មណ្ឌលគិរីៈ អ្នកកាសែតនៅខេត្តមណ្ឌលគិរី៣នាក់នៅអង្គភាពផ្សេងគ្នាបានចោទថា ពួកគេកំពុងរងការគំរាមពីមន្ត្រីមេប៉ុស្តិ៍សង្កេតការណ៍០១។
អ្នកសារព័ត៌មាន៣នាក់នោះ គឺភ្នាក់ងារទូរទស្សន៍ស៊ីធីអ៊ិនម្នាក់ កាសែតវីរៈជ័យម្នាក់ និងកាសែតក្រុងកម្ពុជាម្នាក់ ។ ពួកគេរងការគំរាមបន្ទាប់ពីគេសរសេរអត្ថបទ ពាក់ព័ន្ធនឹងរឿងនាំម៉ូតូគេចពន្ធពីប្រទេសវៀតណាម យកមកលក់នៅកម្ពុជាកាលពីពីរ-បីថ្ងៃមុន។
លោកសយ គាភ្នាក់ងារកាសែតក្រុងកម្ពុជាបានប្រាប់ថា ពីថ្ងៃទី១៦ ឧសភា ថ្ងៃត្រង់លោក វ៉ាន់ ចន្ធារីមេប៉ុស្តិ៍សង្កេតការណ៍០១ បានទូរស័ព្ទសួរថា៖«អ្នកឯងចង់ប្រកាសសង្រ្គាមជាមួយ ខ្ញុំ?បើចង់ចូលមកចុះ»។គ្រាន់តែឮបែបនេះ ទាំងបីនាក់ដែលចេញផ្សាយអត្ថបទដូចគ្នាក៏មករកជួបមេប៉ុស្តិ៍។
លោក នាង ចន្ថា ភ្នាក់ងារស៊ីធីអ៊ិនប្រចាំនៅមណ្ឌលគិរីបានប្រាប់ដែរថា នៅម៉ោងជិត១ថ្ងៃពួកគេបានជិះឡានទៅជួបលោក វ៉ាន់ ចន្ធារី តែជំនួបនោះមិនមានបញ្ហាអ្វីទេ លុះពេលត្រឡប់មកវិញដល់ចំណុចម្តុំគីឡូលេខ១៣៤ ស្ថិតនៅភូមិស្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ស្រាប់តែមានមនុស្ស៥នាក់ ខ្លះស្លៀកពាក់ទាហាន ខ្លះមានពាក់ម៉ាស់បានមកស្ទាក់ឡានបម្រុងធ្វើឃាតតែម្តង ប៉ុន្តែ ទាំងបីនាក់បានបើកឡានរត់គេចផុត។ លោកបានបន្តថា ក្រោយហេតុការណ៍នេះកើតឡើងលោកនិងគូកន២នាក់ទៀត បានដាក់ពាក្យបណ្តឹងរួមគ្នាមួយ ប្តឹងពាក់ព័ន្ធដល់លោក វ៉ាន់ ចន្ធារី ផងដែរ។
លោកវ៉ាន់ ចន្ធារី មេប៉ុស្តិ៍សង្កេតការណ៍០១ នៃវរៈការពារព្រំដែនលេខ១០៣បានថ្លែងបដិសេធការចោទដ៏ធ្ងន់ធ្ងរ មកលើរូបលោកនិងថ្លែងថា៖«ប្រសិនបើការចោទប្រកាន់នេះ មានភស្តុតាងគ្រប់គ្រាន់ សូមចូលមកដោះស្រាយជាមួយខ្ញុំមក ប៉ុន្តែ បើមិនមានទេ គួរតែបញ្ចប់បញ្ហាះត្រឹមហ្នឹងចុះ»។
លោក ស៊ុន ប៊ុនធឿន អធិការស្រុកកែវសីមាប្រាប់ថា បានទទួលបណ្តឹងនេះហើយ ហើយលោកកំពុងតែបើកការស៊ើបអង្កេត ដើម្បីកំណត់នូវមុខសញ្ញាជនល្មើសនិងថា លោកនៅមិនទាន់អាចដឹងថា តើមានជាប់ពាក់ពន្ធ័នឹងលោកមេប៉ុស្តិ៍ វ៉ាន់ ចន្ធារី និងអ្នកផ្សេងណានោះនៅឡើយទេ៕
No comments:
Post a Comment