Thursday, July 14, 2011

បុរសម្នាក់ដេកស្លាប់នៅក្នុងផ្ទះជួលយ៉ាងអណោចអធម៌

ដោយៈ ឃួន​ លក្ខិណា​

ថ្ងៃទី១៤ ខែកក្តដា ឆ្នាំ២០១១
បន្ទាយមានជ័យ៖សមត្ថកិច្ច​ក្រុង​សិរី​សោភណ័​បាន​ធ្វើការ​អះ​អាង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា​ និស្សិត​ចប់​ថ្នាក់​បរិញ្ញា​បត្រ័​ផ្នែក​គ្រប់​គ្រង​ម្នាក់​ត្រូវ​បាន​ដេក​ស្លាប់​យ៉ាង​អណោច​អធម៌​ នៅ​ក្នុង​ខ្ទម​ផ្ទះ​ជួល​ដ៏​តូច​មួយ​ ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​អូរ​អំបិល​ ក្រុង​សិរី​សោភណ្ឌ​ ខេត្ត​បន្ទាយ​មាន​ជ័យ​ ដោយ​សារ​ជំងឺ​ខ្យល់​គរ​ ហើយ​មិន​មាន​អ្នក​ណា​ម្នាក់​បាន​ដឹង​ឡើយ​។​
            ប្រភព​ពី​លោក​វីរៈ​សេនីយ៍ត្រី​រ៉ែម​ វីរៈ​អធិការ​ក្រុង​សិរី​សោភណ័​បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​ព្រហស្បត្តិ៍​ថា​ សាក​សព​ជន​រង​គ្រោះ​មាន​ឈ្មោះ​ស៊ឹម​ ឌឿន​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ មាន​ស្រុក​កំណើត​នៅ​ភូមិ​ត្នោត​ ឃុំ​រការ​ ស្រុក​ពាម​រាំង​ ខេត្ត​ព្រៃ​វែង​។​ លោក​បន្ត​ថា​ និស្សិត​ម្នាក់​នេះ​ ត្រូវ​បាន​ដេក​ស្លាប់​នៅ​យប់​ថ្ងៃទី​១៣​ ខែ​កក្តដា​ ក្នុង​ផ្ទះ​ជួល​ដែល​មាន​ម្ចាស់​ឈ្មោះ​ប៉ាវ​ សុជា​ ភេទ​ស្រី​ អាយុ​៥១​ឆ្នាំ​រស់​នៅ​តំបន់​កើត​ហេតុ​ខាង​លើ​។​ លោក​បាន​អះ​អាង​ថា​៖«​កាល​ពី​ថ្ងៃ​ទី​១៤​ ខែ​កក្តដា​នេះ​ សមត្ថកិច្ច​យើង​បាន​ចុះ​ត្រួត​ពិនិត្យ​ដល់​កន្លែង​កើត​ហេតុ​បាន​រក​ឃើញ​ថា​ និស្សិត​ម្នាក់​នេះ​ពិត​ជា​ ស្លាប់​ដោយ​សារ​ជំងឺ​ខ្យល់​គរ​ប្រាកដ​មែន​ ព្រោះ​នៅ​ក្នុង​ផ្ទះ​សាក​សព​បាន​បន្សល់​ទុក​នូវ​វត្ថុ​ចំនួន​ ដូច​ជា​ កុំព្យូទ័រ​មួយ​គ្រឿង​ សៀវ​ភៅ​ឯក​សារ​ជា​ច្រើន​ផ្នែក​ រឺ​ឯ​សាក​សព​វិញ​ មិន​មាន​ស្នាម​របួស​អ្វី​លើ​ខ្លួន​ ទេ​ ក្រៅ​ពី​ហូរ​ឈាម​ចេញ​តាម​ច្រមុះ​និង​ត្រចៀក​។​
            អ្នក​ស្រី​ប៉ាវ​ សុជា​ ម្ចាស់​ផ្ទះ​ជួល​បាន​ឲ្យ​ដឹង​ថា​ និស្សិត​ម្នាក់​នេះ​បាន​មក​ជួល​ផ្ទះ​អ្នកស្រី​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​មក​ហើយ​ដើម្បី​បន្ត​ការ​សិក្សា​នៅ​សាលា​ UME​ ខេត្ត​បន្ទាយ​មាន​ជ័យ​។​ អ្នក​ស្រី​ បន្ត​ថា​ និស្សិត​ម្នាក់​នេះ​ឧស្សាហ៍​ព្យាយាម​សិក្សា​ណាស់​ ព្រម​ទាំង​ធ្វើការ​ស៊ី​ឈ្មួល​ហ្វូតូកូ​ពី​នៅ​បណ្តា​គារ​មួយ​ជិត​ផ្ទះ​ទៀត​ផង​។​ អ្នក​ស្រី​និយាយ​ថា​៖«​ មុន​ពេល​កើត​ហេតុ​ខ្ញុំ​ឃើញ​បុរស​ម្នាក់​នេះ​អង្គុយ​រៀន​ដូច​ធម្មតា​ទេ​ រហូត​ដល់​ម៉ោង​៣​ទៅ​៥​ ថ្ងៃទី​១៣​ ខែ​កក្តដា​នេះ​ មាន​មិត្ត​ភក្តិ​របស់​ឈ្មោះ​ឌឿន​ មក​ រក​ ពេល​នោះ​ខ្ញុំ​បាន​ឲ្យ​ប្អូន​ទៅ​ដាស់​ ប៉ុន្តែ​ទ្វារ​ត្រូវ​បាន​ចាក់​សោរ​ជាប់​ បន្ទាប់​មក​ខ្ញុំ​ហៅ​មនុស្ស​ពីរ​បី​នាក់​ ឲ្យ​ធាក់​ទំលាយ​ទ្វារ​ បន្ទាប់​មក​ក៏​ឃើញ​ឈ្មោះ​ឌឿន​ត្រូវ​បាន​ស្លាប់​ទៅ​ហើយ​»​។​
            បច្ចុប្បន្ន​ សាក​សព​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​។​
           

