Wednesday, May 25, 2011

សមត្ថកិច្ចខេត្តមណ្ឌលគីរីបានបញ្ជូនសុំនុំរឿងគំរាមកំហែងអ្នកកាសែត៣នាក់ទៅកាន់តុលាការ

ដោយៈ ឃួន​ លក្ខិណា​
ខេត្តមណ្ឌលគីរីៈ សមត្ថកិច្ច​ខេត្ត​មណ្ឌលគីរី​ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ​ បាន​បញ្ជូន​សុំនុំ​រឿង​អ្នក​កាសែត​៣​នាក់​ទៅ​កាន់​តុលាការ​ខេត្ត​ ដើម្បី​ស្នើ​សុំ​វិធានការណ៍​ដោះ​ស្រាយ​ លើ​ករណី​ចោទ​ប្រកាន់​មន្ត្រី​មេ​ប៉ុស្តិ៍​សង្កេត​ការណ៍​០១​ថា​ បាន​ប្រព្រឹត្ត​អំពើ​គំរាម​កំហែង​ដល់​អាយុ​ជីវិត​របស់​ពួក​គេ​។​
            លោក​ស៊ុន​ ប៊ុន​ធឿន​អធិការ​ស្រុក​កែវ​សីមា​ ខេត្ត​មណ្ឌល​គីរី​ បាន​និយាយ​ប្រាប់​ការសែត​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​ពុធ​ថា​ លោក​បាន​កសាង​សុំនុំ​រឿង​ចោទ​ប្រកាន់​លោក​មេ​ប៉ុស្តិ៍​សង្កេត​ការណ៍​០១​ ពាក់​ពន្ធ័​និង​បទ​គំរាម​កំហែង​ដល់​អាយុ​ជីវិត​អ្នក​កាសែត​៣នាក់​ កាល​ពី​ថ្ងៃទី១៦​ ខែ​ឧសភា​ ដើម្បី​ជូន​ទៅ​ស្នង​ការ​ខេត្ត​ និង​ត្រៀម​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃ​ពុធ​នេះ​។​ លោក​បន្ត​ថា​ ពាក់​ពន្ធ័​និង​ករណី​ នេះ​ លោក​នៅ​មិន​ទាន់​រក​ឃើញ​ភស្តុ​តាង​ រឺ​កំណត់​មុខ​សញ្ញា​ជន​ល្មើស​បាន​នៅ​ឡើយ​ទេ ដោយ​សារ​តែ​ករណី​នេះ​ វា​មិន​មែន​ជា​បទ​ល្មើស​ជាក់​ស្តែង​ រឺ​ឯ​ជន​រង​គ្រោះ​ក៏​មិន​បាន​ចាំ​មុខ​ក្រុម​ឃាតករ​ដែរ​ ដែល​នេះ​ ជា​ហេតុ​ធ្វើ​ឲ្យ​នគរបាល​មាន​ផល​លំបាក​ខ្លាំង ​ក្នុង​ការ​ស្វែង​រក​ចាប់​ខ្លួន​ជន​ល្មើស​។ លោក​ថ្លែង​ថា​៖«​ ដោយ​សារ​តែ​ឥឡូវ​នេះ​ យើង​មិន​ទាន់​អាច​ប្រមូល​ភស្តុ​តាង​បាន​គ្រប់​គ្រាន់​ ដូច្នេះ​យើង​នៅ​មិន​ទាន់​អាច​បញ្ជាក់​បាន​នៅ​ឡើយ​ទេ​ថា​ តើ​អ្នក​បញ្ជារ​ពី​ក្រោយ​ឃាត្តករ​ជា​អ្នក​ណា​»​?​
បើ​តាម​លោក​ស៊ុន​ ប៊ុន​ធឿន​ ចំពោះ​វិធានការណ៍​ដែល​ត្រូវ​អនុវត្ត​ទៅ​មុខ​ទៀត​ គឺ​ត្រូវ​បញ្ជូន​សុំនុំ​រឿង​នេះ​ទៅ​តុលាការ​ជា​មុន​សិន​ ដើម្បី​អនុវត្ត​ករណី​នេះ​ ទៅ​តាម​ការ​ចង្អុល​បង្ហាញ​របស់​តុលា​ការ​វិញ​។​ លោក​ថា​៖«​យើង​នៅ​តែ​បន្ត​ស្វែង​រក​ភស្តុ​តាង​នៅ​តំបន់​កើត​ហេតុ​ទៀត​»​។​
