាយ​រៀង​ ព្រៃវែង​ បន្ទាយ​មាន​ជ័យ​ តាកែវ​ និង​សៀម​រាប​ ដោយ​ពួក​គេ​មក​ប្រមូល​ផ្តុំ​គ្នា​នៅ​តំបន់​ខាង​លើ ដើម្បី​រង់​ចាំ​មេ​ខ្យល់​ជា​ជន​ជាតិ​ថៃ​ មក​នាំ​ពួក​គេ​ទៅ​ធ្វើ​ជា​កម្មករ​រោង​ចក្រ​មួយ​កន្លែង​ក្នុង​ប្រទេស​ថៃ​។​ លោក​ថ្លែង​ថា​៖«​ពលករ​ខ្មែរ​អាច​ប្រមូល​ផ្តុំ​គ្នា​នៅ​ទីនេះ​បាន​ ដោយ​សារ​តែ​មេក្លោង​ធំ​របស់​មេ​ខ្យល់​បាន​រាយ​បណ្តាញ​របស់​ខ្លួន​នៅ​គ្រប់​ ខេត្ត​ទាំង​អស់​ក្នុង​ប្រទេស​កម្ពុជា​ ម្យ៉ាង​ទៀត​ពួកគេ​អាច​ឈាន​ចូល​ទឹក​ដី​ថៃ​បាន​ ក៏​ដោយ​សារ​ភាព​ពុក​រលួយ​របស់​មេ​ខ្យល់​នៅ​ប្រទេស​ថៃ​ដែរ​»​។​ លោក​ថ្លែង​ថា​៖«​ដើម្បី​ទប់​ស្កាត់​នូវ​បញ្ហា​នេះ​ ខាង​ថ្នាក់​លើ​បាន​ដាក់​បញ្ជារ​ឲ្យ​យើង​បង្កើន​ការ​ដើរ​ល្បាត​ជា​ប្រចាំ​ ទី​២​ត្រូវ​ធ្វើ​ការ​សហការ​និង​ប្រមូល​ពត៌​មាន​បន្ថែម​ពី​សមត្ថកិច្ច​ថៃ​ និង​ធ្វើការ​ដាក់​កំលាំង​សំងាត់​នៅ​តាម​គោល​ដៅ​ផង​ដែរ​»​។​
     ទាក់​ទង​និង​បញ្ហា​នេះ​កាល​ពី​ថ្ងៃ​ទី​២៣​ ខែ​មិថុនា​ រដ្ឋាភិបាល​កម្ពុជា​បាន​បើក​កិច្ច​ពិភាក្សា​ ថ្នាក់​ជាតិ​មួយ​ ដែល​មាន​រយៈ​ពេល​២ថ្ងៃ​ ដើម្បី​ស្វែង​រក​វិធានការណ៍​បង្កា​ទប់​ស្កាត់​លើ​ករណី​ជួញ​ដូរ ​
មនុស្ស​។​