Wednesday, July 13, 2011

អ្នក​ភូមិ​រក​អាជ្ញាធរ​ឲ្យ​ចុះ​រុះ​រើ​ផ្ទះ​សង់​លើ​ផ្លូវ​សាធារណៈ

ដោយៈ ឃួន​ លក្ខិណា​

ថ្ងៃទី១៣ ខែកក្តដា ឆ្នាំ២០១១

កំពង់​ចាម​៖ ប្រជា​ពលរដ្ឋ​ម្នាក់​​បានប្រាប់​ភ្នំពេញប៉ុស្តិ៍​​នៅ​ព្រឹក​ថ្ងៃ​ពុធនេះ​ថា អ្នក​ភូមិ១០​នាក់ ​តំណាង​ឲ្យ​ប្រជា​ពល​រដ្ឋ​ ២០០​គ្រួសារ​ នៅ​ភូមិ​សារាយ  ឃុំ​បុស​ខ្នុរ​ ស្រុក​ចំការលើ ខេត្ត​កំពង់ចាម បា​ន​ប្រមូល ​ផ្តុំ​គ្នា​នៅ​មុខ​សាលា​ឃុំ ដើម្បី​ស្នើ​ឲ្យ​អាជ្ញាធរ​មូល​ដ្ឋាន​នៅ​តំបន់​នេះ ចុះ​រុះ​រើ​ផ្ទះ​មួយខ្នង​ប្រវែង៥​គុណ​២០​ម៉ែត្រ​ ដែល​ជា​របស់​គ្រួសារ​មួយ ​បាន​សាង​សង់​នៅ​លើ​ផ្លូវ​សាធារណៈ​ អស់រយៈ​ពេល​ជា​យូរ​មក​ហើយ​។
លោក​សេង​ វ៉ន​ អាយុ​៤៣​ឆ្នាំ​ ប្រជាពល​រដ្ឋ​ម្នាក់​ក្នុង​ចំណោម​អ្នក​ភូមិ​ទាំង​នោះ​ បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ម្សិល​មិញ​ថា​ ពួក​គាត់​បាន​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ឃុំ​ធ្វើការ​ចុះ​រុះ​រើ​ផ្ទះ​មួយ​ខ្នង​នេះ ដែល​ជា​កម្ម​សិទ្ធិ​របស់​លោក​ម៉ន​ ហឿន​ អាយុ​៥០ឆ្នាំ​ ត្រូវ​បាន​សាង​សង់​បន្ថែម​នៅ​លើ​ផ្លូវ​សាធារណៈ​ ក្នុង​អំឡុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​រហូត​មក​ដល់​ពេល​នេះ​។​ លោក​បន្ត​ថា​ ពលរដ្ឋ​ទាំង​អស់​បាន​ធ្វើការ​តវ៉ា​ឲ្យ​ឈ្មោះ​ម៉ន​ ហឿន​រុះ​រើ​ផ្ទះ​ចេញ ​ក៏​ព្រោះ​តែ​ ពួក​គេ​ចង់​ធ្វើ​ការ​ជួស​ជុល​ផ្លូវ ​និង​ពង្រីក​បន្ថែម​ឡើង​វិញ​។​ លោក​ថ្លែង​ថា​៖«​យើង​មិន​ចោទ​ជា​បញ្ហា​អ្វី​ទេ​ ប្រសិន​បើ​ម្ចាស់​ផ្ទះ​ម៉ន​ ហឿន​ ពិត​ជា​មាន​ស្ថាន​ភាព​ក្រីក្រ​មែន​នោះ​ ប៉ុន្តែ​ធាតុ​ពិត​គ្រួសារ​មួយ​នេះ​ មិន​មែន​ក្រ​រហូត​ទិញ​ផ្ទះ​មួយ​ខ្នង ​មិន​បាន​នោះ​ទេ​»​។​ លោក​ថា​ វា​អាក្រក់​មើល​ពេក​ ប្រសិន​បើ​អាជ្ញាធរ​នៅ​តែ​បណ្តោយ​ឲ្យ​គ្រួសារ​មួយ​នេះ​ យក​ផ្លូវ​ធ្វើ​ផ្ទះ​រស់​នៅ​ទៀត​នោះ​។​
បើ​តាម​អាជ្ញាធរ​ឃុំ​បាន​ឲ្យ​ដឹង​ថា​ កាល​ពី​ឆ្នាំ​១៩៩០​ ឈ្មោះ​ម៉ន​ ហឿន​បាន​ស្នើ​សុំ​អាជ្ញាធរ​ភូមិ​-​ឃុំ​សាង​សង់​កន្លែង​តូច​តាច​សម្រាប់​បើក​អាជីវកម្ម​លក់​ដូរ​ និង​ហាង​កាត់​សក់​ជាដើម​ ប៉ុន្តែ​ក្រោយ​មក​ឈ្មោះ​ម៉ន​ ហឿន​បាន​ធ្វើ​ហួស​ពី​ការ​ស្នើ​សុំ​ទៅ​ទៀត​ ដោយ​រូប​គេ​បាន​កសាង​ផ្ទះ​ចេញ​ជា​រូប​រាង​បន្តិច​ម្តង​ៗ​ រហូត​មក​ដល់​ឆ្នាំ​២០០០​ ប្រធាន​ភូមិ​បាន​ហៅ​ម៉ន​ ហឿន​ឲ្យ​ចុះ​កិច្ច​សន្យា​រុះ​រើ​ចេញ​ ប៉ុន្តែ​ឈ្មោះ​ម៉ន​ ហឿន​និង​គ្រួសារ​បាន​សុំ​ពន្យា​ពេល​រហូត​ស្នាក់​នៅ​រហូត​ដល់​៦ខែ​ទៀត​ ទើប​យល់​ព្រម​រើ​ចេញ​។​
លោក​គឹម​ ឃួន​មេ​ឃុំ​បុស​ខ្នុរ​បាន​ទទួល​ស្គាល់​ថា​ គ្រួសារ​ឈ្មោះ​ម៉ន​ ហឿន​ពិត​ជា​បាន​ សាង​សង់​លំ​នៅ​ដ្ឋាន​លើ​ផ្លូវ​សាធារណៈ​ប្រាកដ​មែន​ ដូច្នេះ​និតិវិធី​ដែល​លោក​ត្រូវ​ធ្វើការ​ដោះ​ស្រាយ​នៅ​ពេល​នេះ​ គឺ​បញ្ជូន​របាយការណ៍​ទៅ​សាលា​ស្រុក​ ដើម្បី​ឲ្យ​មន្ត្រី​សាលា​ស្រុក​រៀប​ចំ​គណៈ​កម្ម​ការ​ចុះ​ត្រួត​ពិនិត្យ​មើល​ និង​ដោះ​ស្រាយ​ការ​ងារ​នេះ​បន្ត​ទៀត​។​ លោក​គឹម​ ឃួន​និយាយ​ថា​ កាល​ពី​ព្រឹក​មិញ​នេះ​ លោក​បាន​ធ្វើការ​សម្រប​សម្រួល​ប្រជាពល​រដ្ឋ​ទាំង​សង​ខាង​ ដើម្បី​ជៀស​ផុត​មិន​ឲ្យ​មាន​ទំនាស់​។​ លោក​ថា​៖«​មេ​ឃុំ​ពី​មុន​ ពិត​ជា​បើក​ដៃ​ឲ្យ​គ្រួសារ​ម៉ន​ ហឿន​ធ្វើការ​សាង​សង់​លំ​នៅ​ដ្ឋាន​លើផ្លូវ​សាធារណៈ​មែន​ ដោយ​ឡែក​ខ្ញុំ​ទើប​តែ​ចូល​កាន់​តំណែង​ជា​មេ​ឃុំ​ថ្មី​ ដូច្នេះ​រឿង​អ្វីៗ​ផ្សេង​ទៀត​ ខ្ញុំ​មិន​សូវ​ជា​បាន​ដឹង​ទេ​»​។​




Tuesday, July 12, 2011

អ្នកភូមិ៦០នាក់បាននាំគ្នាឡើងមកតវ៉ានៅខាងមុខសាលាខេត្ត ពាក់ពន្ធ័និងដីសម្បាទានដែលក្រុមឈ្មួញរំលោភយក

