Tuesday, May 31, 2011

ទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋនិងអាជ្ញាធរជលផល

ដោយៈ ឃួន​ លក្ខិណា

ថ្ងៃទី៣១ ខែ ឧសភា ឆ្នាំ២០១១


បន្ទាយមានជ័យៈ ប្រជាពល​រដ្ឋ​ប្រមាណ​​៣០១​គ្រួសារ​មក​ពី​ភូមិ​ចំនួន​៤​នៃ​ឃុំ​សំបួរ​ ស្រុក​មង្គល​បូរី​ ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​មក​ជួប​ជុំ​គ្នា​នៅ​ខាង​មុខ​សាលា​ខេត្ត​ កាល​ពី​ព្រឹក​ម្សិល​មិញ​នេះ​ ដើម្បី​តវ៉ា​លើ​រឿង​អាជ្ញាធរ​ជល​ផល​បាន​បោះ​បង្គោល​ហ៊ុំ​ពទ្ធ័​ដី​ការ​ពារ​ព្រៃ​លិច​ទឹក​រំលោភ​ចូល​ដី​របស់​ពួក​គាត់​ដែល​មាន​ទំហំ​ច្រើន​ជាង​៧០០​ហិតា​។​
            ប្រភព​ពី​តំណាង​ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ថ្ម​ដប់​ ឃុំ​សំបួរ​ ស្រុកមង្គល​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​និយាយ​ប្រាប់​ថា​ ប្រជាពលរដ្ឋ​ប្រមាណ​៣០១​នាក់​ បាន​រស់​នៅ​ក្នុង​ឃុំ​សំបួរ​នេះ​ ចាប់​តាំង​ពី​ឆ្នាំ​១៩៨២​មក​ម្លេះ​។​ រហូត​មក​ដល់​ឆ្នាំ​២០១០​នេះ​ ស្រាប់​តែ​អាជ្ញាធរ​ជល​ផល​បាន​ធ្វើការ​បោះ​បង្គោល​ដី​ចំនួន​ពី​៤​ទៅ​៥​ដើម​ចូល​រំលោភ​មក​ដី​ស្រែ​របស់​ប្រជាពលរដ្ឋ​ ដោយ​ក្រុម​អាជ្ញាធរ​បាន​អះ​អាង​ថា​ ពួក​គេ​ធ្វើ​បែប​នេះ​ គឺ​ដើម្បី​ការពារ​មិន​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ដល់​ព្រៃ​លិច​ទឹក​។​ ប្រភព​ដដែល​បាន​បន្ត​ ថា​ លុះ​មក​ដល់​ថ្ងៃទី២​ ទី៣​ ខែ​មីនា​ ឆ្នាំ​២០១១​នេះ​ ស្រាប់​តែ​មន្ត្រី​ជល​ផល​រួម​ទាំង​បក្សពួក​មួយ​ចំនួន​ទៀត​បាន​នាំគ្នា​សម្រុក​បោះ​បង្គោល​ជា​ហូរ​ហែ​ ដោយ​រំលោភ​ដី​របស់​ពលរដ្ឋ​ចំនួន​៧​២១,៦៤ហិតា​ ព្រម​ទាំង​ហាម​ឃាត់​មិន​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ស្រែ​នៅ​ក្នុង​តំបន់​ទំនាស់​ទៀត​ទេ​។​
​បើ​តាម​តំណាង​ប្រជាពលរដ្ឋ​ម្នាក់​លោក​ព្រំ ​សម​អាយុ​៧៩​ឆ្នាំ​រស់​នៅ​ភូមិ​ថ្ម​ដប់​ ឃុំ​សំបួរ​ ស្រុក​ មង្គល​បូរី​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​អង្គារ​ថា​ នៅ​ក្នុង​ទំហំ​ដី​ប្រមាណ​៧០០​ហិតា​នេះ​ បាន​ធ្វើ​ ឲ្យ​ប៉ះ​ពាល់​ដល់​ដី​ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ស្រណាល​ ភូមិ​ថ្មដប់​ ភូមិ​ដូន​ឡឹក​ និង​ភូមិ​សំបួរ​ ដែល​សរុប​ទាំង​អស់​ចំនួន​៣០១​គ្រួសារ​។​ លោក​និយាយ​ថា​៖«​ខ្ញុំ​មិន​អាច​ចេញ​ពី​ដី​នេះ​បាន​ទេ​ ព្រោះ​សព្វ​ ថ្ងៃ​នេះ​ខ្ញុំ​និង​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​បាន​មក​រស់​នៅ​ទីនេះ​ គឺ​រំពឹង​លើ​ការ​ធ្វើ​ស្រែ​ដើម្បី​ចិញ្ចឹម​ជីវិត​ ដូច្នេះ​បើ​អាជ្ញាធរ​ឲ្យ​ពួក​យើង​ចេញ​មាន​តែ​ស្លាប់​ទើប​ល្អ​ជាង​»​។​