អនុក្រិត្យថ្មីរបស់ក្រសួងធម្មការនិងតំរូវទៅតាមស្ថានភាពជាក់ស្តែង


ដោយៈ ឃួន​ លក្ខិណា​

ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១១
ភ្នំពេញ៖ ក្រសួង​ធម្មការ​និង​សាសនា​បាន​រៀប​ចំ​សេចក្តី​ព្រាង​អនុក្រឹត្យ​ស្តី​ពី​ការ​រៀប​ចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​របស់​ក្រសួង​ធម្មការ​និង​សាសនា​ ដើម្បី​តំរូវ​ទៅ​តាម​ស្ថាន​ភាព​ការ​ងារ​នា​ពេល​បច្ចុប្បន្ន​។​
           លោក​ឈន​ អៀម​រដ្ឋ​លេខាធិការ​ក្រសួង​ធម្មការ​និង​សាសនា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ ដោយ​មាន​ការ​ចូល​រួម​ពី​ក្រសួង​អប់​រំ​ និង​គណៈ​សង្ឈ​នាយក​ដឹក​នាំ​សម្តេច​ព្រះ​មហា​សុ​មេធាធិបតី​ នន្ទ​ង៉ែត​ ក្រសួង​ធម្ម​ការ​និង​ សាសនា​ បាន​រៀបចំ​សេចក្តី​ព្រាង​អនុក្រឹត្យ​នេះ​ឡើង​ ដើម្បី​ឲ្យ​សម​ស្រប​ទៅ​តាម​តួនាទី​ភារកិច្ច​ និង​តម្រូវ​ការ​ការ​ងារ​ក្នុង​ក្រសួង​ធម្មការ​និង​សាសនា​ ដែល​កាន់​តែ​មាន​ការ​រីក​ចម្រើន​ធំ​ឡើង​ ពិសេស​ការ​ងារ​ពាក់​ពន្ធ័​និង​ពុទ្ធិក​សិក្សា​ជាតិ​។​ លោក​បន្ត​ថា​ សេច​ក្តី​ព្រាង​អនុក្រឹត្យ​នេះ​ត្រូវ​បាន​រៀប​ចំ​ជា​ច្រើន​ខែ​មក​ហើយ​ ដោយ​វា​ត្រូវ​បាន​ដក​ចេញ​ពី​អនុក្រឹត្យ​ចាស់​លេខ​១៣​ ដែល​បាន​អនុម័ត​កាល​ពី​អាណត្តិទី​១​នៃ​រដ្ឋ​សភា​មក​ម្លេះ​។​ លោក​ថ្លែង​ថា​៖« ​ការ​រៀប​ចំ​សេច​ក្តី​ព្រាង​អនុក្រឹត្យ​នេះ​គឺ​សំខាន់​ណាស់​ ដើម្បី​ធ្វើការ​គ្រប់​គ្រង​អំពី​ តួនាទី​របស់​មន្ត្រី​ធម្មការ​និង​សាសនា។ ​លោក​ថា​៖«​ពី​មុន​មក​ពាក់​ពន្ធ័​និង​ផ្នែក​ពុទ្ធិក​សិក្សា​ជាតិ​ ក្រសួង​មានភាព​ងាយ​ស្រួល​ក្នុង​ការ​គ្រប់​គ្រងលើការងារនេះ​ ដោយ​សារ​តែ​មាន​សកល​វិទ្យាល័យ​សិក្សា​ធម៌​វិន័យ​មាន​ត្រឹម​តែ​មួយ​ រឺ​ ពីរ​ប៉ុណ្ណោះ​ ប៉ុន្តែ​មក​ដល់​បច្ចុប្បន្ន​នេះ​ សកលវិទ្យាល័យ​ទាំង​នោះ​ត្រូវ​បាន​ពង្រីក​សាខា​ស្ទើរ​គ្រប់​ទីកន្លែង​ ដូច្នេះ​វា​មាន​ផល​លំបាក​ច្រើន​​ក្នុង​ការ​គ្រប់​គ្រង ​ដោយ​សារ​តែ​ច្បាប់​ចាស់​វា​មិន​បាន​តំរូវ​ទៅ​តាម​ស្ថាន​ភាព​ដែល​កំពុង​អនុវត្ត​ជាក់​ស្តែងនាពេលនេះ​ ដូច្នេះ​ទើប​ក្រសួង​ធម្មការ​និង​សាសនា​បាន​ស្នើ​ឲ្យ​មាន​ការ​បង្កើត​អនុក្រឹត្យ​ថ្មី​នេះ​ឡើង​។​»
យោង​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​ក្រសួង​ធម្មការ​និង​សាសនា​ដែល​បាន​ចេញ​កាល​ពី​ថ្ងៃ​អាទិត្យ​នេះ​បាន​ឲ្យ​ដឹង​ថា​ សេចក្តី​ព្រាង​អនុក្រឹត្យ​ស្តី​ពី​ ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​របស់​ក្រសួង​ធម្មការ​និង​សាសនា​មាន​១២​ជំពូក​ និង​៣៥​មាត្រា​ ដែល​មាន​វិសាល​ភាព​អនុវត្ត​លើ​វិស័យ​ធម្មការ​និង​សាសនា​នៅ​គ្រប់​អង្គ​ភាព​ថ្នាក់​កណ្តាល​ ថ្នាក់​រាជធានី​ ខេត្ត​/​ក្រុង​ ខណ្ឌ័​ និង​គ្រឹះ​ស្ថាន​ពុទ្ធិក​សិក្សា​។​