ដោយៈ ឃួន​ លក្ខិណា​

ថ្ងៃទី១២ ខែកក្តដា ឆ្នាំ២០១១
បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋ​ប្រមាណ​៦០​នាក់​ តំណាង​ឲ្យ​ពលរដ្ឋ​៨៣​គ្រួសារ​រស់​នៅ​ស្រុក​ថ្ម​ពួក​ ខេត្ត​បន្ទាយ​មាន​ជ័យ​ កាល​ពី​ព្រឹក​ម្សិល​មិញ​នេះ​ បាន​នាំគ្នា​ធ្វើការ​តវ៉ា​នៅ​ខាង​មុខ​សាសា​ខេត្ត​ ដើម្បី​ទាម​ទារ​ឲ្យ​មាន​ដំណោះ​ស្រាយ​លើ​បញ្ហា​រំលោភ​បំពាន​ដី​សម្បទាន​សេដ្ឋ​កិច្ច​របស់​ប្រជាពល​រដ្ឋ​ ពី​សំ​ណាក់​ក្រុម​ឈ្មួញ​ដែល​បាន​ឃុប​ឃិត​គ្នា​ជាមួយ​និង​អាជ្ញា​ធរ​នៅ​មូល​ដ្ឋាន​។​
ប្រភព​ពី​តំណាង​ពលរដ្ឋ​រង​គ្រោះ​លោក​ប៊ុត​ ច្រឹង​ អាយុ​៤៩ឆ្នាំ​ រស់​នៅ​ភូមិ​ក្តឹប​ថ្ម​ ឃុំ​គោក​រមៀត​ ស្រុក​ថ្ម​ពួក​ ខេត្ត​បន្ទាយ​មាន​ជ័យ​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​អង្គារ​ថា​ លោក​និង​ប្រជា​ពលរដ្ឋ​ប្រមាណ​៦០​នាក់​បាន​ឯក​ភាព​គ្នា​ ធ្វើការ​តវ៉ា​នៅ​សា​លា​ខេត្ត​ ដើម្បី​ទាម​ទារ​ឲ្យ​អាជ្ញា​ធរ​ខេត្ត​ធ្វើការ​ដោះ​ស្រាយ​បញ្ហា​ដី​សម្បទាន​ ដែល​បាន​ផ្តល់​ឲ្យ​ប្រជាពលរដ្ឋ​តាំង​ពី​ឆ្នាំ​២០០៩​ ដែល​មាន​ទំហំ​សរុប​ប្រមាណ​១១៤​.៥៨​ហិតា​។​ លោក​បន្ត​ថា​ រហូត​មក​ដល់​ថ្ងៃទី​១៣​ ខែ​ឧសភា​ឆ្នាំ​ ២០១១​នេះ​ បក្ស​ពួក​ឈ្មួញ​ចំនួន​៥នាក់​ ដែល​មាន​ខ្នង​បង្អែក​នៅ​ខាង​ក្រោយ​ជា​ក្រុម​ប្រឹក្សា​ឃុំ​ និង​ ជា​អភិបាល​ស្រុក​ថ្ម​ពួក​ បាន​ជួល​កម្មករ​ ត្រាក់ទ័រ​ និង​គោយន្ត​ចំនួន​១គ្រឿង​ យក​មក​ឈូស​ឆាយ​ដំឡូងមី​ និង​បាញ់​ថ្នាំ​បំផ្លាញ​ដំណាំ​ស្រូវ​ប្រជាពលរដ្ឋ​ដែល​បាន​បង្កើន​ផល​រួច​ហើយ​នោះ​អស់​គ្មាន​សល់​។​ លោក​ថ្លែង​ថា​៖«​នៅ​ក្នុង​ទំហំ​ដី​១១៤​.៥៨​ហិតា​នេះ​ ទើប​តែ​ប៉ះ​ពាល់​៨ហិតា​ប៉ុណ្ណោះ ​ដូច្នេះ​យើង​មាន​ការ​ព្រួយ​បារម្ភ​ថា​ ថ្ងៃ​មុន​អាច​រាល​ដាល​ប៉ះ​លើ​ផ្ទៃដី​សរុប​»​។​ គំនិត​លោក​ពេល​នេះ​ គឺ​ស្នើ​សុំ​ឲ្យ​អភិបាល​ខេត្ត​ព្រម​ទទួល​យក​សំណើរ​ពី​របស់​ប្រជាពលរដ្ឋ​ ទី១​ ត្រូវ​ចេញ​លិខិត​ការ​ពារ​ដី​ប្រជាពលរដ្ឋ​សារ​ជា​ថ្មី ទី២​ ត្រូវ​បញ្ឈប់​សកម្ម​ភាព​ក្រុម​ឈ្មួញ​។​
ទាក់​ទង​បញ្ហា​នេះ​ កាល​ពី​ថ្ងៃ​ទី៦​ ខែ​មិថុនា​ ប្រជាពលរដ្ឋ​បាន​ដាក់​ពាក្យ​ប្តឹង​និង​តវ៉ា​ទៅ​សា​លា​ខេត្ត​ម្តង​រួច​ហើយ​ ប៉ុន្តែ​ត្រូវ​បាន​ក្រុម​អ្នក​មាន​អំណាច​ ព្រម​ប្រគល់​ដី​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ស្រែ​វិញ​ លុះ​មក​ដល់​ពេល​នេះ​ ក្រុម​ឈ្មួញ​មិន​បាន​ដក​ខ្លួន​ចេញ​ទេ​ ហើយ​ថែម​ទាំង​ប្រព្រឹត្ត​រំលោភ​លើ​ដី​ទំនាស់​កាន់​តែ​ខ្លាំង​ជាង​មុន​ ដូច្នេះ​ទើប​ប្រជាពលរដ្ឋ​នាំគ្នា​រើ​បំរាស់​ តវ៉ា​សារ​ជា​ថ្មី​ម្តង​ទៀត​។​
លោក​ងួន​ ឌុល​ មេឃុំ​គោក​រមៀត​បាន​ធ្វើការ​បដិសេធន៍​ចំពោះ​ការ​ចោត​ប្រកាន់​លោក​ថា​ ​បាន​ឃុប​ឃិត​ បើក​ដៃ​ឲ្យ​ឈ្មួញ​ធ្វើការ​បំផ្លាញ​ផល​ដំណាំ​របស់​ប្រជាពល​រដ្ឋ​។​ លោក​និយាយ​ថា​៖«​យើង​ បាន​ចុះ​អន្តរាគមន៍​ជួយ​ប្រជាពលរដ្ឋ​រង​គ្រោះ​ទាំង​នោះ​ ដើម្បី​ស្នើ​ឲ្យ​ឈ្មួ​ញ​បញ្ឈប់​សកម្មភាព​របស់​ពួក​គេ​។​ លោក​បញ្ជាក់​ថា​ លោក​មិន​អាច​ធ្វើអ្វី​កើត​ក្រៅ​ពី​ការ​ហាម​ឃាត់​មិន​ឲ្យ​ក្រុម​ឈ្មួញ​ទាំង​នោះ​បន្ត​សកម្មភាព​ទៀត​ទេ​ ដូច្នេះ​បញ្ហា​នេះ​ត្រូវ​ទុក​ឲ្យ​អភិបាល​ខេត្ត​ជា​អ្នក​ដោះ​ស្រាយ​វិញ​។​
លោក​អ៊ុក​ កែវ​រតនៈ​ អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ នៅ​ល្ងាច​ថ្ងៃ​ម្សិល​មិញ​នេះ​ បាន​សរសេរ​របាយ​ការណ៍​ផ្ញើរ​ទៅ​កាន់​លោក​អភិបាល​ខេត្ត​ ដើម្បី​ស្នើ​សុំ​វិធានការណ៍​សម្រាប់​ទប់​ស្កាត់​ជាមួយ​និង​ជន​ខិល​ខូច​ដែល​កំពុង​ប្រព្រឹត្ត​រំលោភ​យក​ដី​សម្បទាន​របស់​ប្រជាពលរដ្ឋ​។​ លោក​បាន​ប្រកាស​ថា​ ដី នេះ​គឺ​ជា​ដី​ស្រប​ច្បាប់​ត្រឹម​ត្រូវ​របស់​ពលរដ្ឋ​ប្រាកដ​មែន​ ដូច្នេះ​លោក​និង​ចេញ​លិខិត​ផ្លូវ​ការ​មួយ​ច្បាប់​បន្ទាន់​ទាក់​ទង​និង​ការ​រំលោភ​បំពាន​នេះ​ ដើម្បី​ធ្វើការ​ប្រកាស​ដល់​ជន​ខិល​ខូច​ទាំង​នោះ​ឲ្យ​ឈប់​បំផ្លាញ​ផល​ដំណាំ​របស់​ប្រជាពលរដ្ឋ​ត​ទៀត​ បើ​មិន​ដូច្នេះ​ទេ​ លោក​និង​អនុវត្ត​តាម​ច្បាប់​។​ លោក​ថ្លែង​ថា​៖​«​យើង​និង​ធ្វើការ​ព្រមាន​២​ទៅ​៣​ដង​ចំពោះ​ជន​ខិល​ខូច​ទាំង​នោះ​ ហើយ​បើ​នៅ​មិន​រាង​ចាល​ទៀត​ យើង​និង​អនុវត្ត​ទៅ​តាម​ច្បាប់​រដ្ឋ​បាល​»​។​