លោក​លុន​ បូរ​តំណាង​ប្រជាពលរដ្ឋ​ម្នាក់​ទៀត​រស់​នៅ​ក្នុង​តំបន់​កើត​ហេតុ​ខាង​លើ​បាន​និយា​យ​ថា​ កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ ប្រជាពលរដ្ឋ​ប្រមាណ​ជិត​៣ពាន់​នាក់​មក​ពី​ភូមិ​៤​បាន​នាំគ្នា​ធ្វើ​ដំណើរ ទៅ​កាន់​សាលា​ខេត្ត​ ដើម្បី​ទាម​ទារ​ឲ្យ​មាន​ដំណោះ​ស្រាយ​ជា​បន្ទាន់​ ប៉ុន្តែ​មាន​តែ​ប្រជាពលរដ្ឋ​ ២០០​នាក់​ប៉ុណ្ណោះ​ដែល​បាន​មក​ដល់​សាលា​ខេត្ត​ រីឯ​១០០​នាក់​ទៀត​ ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​ស្ទាក់​ឃាត់​តាម​ផ្លូវ​មិន​ឲ្យ​មក​តវ៉ា​ឡើយ​។​ លោក​បញ្ជាក់​ថា​៖«​ ប៉ូលីស​ប៉ុស្តិ៍​បាន​យាម​នៅ​តាម​ផ្លូវ​ចាំ​ស្ទាក់​សួរ​អ្នក​ដំណើរ​ បើ​យើង​ឆ្លើយ​ថា​មក​ពី​ភូមិ​រង​គ្រោះ​ទាំង​បួន​ខាង​លើ​ គេ​ហាម​ឃាត់​យើង​មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​មុខ​ទៀត​ទេ​ ដូច្នេះ​យើង​មាន​តែ​ធ្វើ​ដំណើរ​តាម​ផ្លូវ​កាត់​ប៉ុណ្ណោះ​»​។​
លោក​អ៊ី​ ឡុង​អភិបាល​ស្រុក​មង្គលបូរី​ បាន​ថ្លែង​ឲ្យ​ដឹង​ថា​៖«​ខ្ញុំ​មិន​សូវ​ច្បាស់​អំពី​បញ្ហា​នេះ​ប៉ុន្មាន​ទេ​ ប៉ុន្តែ​ដី​នៅ​តំបន់​នោះ​ ភាគ​ច្រើន​ជា​ដី​របស់​រដ្ឋ​ ហើយ​អ្នក​រុក​រាន​ថ្មី​ក៏​កើត​មាន​ដែរ​»​។​
លោក​អ៊ុក​ កែវ​រតនៈ​ អភិបាល​រង​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​មាន​ប្រសាសន៍​ថា​ លោក​បាន​យក​សំណើរ​នេះ​ទៅ​គិត​ពិចារណា​ និង​គ្រោង​បញ្ជូន​ទៅ​ថ្នាក់​លើ​ថែម​ទៀត​។​គំនិត​លោក​ បើ​ទោះ​បី​ជា​ដី​ទំនាស់​ស្ថិត​នៅ​ក្នុង​តំបន់​ព្រៃ​លិច​ទឹក​ក៏​ពិត​មែន​ ប៉ុន្តែ​ទីតាំង​នោះ​គឺ​ជា​ភូមិ​ចាស់​ ហើយ​ប្រជាពល​រដ្ឋ​បាន​រស់​នៅ​តាំង​ពី​ដើម​រៀង​មក​ដែរ​។​ លោក​បញ្ជាក់​ថា​៖«​ខ្ញុំ​និង​ស្នើ​ទៅ​អាជ្ញាធរ​ជល​ផល​ឲ្យ​រំកិល​បង្គោល​ឲ្យ​ផុត​ពី​ដី​ពួក​គាត់​ ក្នុង​ករណី​បើ​ខ្ញុំ​ពិនិត្យ​ឃើញ​ថា​ ការ​បោះ​បង្គោល​នោះ​ពិត​ជា​ប៉ះ​ពាល់​ដល់​ដី​ពួក​គាត់​ពិត​មែន​»​។​
លោក​លី​ វេ​ប្រធាន​នាយកដ្ឋាន​រដ្ឋ​បាល​ជល​ផល​មិន​បាន​ធ្វើការ​បំភ្លឺ​តាម​ទូរ​សព្ទ័​ទេ​ ដោយ​
លោក​ឆ្លើយ​ថា​ជាប់​រវល់​។​
            ពាក់​ពន្ធ័​និង​បញ្ហា​នេះ​ ប្រជាពលរដ្ឋ​នៅ​មិន​ទាន់​ទទួល​បាន​ដំណោះ​ស្រាយ​ជាក់​លាក់​ណា​មួយ​នៅ​ឡើយ​ទេ​ ដោយ​ពួក​គេ​នៅ​រង់​ចាំ​ការ​ចុះ​ត្រួត​ពិនិត្យ​មើល​ពី​ស្ថាន​ភាព​ជាក់​ស្តែង​ពី​ក្រុម​មន្ត្រី​អាជ្ញាធរ​ចំរុះ​ក្នុង​អំឡុង​ពេល​២​ទៅ​៣ថ្ងៃ​ខាង​មុខ​នេះ​។​