​បើ​តាម​លោក​នាង​ ចន្ថា​ភ្នាក់​ងារ​ស៊ី​ធី​អ៊ិន​ប្រចាំ​ខេត្ត​មណ្ឌល​គីរី​បាន​ប្រាប់​ដែរ​ថា​ មុន​ថ្ងៃ​ទី១៦ ​ខែ​ឧសភា​នេះ​ លោក​ និង​អ្នក​កាសែត​២នាក់​ទៀត​ ឈ្មោះ​លោក​សយ​ គា​ និង​លោក​ឈីន​ សំអាន​ បាន​ចេញ​ផ្សាយ​អត្ថបទ​១​ជាប់​ពាក់​ពន្ធ័​និង​ការ​គេច​ពន្ធ​ម៉ូតូ​ខុស​ច្បាប់​ពី​ប្រទេស​វៀត​ណាម​មក​លក់​ នៅ​កម្ពុជា​ ដូច្នេះ​ការ​ផ្សាយ​រឿង​នេះ​ បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​លោក​មេប៉ុស្តិ៍​សង្កេត​ការណ៍​០១​ ដោយ​សារ​តែ​មេប៉ុស្តិ៍​រូប​នេះ​គឺ​ជា​ឈ្មួញ​លក់​ម៉ូតូ​ខុស​ច្បាប់​ដែរ​។​ លោក​បញ្ជាក់​ថា​៖«​នៅ​ថ្ងៃទី១៦​ ខែ​​ឧសភា​ ខ្ញុំ​និង​អ្នក​កាសែត​រង​គ្រោះ​២នាក់​នេះ​ បាន​ជិះ​ឡាន​ជាមួយ​គ្នា​ត្រឡប់​មក​ការិយាល័យ​រៀង​ៗ​ខ្លួន​វិញ​ ប៉ុន្តែ​មក​ដល់​ចំនុច​ម្តុំ​គីឡូ​លេខ​១៣៤​ស្ថិត​នៅ​ភូមិ​ស្នែង​ ឃុំ​ស្រែ​ខ្ទុម​ ស្រុក​កែវ​សីហា​ ស្រាប់​តែ​មាន​មនុស្ស​ចំនួន​៥នាក់​មាន​កាន់​ដំបង​ ខ្លះ​សៀក​ពាក់​ជា​ទាហ៊ាន​ ខ្លះ​ទៀត​មាន​បិទ​ម៉ាស​ បាន​សំដៅ​មក​ពួក​យើង​បំរុង​និង​ធ្វើ​ឃាត្ត​ ប៉ុន្តែ​ពួក​យើង​បាន​បើក​ឡាន​រត់​គេច​ខ្លួន​បាត់​ទៅ​»​។​
លោក​សយ​ គា​ភ្នាក់​ងារ​កាសែត​ក្រុង​កម្ពុជា​បាន​និយាយ​ថា​ លោក​នៅ​តែ​បារម្ភ​ពី​បញ្ហា​សុវត្ថិ ភាព​របស់​លោក​ ខណៈ​ដែល​សមត្ថកិច្ច​នៅ​តែ​មិន​ទាន់​ស្វែង​រក​ភស្តុ​តាង​ ដើម្បី​ផ្តន្ទា​ទោស​ជន​ល្មើស​ បាន​ទៀត​។​ លោក​ថ្លែង​ថា​៖«​ខ្ញុំ​មិន​ដឹង​ថា​ ត្រូវ​ដោះ​ស្រាយ​បញ្ហា​នេះ​បែប​ណា​ទៀត​ទេ​ គឺ​មាន​តែ​រង់​ចាំ​ដំណោះ​ស្រាយ​ពី​សមត្ថកិច្ច​តទៅ​ទៀត​ប៉ុណ្ណោះ​»​។​
​បើ​តាម​លោក​វ៉ាន់​ ចន្ធារី​មេ​ប៉ុស្តិ៍​សង្កេត​ការណ៍​០១​ នៃ​វរៈ​ការ​ពារ​ព្រំដែន​លេខ​១០៣​បាន​ឆ្លើយ​បដិសេធន៍​ថា​ លោក​នៅ​តែ​ប្រកាន់​ជំហរ​ដដែល​ថា​ លោក​មិន​ដែល​គំរាម​កំហែង​អ្នក​​ណា​ទេ​ ហើយ​បើ​មាន​ភស្តុ​តាង​គ្រប់​គ្រាន់​សូម​ចូល​មក​ដោះ​ស្រាយ​ជាមួយ​លោក​ចុះ​។​

No comments:

Post a Comment