សមត្ថកិច្ចខេត្តកំពង់ចាម បានធ្វើការឃាត់ខ្លួនឪពុកតិរិច្ឆានរំលោភកូនស្រីឯង

ដោយៈ ឃួន​ លកិ្ខណា​

ថ្ងៃទី១២ ខែកក្តដា ឆ្នាំ២០១១
កំពង់ចាម៖ សមត្ថ​កិច្ច​ស្រុក​ត្បូង​ឃ្មុំ​ កាល​ពី​ថ្ងៃ​អាទិត្យ​នេះ​ បាន​សម្រេច​ឃាត់​ខ្លួន​បុរស​ម្នាក់​ អាយុ​៤៦ឆ្នាំ​ ដោយ​សង្ស័យ​ថា​បាន​ជាប់​ពាក់​ពន្ធ័​និង​បទ​ល្មើស​រំលោភ​កូន​ស្រី​បង្កើត​ខ្លួន​អាយុ​១៥ឆ្នាំ​។​
            លោក​ម៉ឹង​ រ៉ៃ​យ៉ា​នាយ​ផ្នែក​ព្រហ្ម​ទណ្ឌ​នគរ​បាល​ស្រុក​ត្បូង​ឃ្មុំ​ បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​ចន្ទ័​ថា​ យោង​តាម​ពាក្យ​បណ្តឹង​របស់​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ​អ៊ួន​ ស៊ាម​ អាយុ​៤៩ឆ្នាំ​ រស់​នៅ​ភូមិ​ប្រធាតុ​ ឃុំ​ស្រឡប់​ ស្រុក​ត្បូង​ឃ្មុំ​ ខេត្ត​កំពង់​ចាម​ ដែល​បាន​ដាក់​ពាក្យ​ប្តឹង​មក​ការិយាល័យ​ព្រហ្ម​ទណ្ឌ​នគរបាល​ស្រុក​ ​កាល​ពី​ថ្ងៃ​ទី​១០​ ខែ​កក្តដា​នេះ​ បាន​នាំ​ឲ្យ​សមត្ថកិច្ច​ចេញ​ប្រតិបត្តិ​ការ​ ចុះ​ឃាត់​ខ្លួន​បុរស​ឈ្មោះ​អ៊ុន​ ស៊ីថូ​ អាយុ​៤៦​ឆ្នាំ​ មាន​មុខ​របរ​ជា​អ្នក​រត់​ម៉ូតូ​កង់​បី​ និង​ត្រូវ​ជា​ប្តី​របស់​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ​ថ.ស.ស​។​ លោក​បន្ត​ថា​ ជន​សង្ស័យ​បាន​សារភាព​ថា​ ខ្លួន​ពិត​ជា​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​មែន​ ដូច្នេះ​ឆ្លង​កាត់​តាម​ការ​បង្ហាញ​នេះ​ សមត្ថកិច្ច​បាន​កសាង​សុំនុំ​រឿង​ ដើម្បី​ត្រៀម​បញ្ជូន​ទៅ​តុលាការ​។ ​លោក​ថ្លែង​ថា​៖«​ឥឡូវ​នេះ​យើង​កំពុង​តែ​បញ្ជូន​ជន​ល្មើស​ទៅ​កាន់​ស្នង​ការ​ខេត្ត​ ដើម្បី​ឲ្យ​ខេត្ត​ ត្រៀម​បញ្ជូន​ជន​សង្ស័យ​រូប​នេះ​ ទៅ​កាន់​តុលាការ​នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ​»​។​
            ហេតុ​ការណ៍​ចាប់​រំលោភ​ក្មេង​ស្រី​រង​គ្រោះ​ ថ.ស.ស​ អាយុ​១៥ឆ្នាំ​ដំបូង​បង្អស់​ត្រូវ​បាន​កើត​ឡើង​នៅ​ខែ​វិច្ឆិកា​ ឆ្នាំ​២០១០​ រហូត​មក​ដល់​វេលា​ម៉ោង​២១​និង​១៥​នាទី​យប់​ ថ្ងៃទី​២៩​ ខែ​មិថុនា​ ឆ្នាំ​២០១១​នេះ​ ជន​ល្មើស​ជា​ឳពុក​បាន​ចេញ​ពី​ផ្ទះ​ ដើម្បី​រត់​ម៉ូតូ​កង​បី​ ខណៈ​ពេល​នោះ​ជន​ល្មើស​បាន​ចុច​ទូរ​សព្ទ័​មក​សួរ​កូន​ស្រី​ ថ.ស.ស​ ប៉ុន្តែ​កូន​ស្រី​ មិន​បាន​លើក​ទូរ​សព្ទ័​ទេ​ ព្រោះ​ជាប់​រវល់​និយាយ​គ្នា​ជា​មួយ​និង​ឈ្មោះ​ធឿន​។​ លុះ​ដល់​ពេល​ត្រឡប់​មក​វិញ​ ឆ្លៀត​ឱកាស​ដែល​គ្មាន​មនុស្ស​នៅ​ផ្ទះ​ផង​នោះ​ ជន​ល្មើស​បាន​រក​បង្ក​រឿង​លើ​ក្មេង​ស្រី​រង​គ្រោះ​ ដោយ​ខឹង​មិន​ព្រម​លើក​ទូរ​សព្ទ័​ រួច​ក៏​វៃ​ក្មេង​ស្រី​រង​គ្រោះ​រហូត​ដល់​សន្លប់​។​ លុះ​ដល់​ពេល​ក្មេង​ស្រី​រង​គ្រោះ​ដឹង​ខ្លួន​ភ្លាម​ នាង​ក៏​លួច​យក​រឿង​នេះ​ ខ្សិប​ប្រាប់​ដល់​ម្តាយ​។​
            បើ​តាម​អ្នក​ស្រី​អ៊ួន​ ស៊ាម​ អាយុ​៤៩ឆ្នាំ​ ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​អាយុ​១៥ឆ្នាំ​ រស់​នៅ​តំបន់​កើត​ហេតុ​ខាង​លើ​បាន​ប្រាប់​ថា​ កូន​អ្នក​ស្រី​បាន​ប្រាប់​អំពី​ហេតុ​ការណ៍​នេះ​យូរ​ហើយ​ ប៉ុន្តែ​អ្នក​ស្រី​បាន​ត្រឹម​តែ​ប្រាប់​ឲ្យ​កូន​មាន​ការ​ប្រុង​ប្រយត្ន័​ថែម​ទៀត​ប៉ុណ្ណោះ​។​ អ្នក​ស្រី​បន្ត​ថា​ កាល​ពី​វេលា​ម៉ោង​៣ជិត​ភ្លឺ ​ថ្ងៃទី​១០​ ខែ​កក្តដា​  កូន​ប្រុស​ស្រី​និង​អ្នក​ជិត​ខាង​ក្បែរ​ផ្ទះ​អ្នក​ស្រី​បាន​នំាគ្នា​ស្រែក​ឆោ​ឡោ​ បន្ទាប់​ពី​បាន​ដឹង​ហេតុ​ការណ៍​ដែល​ឪពុក​ចិរច្ឆាន​រូប​នេះ​ បាន​ប្រព្រឹត្ត​លើ​កូន​ស្រី​ ក្រោយ​មក​អ្នក​ស្រី​ក៍​សម្រេច​ចិត្ត​ដាក់​ពាក្យ​ប្តឹង​ប្តី​របស់​ខ្លួន​តែ​ម្តង​ទៅ​។ អ្នក​ស្រី​និយាយ​ថា​៖«​ខ្ញុំ​បាន​លឺ​កូន​ស្រី​លួច​ប្រាប់​ខ្ញុំ​យូរ​ហើយ​ អំពី​រឿង​ឪពុក​វា​ចាប់​រំលោភ​ ប៉ុន្តែ​វា​មិន​ហ៊ាន​យក​រឿង​នេះ​ទៅ​ប្រាប់​អ្នក​ណា​ទេ​ ព្រោះ​ឪពុក​វា​បាន​គំរាម​ចង់​សម្លាប់​។​ អ្នក​ស្រី​ថា​៖«​ខ្ញុំ​មិន​សោក​ស្តាយ​ប្តី​របៀប​នេះ​ទេ​ ព្រោះ​បាន​ប្រព្រឹត្ត​អំពើ​ខុស​សីលធម៌​រំលោភ​លើ​កូន​ស្រី​បង្កើត​ខ្លួន​ឯង​ ដូច្នេះ​វា​សម​និង​ត្រូវ​ទទួល​ទោស​»។​
           