           

Monday, May 30, 2011

វិទ្យាស្ថានប៉ាស្ទរ័​ចំនួន៦ប្រទេស បានផ្តោតការយកចិត្តទុកដាក់លើបញ្ហាជំងឺផ្លូវដង្ហើមកុមារ

ដោយៈ ឃួន​ លក្ខិណា

ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១១

ភ្នំពេញៈ វិទ្យាស្ថាន​ប៉ាស្ទ័រ​មក​ពី៦​​ប្រទេស​ និង​ដៃ​គូរ​អភិវឌ្ឍន៍​បណ្តាញ​មន្ទីរ​ពិសោធន៍​ក្នុង​ប្រទេស​ចំនួន​៤​ទៀត​បាន​មក​ជួប​ជុំ​គ្នា​នៅ​កម្ពុជា​ កាល​ពី​ថ្ងៃ​ចន្ទ័​នេះ​ ដើម្បី​ធ្វើ​ការ​ជម្រុញ​តាម​ដាន​ ការវិភាគ​ ​និង​ដោះ​ស្រាយ​អំពី​ស្ថាន​ភាព​ជំងឺ​ឆ្លង​រាល​ដាល​នៅ​ក្នុង​តំបន់​។​
            លោក​ម៉ម​ ប៊ុន​ហេង​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​បើក​សិក្ខា​សា​លា​ នៅ​សណ្ឋាគារ​សាន់​វេ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ កិច្ច​ប្រជុំ​នេះ​ ត្រូវ​បាន​ផ្តោត​យ៉ាង​សំខាន់​លើ​ស្ថាន​ភាព​ជំងឺ​ឆ្លង​ និង​ជំងឺ​ផ្លូវ​ដង្ហើម​ ដែល​ទាំង​អស់​នេះ​ គឺ​ជា​មូល​ហេតុ​ចំបង​នៃ​ការ​ស្លាប់​របស់​កុមារ​ក្រោម​អាយុ​៥ឆ្នាំ​ ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​។​ លោក​បន្ត​ថា​ តាម​រយៈ​ឯក​សារ​របស់​ធនាគារ​ពិភព​លោក​ ជំងឺ​ផ្លូវ​ដង្ហើម​ស្រួច​ស្រាវ​អាច​ជា​មូល​ហេតុ​បង្ក​ឲ្យ​កុមារ​ចំនួន​៣០​ទៅ​៥០​ភាគ​រយ​ ត្រូវ​ទៅ​ពិគ្រោះ​ជំងឺ​នៅ​មណ្ឌល​សុខ​ភាព​។​ លោក​ថ្លែង​ថា​៖«​ តាម​រយៈ​កិច្ច​សហការ​នេះ​ អាច​ឲ្យ​យើង​ធ្វើការ​ប្រយុទ្ធ​និង​ការ​ប្រឈម​ដែល​ជា​ឱកាស​ឲ្យ​កាត់​បន្ថយ​ផល​ប៉ះ​ពាល់​ ផ្នែក​សេដ្ឋ​កិច្ច​ និង​សង្គម​បាន​យ៉ាង​ច្រើន​»​។​
            ដើម្បី​ជម្រុញ​ការ​តាម​ដាន​ ការ​វិភាគ​ និង​ការ​ដោះ​ស្រាយ​ស្ថាន​ភាព​ឆ្លង​រាល​ដាល​នៅ​ក្នុង​តំបន់​ វិទ្យា​ស្ថាន​ប៉ាស្ទ័រ​ចំនួន​៦​ និង​ដៃគូរ​អភិវឌ្ឍ​នូវ​បណ្តាញ​មន្ទីរ​ពិសោធន៍​ក្នុង​ប្រទេស​ចំនួន​៤​ទៀត​ រួម​មាន​វិទ្យា​ស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ វិទ្យា​ស្ថាន​ប៉ាស្ទ័រ​ទីក្រុង​ហូរ​ជីមិញ​ វិទ្យា​ស្ថាន​ប៉ាស្ទ័រ​ទី​ក្រុង​ណា​ត្រាំង​ វិទ្យា​ស្ថាន​ប៉ាស្ទ័រ​ស៊ាង​ហៃ​ វិទ្យា​ស្ថាន​ជាតិ​អនាម័យ​ និង​ជំងឺ​រាត​ត្បាត​មក​ពី​ទី​ក្រុង​ហា​ណូយ​ មជ្ឈ​មណ្ឌល​ជាតិ​នៃ​មន្ទីរ​ពិសោធន៍​ និង​ជំងឺ​រាត​ត្បាត​របស់​ប្រទេសឡាវ​ បាន​បើក​កិច្ច​ពិភាក្សា​រួម​គ្នា​ក្នុង​ប្រទេស​កម្ពុជា​ចំនួន​៣ថ្ងៃ​ គិត​ចាប់​ពី​ថ្ងៃទី២០​-​៣១​ខែ​ឧសភា​នេះ​ ដើម្បី​ស្វែង​រក​វិធានការណ៍​ដ៍​ជាក់​ លាក់​ ទៅ​និង​ការ​ព្រមាន​ជា​ជំហាន​ដំបូង​អំពី​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​ដង្ហើម​ឲ្យ​បាន​ទាន់​ពេល​វេលា​។​
            លោក​ Philippe​ BUCHY​ មន្ត្រី​នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​បាន​មាន​ប្រសាសន៏​ថា​ កាល​ពី​ឆ្នាំ​២០០៧​ លោក​បាន​ចាប់​ផ្តើម​ស្រាវ​ជ្រាវ​ជា​លើក​ដំបូង​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ខេត្ត​តាកែវ​ និង​កំពង់ចាម​។​ ​ លោក​ថ្លែង​ថា​៖« ​យើង​បាន​រក​ឃើញ​ថា​ ក្នុង​ចំនោម​អ្នក​ជំងឺ​ទូទៅ​ចំនួន​៤​ពាន់​នាក់​ មាន​កុមារ​ប្រមាណ​៦០​ភាគ​រយ​បាន​កើត​ជំងឺ​ទាក់​ទង​និង​ផ្លូវ​ដង្ហើម​ ហើយ​កុមារ​មួយ​ចំនួន​ទៀត​មិន​ត្រូវ​បាន​ទទួល​សេវា​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​រដ្ឋ​ឡើយ​»​។​
លោក​ឈន​ ណារិទ្ធ​វេជ្ជ​បណ្ឌិត​ផ្នែក​ជំងឺ​ផ្លូវ​ដង្ហើម​ប្រចាំ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​បាន​មាន​ប្រសា​ស​ន៍​ថា បើតាមការសន្និដ្ឋានរបស់លោក មាន​មូល​ហេតុ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​កុមារ​មិន​អាច​ទៅ​ទទួល​សេវា​ព្យាបាល​ជំងឺ​ផ្លូវ​ដង្ហើម​នៅ​មន្ទីរ​ពេទ្យ​រដ្ឋ​បាន​ គឺ​ទី១​មន្ទីរ​ពេទ្យ​បង្អែក​និង​មណ្ឌល​សុខ​ភាព​ វា​បាន​ស្ថិត​នៅ​ឆ្ងាយ​ពី​ផ្ទះ​របស់​ពួកគេ​ខ្លាំង​ពេក​ ទី២​អាណា​ព្យាបាល​អត់​បាន​យល់​ដឹង​ពី​អាការៈ​ជំងឺ​ ទី៣​ឪពុក​ម្តាយ​និយម​ព្យាបាល​កូន​ដោយ​ខ្លួន​ឯង​។ លោក​ថ្លែង​ថា​៖«​ឆ្លើយ​តប​និង​បញ្ហា​នេះ​ក្រសួង​សុខាភិបាល​បាន​រៀបចំ​យន្ត​ការ​ផ្សព្វ​ផ្សាយ​រួច​ទៅ​ហើយ​ តាម​រយៈ​ប្រពន្ធ័​ផ្សព្វ​ផ្សាយ​ជាដើម​ នៅ​ក្នុង​ប្រទេស​ដូច្នេះ​យើង​នៅ​តែ​ខិតខំ​ជម្រុញ​យន្ត​ការ​នេះ​បន្ត​ទៀត​ ដើម្បី​ភាព​ប្រសើរ​ឡើង​»​។​
           



