Thursday, May 26, 2011

ស្ថានភាពជំងឺគ្រុនឈាមកំពុងស្ថិតនៅក្នុងការប្រកាសអាសន្ន

ដោយៈឃួន លក្ខិណា

ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១០

ភ្នំពេញៈមន្ត្រី​កម្ម​វីធី​ជាតិ​ប្រយុទ្ធ​និង​ជំងឺ​គ្រុន​ឈាម​ បាន​ប្រកាស​ដំណឹង​អាសន្ន​ទៅ​កាន់​មន្ទីរ​សុខា​ភិ​បាល​​តាម​បណ្តាល​ខេត្ត​ ដើម្បី​ឲ្យ​ពួក​គេ​មាន​ការ​ប្រុង​ប្រយត្ន័​ខ្ពស់​ ក្នុង​ការ​ត្រួត​ពិនិត្យ​មើល​អំពី​ស្ថាន​ផ្ទុះ​ជំងឺ​គ្រុន​ឈាម​ក្នុង​ពេល​បច្ចុប្បន្ន​។​
  លោក​ង៉ាន់​ ចន្ទ័​ថា​ ប្រធាន​កម្ម​វិធី​ជាតិ​ប្រយុទ្ធ​និង​ជំងឺ​​គ្រុន​ឈាម​​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​ព្រហស្បត្តិ៍​ថា​ ប៉ុន្មាន​ថ្ងៃ​មុន​នេះ​លោក​បាន​ផ្ញើរ​សេច​ជូន​ដំណឹង​មួយ​ តាម​ប្រពន្ធ័​អ៊ីន​ធើ​ណេត​ទៅ​កាន់​គ្រប់​មន្ទីរ​សុខាភិ​បាល​ទាំង​២៤​ខេត្ត​-​ក្រុង​ នៅ​ទូ​ទាំង​ប្រទេស​ ដើម្បី​ឲ្យ​ពួកគេ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ប្រុង​ប្រយត្ន័​បន្ថែម​ទៀត​ ក្នុង​ការ​ត្រួត​ពិនិត្យ​មើល​ស្ថាន​ភាព​ផ្ទុះ​ជំងឺ​គ្រុន​ឈាន​ ខណៈ​ដែល​កុមារ​ចំនួន​៨នាក់​ត្រូវ​បាន​ស្លាប់​ដោយ​សារ​ជំងឺគ្រុនឈាមក្នុងពេលថ្មីៗ​នេះ។ ​លោក​​បញ្ជាក់ថា​៖«​បើ​តាម​ទិន្នន័យ​ប្រពន្ធ័​តាម​ដាន​របស់​យើង​បាន​ឲ្យ​ដឹង​ថា​ បច្ចុប្បន្ន​នេះ​ ស្ថាន​ភាព​ជំងឺ​គ្រុន​ឈាន​នៅ​ប្រទេស​យើង​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ការ​ប្រកាស​អាសន្ន​ហើយ​ ដូច្នេះ​យើង​ត្រូវ​ប្រុង​ប្រយត្ន័​ខ្លាំង​ថែម​ទៀត​ បើ​ទោះ​បីជា​ យើង​បាន​ត្រៀម​សកម្មភាព​ទប់​ស្កាត់​រួច​ហើយក្តី​ ប៉ុន្តែ​យើង​នៅ​មិន​ទាន់​ដឹង​​ទេ​ថា​ តើ​ស្ថាន​ភាព​នា​ពេល​ខាង​មុខ​ទៀត​ វា​និង​ប្រែ​ប្រួល​ទៅ​ជា​បែប​ណានោះ​?​
    បើ​តាម​របាយការណ៏​របស់​កម្ម​វិធី​ជាតិ​ប្រយុទ្ធ​និង​ជំងឺ​គ្រុន​ឈាន​ដែល​ភ្នំពេញ​ប៉ុស្តិ៍​បាន​ទទួល​កាល​ពី​ថ្ងៃ​ព្រ​ហ​ស្បត្តិ៍​បាន​ឲ្យ​ដឹង​ថា​ គិត​មក​ដល់​រយៈ​ពេល​៥​ខែ​នៃ​ដើម​ឆ្នាំ​២០១១​នេះ​ មាន​កុមារ​ចំនួន​៨៤៥​ករណី​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ ក្នុង​នោះ​មាន​កុមារ​ចំនួន​៨នាក់​ត្រូវ​បាន​ស្លាប់​ ដោយ​សារ​ជំងឺ​គ្រុន​ឈាន​។​ ចំនួន​នេះ​បើ​គិត​ក្នុង​រយៈ​ពេល​ដូច​គ្នា​ កាល​ពី​ឆ្នាំ​២០១០​ បាន​ឲ្យ​ដឹង​ថា​ ករណី​ឈឺ​មាន​ត្រឹម​តែ​៧៣១​នាក់​ រឺ​ឯ​ករណី​ស្លាប់​មាន​៤​នាក់​។​