           
           
           

ក្មេងប្រុសម្នាក់ត្រូវបានស្លាប់និងម្នាក់ទៀតបានរងរបួសធ្ងន់ដោយសារគ្រោះរន្ទះបាញ់

ដោយៈ ឃួន​ លក្ខិណា​

ថ្ងៃទី១១ ខែកក្តដា ឆ្នាំ២០១១
កំពង់​ចាម​៖​ អាជ្ញាធរ​ស្រុក​ត្បូង​ឃុំ​បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​ចន្ទ័​ថា​ យ៉ាង​ហេច​ណាស់​មាន​ក្មេង​ប្រុស​ម្នាក់​ត្រូវ​បាន​ស្លាប់​ និង​ម្នាក់​ទៀត​កំពុង​តែ​សង្គ្រោះ​ក្នុង​មន្ទីរ​ពេទ្យ​ខេត្ត​ បន្ទាប់​ពី​មាន​បាតុភូត​រន្ទះ​បាញ់​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃទី​១០​ ខែ​កក្តដា​នេះ​។​
            លោក​ម៉ឹង​ រ៉ៃ​យ៉ា​នាយ​ផ្នែក​ព្រហ្ម​ទណ្ឌ​នគរបាល​ស្រុក​ត្បូង​ឃ្មុំ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ បើ​តាម​របាយការ​ណ៍​ ​ក្មេង​ប្រុស​រង​គ្រោះ​ដែល​បាន​ស្លាប់​ ​ដោយ​សារ​រន្ទះ​បាញ់​នេះ​មាន​ឈ្មោះ​ថា​ វ៉ា​ សុខ​ដេត​ អាយុ​១៧ឆ្នាំ​ រស់​នៅ​ភូមិ​ទន្លេ​បិទ​លើ​ ឃុំ​ទន្លេ​បិទ​ ស្រុក​ត្បូង​ឃុំ​ ខេត្ត​កំពង់​ចាម​ ដោយ​ឡែក​ក្មេង​ម្នាក់​ទៀត​ឈ្មោះ​អួន​ មួយ​អ៊ាង​ អាយុ​១៣​ឆ្នាំ​ ត្រូវ​បាន​ដួល​សន្លប់​នៅ​ក្នុង​ហេតុ​ការណ៍​នោះ​ដែរ​ ។​ លោក​បន្ត​ថា​ ក្មេង​ប្រុស​រូប​នេះ​ ត្រូវ​បាន​ស្លាប់​ ខណៈ​ពេល​ដែល​រូប​គេ​កំពុង​លេង​បាត់​ទាត់​ជាមួយ​ក្មេង​ៗ​ជា​ច្រើន​នាក់​ទៀត​ នៅ​ទី​វាល​ខាង​ក្រោយ​ភូមិ​លុះ​ដល់​វេលា​ម៉ោង​ប្រមាណ​៤​និង​៣០​នាទី​រសៀល​ ស្រាប់​តែ​ផ្ទៃ​មេឃ​ចាប់​ផ្តើម​ខ្មៅ​ងងឹត​រក​កល់​ចង់​ភ្លៀង​ ក្រោយ​មក​ស្រាប់​តែ​មាន​បាតុភូមិ​រន្ទះ​បាញ់​លាន់​លឺ​កក្រើក​ភូមិ​ បាន​កើត​ឡើង​បណ្តាល​ឲ្យ​ក្មេង​ប្រុស​ឈ្មោះ​វ៉ា​ សុខ​ដេត​ ត្រូវ​បាន​ស្លាប់​ និង​ ម្នាក់​ទៀត​ឈ្មោះ​អួន​ មួយ​អ៊ាង​ បាន​ដួល​សន្លប់​ហើយ​កំពុង​ធ្វើការ​សង្រ្គោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​។​ លោក​បាន​ថ្លែង​ថា​៖«​ចំពោះ​សាក​សព​អ្នក​ស្លាប់​ត្រូវ​បាន​រក​ឃើញ​ថា​ មាន​​របួស​ចំ​១​កំណាត់​ខ្លួន​ចាប់​ពី​ចង្កេះ​ចុះ​ក្រោម​»​។​
            ឥឡូវ​នេះ​សាក​សព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​បូរ​ជា​តាម​ប្រពៃណី​រួច​រាល់​ហើយ​។​