Sunday, May 29, 2011

អាជ្ញាធរស្រុកសង្កែកំពុងស្រាវជ្រាវលើបទល្មើសលួចគោយន្ត

ដោយៈ ឃួន លក្ខិណា

ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១១


ខេត្តបាត់ដំបងៈ អាជ្ញាធរ​ស្រុក​សង្កែ​ ខេត្ត​បាត់​ដំបង​ បច្ចុប្បន្ន​កំពុង​ធ្វើការ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ប្រុង​ប្រយត្ន័​ខ្ពស់​ ក្នុង​ការ​យាម​កាម​ផ្ទះ​សម្បែង​របស់​ខ្លួន​ ខណៈ​ពេល​ថ្មីៗ​នេះ​ មាន​ក្រុម​ចោរ​មួយ​ក្តាប​តូច​បាន​បន្ត​ធ្វើ​សកម្មភាព​លួច​គោ​យន្ត​ប្រជាពលរដ្ឋ​ជា​ហូរ​ហែរ​។​
            លោក​ហ៊ុយ​ ស៊ាន​មេ​ភូមិ​កំពង់​ពិល​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ ឥឡូវ​នេះ​លោក​បាន​ដើរ​ប្រាប់​ភ្នាក់​ងារ​សន្តិសុខ​ប្រចាំ​ភូមិ​ ឲ្យ​ធ្វើការ​ផ្សព្វ​ផ្សាយ​ទៅ​កាន់​ប្រជាពលរដ្ឋ​អំពី​ករណី​ចោរ​កម្មឆ្លង​ស្រុក​ពី​មួយ​ទៅ​មួយ​ជាដើម​។​ លោក​បន្ត​ថា នេះ​ជា​លើក​ទី១​ហើយ​ ដែល​កើត​មាន​អំពើ​ចោរ​លួច​គោយន្ត​ក្នុង​ស្រុក​របស់​លោក​ ដូច្នេះ​ដើម្បី​ត្រៀម​បង្ការ​ទុក​មិន​ឲ្យ​កើត​មាន​បញ្ហា​នេះ​ត​ទៀត ​ក្នុង​នាម​លោក​ជា​អាជ្ញាធរ​ភូមិ​ ​ត្រូវ​តែ​ក្រើន​រំលឹក​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ប្រុង​ប្រយត្ន័​ទុក​ជា​មុន​ ព្រោះ​ថា​ ក្រុម​ចោរ​វា​មិន​បញ្ឍប់​សកម្មភាព​ងាយ​ៗ​ទេ​។​ ​លោក​ថ្លែង​ថា​៖« ពី​មុន​មក​ ខ្ញុំ​គ្រាន់​តែ​បាន​លឺ​ថា​ មាន​ករណី​ចោរ​លួច​គោយន្ត​ចេញ​ពី​ស្រុក​ថ្ម​គោល​ និង​ក្រុង​បាត់ដំបង​តែ​ប៉ុណ្ណោះ​ ប៉ុន្តែ​មក​ដល់​ពេល​នេះ​ វា​បាន​ឈាន​ចូល​មក​ដល់​ស្រុក​របស់​យើង​ហើយ​»​។​
            បើ​តាម​ការ​សន្និដ្ឋាន​របស់​លោក​ ក្រុម​ចោរ​លួច​មួយ​ក្តាប​តូច​នេះ​ វា​មិន​មែន​កើត​ចេញ​មក​ពី​ស្រុក​ឆ្ងាយ​ទេ​ គឺ​អាច​ជា​អ្នក​ភូមិ​រស់​នៅ​ទីនេះ​ រឺ​អាច​ជា​អ្នក​ស្គាល់​គ្នា​ក៏​មាន​ដែរ​ ដូច្នេះ​ដើម្បី​ទប់​ស្កាត់​បទ​ល្មើស​ផ្សេង​ៗ​ឲ្យ​បាន​ទាន់​ពេល​វេលា​ លោក​បាន​កត់​ត្រា​លេខ​ទូរ​សព្ទ័​លោក​ផ្ទាល់​ មេឃុំ​ មេស្រុក​ និង​ប៉ូលីស​ ដើម្បី​ចែក​ជូន​ប្រជាពលរដ្ឋ​គ្រប់​ៗ​ក្នុង​ការ​ទាក់​ទង​។​
បើ​តាម​បុរស​ម្នាក់​ដែល​បាន​បាត់​គោយន្ត​ឈ្មោះ​លាង​ ប៊ុន​រិទ្ធ​រស់​នៅ​ភូមិ​កំពង់ពិល​ ឃុំ​វត្ត​តា​មឹម​ ស្រុក​សង្កែ​ ខេត្ត​បាត់​ដំបង​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ កាល​ពី​វេលា​ម៉ោង​១០យប់​ថ្ងៃ​ព្រហស្បត្តិ៍​នេះ​ លោក​បាន​ទុក​គោយន្ត​នៅ​ខាង​ក្រោម​ផ្ទះ​អស់​រយៈ​ពេល​ជា​ច្រើន​ម៉ោង​ លុះ​ដល់​ម៉ោង​ប្រមាណ​៦ព្រឹក​ថ្ងៃ​សុក្រ​នេះ​ ស្រាប់​តែ​មិន​ឃើញ​គោយន្ត​ចត​នៅ​ខាង​ក្រោម​ផ្ទះ​ទេ​ ដូច្នេះ​លោក​បាន​សន្និដ្ឋាន​ថា​ ច្បាស់​ជា​មាន​ចោរ​លួច​ជា​មិន​ខាន​។​  លោក​ថ្លែង​ថា​៖«​ខ្ញុំ​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​សមត្ថកិច្ច​ ក្រោយ​ពី​កើត​ហេតុ​ភ្លាម​ៗ​ ប៉ុន្តែ​មក​ដល់​ឥឡូវ​ នៅ​មិន​ទាន់​បាន​ដំណឹង​អ្វី​សោះ​»​។​ លោក​ថា​  មេ​ភូមិ​បាន​ប្រាប់​ថា​៖«​គាត់​កំពុង​សហការ​ជាមួយ​និង​ប៉ូលីស​ ដើម្បី​ស៊ើប​អង្កេត​តាម​ចាប់​ជន​ល្មើស»​។​ លោក​បញ្ជាក់​ថា​៖«​ខ្ញុំ​ជឿ​ជាក់​ថា​ បើ​សមត្ថកិច្ច​នៅ​តែ​មិន​ទាន់​ចាប់​បាន​ជន​ល្មើស​ទៀត​នោះ​ ករណី​ចោរ​លួច​គោ​យន្ត​នៅ​តែ​បន្ត​កើត​មាន​ទៀត​ជាក់​ជា​មិន​ខាន​ ដោយ​សារ​តែ​គោយន្ត​ឥឡូ​វកំពុង​តែ​ត្រូវ​ប៉ាន់​ឡើង​ថ្លៃ​ ដូច្នេះ​ក្រុម​ចោរ​អាច​និង​មាន​ផល​ចំណេញ​ច្រើន​ ក្នុង​ការ​លក់​គ្រឿង​ចក្រ​មួយ​នេះ​»​។​
លោក​សុខ​ សារឿន​ មន្ត្រី​នគរបាល​ប៉ុស្តិ៍​តាមឹម​បាន​និយាយ​ថា​ ករណី​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​នៅ​ឡើយ​ទេ​ ដូច្នេះ​នៅ​ពេល​ដែល​សមត្ថកិច្ច​ប្រមូល​ព័ត៌​មាន​ជុំ​ ទើប​អាច​កំណត់​មុខ​ សញ្ញា​បាន​។​ លោក​ថ្លែង​ថា​៖«​កាល​ពី​ម្សិល​មិញ​ យើង​បាន​ចុះ​ទៅ​ស្រាវ​ជ្រាវ​សារ​ជា​ថ្មី​ម្តង​ទៀត​នៅ​តំបន់​កើត​ហេតុ​ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ​ យើង​បាន​ផ្សព្វផ្សាយ​បំផុស​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ចេះ​សាង​សង់​របង​ដែល​រឹង​មាំ​ ដើម្បី​ការ​ពារ​ទ្រព្យ​សម្បត្តិ​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​ផ្ទះ​របស់​ពួក​គាត់​។​
           