   លោក​ង៉ាន់​ ចន្ទ័​ថា​ បាន​បញ្ជាក់​ថា​ មូល​ហេតុ​ដែល​នាំ​ឲ្យ​ករណី​ស្លាប់​មាន​ការ​កើន​ឡើង​ជាង​ ឆ្នាំ​មុន​ក៏​ព្រោះ​តែ​ស្ថាន​ភាព​ជំងឺ​គ្រុន​ឈាម​មាន​ការ​ប្រែប្រួល​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​និង​ផ្ទុះ​ខ្លាំង​ក្នុង​រយៈ​ពេល​ពី​៣​-​៥​ឆ្នាំ​ ដែល​នេះ​ជា​ហេតុ​ធ្វើ​ឲ្យ​កម្ម​វិធី​ជាតិ​ មិន​ទាន់​អាច​ធ្វើការ​គ្រប់​គ្រង​បាន​ ម្យ៉ាង​ទៀត​ភាគ​ច្រើន​អាណា​ព្យា​បាល​កុមារ​តែង​និយម​ ប្រើប្រាស់​ឱសថ​ដែល​មាន​តំលៃ​ថោក​ ជា​ជាង​យក​កូន​មក​មន្ត្រី​ពេទ្យ​ លុះ​ដល់​ពេល​កូន​ឈឺ​មាន​ប្រតិកម្ម​ជាមួយ​និង​ថ្នាំ​ ទើប​យក​កូន​មក​មន្ទីរ​ពេទ្យ​ព្យាបាល​ ដែល​ពេល​ខ្លះ​ធ្វើ​ឲ្យ​គ្រូ​ពេទ្យ​ពិបាក​ និង​ជួយ​សង្រ្គោះ​ទាន់​ពេល​វេលា​។​ លោក​ថ្លែង​ថា​៖«​មក​ដល់​សប្តាហ៍​ទី​២០​នេះ​ ខេត្ត​ដែល​មាន​ករណី​ផ្ទុះ​ជំងឺ​គ្រុន​ឈាម​ខ្លាំង​ជាង​មាន​ រាជធានី​ កំពង់ធំ​ សៀម​រាប​ កណ្តាល​ តាកែវ​ កំពង់ស្ពឺ​ ព្រៃវែង​ គឺ​សុទ្ធ​តែ​ជា​តំបន់​ដែល​ត្រូវ​ប្រុង​ប្រយត្ន័​»​។​
  លោក​ប៉ិក​ គឹម​សាន្ត​អនុ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ធំ​បាន​មាន​ប្រសាសន៍​ថា​ មក​ដល់​សប្តាហ៍​ទី២១​នេះ​ មិន​មាន​អ្វី​ប្រែប្រួល​ដូច​សប្តាហ៍​មុន​ៗ​ទេ​។​ លោក​បន្ត​ថា​ លោក​មិន​ទាន់​បាន​ ទទួល​សេចក្តី​ជូន​ដំណឹង​នោះ​នៅ​ឡើយ​ទេ​ ប៉ុន្តែ​ទោះបីជា​យ៉ាង​ណា​លោក​នៅ​តែ​មាន​វិធានការណ៍​ ប្រុង​ប្រយត្ន័​ទប់​ស្កាត់​ជានិច្ច​ដែរ​ ព្រោះ​ថា​ រដូវ​គ្រុន​ឈាម​បាន​ឈាន​មក​ដល់​ហើយ​ ដូច្នេះ​លោក​និង​ ត្រៀម​យុទ្ធនាការ​សម្អាត​ផ្ទះ​សម្បែង​ និង​យុទ្ធនា​ការ​ផ្សព្វផ្សាយ​អប់រំ​ពី​ជំងឺ​គ្រុន​ឈាម​ជាមួយ​និង​ការ​ ដាក់​ថ្នាំ​អាល់​បេត​ផង​ដែរ​។​ លោក​ថ្លែង​ថា​៖«​ គិត​មក​ដល់​ឆ្នាំ​២០១១​នេះ ​មាន​កុមារ​ឈឺ​ចំនួន​១៤០​ករណី​ ក្នុង​នោះ​ស្លាប់​២ករណី​»​។​ ចំនួន​នេះ​បើ​គិត​ក្នុង​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​២០១០​ ជំងឺ​គ្រុន​ឈាម​បាន​ ឆ្លង​មក​កុមារ​ក្រោម​១០០​នាក់​ ក្នុង​នោះ​ស្លាប់​២​នាក់​ដូច​គ្នា​។​ លោក​ថា​ ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​នេះ​ មាន​ការ​យល់​ដឹង​ច្រើន​ ដោយ​មិន​ធ្វេស​ប្រហែស​ក្នុង​ការ​ថែ​រក្សា​កូន​ទេ​ នៅ​ពេល​កូន​ឈឺ​ពួក​គេ​តែង​តែ​យក​កូន​មក​មន្ទីរ​ពេទ្យ​ ដែលនេះខុសគ្នាពីពេលមុន។​




No comments:

Post a Comment