ប្រជាពលរដ្ឋនៅស្រុកបារាយណ៍គ្រោងនិងដាក់ពាក្យប្តឹងមកសម្តេចហ៊ុន សែននៅថ្ងៃអង្គារនេះ


ដោយៈ ឃួន​ លក្ខិណា​

ថ្ងៃទី១០ ខែកក្តដា ឆ្នាំ២០១១
កំពង់​ធំ​៖​ ប្រជា​ពល​រដ្ឋ​១៨៦​គ្រួសារ​រស់​នៅ​ភូមិ​-​ឃុំ​បាក់​ស្នា ​ស្រុក​បារាយណ៍​ ខេត្ត​កំពង់​ធំ​  គ្រោង​និង​ឡើង​មក​កាន់​ទី​ក្រុង​ភ្នំពេញ​ នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ​ ដើម្បី​យក​ពាក្យ​ប្តឹង​ពាក់​ពន្ធ័​និង​ករណី​ជម្លោះ​ដីធ្លី​ជាមួយ​អាជ្ញា​ធរ​ ផ្ញើរ​ទៅ​កាន់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន​។​
តំណាង​ប្រជាពលរដ្ឋ​ម្នាក់​អ្នក​ស្រី​កង​ សូរ​ អាយុ​៦១​ឆ្នាំ​ រស់​នៅ​តំបន់​កើត​ហេតុ​ខាង​លើ​បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ នៅ​ថ្ងៃ​អង្គារ​នេះ​ និង​មាន​តំណាង​ប្រជាពលរដ្ឋ​ច្រើន​ជាង​១០នាក់​ឡើង​មក​កាន់​ទី​ក្រុង​ភ្នំពេញ​ ដើម្បី​យក​ពាក្យ​ប្តឹង​ដាក់​ទៅ​កាន់​សម្តេច​ហ៊ុន​ សែន​ ក្នុង​គោល​បំណង​ស្នើ​សុំ​ឲ្យ​មាន​កិច្ច​អន្តរាគមន៍​ជា​បន្ទាន់​ លើ​ករណី​អាជ្ញាធរ​ នៅ​តំបន់​ខាង​លើ​បាន​ឃុប​ឃិត​គ្នា​លួច​យក​ដីប្រជាពល​រដ្ឋ​ទៅ​លក់​ឲ្យ​ក្រុម​ហ៊ុន​  ព្រម​ទាំង​ធ្វើការ​ដោះ​ដូរ​ដី​ឲ្យ​ប្រជាពលរដ្ឋ​ ដោយ​មិន​មាន​លក្ខ​ខណ្ឌ​សម​ស្រប​។ អ្នក​ស្រី​បាន​បន្ត​ថា​ មូល​ហេតុ​ដែល​ប្រជាពលរដ្ឋ​ទាំង​អស់​បាន​សម្រេច​ចិត្ត​យក​ពាក្យ​ប្តឹង​ ដាក់​ទៅ​កាន់​នាយក​រដ្ឋ​មន្ត្រី​នៅ​ថ្ងៃ​អង្គារ​នេះ​ ដោយ​សារ​តែ​ប្រជាពលរដ្ឋ​មាន​ការ​អស់​សង្ឈឹម​យ៉ាង​ខ្លាំង ចំពោះ​វិធានការណ៍​ដោះ​ស្រាយ​របស់​អាជ្ញា​ធរ​នៅ​ទី​នោះ​ ដូច្នេះ​ទើប​បង្ខំ​ចិត្ត​ឲ្យ​តំណាង​មួយ​ចំនួន​នេះ​ ធ្វើ​ដំណើរ​មក​ទី​ក្រុង​ភ្នំពេញ​។​ អ្នក​ស្រី​ថ្លែង​ថា​៖«​យើង​ពិត​ជា​មាន​បំណង​បែប​នេះ​ប្រាកដ​មែន​ ​ប៉ុន្តែ​បើសិន​ជា​មាន​ការ​ប្រែប្រួល​ស្ថាន​ភាព​យ៉ាង​ម្តេច​ទៀត​នោះ​ នៅ​ថ្ងៃ​ចន្ទ័​នេះ​ ​យើង​និង​ដឹង​ទាំង​អស់​គ្នា​»​។​
កាល​ពី​ឆ្នាំ​១៩៩៧​ ប្រជាពល​រដ្ឋ​ចំនួន​១៨៦​គ្រួសារ​បាន​មក​រស់​នៅ​និង​ធ្វើ​ចំការ​លើ​ដី​ដើម​ភូមិ​មាន​ទំហំ​ប្រហែល​ជា​៣០​ហិតា​ ​ក្រោយ​មក​មេឃុំ​បាន​កាត់​ដី​ចំការ​ប្រជា​ពល​រដ្ឋ​មួយ​ផ្នែក​ធំ​លក់​ទៅ​ឲ្យ​ក្រុម​ហ៊ុន​សុភង្គម​ ដើម្បី​ធ្វើ​អាជីវកម្ម​ដាំ​ដើម​អាកាស​ស្សា​។​ រហូត​មក​ដល់​ឆ្នាំ​២០០៨​ អាជ្ញាធរ​ក្នុង​តំបន់​ខាង​លើ​ បាន​ឃុប​ឃិត​គ្នា​ជាមួយ​និង​ម្ចាស់​ក្រុម​ហ៊ុន​មួយ​ទៀតរបស់វៀត​ណាម បាន​យក​អាប៊ុល​​មក​ឈូស​​ឆាយ​ផ្ទះ ​និង​ដី​ចំការ​របស់​ប្រជាពលរដ្ឋ​ ដោយ​បង្ខំ​ឲ្យ​ពួក​គេ​រើ​ចេញ​ពី​លំ​នៅ​ដ្ឋាន​នោះ​ជា​បន្ទាន់​។​