           








Thursday, May 26, 2011

ស្ថានភាពជំងឺគ្រុនឈាមកំពុងស្ថិតនៅក្នុងការប្រកាសអាសន្ន

ដោយៈឃួន លក្ខិណា

ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១០

ភ្នំពេញៈមន្ត្រី​កម្ម​វីធី​ជាតិ​ប្រយុទ្ធ​និង​ជំងឺ​គ្រុន​ឈាម​ បាន​ប្រកាស​ដំណឹង​អាសន្ន​ទៅ​កាន់​មន្ទីរ​សុខា​ភិ​បាល​​តាម​បណ្តាល​ខេត្ត​ ដើម្បី​ឲ្យ​ពួក​គេ​មាន​ការ​ប្រុង​ប្រយត្ន័​ខ្ពស់​ ក្នុង​ការ​ត្រួត​ពិនិត្យ​មើល​អំពី​ស្ថាន​ផ្ទុះ​ជំងឺ​គ្រុន​ឈាម​ក្នុង​ពេល​បច្ចុប្បន្ន​។​
  លោក​ង៉ាន់​ ចន្ទ័​ថា​ ប្រធាន​កម្ម​វិធី​ជាតិ​ប្រយុទ្ធ​និង​ជំងឺ​​គ្រុន​ឈាម​​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​ព្រហស្បត្តិ៍​ថា​ ប៉ុន្មាន​ថ្ងៃ​មុន​នេះ​លោក​បាន​ផ្ញើរ​សេច​ជូន​ដំណឹង​មួយ​ តាម​ប្រពន្ធ័​អ៊ីន​ធើ​ណេត​ទៅ​កាន់​គ្រប់​មន្ទីរ​សុខាភិ​បាល​ទាំង​២៤​ខេត្ត​-​ក្រុង​ នៅ​ទូ​ទាំង​ប្រទេស​ ដើម្បី​ឲ្យ​ពួកគេ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ប្រុង​ប្រយត្ន័​បន្ថែម​ទៀត​ ក្នុង​ការ​ត្រួត​ពិនិត្យ​មើល​ស្ថាន​ភាព​ផ្ទុះ​ជំងឺ​គ្រុន​ឈាន​ ខណៈ​ដែល​កុមារ​ចំនួន​៨នាក់​ត្រូវ​បាន​ស្លាប់​ដោយ​សារ​ជំងឺគ្រុនឈាមក្នុងពេលថ្មីៗ​នេះ។ ​លោក​​បញ្ជាក់ថា​៖«​បើ​តាម​ទិន្នន័យ​ប្រពន្ធ័​តាម​ដាន​របស់​យើង​បាន​ឲ្យ​ដឹង​ថា​ បច្ចុប្បន្ន​នេះ​ ស្ថាន​ភាព​ជំងឺ​គ្រុន​ឈាន​នៅ​ប្រទេស​យើង​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ការ​ប្រកាស​អាសន្ន​ហើយ​ ដូច្នេះ​យើង​ត្រូវ​ប្រុង​ប្រយត្ន័​ខ្លាំង​ថែម​ទៀត​ បើ​ទោះ​បីជា​ យើង​បាន​ត្រៀម​សកម្មភាព​ទប់​ស្កាត់​រួច​ហើយក្តី​ ប៉ុន្តែ​យើង​នៅ​មិន​ទាន់​ដឹង​​ទេ​ថា​ តើ​ស្ថាន​ភាព​នា​ពេល​ខាង​មុខ​ទៀត​ វា​និង​ប្រែ​ប្រួល​ទៅ​ជា​បែប​ណានោះ​?​
    បើ​តាម​របាយការណ៏​របស់​កម្ម​វិធី​ជាតិ​ប្រយុទ្ធ​និង​ជំងឺ​គ្រុន​ឈាន​ដែល​ភ្នំពេញ​ប៉ុស្តិ៍​បាន​ទទួល​កាល​ពី​ថ្ងៃ​ព្រ​ហ​ស្បត្តិ៍​បាន​ឲ្យ​ដឹង​ថា​ គិត​មក​ដល់​រយៈ​ពេល​៥​ខែ​នៃ​ដើម​ឆ្នាំ​២០១១​នេះ​ មាន​កុមារ​ចំនួន​៨៤៥​ករណី​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ ក្នុង​នោះ​មាន​កុមារ​ចំនួន​៨នាក់​ត្រូវ​បាន​ស្លាប់​ ដោយ​សារ​ជំងឺ​គ្រុន​ឈាន​។​ ចំនួន​នេះ​បើ​គិត​ក្នុង​រយៈ​ពេល​ដូច​គ្នា​ កាល​ពី​ឆ្នាំ​២០១០​ បាន​ឲ្យ​ដឹង​ថា​ ករណី​ឈឺ​មាន​ត្រឹម​តែ​៧៣១​នាក់​ រឺ​ឯ​ករណី​ស្លាប់​មាន​៤​នាក់​។​
