ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១១
ខេត្តបាត់ដំបងៈ អាជ្ញាធរស្រុកសង្កែ ខេត្តបាត់ដំបង បច្ចុប្បន្នកំពុងធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយត្ន័ខ្ពស់ ក្នុងការយាមកាមផ្ទះសម្បែងរបស់ខ្លួន ខណៈពេលថ្មីៗនេះ មានក្រុមចោរមួយក្តាបតូចបានបន្តធ្វើសកម្មភាពលួចគោយន្តប្រជាពលរដ្ឋជាហូរហែរ។
លោកហ៊ុយ ស៊ានមេភូមិកំពង់ពិល បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអាទិត្យថា ឥឡូវនេះលោកបានដើរប្រាប់ភ្នាក់ងារសន្តិសុខប្រចាំភូមិ ឲ្យធ្វើការផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋអំពីករណីចោរកម្មឆ្លងស្រុកពីមួយទៅមួយជាដើម។ លោកបន្តថា នេះជាលើកទី១ហើយ ដែលកើតមានអំពើចោរលួចគោយន្តក្នុងស្រុករបស់លោក ដូច្នេះដើម្បីត្រៀមបង្ការទុកមិនឲ្យកើតមានបញ្ហានេះតទៀត ក្នុងនាមលោកជាអាជ្ញាធរភូមិ ត្រូវតែក្រើនរំលឹកដល់ប្រជាពលរដ្ឋឲ្យប្រុងប្រយត្ន័ទុកជាមុន ព្រោះថា ក្រុមចោរវាមិនបញ្ឍប់សកម្មភាពងាយៗទេ។ លោកថ្លែងថា៖« ពីមុនមក ខ្ញុំគ្រាន់តែបានលឺថា មានករណីចោរលួចគោយន្តចេញពីស្រុកថ្មគោល និងក្រុងបាត់ដំបងតែប៉ុណ្ណោះ ប៉ុន្តែមកដល់ពេលនេះ វាបានឈានចូលមកដល់ស្រុករបស់យើងហើយ»។
បើតាមការសន្និដ្ឋានរបស់លោក ក្រុមចោរលួចមួយក្តាបតូចនេះ វាមិនមែនកើតចេញមកពីស្រុកឆ្ងាយទេ គឺអាចជាអ្នកភូមិរស់នៅទីនេះ រឺអាចជាអ្នកស្គាល់គ្នាក៏មានដែរ ដូច្នេះដើម្បីទប់ស្កាត់បទល្មើសផ្សេងៗឲ្យបានទាន់ពេលវេលា លោកបានកត់ត្រាលេខទូរសព្ទ័លោកផ្ទាល់ មេឃុំ មេស្រុក និងប៉ូលីស ដើម្បីចែកជូនប្រជាពលរដ្ឋគ្រប់ៗក្នុងការទាក់ទង។
បើតាមបុរសម្នាក់ដែលបានបាត់គោយន្តឈ្មោះលាង ប៊ុនរិទ្ធរស់នៅភូមិកំពង់ពិល ឃុំវត្តតាមឹម ស្រុកសង្កែ ខេត្តបាត់ដំបងបានប្រាប់ឲ្យដឹងថា កាលពីវេលាម៉ោង១០យប់ថ្ងៃព្រហស្បត្តិ៍នេះ លោកបានទុកគោយន្តនៅខាងក្រោមផ្ទះអស់រយៈពេលជាច្រើនម៉ោង លុះដល់ម៉ោងប្រមាណ៦ព្រឹកថ្ងៃសុក្រនេះ ស្រាប់តែមិនឃើញគោយន្តចតនៅខាងក្រោមផ្ទះទេ ដូច្នេះលោកបានសន្និដ្ឋានថា ច្បាស់ជាមានចោរលួចជាមិនខាន។ លោកថ្លែងថា៖«ខ្ញុំបានដាក់ពាក្យប្តឹងទៅសមត្ថកិច្ច ក្រោយពីកើតហេតុភ្លាមៗ ប៉ុន្តែមកដល់ឥឡូវ នៅមិនទាន់បានដំណឹងអ្វីសោះ»។ លោកថា មេភូមិបានប្រាប់ថា៖«គាត់កំពុងសហការជាមួយនិងប៉ូលីស ដើម្បីស៊ើបអង្កេតតាមចាប់ជនល្មើស»។ លោកបញ្ជាក់ថា៖«ខ្ញុំជឿជាក់ថា បើសមត្ថកិច្ចនៅតែមិនទាន់ចាប់បានជនល្មើសទៀតនោះ ករណីចោរលួចគោយន្តនៅតែបន្តកើតមានទៀតជាក់ជាមិនខាន ដោយសារតែគោយន្តឥឡូវកំពុងតែត្រូវប៉ាន់ឡើងថ្លៃ ដូច្នេះក្រុមចោរអាចនិងមានផលចំណេញច្រើន ក្នុងការលក់គ្រឿងចក្រមួយនេះ»។
លោកសុខ សារឿន មន្ត្រីនគរបាលប៉ុស្តិ៍តាមឹមបាននិយាយថា ករណីនេះកំពុងស្ថិតនៅក្នុងការស៊ើបអង្កេតនៅឡើយទេ ដូច្នេះនៅពេលដែលសមត្ថកិច្ចប្រមូលព័ត៌មានជុំ ទើបអាចកំណត់មុខ សញ្ញាបាន។ លោកថ្លែងថា៖«កាលពីម្សិលមិញ យើងបានចុះទៅស្រាវជ្រាវសារជាថ្មីម្តងទៀតនៅតំបន់កើតហេតុ មិនត្រឹមតែប៉ុណ្ណោះទេ យើងបានផ្សព្វផ្សាយបំផុសដល់ប្រជាពលរដ្ឋឲ្យចេះសាងសង់របងដែលរឹងមាំ ដើម្បីការពារទ្រព្យសម្បត្តិទាំងអស់ដែលមាននៅក្នុងផ្ទះរបស់ពួកគាត់។
No comments:
Post a Comment