តំណាង​ប្រជាពលរដ្ឋ​រង​គ្រោះ​ម្នាក់​ទៀត​ អ្នក​ស្រី​យិន​ ស្រី​ខួច​ អាយុ​៣៦ឆ្នាំ​ រស់​នៅ​តំបន់​កើត​ហេតុ​ ខាង​លើ​ កំពុង​មាន​ការ​ភិត​ភ័យ​និង​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ ខណៈ​ដែល​គាត់​ជា​មនុស្ស​ម្នាក់​ត្រូវ​ចូល​រួម​យក​ពាក្យ​ប្តឹង​នេះ​ មក​ទី​ក្រុង​ភ្នំពេញ​ ដើម្បី​ដាក់​ជូន​សម្តេច​ហ៊ុន​ សែន​។​ អ្នក​ស្រី​បាន​រៀប​រាប់​ថា​  អ្នក​ស្រី​និង​ប្រជាពល​រដ្ឋ​មួយ​ចំនួន​ទៀត​មាន​ការ​ព្រួយ​បារម្ភ​ភ័យ​ខ្លាច​អាជ្ញាធរ​ចាំ​ស្ទាក់​តាម​ផ្លូវ​ដើម្បី​ចាប់​ ដែល​នេះ​ជា​ហេតុ​មួយ​អាច​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មិន​អាច​ធ្វើ​ដំណើរ​មក​កាន់​ទី​ក្រុង​បាន​។​ អ្នក​ស្រី​និយាយ​ថា​៖«​ដោយ​សារ​មាន​ការ​ព្រួយ​បារម្ភ​ ទើប​ល្ងាច​នេះ​ ប្រជាពលរដ្ឋ​ណាត់​ជួប​ជុំ​គ្នា​ ដើម្បី​ពិភាក្សា​ស្វែង​រក​មធ្យោបាយ​ត​ទៀត​»។
អ្នក​ស្រី​ម៉ម​ ស៊ីថា​ ប្រធាន​គណៈ​កម្មាធិការ​កម្ពុជា​ឯក​រាជ្យ​ស្ថាបន័​ពុក​រលួយ​នៅ​តែ​រង់​ចាំ​ឃ្លាំ​មើល​អំពី​ សកម្មភាព​ប្រជាពលរដ្ឋ​ ដើម្បី​ឲ្យ​ដឹង​ប្រាកដ​ថា​ តើ​បណ្តឹង​ប្រជាពល​រដ្ឋ​ត្រូវ​ការ​អ្វី​ឲ្យ​ពិត​ប្រាកដ​នោះ​។ អ្នក​ស្រី​អះ​អាង​ថា​៖«​ កន្លង​មក​នេះ​ខាង​អាជ្ញាធរ​ គេ​បាន​ចេញ​សេចក្តី​សម្រេច​ម្តង​រួច​មក​ ក្នុង​ការ​ដោះ​ស្រាយ​ផ្តល់​ដី​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន​១១៤​គ្រួសារ​ ហើយ​ក្នុង​១១៤​នេះ​ មាន​អ្នក​ខ្លះ​ ព្រម​ទទួល​យក​ អ្នក​ខ្លះ​មិន​ព្រម​យក​ជា​ដាច់​ខាត​ ដោយ​សារ​ការ​ដោះ​ដូរ​នោះ​ វា​មិន​សម​ស្រប​តាម​លក្ខ​ខណ្ឌ​ដែល​ពួក​គេ​ចង់​បាន​ ដូច្នេះ​យើង​ចង់​ដឹង​ថា​ តើ​ពាក្យ​បណ្តឹង​នេះ​ មាន​ស្នើ​ទាម​ទារ​កាន់​កាប់​ដី​ធ្លី​ដែរ​ទេ​ ហើយ​តើ​អ្នក​ដែល​មាន​ឈ្មោះ​កាន់​កាប់​ដី​ ដែល​អាជ្ញាធរ​ចារ​ឲ្យ​នោះ​ មក​ដល់​ពេល​បច្ចុប្បន្ន​បាន​ទទួល​សិទ្ធ​កាន់​កាប់​ហើយ​នៅ​»​។​
លោក​លី​ គឹម​ទាវ​ប្រធាន​គណៈ​កម្មាធិការ​ដោះ​ស្រាយ​វិវាទ​ដី​ធ្លី​បាន​មាន​ប្រសាសន៍​ថា​ រាល់​ការ​ប្តឹង​របស់​ប្រជាពលរដ្ឋ​ វា​មិន​មែន​សុទ្ធ​តែ​ត្រូវ​ទាំង​អស់​នោះ​ទេ​ ដូច្នេះ​ប្រជាពលរដ្ឋ​មាន​សិទ្ធ​ដាក់​ពាក្យ​ប្តឹង​ទៅ​ទី​ណា​ក៏​បាន​ ហើយ​អាជ្ញាធរ​ក៏​មិន​មាន​សិទ្ធ​ហាម​ឃាត់​ពួក​គាត់​ដែរ​។​ លោក​និយាយ​ថា​៖«​នៅ​ក្នុង​ពាក្យ​ប្តឹង​នេះ​ ប្រសិន​បើ​ ការ​ស្រាវ​ជ្រាវ​រក​ឃើញ​ថា​ អាជ្ញាធរ​បាន​ប្រព្រឹត្ត​ខុស​មែន​នោះ​ យើង​សុខ​ចិត្ត​ជាប់​ទោស​ តែ​បើ​ប្រជា ពលរដ្ឋ​ជា​អ្នក​ខុស​វិញ​ ក៏​គួរ​តែ​ទទួល​ទោស​នោះ​ដូច​គ្នា​ដែរ​»​។​