   លោក​ង៉ាន់​ ចន្ទ័​ថា​ បាន​បញ្ជាក់​ថា​ មូល​ហេតុ​ដែល​នាំ​ឲ្យ​ករណី​ស្លាប់​មាន​ការ​កើន​ឡើង​ជាង​ ឆ្នាំ​មុន​ក៏​ព្រោះ​តែ​ស្ថាន​ភាព​ជំងឺ​គ្រុន​ឈាម​មាន​ការ​ប្រែប្រួល​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​និង​ផ្ទុះ​ខ្លាំង​ក្នុង​រយៈ​ពេល​ពី​៣​-​៥​ឆ្នាំ​ ដែល​នេះ​ជា​ហេតុ​ធ្វើ​ឲ្យ​កម្ម​វិធី​ជាតិ​ មិន​ទាន់​អាច​ធ្វើការ​គ្រប់​គ្រង​បាន​ ម្យ៉ាង​ទៀត​ភាគ​ច្រើន​អាណា​ព្យា​បាល​កុមារ​តែង​និយម​ ប្រើប្រាស់​ឱសថ​ដែល​មាន​តំលៃ​ថោក​ ជា​ជាង​យក​កូន​មក​មន្ត្រី​ពេទ្យ​ លុះ​ដល់​ពេល​កូន​ឈឺ​មាន​ប្រតិកម្ម​ជាមួយ​និង​ថ្នាំ​ ទើប​យក​កូន​មក​មន្ទីរ​ពេទ្យ​ព្យាបាល​ ដែល​ពេល​ខ្លះ​ធ្វើ​ឲ្យ​គ្រូ​ពេទ្យ​ពិបាក​ និង​ជួយ​សង្រ្គោះ​ទាន់​ពេល​វេលា​។​ លោក​ថ្លែង​ថា​៖«​មក​ដល់​សប្តាហ៍​ទី​២០​នេះ​ ខេត្ត​ដែល​មាន​ករណី​ផ្ទុះ​ជំងឺ​គ្រុន​ឈាម​ខ្លាំង​ជាង​មាន​ រាជធានី​ កំពង់ធំ​ សៀម​រាប​ កណ្តាល​ តាកែវ​ កំពង់ស្ពឺ​ ព្រៃវែង​ គឺ​សុទ្ធ​តែ​ជា​តំបន់​ដែល​ត្រូវ​ប្រុង​ប្រយត្ន័​»​។​
  លោក​ប៉ិក​ គឹម​សាន្ត​អនុ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ធំ​បាន​មាន​ប្រសាសន៍​ថា​ មក​ដល់​សប្តាហ៍​ទី២១​នេះ​ មិន​មាន​អ្វី​ប្រែប្រួល​ដូច​សប្តាហ៍​មុន​ៗ​ទេ​។​ លោក​បន្ត​ថា​ លោក​មិន​ទាន់​បាន​ ទទួល​សេចក្តី​ជូន​ដំណឹង​នោះ​នៅ​ឡើយ​ទេ​ ប៉ុន្តែ​ទោះបីជា​យ៉ាង​ណា​លោក​នៅ​តែ​មាន​វិធានការណ៍​ ប្រុង​ប្រយត្ន័​ទប់​ស្កាត់​ជានិច្ច​ដែរ​ ព្រោះ​ថា​ រដូវ​គ្រុន​ឈាម​បាន​ឈាន​មក​ដល់​ហើយ​ ដូច្នេះ​លោក​និង​ ត្រៀម​យុទ្ធនាការ​សម្អាត​ផ្ទះ​សម្បែង​ និង​យុទ្ធនា​ការ​ផ្សព្វផ្សាយ​អប់រំ​ពី​ជំងឺ​គ្រុន​ឈាម​ជាមួយ​និង​ការ​ ដាក់​ថ្នាំ​អាល់​បេត​ផង​ដែរ​។​ លោក​ថ្លែង​ថា​៖«​ គិត​មក​ដល់​ឆ្នាំ​២០១១​នេះ ​មាន​កុមារ​ឈឺ​ចំនួន​១៤០​ករណី​ ក្នុង​នោះ​ស្លាប់​២ករណី​»​។​ ចំនួន​នេះ​បើ​គិត​ក្នុង​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​២០១០​ ជំងឺ​គ្រុន​ឈាម​បាន​ ឆ្លង​មក​កុមារ​ក្រោម​១០០​នាក់​ ក្នុង​នោះ​ស្លាប់​២​នាក់​ដូច​គ្នា​។​ លោក​ថា​ ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​នេះ​ មាន​ការ​យល់​ដឹង​ច្រើន​ ដោយ​មិន​ធ្វេស​ប្រហែស​ក្នុង​ការ​ថែ​រក្សា​កូន​ទេ​ នៅ​ពេល​កូន​ឈឺ​ពួក​គេ​តែង​តែ​យក​កូន​មក​មន្ទីរ​ពេទ្យ​ ដែលនេះខុសគ្នាពីពេលមុន។​