Thursday, July 7, 2011

ប្រទេស២ក្បែរព្រំដែនកម្ពុជាកំពុងតែពង្រឹងកិច្ចសហកាគ្នាដើម្បីទប់ស្កាត់ជំងឺឆ្លង


ដោយៈ ឃួន​ លក្ខិណា​        

ថ្ងៃទី៧ ខែកក្តដា ឆ្នាំ២០១១
ភ្នំពេញ៖ កម្ពុជា​បាន​ពង្រឹង​កិច្ច​សហការ​របស់​ខ្លួន​ជាមួយ​និង​ប្រទេស​វៀត​ណាម​-​ឡាវ​ ដើម្បី​បន្ត​ការ​ប្រយុទ្ធ​ទប់​ស្កាត់​ជំងឺ​ឆ្លង​ក្នុង​មហា​អនុ​តំបន់​ទន្លេ​មេគង្គ​។​
លោក​វេជ្ជ​បណ្ឌិត​អ៊ុយ​ វែង​គី​ប្រធាន​រដ្ឋ​បាល​កម្មវិធី​ទ្រទ្រង់​សុខាភិបាល​ជំហ៊ាន​ទី​២​នៃ​ក្រសួង​សុខាភិបាល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា​ ដោយ​មាន​កិច្ច​សហការ​គ្នា​រវាង​ប្រទេស​វៀត​ណាម​ កម្ពុជា​ ឡាវ​ ក្នុង​ការ​ទប់​ស្កាត់​ជំងឺ​ឆ្លង​ក្នុង​ប្រទេស​ និង​ជំងឺ​ឆ្លង​តាម​ព្រំដែន​ ធនាគារ​អភិវឌ្ឍ​ន៍​អាស៊ី​ ADB​ បាន​ផ្តល់​ថវិការ​ប្រមាណ​១០​លាន​ដុល្លា​ សម្រាប់​អនុវត្ត​គម្រោង​ប្រយុទ្ធ​និង​ទប់​ស្កាត់​ជំងឺ​ឆ្លង​ក្នុង​មហា​អនុ​តំបន់​ទន្លេ​មេគង្គ​ទី២​ ដែល​បាន​ចាប់​ផ្តើម​អនុវត្ត​ពី​ឆ្នាំ​២០១១​-​២០១៥​។​ លោក​បន្ត​ថា​ ADB​ បាន​ផ្តល់​គម្រោង​ជួយ​នៅ​ក្នុង​តំបន់​ដែល​ជាប់​ព្រំដែន​កម្ពុជា​ វៀត​ណាម​ និង​ឡាវ​ ដោយ​ផ្តោត​យ៉ាង​សំខាន់​លើ​ជំងឺ​ឆ្លង​។​ លោក​ថ្លែង​ថា​៖«​គម្រោង​នេះ ​ត្រូវ​ទាម​ទារ​ឲ្យ​មាន​កិច្ច​សហការ​យ៉ាង​ខ្លាំង​ខ្លា​ពី​អាជ្ញាធរ​ព្រំដែន​ប្រទេស​វៀត​ណាម​ និង​ឡាវ​ ដើម្បី​រៀបចំ​ប្រពន្ធ័​ទប់​ស្កាត់​ឆ្លើយ​តប​ឲ្យ​បាន​ទាន់​ពេល​វេលា​ លើ​ករណី​ឆ្លង​ជំងឺ​ដែល​អាច​កើត​មាន​នៅ​តាម​ព្រំដែន»​។ លោក​ថា៖«​ទឹក​ប្រាក់​ដែល​យើង​បាន​ទទួល​ពី​ម្ចាស់​ជំនួយ​ គឺត្រូវ​រៀប​ចំ​ជា​ប្រពន្ធ័​ឆ្លើយ​តប​ជា​បន្ទាន់​នៅ​ក្នុង​ខេត្ត​ចំនួន​១០​ ដែល​ជាប់​ប្រទេស​វៀត​ណាម​ និង​ឡាវ​ ដូច្នេះ​តាម​ខេត្ត​និង​តាម​ស្រុក​ប្រតិបត្តិ​និមួយៗ​ ត្រូវ​តែ​រៀបចំ​ឲ្យ​មាន​មន្រ្តី​ឆ្លើយ​តប​ ដើម្បី​ធ្វើ​សេច​ក្តី​រាយការណ៍​ និង​សកម្មភាព​ប្រតិបត្តិ​ការ​សង្គ្រោះ​ភ្លាម​ៗ នៅ​ពេល​មាន​ជំងឺ​ឆ្លង​ផ្ទុះ​កើត​ឡើង​។​
            លោក​អេង​ ហួត​ រដ្ឋ​លេខាធិការ​ក្រសួង​សុខាភិបាល​បាន​ធ្វើការ​ណែនាំ​ដល់​មន្ត្រី​នៅ​ក្រោម​ឱវាទ​ថា​ ម្ចាស់​ជំនួយ​បាន​មើល​ឃើញ​អំពី​សារៈ​សំខាន់​ ក្នុង​ការ​រីក​រាល​ដាល​នៃ​ជំងឺ​ឆ្លង​ ដូច្នេះ​មន្ត្រី​ ដែល​ស្ថិត​នៅ​ក្នុង​ក្រសួង​ពាក់​ពន្ធ័​ទាំង​អស់​ ត្រូវ​តែ​អនុវត្ត​ធ្វើ​ការ​ងារ​នេះ​ យ៉ាង​ម្តេច​ឲ្យ​មាន​តម្លាភាព​។​ លោក​បន្ត​ថា​ ការ​ងារ​នេះ​វា​មិន​មែន​ពាក់​ពន្ធ័​តែ​ប្រទេស​កម្ពុជា​តែ​ឯង​ទេ​ ប៉ុន្តែ​វា​បាន​ជាប់​ពាក់​ពន្ធ័​និង​ ប្រទេស​វៀត​ណាម​ និង​ឡាវ​ផង​ដែរ​ ដូច្នេះ​លោក​ចង់​ឲ្យ​មន្រ្តី​ទាំង​អស់​បាន​យល់​ដឹង​អំពី​ផែន​ការ​ និង​សកម្មភាព​ដែល​ត្រូវ​ធ្វើ​ឲ្យ​បាន​ច្បាស់​លាស់​ ដោយ​សារ​តែ​នេះ​ គឺ​ជា​ផល​ប្រយោជន៍​រួម​។​ លោក​ថ្លែង​ថា​៖«​ យើង​ត្រូវ​ធ្វើការ​ទប់​ស្កាត់​ជំងឺ​ឆ្លង​ឲ្យ​បាន​ទាន់​ពេល​វេលា​ បើ​មិន​ដូច្នេះ​ទេ​ វា​និង​អាច​នាំ​ឲ្យ​មាន​អន្តរាយ​រហូត​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ព្រោះ​ជំងឺ​ឆ្លង​គឺ​ជា​ជំងឺ​ដែល​រីក​រាល​ដាល​ ដូច្នេះ​យើង​ត្រូវ​តែ​ធ្វើការ​បង្ការ​ជា​មុន​។​
            លោក​សុខ​ ទូច​ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​និង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល​បាន​មាន​ប្រសា សន៍​ថា​ ADB​ មាន​គម្រោង​សម្រាប់​ប្រទេស​ទាំង​បី​ ដោយ​សារ​តែ​សមត្ថភាព​ឆ្លើយ​តប​នៅ​មាន​កម្រិត​ ដែល​នេះ​ វា​បាន​ផ្សារ​ភ្ជាប់​ទៅ​និង​ការ​ព្រួយ​បារម្ភ​នៅ​ក្នុង​តំបន់​ សម្រាប់​ការ​ប្រយុទ្ធ​និង​ទប់​ស្កាត់​ការ​រីល​រាល​ដាល​ជំងឺ​គ្រុន​ផ្តា​សាយ​បក្សី​។​ លោក​បន្ត​ថា​ ជំងឺ​ឆ្លង​ដែល​ជា​ដើម​ហេតុ​គួរ​ឲ្យ​ព្រួយ​បារម្ភ​ជាង​គេ​នោះ​ គឺ​ជំងឺ​គ្រុន​ឈាម​ ព្រោះ​ថា​ ក្នុង​១ឆ្នាំ​ជំងឺ​នេះ​ត្រូវ​ផ្ទុះ​ឡើង​ម្តង​ បន្ទាប់​មក​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី​ ជំងឺ​រាក​រូស​ ពុល​ចំណី​អាហារ​ និង​ជំងឺ​ឆ្លង​ជា​ច្រើន​ប្រភេទ​ទៀត​។​ លោក​ថ្លែង​ថា​៖«​យើង​ត្រូវ​តែ​ពង្រឹង​សមត្ថ​ភាព​មន្ត្រី​របស់​យើង​នៅ​តាម​ច្រក​ព្រំដែន​ ដើម្បី​កិច្ច​សហការ​អន្តរជាតិ​ទប់​ស្កាត់​ជំងឺ​ឆ្លង​ទាំង​នេះ»​។​