Wednesday, May 25, 2011

សមត្ថកិច្ចខេត្តមណ្ឌលគីរីបានបញ្ជូនសុំនុំរឿងគំរាមកំហែងអ្នកកាសែត៣នាក់ទៅកាន់តុលាការ

ដោយៈ ឃួន​ លក្ខិណា​
ខេត្តមណ្ឌលគីរីៈ សមត្ថកិច្ច​ខេត្ត​មណ្ឌលគីរី​ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ​ បាន​បញ្ជូន​សុំនុំ​រឿង​អ្នក​កាសែត​៣​នាក់​ទៅ​កាន់​តុលាការ​ខេត្ត​ ដើម្បី​ស្នើ​សុំ​វិធានការណ៍​ដោះ​ស្រាយ​ លើ​ករណី​ចោទ​ប្រកាន់​មន្ត្រី​មេ​ប៉ុស្តិ៍​សង្កេត​ការណ៍​០១​ថា​ បាន​ប្រព្រឹត្ត​អំពើ​គំរាម​កំហែង​ដល់​អាយុ​ជីវិត​របស់​ពួក​គេ​។​
            លោក​ស៊ុន​ ប៊ុន​ធឿន​អធិការ​ស្រុក​កែវ​សីមា​ ខេត្ត​មណ្ឌល​គីរី​ បាន​និយាយ​ប្រាប់​ការសែត​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​ពុធ​ថា​ លោក​បាន​កសាង​សុំនុំ​រឿង​ចោទ​ប្រកាន់​លោក​មេ​ប៉ុស្តិ៍​សង្កេត​ការណ៍​០១​ ពាក់​ពន្ធ័​និង​បទ​គំរាម​កំហែង​ដល់​អាយុ​ជីវិត​អ្នក​កាសែត​៣នាក់​ កាល​ពី​ថ្ងៃទី១៦​ ខែ​ឧសភា​ ដើម្បី​ជូន​ទៅ​ស្នង​ការ​ខេត្ត​ និង​ត្រៀម​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃ​ពុធ​នេះ​។​ លោក​បន្ត​ថា​ ពាក់​ពន្ធ័​និង​ករណី​ នេះ​ លោក​នៅ​មិន​ទាន់​រក​ឃើញ​ភស្តុ​តាង​ រឺ​កំណត់​មុខ​សញ្ញា​ជន​ល្មើស​បាន​នៅ​ឡើយ​ទេ ដោយ​សារ​តែ​ករណី​នេះ​ វា​មិន​មែន​ជា​បទ​ល្មើស​ជាក់​ស្តែង​ រឺ​ឯ​ជន​រង​គ្រោះ​ក៏​មិន​បាន​ចាំ​មុខ​ក្រុម​ឃាតករ​ដែរ​ ដែល​នេះ​ ជា​ហេតុ​ធ្វើ​ឲ្យ​នគរបាល​មាន​ផល​លំបាក​ខ្លាំង ​ក្នុង​ការ​ស្វែង​រក​ចាប់​ខ្លួន​ជន​ល្មើស​។ លោក​ថ្លែង​ថា​៖«​ ដោយ​សារ​តែ​ឥឡូវ​នេះ​ យើង​មិន​ទាន់​អាច​ប្រមូល​ភស្តុ​តាង​បាន​គ្រប់​គ្រាន់​ ដូច្នេះ​យើង​នៅ​មិន​ទាន់​អាច​បញ្ជាក់​បាន​នៅ​ឡើយ​ទេ​ថា​ តើ​អ្នក​បញ្ជារ​ពី​ក្រោយ​ឃាត្តករ​ជា​អ្នក​ណា​»​?​
បើ​តាម​លោក​ស៊ុន​ ប៊ុន​ធឿន​ ចំពោះ​វិធានការណ៍​ដែល​ត្រូវ​អនុវត្ត​ទៅ​មុខ​ទៀត​ គឺ​ត្រូវ​បញ្ជូន​សុំនុំ​រឿង​នេះ​ទៅ​តុលាការ​ជា​មុន​សិន​ ដើម្បី​អនុវត្ត​ករណី​នេះ​ ទៅ​តាម​ការ​ចង្អុល​បង្ហាញ​របស់​តុលា​ការ​វិញ​។​ លោក​ថា​៖«​យើង​នៅ​តែ​បន្ត​ស្វែង​រក​ភស្តុ​តាង​នៅ​តំបន់​កើត​ហេតុ​ទៀត​»​។​
​បើ​តាម​លោក​នាង​ ចន្ថា​ភ្នាក់​ងារ​ស៊ី​ធី​អ៊ិន​ប្រចាំ​ខេត្ត​មណ្ឌល​គីរី​បាន​ប្រាប់​ដែរ​ថា​ មុន​ថ្ងៃ​ទី១៦ ​ខែ​ឧសភា​នេះ​ លោក​ និង​អ្នក​កាសែត​២នាក់​ទៀត​ ឈ្មោះ​លោក​សយ​ គា​ និង​លោក​ឈីន​ សំអាន​ បាន​ចេញ​ផ្សាយ​អត្ថបទ​១​ជាប់​ពាក់​ពន្ធ័​និង​ការ​គេច​ពន្ធ​ម៉ូតូ​ខុស​ច្បាប់​ពី​ប្រទេស​វៀត​ណាម​មក​លក់​ នៅ​កម្ពុជា​ ដូច្នេះ​ការ​ផ្សាយ​រឿង​នេះ​ បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​លោក​មេប៉ុស្តិ៍​សង្កេត​ការណ៍​០១​ ដោយ​សារ​តែ​មេប៉ុស្តិ៍​រូប​នេះ​គឺ​ជា​ឈ្មួញ​លក់​ម៉ូតូ​ខុស​ច្បាប់​ដែរ​។​ លោក​បញ្ជាក់​ថា​៖«​នៅ​ថ្ងៃទី១៦​ ខែ​​ឧសភា​ ខ្ញុំ​និង​អ្នក​កាសែត​រង​គ្រោះ​២នាក់​នេះ​ បាន​ជិះ​ឡាន​ជាមួយ​គ្នា​ត្រឡប់​មក​ការិយាល័យ​រៀង​ៗ​ខ្លួន​វិញ​ ប៉ុន្តែ​មក​ដល់​ចំនុច​ម្តុំ​គីឡូ​លេខ​១៣៤​ស្ថិត​នៅ​ភូមិ​ស្នែង​ ឃុំ​ស្រែ​ខ្ទុម​ ស្រុក​កែវ​សីហា​ ស្រាប់​តែ​មាន​មនុស្ស​ចំនួន​៥នាក់​មាន​កាន់​ដំបង​ ខ្លះ​សៀក​ពាក់​ជា​ទាហ៊ាន​ ខ្លះ​ទៀត​មាន​បិទ​ម៉ាស​ បាន​សំដៅ​មក​ពួក​យើង​បំរុង​និង​ធ្វើ​ឃាត្ត​ ប៉ុន្តែ​ពួក​យើង​បាន​បើក​ឡាន​រត់​គេច​ខ្លួន​បាត់​ទៅ​»​។​
លោក​សយ​ គា​ភ្នាក់​ងារ​កាសែត​ក្រុង​កម្ពុជា​បាន​និយាយ​ថា​ លោក​នៅ​តែ​បារម្ភ​ពី​បញ្ហា​សុវត្ថិ ភាព​របស់​លោក​ ខណៈ​ដែល​សមត្ថកិច្ច​នៅ​តែ​មិន​ទាន់​ស្វែង​រក​ភស្តុ​តាង​ ដើម្បី​ផ្តន្ទា​ទោស​ជន​ល្មើស​ បាន​ទៀត​។​ លោក​ថ្លែង​ថា​៖«​ខ្ញុំ​មិន​ដឹង​ថា​ ត្រូវ​ដោះ​ស្រាយ​បញ្ហា​នេះ​បែប​ណា​ទៀត​ទេ​ គឺ​មាន​តែ​រង់​ចាំ​ដំណោះ​ស្រាយ​ពី​សមត្ថកិច្ច​តទៅ​ទៀត​ប៉ុណ្ណោះ​»​។​
​បើ​តាម​លោក​វ៉ាន់​ ចន្ធារី​មេ​ប៉ុស្តិ៍​សង្កេត​ការណ៍​០១​ នៃ​វរៈ​ការ​ពារ​ព្រំដែន​លេខ​១០៣​បាន​ឆ្លើយ​បដិសេធន៍​ថា​ លោក​នៅ​តែ​ប្រកាន់​ជំហរ​ដដែល​ថា​ លោក​មិន​ដែល​គំរាម​កំហែង​អ្នក​​ណា​ទេ​ ហើយ​បើ​មាន​ភស្តុ​តាង​គ្រប់​គ្រាន់​សូម​ចូល​មក​ដោះ​ស្រាយ​ជាមួយ​លោក​ចុះ​។​

អ្នក​កាសែត​នៅ​មណ្ឌល​គិរី​៣​នាក់​ចោទ​ថា​រង​ការ​គំរាម

មណ្ឌលគិរីៈ អ្នក​កាសែត​នៅ​ខេត្ត​មណ្ឌល​គិរី​៣​នាក់​នៅ​អង្គ​ភាព​ផ្សេង​គ្នា​បាន​ចោទ​ថា ពួក​គេ​កំពុង​រង​ការ​គំរាម​ពី​មន្ត្រី​មេ​ប៉ុស្តិ៍​សង្កេត​ការណ៍​០១​។
អ្នក​សារ​ព័ត៌​មាន​៣​នាក់​នោះ គឺ​ភ្នាក់​ងារ​ទូរទស្សន៍​ស៊ីធីអ៊ិន​ម្នាក់​ កាសែត​វីរៈ​ជ័យ​ម្នាក់​ និង​កាសែត​ក្រុង​កម្ពុជា​ម្នាក់​​ ។ ពួក​គេ​រង​ការ​គំរាម​បន្ទាប់​ពី​គេ​សរ​សេរ​អត្ថបទ​ ​ពាក់​ព័ន្ធ​នឹង​រឿង​នាំ​ម៉ូតូ​គេច​ពន្ធ​ពី​ប្រទេស​វៀត​ណាម​ យក​មក​លក់​នៅ​កម្ពុជា​កាល​ពី​ពីរ​-បី​ថ្ងៃ​មុន។
លោក​សយ គា​ភ្នាក់ងារ​កា​សែត​ក្រុង​កម្ពុជា​បាន​ប្រាប់​ថា ពី​ថ្ងៃ​ទី​១៦​ ឧសភា​ ​ថ្ងៃ​ត្រង់​លោក ​វ៉ាន់​ ចន្ធារី​មេ​ប៉ុស្តិ៍​សង្កេត​ការណ៍​០១​ បាន​​ទូរស័ព្ទ​សួរ​ថា​៖«​អ្នក​ឯង​ចង់​ប្រកាស​សង្រ្គាម​ជាមួយ ខ្ញុំ​​?បើ​ចង់​ចូល​មក​ចុះ​»។គ្រា​ន់​តែ​ឮ​បែប​នេះ​ ទាំង​បី​នាក់​ដែល​ចេញ​ផ្សាយ​អត្ថបទ​ដូច​គ្នា​ក៏​មក​រក​ជួប​មេ​ប៉ុស្តិ៍​។
លោក ​នាង​ ចន្ថា​ ភ្នាក់​ងារ​ស៊ីធីអ៊ិន​ប្រចាំ​នៅ​មណ្ឌល​គិរី​បាន​ប្រាប់​ដែរ​​ថា​ ​នៅ​​ម៉ោង​ជិត​១​ថ្ងៃ​ពួក​គេ​បាន​​ជិះ​ឡាន​​ទៅ​​ជួប​លោក​ វ៉ាន់​​ ​ចន្ធារី​  តែ​ជំនួប​នោះ​មិន​មាន​​បញ្ហា​អ្វី​​ទេ​ លុះ​​ពេល​ត្រឡប់​មក​វិញ​ដល់​ចំណុច​​​ម្តុំ​គីឡូ​លេខ​១៣៤​ ស្ថិត​នៅ​ភូមិ​ស្នែង​ ឃុំ​ស្រែ​ខ្ទុម​ ស្រុក​កែវ​សីមា ​ស្រាប់​តែ​មាន​មនុស្ស​៥​នាក់​ ខ្លះ​ស្លៀក​​​ពាក់​ទាហាន​ ខ្លះ​មាន​ពាក់​ម៉ាស់​​បាន​មក​ស្ទាក់​ឡាន​​បម្រុង​ធ្វើ​ឃាត​តែ​ម្តង​ ប៉ុន្តែ​ ​ទាំង​បី​នាក់​បាន​បើក​ឡាន​​រត់​គេច​ផុត​។​ លោក​បាន​​បន្ត​ថា​ ក្រោយ​ហេតុ​ការណ៍​នេះ​កើត​ឡើង​លោក​​និង​​គូកន​​២​នាក់​ទៀត ​បាន​ដាក់​ពាក្យ​បណ្តឹង​រួម​គ្នា​មួយ​ ​ប្តឹង​ពាក់​ព័ន្ធ​ដល់​លោក ​វ៉ាន់​ ចន្ធារី​ ផង​ដែរ​។
លោក​វ៉ាន់​ ចន្ធារី​ មេ​ប៉ុស្តិ៍​សង្កេត​ការណ៍​០១​ នៃ​វរៈ​ការពារ​ព្រំដែន​លេខ​១០៣​បាន​ថ្លែង​បដិសេធ​​ការ​ចោទ​ដ៏​ធ្ងន់​ធ្ងរ មក​លើ​រូប​លោក​​និង​ថ្លែ​ង​ថា​៖«​ប្រសិន​បើ​ការ​ចោទ​ប្រកាន់​នេះ​ មាន​ភស្តុ​តាង​គ្រប់​គ្រាន់​ សូម​ចូល​មក​ដោះ​ស្រាយ​ជា​មួយ​ខ្ញុំ​មក​ ប៉ុន្តែ​ បើ​មិន​មាន​ទេ​ គួរ​តែ​បញ្ចប់​បញ្ហាះ​ត្រឹម​ហ្នឹង​ចុះ​»​។
លោក ​ស៊ុន​ ប៊ុន​ធឿន ​អធិការ​ស្រុក​កែវ​សីមា​ប្រាប់​ថា​ ​​បាន​ទទួល​បណ្តឹង​នេះ​​ហើយ​ ហើយ​លោក​កំពុង​តែ​បើក​ការ​ស៊ើប​អង្កេត​ ដើម្បី​កំណត់​នូវ​មុខ​សញ្ញា​ជន​ល្មើស​និងថា លោក​នៅ​មិន​ទាន់​អាច​ដឹង​ថា​ តើ​​មាន​ជាប់​ពាក់​ពន្ធ័​នឹង​លោក​មេ​ប៉ុស្តិ៍​ វ៉ាន់​ ចន្ធារី​ និង​អ្នក​ផ្សេង​ណា​នោះ​នៅ​ឡើយ​​ទេ​៕